អានតួអត្ថបទ
ភូមា

​បាតុករ​និស្សិត​ភូមា​និង​ប៉ូលិស​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​ក្រោយ​​ចប់​ឱសានវាទ

និស្សិត​ភូមា​ជាង​បី​រយ​នាក់ ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​​ប្រព័ន្ធ​អប់​រំ បាន​បដិសេធ​មិន​ព្រម​បំបែង​ជួរ​ឡើយ បើ​ទោះ​បី​ជា​ត្រូវ​​កង​កម្លាំង​មាន​សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​ជិត និង​ដាក់​ឱសានវាទ​ ចាត់​វិធានការ ត្រឹម​រសៀល​ថ្ងៃ​អង្គារ​​ទី ៣ មីនា វេលា​ម៉ោង​១៦​ក៏​ដោយ។

ចលនា​បាតុកម្ម​និស្សិត​នាំ​គ្នា​ដង្ហែក្បួន​ដើម្បី​ប្រឆាំង​នឹងកំណែទម្រង់​ប្រព័ន្ធ​អប់រំ
ចលនា​បាតុកម្ម​និស្សិត​នាំ​គ្នា​ដង្ហែក្បួន​ដើម្បី​ប្រឆាំង​នឹងកំណែទម្រង់​ប្រព័ន្ធ​អប់រំ © Reuters
ផ្សាយពាណិជ្ជកម្ម

« ប៉ូលិស​បិទ​ឃាំង​ផ្លូវ ប៉ុន្តែ​យើង​មិន​រើ​ចេញ​ទេ បើការ​ទាមទារ​របស់​យើង​មិន​បាន​សម្រេច » ! នេះ​ជា​ការ​អះអាង​របស់​លោក មិន ធ្វេ ធិត ប្រមុខ​ដឹកនាំ​ចលនា​និស្សិត​ម្នាក់ ដែល​បន្ថែម​ទៀត​ថា​មាន​បាតុករ​ខ្លះ​បាន​ធ្វើ​កូដកម្ម​អត់​អាហារ ហើយ​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​បាន​ចូល​ធ្វើ​ក្នុង​ចលនា​បាតុកម្ម​ដែរ​នៅ​ថ្ងៃ​នេះ។

 
សកម្មជន​​និស្សិត ​​ភាគច្រើន​មាន​ចង​កន្សែងក្រហម​រូប​ក្ងោក​ ដើម្បីរំលឹក​​ឧទ្ទិស​​ដល់ចលនា​និស្សិត​ កាលពី​ឆ្នាំ​១៩៨៨ ដែល​ត្រូវ​បង្កាប​យ៉ាង​ហិង្សា​ ​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កម្លាំង​ប៉ូលិស​មាន​សមត្ថកិច្ច​ កាន់​ដំបង​ តាំង​ពី​ថ្ងៃ​ចន្ទ​មក​។ ក្រុម​និស្សិត​និង​ប៉ូលិស បាន​ប្រឈម​មុខ​ តាន​តឹងខ្លាំង​​នៅ​ពេល​ព្រលប់។ កំណត់ឱសានវាទ​ឱ្យ​​បំបែក​ហ្វូងត្រឹម​ថ្ងៃ​អង្គារ​នេះវេលា​ម៉ោង​៤​រសៀល​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ប្រកាស​ចាត់​វិធានការ ប្រសិន​បើ​ចលនា​បាតុកម្ម​នេះ​មិន​ព្រម​បញ្ឈប់​សកម្មភាព។ ​ អាជ្ញាធរ​ភូមា បាន​ចាត់​ទុក​តាំង​ពី​ដំបូង​មក ថា​ចលនា​បាតុកម្ម​និស្សិត​នេះ​ ខុស​ច្បាប់​ តែ​មិន​បាន​រារាំង​ ឬ​ហាមឃាត់​ការ​ដើរ​ដង្ហែ​ក្បួន​ទេរហូត​មក​ទល់​នឹង​ថ្ងៃ​ចន្ទ។

ចលនា​និស្សិត​បាន​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​ដើរ​ដង្ហែ​​ឆ្លង​កាត់​ពី​ក្រុង​ម៉ុនដាឡៃ​ទៅ​ក្រុង​រ៉ង់ហ្គូន​ប្រវែង​៦០០​គីឡូម៉ែត្រ​ តាំង​ពី​ថ្ងៃទី​២០​មករា​មក ដើម្បី​បរិហារ​​ប្រឆាំង​នឹង​កំណែទម្រង់​ប្រព័ន្ធ​អប់រំ ដែល​ពួក​គេ​យល់​ថា​មាន​លក្ខណៈ​ផ្ទុយ​នឹង​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​ទាមទារ​​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​ប្រព័ន្ធប្រព័ន្ធ​អប់រំ​បែប​វិមជ្ឈការ​​ និង​លទ្ធភាព​បង្កើត​សហជីព​ ព្រមទាំង​ការសិក្សា​​ភាសា​ជនជាតិ​ភាគ​តិច។

ចេញ​ដំណើរ​ពី​ក្រុង​ម៉ង់ដាឡៃ ចលនា​បាតុករបាន​មក​បោះជំរំ​នៅ​វត្ត Aung Myae Baikman ចម្ងាយ​ប្រមាណ​១៣០​គ.ម. ពី​ទីក្រុង​រ៉ង់ហ្គូន​ ផ្អាក​ដំណើរ​ តាំង​ពីសប្តាហ៍មុន​ ​ដោយ​បាន​ទទួល​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​។ ចលនា​និស្សិត​គឺ​ជា​កម្លាំង​នយោបាយ​ដ៏​សំខាន់​នៅ​ភូមា​ ហើយ​កម្លាំង​យុវជន​នេះ ជា​ប្រភព​នៃ​ការ​បះបោរ​ធ្វើ​បដិវត្ត​ជាច្រើន​ក្នុង​សម័យ​ដឹកនាំ​ដោយ​របប​សឹក ជាក់​ស្តែង​ការ​បះបោរ​ធ្វើ​បាតុកម្ម​​ដែល​រង​ការ​បង្ក្រាប​យ៉ាង​ហិង្សា​នៅ​ឆ្នាំ​១៩៨៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ