អានតួអត្ថបទ
អាមេរិក-ថៃ

អាមេរិក​បញ្ជូន​ទាហាន​ទៅ​ធ្វើ​សមយុទ្ធ​នៅ​ថៃ​បើទោះបី​ជា​ថៃ​ស្ថិតក្រោម​របប​សឹក

ថ្មីៗ​កន្លងទៅនេះ មន្រ្តី​ជាន់ខ្ពស់​អាមេរិក​ធ្លាប់​បាន​ប្រកាស​ថា សម្ព័ន្ធភាព​យោធា​និង​ថៃ​នឹង​មិន​អាច​វិលត្រឡប់​ទៅរក​ភាព​ប្រក្រតី​វិញ​បានទេ ប្រសិនបើ​ថៃ​មិន​វិលត្រឡប់​ទៅរក​គន្លង​ប្រជាធិបតេយ្យវិញ។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​ដែល​ថៃ​នៅតែ​ស្ថិត​ក្រោម​អំណាច​នៃ​របបសឹកនៅឡើយ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ទាហាន​ចំនួន ៣ពាន់ ៦រយនាក់ ឲ្យ​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ​ពហុជាតិ​ដ៏ធំមួយ នៅ​ក្នុង​ប្រទេស​ថៃ ដែល​បើក​ធ្វើ​នៅថ្ងៃ​ចន្ទ​នេះ។

សមយុទ្ធ Cobra Gold នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១២
សមយុទ្ធ Cobra Gold នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១២ Reuters
ផ្សាយពាណិជ្ជកម្ម

 

សមយុទ្ធប្រចាំឆ្នាំ ដែល​មាន​ឈ្មោះ​ថា Cobra Gold (ពស់វែកមាស) ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ នៅថ្ងៃ​ចន្ទ​នេះ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សមយុទ្ធ​ពហុជាតិ​ដ៏ធំ​បំផុត​មួយ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​កងទ័ព​​ជាង ១ម៉ឺននាក់ មក​ពី​ប្រទេស​ជិត ៣០ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងនោះ ក៏មាន​ផងដែរ កងទ័ព​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។ សមយុទ្ធ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ជារៀងរាល់​ឆ្នាំ អស់រយៈពេល​ជាង ៣០ឆ្នាំ​មក​ហើយ ក្រោម​ការ​រៀបចំ​រួមគ្នា រវាង​អាមេរិក និង​ថៃ។

គួរបញ្ជាក់ថា នៅ​ក្រោយ​ពី​មាន​រដ្ឋប្រហារ​ទម្លាក់​លោកស្រី​យីងឡាក់ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤​កន្លងទៅ អាមេរិក​បាន​សម្រេច​ផ្អាក​ជំនួយ​ និង​ទំនាក់ទំនង​ក្នុង​វិស័យ​ការពារជាតិ​ជាមួយថៃ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​បាន​បង្ហាញ​នូវ​ភាព​ស្ទាក់ស្ទើរ​ជុំវិញ​​ការ​រៀបចំ​សមយុទ្ធ Cobra Gold។

អាមេរិក​មិនចង់​ចូលរួម​ក្នុង​សមយុទ្ធនេះ ដើម្បី​កុំ​ឲ្យ​គេ​មើល​មក​ឃើញ​ថា​ជា​ការ​គាំទ្រ​របបសឹកថៃ ដែល​ឡើងកាន់​អំណាច​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដែល​កើតចេញ​ពី​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា លោក​អូបាម៉ា​ក៏​មាន​ក្តីបារម្ភផងដែរ​ថា ប្រសិនបើ​អាមេរិក​ដកខ្លួន​ចេញ​ពី​សមយុទ្ធ​ដ៏​សំខាន់​មួយ​នេះ ទំនាក់ទំនង​រវាង​អាមេរិក និ​ង​ថៃ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ចាស់​ឆ្នាំ​នឹងគ្នា​នោះ​អាច​នឹង​ត្រូវ​ប្រេះឆា​កាន់តែ​ខ្លាំង ហើយ​វា​អាច​នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​កងទ័ព​ថៃ​ងាក​ទៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​ទៅវិញ។

នៅទីបំផុត​ទៅ អាមេរិក​ក៏​សម្រេច​បញ្ជូន​ទាហាន​ឲ្យ​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ Cobra Gold ក៏ប៉ុន្តែ ក្រសួង​ការពារជាតិ​អាមេរិក​មិន​បាន​ប្រកូកប្រកាស​ហៅ​អ្នក​សារព័ត៌មាន​ឲ្យ​ទៅ​យកការណ៍​ពី​សមយុទ្ធ​នេះ​ដូច​ដែល​ធ្លាប់ធ្វើ​កាល​ពី​ឆ្នាំ​មុនៗ​នោះទេ។ លើសពីនេះ​ទៅទៀត អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក​បាន​ព្យាយាម​ពន្យល់​ថា សមយុទ្ធ Cobra Gold ឆ្នាំ​២០១៥​នេះ​នឹង​មិន​មាន​ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំ​មុនៗ​នោះទេ ហើយ​ថា វា​នឹង​ផ្តោត​សំខាន់​ទៅលើ​ប្រតិបត្តិការ​មនុស្សធម៌​ជាជាង​ប្រតិបត្តិការ​ប្រយុទ្ធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ