អានតួអត្ថបទ
បារាំង-ឥណ្ឌា

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង​ទៅ​ឥណ្ឌា​ដើម្បី​ចរចា​លក់​យន្តហោះ​ចម្បាំង

លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង​ ចាប់ផ្តើម​ដំណើរទស្សនកិច្ច​រយៈពេល​២ថ្ងៃ នៅក្នុង​ប្រទេស​ឥណ្ឌា នៅថ្ងៃ​ចន្ទ​នេះ ដើម្បី​ព្យាយាម​ចរចា​​លើ​កិច្ចសន្យា​លក់​យន្តហោះ​ចម្បាំង​ទៅ​ឲ្យ​ឥណ្ឌា។ កិច្ចចរចា​ដែល​បាន​ចាប់ផ្តើម​ធ្វើ​តាំង​ពី៣ឆ្នាំ​មុន ក៏ប៉ុន្តែ បច្ចុប្បន្ន​ហាក់ដូច​ជា​កំពុង​ត្រូវ​ជាប់គាំង។

យន្តហោះ​ចម្បាំង​ធុន ​Rafale ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Dassault Avation
យន្តហោះ​ចម្បាំង​ធុន ​Rafale ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Dassault Avation Reuters/Benoit Tessier/Files
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នៅ​ឥណ្ឌា លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង​ ដែល​ធ្លាប់​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ម្តងរួចមកហើយ កាល​ពី​ខែ​ធ្នូ​កន្លងទៅ ​គ្រោង​នឹង​ជួប​សមភាគី​របស់​លោក ដើម្បី​ជជែក​អំពី​ស្ថានភាព​អន្តរជាតិ និង​បញ្ហា​ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម។ នេះ​បើ​យោងតាម​ការ​ឲ្យដឹង​របស់​ក្រសួង​ការពារជាតិ​បារាំង។ បញ្ហា​ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​នេះ គឺ​សំដៅ​ទៅលើ​កិច្ចសន្យា​លក់​យន្តហោះ​ចម្បាំង​ធុន Rafale ដែល​​បារាំង​បាន​​ព្យាយាម​ចរចា​ជាមួយ​ឥណ្ឌា​អស់រយៈពេល​៣ឆ្នាំ​មក​ហើយ។

គួរបញ្ជាក់ថា ឥណ្ឌា​កំពុងតែ​ស្វែងរក​ទិញ​​យន្តហោះ​ចម្បាំង​ទំនើបៗ​ជាច្រើន​គ្រឿង ដើម្បី​ជំនួស​យន្តហោះ​ចាស់ៗ​ធុន Sukhoi របស់​រុស្ស៊ី ដែល​ឥណ្ឌា​ធ្លាប់​ប្រើ​ជា​យូរ​មក​ហើយ។ ក៏ប៉ុន្តែ លើកនេះ​ឥណ្ឌា​មិនចង់​ប្រើ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ដូចពីមុន​ទៀត​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ឥណ្ឌា​បាន​បើក​ការចរចា​ជាមួយ​បារាំង កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ លើ​ការ​​ទិញ​យន្តហោះ​ចម្បាំង​ធុន Rafale ចំនួន ១២៦​គ្រឿង ដោយ​ក្នុងនោះ ១៨គ្រឿង​ត្រូវ​ផលិត​នៅ​ក្នុង​ប្រទេស​បារាំង ចំណែក​ឯ ១០៨​គ្រឿង​ផ្សេងទៀត ត្រូវ​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ក្រោម​កិច្ចសហប្រតិបត្តិការ​ផលិត​រួមគ្នា រវាង​ក្រុម​ហ៊ុន​បារាំង និង​ក្រុម​ហ៊ុន​រដ្ឋ​របស់​​ឥណ្ឌា។

ការ​ទាមទារ​ឲ្យក្រុមហ៊ុន​បារាំង​មក​បើក​រោងចក្រ​ផលិត​យន្តហោះ​ចម្បាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នេះ ក្រៅ​ពី​អាច​បង្កើត​ការងារ​ដល់​ប្រជាជន​ឥណ្ឌា វា​ក៏​ជា​យន្តការ​ដ៏សំខាន់​មួយ​ដែរ សម្រាប់​ការ​ផ្ទេរបច្ចេកវិទ្យា​យោធា ដែល​ឥណ្ឌា​ត្រូវការ ពីព្រោះ​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​កំណត់​នូវ​គោលដៅ​ជា​អាទិភាព​មួយ គឺ​កាត់បន្ថយ​ការ​នាំចូល​គ្រឿង​សព្វាវុធ​ពី​ក្រៅប្រទេស តាមរយៈ​ការ​​បង្កើន​ការ​ផលិត​នៅ​ក្នុង​ស្រុក។

ក៏ប៉ុន្តែ រហូត​មក​ទល់​នឹង​ពេលនេះ គេ​សង្កេតឃើញ​ថា កិច្ចចរចា​រវាង​បារាំង និង​ឥណ្ឌា ហាក់ដូចជា​ត្រូវ​ជាប់គាំង ហើយ​បើ​យោងតាម​​កាសែត​សេដ្ឋកិច្ច​ក្នុងស្រុក​ឥណ្ឌា ​ចំណុច​ជាប់គាំងធំជាងគេ នៅ​ក្នុង​កិច្ចចរចា​លក់​យន្តហោះ​ចម្បាំងនេះ គឺ​ស្ថិត​នៅ​ត្រង់​តម្លៃ ដោយ​រដ្ឋាភិបាល​របស់​លោក​ណារិនដ្រា ម៉ូឌី យល់ថា យន្តហោះ​ចម្បាំង​បារាំង​មាន​តម្លៃ​ថ្លៃ​ជាង​យន្តហោះ​ចម្បាំង​ផ្សេងទៀត​ដែល​ជា​គូប្រជែង។

គេ​សង្កេតឃើញ​ថា តម្លៃ​ថ្លៃ​ជាង​គូប្រជែង​នេះ​គឺ​ជា​មូលហេតុ​ដ៏​ធំមួយ ដែល​ធ្វើ​ឲ្យ​យន្តហោះ​ចម្បាំង​ធុន Rafale របស់​បារាំង​ពិបាក​នឹង​លក់​ចេញ​ទៅ​ក្រៅប្រទេស។ រហូត​មក​ទល់​នឹង​ពេលនេះ បារាំង​ទើប​នឹង​នាំចេញ​យន្តហោះ​ចម្បាំង​ធុន Rafale នេះ​បាន​ត្រឹមតែ​ ២៤គ្រឿង​ប៉ុណ្ណោះ គឺ​នាំចេញ​ទៅ​អេហ្ស៊ីប ដែល​កិច្ចសន្យា​លក់​ទើប​នឹង​ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង​ចុះ​ហត្ថលេខា​ កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ