ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

បារាំង​និង​ជប៉ុន​សហការ​គ្នា​​ស្វែង​រក​ឧបករណ៍​វិភាគ​​សញ្ញា​រោគ​អេបូឡា​

បារាំង​និង​ជប៉ុន​សហការ​គ្នា​​ស្វែង​រក​ឧបករណ៍​វិភាគ​​សញ្ញា​រោគ​អេបូឡា​
 
យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​សាកល្បង​ប្រឆាំង​នឹង​ជំងឺ​អេបូឡា​នៅ​ប្រទេស​លីបេរីយ៉ា Reuters/James Giahyue

ក្រុមហ៊ុន​ជប៉ុន​Fujifilm ឯកទេស​ផ្នែក​បច្ចេកវិទ្យា​រូបភាព បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ ចុះ​ហត្ថលេខា​​លើ​កិច្ច​សន្យា​​ការងារ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកវិទ្យា​​បារាំង​Bioaster​ ដើម្បី​សម្រេចឱ្យ​បាន​ការ​​ធ្វើ​តេស្តរក​មេរោគ​អេបូឡា ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។​ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​ យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ ទ្រង់ទ្រាយ​ធំ ក៏​បាន​ចាប់​ដំណើរ​ការ​នៅ​ប្រទេស​លីបេរីយ៉ា តាំង​ពី​ថ្ងៃច​ន្ទ​ទី ២ កុម្ភៈ ២០១៥​មក។

នៅរាល់ពេល​ដែល​យើង​និយាយ​អំពី​ក្រុមហ៊ុន​ជប៉ុន ដូច​យ៉ាង​សូនី នោះ​គេ​នឹងគិត​ដល់​ភ្លាម​​ល្បី​ខាង​ផ្នែក​ផលិត​ឧបករណ៍​សំឡេង​ ក្រុមហ៊ុន​ប៉ាណាសូនិក មានឯកទេស​ខ្លាំង​ខាង​ផលិត​ទូរទស្សន៍ ក្រុមហ៊ុន​Fujifilm ខាង​ម៉ាស៊ីនថត ។ល។ និង​។ល។ ប៉ុន្តែ​គេ​មិន​សូវ​ដឹង​ឮ ឬ​ស្គាល់​ទេអំពី​សកម្មភាព​ផ្នែក​វេជ្ជសាស្ត្រ​និង​ឱសថសាស្ត្រ​ តែ​តាមការពិត​ទៅ​ក្រុមហ៊ុន​ជប៉ុន ទាំង​អស់​នេះ​​កំពុង​អភិវឌ្ឍន៍​ និង​តម្រង់​ទិស​ទៅ​ខាង​វិស័យ​សុខាភិបាល​ខ្លាំង​ណាស់ និង​ប្រភព​នៃ​​ប្រាក់​ចំណូល​​ដ៏​ដំ​របស់​ក្រុមហ៊ុន​ទៀត​ផង។

 
ដូច្នេះ​ការ​ដែល​ក្រុមហ៊ុន​Fujifilm​ បាន​ចុះ​កិច្ច​សន្យា​​សហការ​ជាមួយ​ក្រុមហ៊ុន​បារាំង មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ឡើយ។ ​តាំង​ពី​​អេបូឡា​បាន​ធ្វើ​ការ​រាតត្បាត​​មក ជប៉ុន​ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ទៀត មាន​ជា​រួម​សហរដ្ឋ​អាមេរិក​ បារាំង អង់គ្លេស កាណាដា​ បាន​ធ្វើ​ការ​ស្រាវជ្រាវ​យ៉ាង​សកម្ម​។
 
បារាំង-ជប៉ុនរួម​សហការ​គ្នា​អាចផ្តល់​​ជា​ប្រយោជន៍​ធំដល់​មនុស្សជាតិ​ ព្រោះ​ថា​ក្រុមហ៊ុន​Fujifilm –Bioaster ចង់​​ផលិត​ឱ្យ​បាន​នូវ​ឧបករណ៍​តូច​មួយ សាមញ្ញ ងាយ​ប្រើ អាច​មើល​ឃើញ​វីរ៉ុស ឬ​សញ្ញា​រោគ​អេបូឡា បាន​ក្នុង​រយៈ​ពេល​ខ្លី តែ​បាន​ផ្តល់​ព័ត៌មាន​គ្រប់​គ្រាន់​ ប្រហាក់​ប្រហែល​នឹង​ការ​ធ្វើ​តេស្ត​វិភាគ​ម៉ូលេគុល​​ដែរ​។
 
ជប៉ុន​មាន​បទ​ពិសោធន៍​ផ្នែក​អេបូឡា
 
ដើម្បី​អាច​សម្រេច​បំណង​នេះ​បាន ខាង​ជប៉ុន Fujifilm បាន​ពាំនាំ​មក​នូវ​បច្ចេកវិទ្យា​ទំនើប​ខាង​ការ​ចាប់​សញ្ញា​រោគ​ ដោយ​ធ្លាប់​មាន​​ប្រើ​រួចមក​ហើយ​សម្រាប់​ជំងឺ​គ្រុន​ផ្តាសាយ​ និង​ដែល​ជប៉ុន​មាន​ចំណេះ​ធ្វើ​ ជា​មរតក​តាំង​ពី​យូរ​ឆ្នាំ​ក្នុង​យុគសម័យ​រូបថត​សខ្មៅមក​ម្ល៉េះ​។​ បច្ចេកវិទ្យា​នេះ​​ត្រូវ​បាន​ផ្តល់​សន្ទុះ​ឱ្យ​ថ្មី​នៅ​ឆ្នាំ​២០១១ នៅ​ជប៉ុន ដែល​អនុញ្ញាត​ឱ្យ​គេ​រក​ឃើញ​វីរ៉ុស​ ក្នុង​រយៈ​ពេល​ពី ៣ ទី ១៥​នាទី ដោយ​ប្រើ​អង្ខបដិបក្ខ​ពីរ​ប្រភេទ​ផ្សេង​គ្នា។ ចំណែក​ខាង​បារាំង Bioaster វិញ នឹង​គិត​គូរ​ខាង​ផ្នែក​អង់ទីគ័រ​ ដែល​ក្រុមហ៊ុន​នឹង​ផលិត​សម្រាប់​ប្រឆាំង​នឹង​មេរោគ​អេបូឡា។
 
សូម​បញ្ជាក់​ថា​តេស្ត​ស្វែង​រក​ជំងឺ​អេបូឡា​បច្ចុប្បន្ន​នេះ ផ្តោត​ទៅ​លើ​ការ​វិភាគ​ហ្សែន ដែល​ត្រូវ​ការ​ពេល​វេលា​ប្រមាណ​ជាង​ពីរ​ម៉ោង​ និង​ត្រូវ​ការ​វិភាគ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ទើប​បាន។ កាលពី​ខែ​តុលា​ ស្នង​ការ​ថាមពល​អាតូមិក​បារាំង​បាន​ប្រកាស​រក​ឃើញ​វិធី​ធ្វើ​តេស្ត​​​មេរោគ អេបូឡា​ ដោយ​ប្រើ​រយៈ​ពេល​តែ​១៥​នាទី និង​សាមញ្ញ​ដូច​​វិភាគ​មើលទឹក​នោមស្ត្រី​​ថា​មាន​ផ្ទៃពោះ​ឬ​អត់។ ប៉ុន្តែ​វិធី​សាស្ត្រ​នេះ ទាមទារ​ការ​​ផ្ទៀង​ផ្ទាល់​លទ្ធផល​អវិជ្ជមាន​ ដោយ​បច្ចេកវិទ្យា​ផ្សេង​ទៀត​សិន។ ហេតុដូច្នេះ​ហើយ​បាន​ជា​fujifilm មាន​មហិច្ឆតា​ធំ ចង់​សម្រេច​រក​ឱ្យ​ឃើញ​ឧបករណ៍​​ដូច​បារាំង​​ តែ​មិន​ត្រូវ​ការ​ផ្ទៀង​ផ្ទាត់​ទៀតទេ។ ជប៉ុន​ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ថា​មានជំនាញ​ផ្នែ​ក​អេបូឡា​ ព្រោះ​តែ​បាន​រក​ឃើញ​ថ្នាំ​​​ផ្តាសាយ​Avigan មាន​ប្រសិទ្ធិភាព​ខ្លាំង​ប្រឆាំង​នឹង​អេបូឡា។
 
យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ទ្រង់ទ្រាយ​ធំ​នៅ​លីបេរីយ៉ា
 
​តាំង​ពី ម្សិលមិញមក ថ្នាំ​វ៉ាក់សាំង​ពីរ​ប្រភេទ​ប្រឆាំង​នឹង​​ជំងឺ​អេបូឡា​ ដែល​​ហាក់​ដូច​ជា​មាន​ប្រសិទ្ធិភាព​ខ្លាំង​អាច​ទុក​ចិត្ត​បាន​ ត្រូវ​យក​ទៅ​ចាក់​សាកល្បង​ជា​លើក​ទី​មួយ​ នៅ​​ប្រទេស​លីបេរីយ៉ា (ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​​មួយ​ ព្រោះជំងឺ​អេបូឡា - ៣៧០០​នាក់​ស្លាប់​ក្នុង​ចំណោម​អ្នក​មានផ្ទុក​ជំងឺ​៩០០០​នាក់)។
 
ថ្នាំ​វ៉ាក់សាំង​ពីរ​នេះ មួយ​មាន​ឈ្មោះ​ថា ChAd3 រក​ឃើញ ដោយ​​អ្នក​ស្រាវជ្រាវ​អង់គ្លេស​ សហការ​ជាមួយ​អាមេរិក និង​ថ្នាំ​មួយទៀត rVSV-ZEBOV រក​ឃើញ​ដោយ​ភ្នាក់ងារ​សុខាភិបាល​កាណាដា និងទទួល​សិទ្ធិ​​ផលិត​ដោយ​មន្ទីរ​ពិសោធន៍​​អាមេរិក​។ វ៉ាក់សាំង​ពីរ​ប្រភេទ​នេះ មាន​ប្រសិទ្ធិភាព​ខ្លាំង​ នៅ​ពេល​​​ចាក់​ឱ្យ​សត្វ ហើយ​ក៏​ប្រាកដ​ជា​ក់​ថាអាច​ការពារ​ ​មនុស្ស​បានដែរ បើ​គេ​ជឿ​លើ​​លទ្ធផល​នៃ​​សិក្សា​ទ្រង់ទ្រាយ​តូច។
 
អ្នក​ស្រាវជ្រាវ​សង្ឃឹម​ថា គម្រោង​វិទ្យាសាស្ត្រ​ដែល​ចាប់​ផ្តើម​នេះ អាច​នឹង​ផ្តល់​ចម្លើយ​ បំបែក​ភាព​អាថ៌​កំបាំង​របស់​ជំងឺ​អេបូឡាបាន។ ព្រោះ​រហូត​មក​ទល់​នឹងម៉ោង​នេះ​នៅ​ពុំ​ទាន់​មាន​ថ្នាំ​វ៉ាក់សាំង​​ប្រឆាំង​អេបូឡា​​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ និង​មិន​ទាន់​ដឹង​នៅ​ឡើយ​អំពីកំរិត​​ អង់ទីគ័រ​សម្រាប់​ការពារ​មនុស្ស​ទល់​នឹង​មេរោគ​អេបូឡា។ យុទ្ធនាការ​​ចាក់​ថ្នាំ​បង្ការ​​​សាកល្បង​នេះ គ្រោង​នឹង​ចាក់​ជូន​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​លីបេរីយ៉ា ២៧០០០​នាក់ មាន​សុខភាព​ល្អ អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ។
 
ជំងឺ​អេបូឡា​ដែល​បាន​រាត​ត្បាត​ខ្លាំង​ មិន​ធ្លាប់​មាន​ នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៦​មក បាន​ជំរុញ​ឱ្យ​ការ​ស្រាវជ្រាវ​រក​ថ្នាំ​បង្ការ និង​ថ្នាំ​ព្យាបាល​ មាន​ដំណើរ​ការ​លឿន​ ប៉ុន្តែ​​លទ្ធផល​ទំនង​ជា​នឹង​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន នៅ​​លែង​មានការ​រាត​ត្បាត​ខ្លាំង​ប៉ុណ្ណោះ ព្រោះ​បើ​អង្គការ​សុខភាព​ពិភពលោក ជំងឺ​អេបូឡា​ បាន​​បន្ថយ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ។ ប្រទេស​សៀរ៉ាឡេអូន បានបិទ​បញ្ចប់​ការ​ប្រកាស​អាសន្ន​អេបូឡា បង្ឃាំង​ពលរដ្ឋ ហើយ​មាន​កម្មវត្ថុ​កំរិត​អេបូឡា​ឱ្យ​ដល់​សូន្យ និង​បើក​សាលា​រៀន​វិញ​នៅ​ថ្ងៃ​ទី៣១ មីនា ២០១៥៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ស្វ៊ីស

    អង្គការ​សុខភាពពិភពលោក៖ តេស្ត​សាកល្បង​វ៉ាក់សំាង​ប្រឆាំង​មេរោគ​អេបូឡា​នឹង​ធ្វើ​នៅ ចុង​ខែ​មករា

    ស្វែងយល់បន្ថែម

  • សៀរ៉ាឡេអូន-អេបូឡា

    សៀរ៉ាឡេអូន​ ​សូត្រធម៌​និង​តម​អាហារ​មួយ​អាទិត្យ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​អេបូឡា

    ស្វែងយល់បន្ថែម

  • បារាំង

    បារាំង​ទទួល​ព្យាបាល​បុគ្គលិក​អ.ស.ប​ដែល​ឆ្លង​មេរោគ​អេបូឡា​ពី​អាហ្វ្រិក

    ស្វែងយល់បន្ថែម

  • អេបូឡា-បារំាង

    បារាំង​រកឃើញ​វិធី​ដែល​អាច​ឲ្យ​គេ​រក​ឃើញ​មេរោគ​អេបូឡា​​រយៈពេល ១៥​នាទី

    ស្វែងយល់បន្ថែម

  • ជំងឺអេបូឡា

    សេចក្តី​​សង្ឃឹម​​វ៉ាក់សាំង​​អេបូឡា​​ចាប់​​មាន​​ពន្លក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ