អានតួអត្ថបទ
ចិន-ឥណ្ឌា

ចិន​កោះហៅ​ទូត​ឥណ្ឌា​មកតវ៉ា​រឿង​លោក​ណារិនដ្រា ​ម៉ូឌី​ធ្វើដំណើរ​ទៅ​តំបន់​ព្រំដែន​ជាប់ជម្លោះ

រដ្ឋាភិបាល​ចិន​​​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹងចំពោះ​ឥណ្ឌា​ ​ក្រោយ​ពី​​លោក​ណារិនដ្រា ម៉ូឌី​បាន​ធ្វើ​ដំណើរទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​ព្រំដែន ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​ចិន។ យោង​តាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​ចិន ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ប៉េកាំង​ត្រូវ​បាន​ក្រសួង​ការបរទេស​ចិន​កោះហៅ​ឲ្យ​មក​ជួប កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ ដើម្បី​ធ្វើការ​តវ៉ា​ជាផ្លូវការ​ជុំវិញ​រឿងនេះ។

លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា (រូបថតឯកសារ)
លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា (រូបថតឯកសារ) REUTERS/Ueslei Marcelino
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​របស់​លោក​ណារិនដ្រា ម៉ូឌី ទៅកាន់​រដ្ឋ​ Arunachal Pradesh ត្រូវ​បាន​ធ្វើឡើង កាល​ពីថ្ងៃ​សុក្រ ដើម្បី​ទៅ​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ក្នុង​វិស័យ​ផ្លូវដែក និង​ថាមពល។ ទស្សនកិច្ច​ដែល​មិន​រំលង​ពី​ក្រសែភ្នែក​របស់​រដ្ឋាភិបាល​ចិន ដែល​បាន​បញ្ចេញ​ប្រតិកម្ម​តបភ្លាមៗ ដោយ​ចាត់ទុក​ទង្វើ​របស់​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ថា​ជា​ការ​រំលោភ​បំពាន​ទៅលើ​អធិបតេយ្យ​ដែនដី​ រំលោភ​ទៅលើ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ចិន ហើយ​ថា ដំណើរទស្សនកិច្ច​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ជម្លោះ​ព្រំដែន​ រវាង​ចិន និង​ឥណ្ឌា​​ត្រូវ​ជួប​នឹង​ភាព​តានតឹង​ឡើងវិញ ដែល​ផ្ទុយ​ពី​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា រវាង​ប្រមុខដឹកនាំប្រទេស​ទាំងពីរ នាពេល​កន្លងមក។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ​បាន​ចុះផ្សាយ​ឲ្យដឹង​ថា នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា កាល​ពីថ្ងៃ​សៅរ៍ អនុរដ្ឋមន្រ្តី​ការបរទេស​ចិន​បាន​រំឭកឡើងវិញ​ថា ​រដ្ឋ Arunachal Pradesh នេះ​ត្រូវ​បាន​បង្កើតឡើង​ជា​ឯកតោគី​​ដោយ​ឥណ្ឌា ហើយ​ថា​ តាំង​ពីដើម​រៀងមក​ ចិន​មិនដែល​ទទួលស្គាល់​អធិបតេយ្យភាព​របស់​ឥណ្ឌា​នៅក្នុង​តំបន់​នេះ​នោះទេ។

គួរបញ្ជាក់ថា ចិន និង​ឥណ្ឌា មាន​ជម្លោះ​ព្រំដែន​នៅ​ក្នុង​តំបន់​ធំៗ​ចំនួន​ពីរ គឺ​តំបន់​ Aksai Chin ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន តែ​ទាមទារ​ដោយ​ឥណ្ឌា និង​តំបន់ Arunachal Pradesh ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឥណ្ឌា តែ​ទាមទារ​ដោយ​ចិន។ ជម្លោះ​ព្រំដែន​នេះ​ធ្លាប់​បាន​បង្ក​ឲ្យ​មាន​សង្រ្គាម​ម្តងរួចមក​ហើយ រវាង​ប្រទេស​ទាំងពីរ កាល​ពី​ឆ្នាំ​១៩៦២។

បច្ចុប្បន្ន​នេះ ជម្លោះ​ព្រំដែន​នៅតែ​ជា​បញ្ហា​ចោទ​ដ៏​ធំមួយ នៅ​ក្នុង​ទំនាក់ទំនង រវាង​មហាអំណាច​អាស៊ី​ទាំងពីរ ដែល​តែងតែ​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ថា​បាន​រំលោភ​លើ​ព្រំដែន នៅ​ក្នុង​តំបន់​ជាប់ជម្លោះ។

កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ ចិន​បាន​អំពាវនាវ​ដល់​ឥណ្ឌា​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​តាម​ព្រំដែន ហើយ​ដែល​អាច​បង្ក​ជា​បញ្ហា​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី រវាង​ចិន និង​ឥណ្ឌា ដែល​សុទ្ធជា​មហាអំណាច​សេដ្ឋកិច្ច និង​ជា​ប្រទេស​ក្នុង​ក្រុម​ប្រទេស BRICS៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ