អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាម​កូរ៉េ៖ ​អន្តរាគមន៍​របស់​កងទ័ពចិន​ដើម្បី​ជួយ​កូរ៉េ​ខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី សង្រ្គាមកូរ៉េ កាល​ពីឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ ដោយ​សូម​លើកឡើង អំពី​អន្តរាគមន៍​របស់​ចិនកុម្មុយនិស្ត ដើម្បី​ជួយ​កូរ៉េ​ខាងជើង។

ឧត្តមសេនីយ៍ Peng Dehuai (កណ្តាល) អគ្គបញ្ជាការ​នៃ​កងទ័ព​ស្ម័គ្រ​ចិត្ត​ចិន​ក្នុង​សង្រ្គាម​កូរ៉េ
ឧត្តមសេនីយ៍ Peng Dehuai (កណ្តាល) អគ្គបញ្ជាការ​នៃ​កងទ័ព​ស្ម័គ្រ​ចិត្ត​ចិន​ក្នុង​សង្រ្គាម​កូរ៉េ
ផ្សាយពាណិជ្ជកម្ម

នៅ​ខែ​មិថុនា ឆ្នាំ​១៩៥០ នៅ​ក្នុង​ពេល​ដែល​សហភាព​សូវៀត​ធ្វើ​ពហិការ​មិនចូល​ប្រជុំ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប បានអនុម័ត​​សេចក្តីសម្រេច​ឲ្យ​ប្រទេស​ជា​សមាជិក​ធ្វើ​អន្តរាគមន៍​យោធា​ជួយ​ដល់​កូរ៉េ​ខាង​ត្បូង ដែល​កំពុង​ទទួល​រងនូវ​ការ​ឈ្លានពាន​ពី​សំណាក់​កូរ៉េ​ខាងជើង។ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤ ដែល​បាន​សម្រេច​ចូលរួម​ជាមួយ​អាមេរិក​ ដើម្បី​បញ្ជូន​ទ័ព​ទៅ​កាន់​ឧបទ្វីបកូរ៉េ គេ​ឃើញមាន​​ប្រទេស​លោកខាងលិច ​ដូចជា បារាំង អង់គ្លេស កាណាដា និង​អូស្រ្តាលី ជាដើម ហើយ​នៅ​ក្នុង​តំបន់​អាស៊ី មាន​​ប្រទេស​ពីរ គឺ​ហ្វីលីពីន និង​ថៃ។ និយាយ​ជារួម គឺ​សុទ្ធសឹង​ជា​ប្រទេស​ស្ថិត​ក្នុង​ប្លុក​សេរី ជាមួយ​សហរដ្ឋ​អាមេរិក។ គិតជា​សរុប កងកម្លាំង​របស់​អ.ស.ប ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នៅ​កូរ៉េ មាន​ចំនួន ៣០ម៉ឺននាក់​ ហើយ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​​​មេទ័ព​អាមេរិក គឺ​ឧត្តមសេនីយ៍ Douglas MacArthur ដែល​នៅពេល​នោះ​ជា​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​ប្រទេស​ជប៉ុន។

នៅ​ក្នុង​ពេល​ដែល​អ.ស.ប​កំពុងតែ​ប្រមែរប្រមូល​កម្លាំង​ទ័ព ឧត្តមសេនីយ៍ Douglas MacArthur ​បាន​បញ្ជូន​កងទ័ពអាមេរិក​ ៤កងពល ដែល​កំពុង​ប្រចាំការ​នៅ​​មូលដ្ឋាន​ទ័ព​​ក្នុង​ប្រទេស​ជប៉ុន ឲ្យ​ទៅ​ជួយ​កងទ័ព​​​កូរ៉េ​ខាង​ត្បូង ដើម្បី​ការពារ​ទីតាំង​ចុងក្រោយ គឺ​ទីក្រុង Pusan ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​កងទ័ព​កូរ៉េ​ខាង​ជើង។ ថ្វីដ្បិត​តែ​មាន​ចំនួន​ទ័ព​តិច​ជាង អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​ជោគជ័យ​ក្នុងការ​ការពារ​ក្រុង​ Pusan មិន​ឲ្យ​ធ្លាក់​ក្នុង​ដៃ​កូរ៉េ​ខាងជើង ក៏ប៉ុន្តែ ជោគជ័យ​នេះ​បាន​មក​ដោយ​ចំណាយ​អាយុ​ជីវិត​ទាហាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

នៅថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​១៩៥០ នៅ​ក្នុង​ពេល​ដែល​កងទ័ព​កូរ៉េខាងជើង​កំពុង​ជាប់ដៃ​ក្នុង​សមរភូមិ នៅ​ក្រុង​ Pusan ដែល​នៅ​ចុង​ខាង​ជើង​ឧបទ្វីប​កូរ៉េ ឧត្តមសេនីយ៍ MacArthur បាន​បញ្ជូន​ទាហាន​៤ម៉ឺននាក់ រួមជាមួយ​នឹង​ទាហាន​កូរ៉េ​ខាង​ត្បូង​ជាង ៨ពាន់នាក់ ឲ្យ​ធ្វើ​ដំណើរ​តាម​នាវា​ បើក​ការ​វាយលុក​ចូល​តាម​កំពង់ផែ​ក្រុង Incheon ដើម្បី​កាត់ផ្តាច់​ផ្លូវ​ដឹកជញ្ជូន​ភស្តុភា និង​ទ័ពជំនួយ​របស់​កូរ៉េ​ខាង​ជើង។ ជោគជ័យ​របស់​កងទ័ព​អាមេរិក នៅ Incheon បាន​ធ្វើ​ឲ្យ​កងទ័ព​កូរ៉េ​ខាងជើង​ត្រូវ​ធ្លាក់​ចុះខ្សោយ​យ៉ាង​ខ្លាំង ហើយ​​បូក​រួម​ជាមួយ​នឹង​ការ​វាយបក​​យ៉ាង​គំហុក​ ពី​សំណាក់​អាមេរិក នៅ​ឯ​​សមរភូមិ​ក្រុង Pusan ​នោះ​ផង ​កងទ័ព​កូរ៉េ​ខាងជើង​ក៏​​​ត្រូវ​បែក​ខ្ចាត់ខ្ចាយ​ ដោយ​នាំគ្នា​ដកថយ​​​ឆ្លង​ខ្សែ​ស្រប​ទី​៣៨ ត្រឡប់​ចូល​​ទៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងជើង​វិញ។
 

នៅថ្ងៃ​ទី២៧ ខែ​កញ្ញា កងទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​វាយដណ្តើម​កាន់កាប់​រដ្ឋធានី​សេអ៊ូល ហើយ​កូរ៉េ​ខាង​ត្បូង​ក៏​ត្រូវ​បាន​រំដោះ​ពី​កូរ៉េ​ខាងជើង​មកវិញ​បាន​ទាំងស្រុង។ ក៏ប៉ុន្តែ អាមេរិក​​មិន​ចង់​បញ្ឈប់​តែ​ត្រឹមនេះ​ទេ ដោយរដ្ឋាភិបាល​របស់​លោក Harry Truman ​ចង់​ឆ្លៀត​ក្នុង​ពេល​ដែល​កងទ័ព​កូរ៉េ​ខាងជើង​កំពុង​ធ្លាក់​ចុះ​ទន់ខ្សោយ បើក​ការ​វាយលុក​ផ្តួលរំលំ​របបកុម្មុយនិស្ត​នៅ​ព្យុងយ៉ាង ហើយ​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​មក​ជា​ប្រទេស​តែមួយឡើងវិញ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក។

នៅ​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៥០ នៅ​ពេល​​ដែល​កងទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​វាយលុក​ឆ្លង​ខ្សែស្រប​ទី៣៨ ចូល​ឈ្លានពាន​កូរ៉េ​ខាងជើង ស្តាលីន​បាន​ផ្ញើ​តេលេក្រាម​ទៅ​ម៉ៅសេទុង និង​ជូអេនឡាយ ស្នើសុំ​ឲ្យ​ចិន​បញ្ជូន​ទ័ព​ទៅ​ជួយ​កូរ៉េ​ខាងជើង ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ស្តាលីន​ក៏​បាន​បញ្ជាក់ផងដែរ​ថា កងទ័ព​សូវៀត​នឹង​មិន​ចូល​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្រ្គាម​នេះ​ទេ។

ក្រោយ​ពី​បាន​ប្រជុំ​ជជែក​គ្នា​អស់រយៈពេល​ជាច្រើន​ថ្ងៃ មេដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន​ក៏​បាន​ឯកភាព​គ្នា​ថា ទឹកដី​កូរ៉េ​ខាងជើង​គឺ​ជា​តំបន់​ទ្រនាប់​ដ៏​សំខាន់​មួយ សម្រាប់​ការពារ​ប្រទេស​ចិន​ ពី​ការ​គំរាមកំហែង​របស់​អាមេរិក។ ប្រសិនបើ​​កូរ៉េ​ខាងជើង​ត្រូវ​អាមេរិក​វាយ​ដណ្តើម​កាន់កាប់​បាន​ កងទ័ព​អាមេរិក​នឹង​អាច​មាន​វត្តមាន​នៅ​ព្រំដែន​ចិន ហើយ​ក្នុង​ជំហាន​បន្ទាប់ គឺ​ទឹកដី​ចិន​ ដែល​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​អាមេរិក។ ដូច្នេះ ចិន​ត្រូវតែ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​កូរ៉េ ដើម្បី​បញ្ចៀស​សេណារីយ៉ូ​ដ៏​គ្រោះថ្នាក់​នេះ។ ចិន​ក៏​ចាប់ផ្តើម​ចល័ត​ទ័ព​ឲ្យ​ទៅកាន់​តំបន់​ព្រំដែន​ជាប់​នឹង​កូរ៉េ​ខាងជើង។

នៅថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​១៩៥០ កងទ័ព​អាមេរិក​បាន​វាយ​ចូល​កាន់កាប់​ក្រុង​ព្យុងយ៉ាង ហើយ​នៅថ្ងៃ​ដដែល​នោះ កងទ័ព​ចិន ដែល​ម៉ៅសេទុង​ហៅ​ថា​ជា​ "​កងទ័ព​ស្ម័គ្រចិត្ត” ហើយ​មាន​ចំនួន​ប្រមាណ​ជា ១៣ម៉ឺននាក់ ក៏​បាន​ឆ្លង​ទន្លេយ៉ាលូ ដែល​ជា​ខ្សែទឹកបែងចែក​ព្រំដែន រវាង​ចិន និង​កូរ៉េ​ខាងជើង។ ៤ថ្ងៃ​ក្រោយ​មក (ថ្ងៃទី២៥ តុលា) កងទ័ព​ចិន​ក៏​បាន​ចាប់ផ្តើម​បើក​ការ​វាយប្រហារ​ទៅលើ​កងទ័ព​កូរ៉េ​ខាងត្បូង និង​កងកម្លាំងអាមេរិក ដែល​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ចិន-កូរ៉េ។
 

ផែនទី​បង្ហាញ​ពី​ការវិវឌ្ឍ​នៃ​សង្រ្គាម​កូរ៉េ ពី​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣
ផែនទី​បង្ហាញ​ពី​ការវិវឌ្ឍ​នៃ​សង្រ្គាម​កូរ៉េ ពី​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣

នៅ​ក្នុងរយៈពេល ២ខែបន្ទាប់​មក​ទៀត កងទ័ព​អាមេរិក ដែល​មិន​សូវ​ស្គាល់​កងទ័ព​ចិន ហើយ​ព្រមទាំង​មើល​ស្រាល​ចិន​ផងនោះ ត្រូវ​ទទួលបរាជ័យ​ជា​បន្តបន្ទាប់​នៅ​ស្ទើរតែ​គ្រប់​សមរភូមិ ហើយ​បូករួម​ជាមួយ​នឹងការ​ចូល​មក​ដល់​នៃ​រដូវ​រងារ ដែល​​សីតុណ្ហភាព​ចុះ​​ត្រជាក់​ក្រោម​សូន្យ​អង្សា​ផងនោះ ទាហាន​អាមេរិក ដែល​មិន​បាន​ត្រៀមខ្លួន​សម្រាប់​សមរភូមិ​ក្នុង​រដូវ​ត្រជាក់ ក៏ចាប់ផ្តើម​ធ្លាក់​ចុះខ្សោយ ហើយ​ត្រូវ​បង្ខំចិត្ត​វាយដក​ថយ ឆ្ពោះទៅកាន់​ខ្សែស្រប​ទី​៣៨​វិញ។

គិត​ត្រឹមថ្ងៃ​ទី៥​ធ្នូ ក្រុង​ព្យុងយ៉ាង​ត្រូវ​បាន​ចិន​វាយ​ដណ្តើម​កាន់កាប់ ហើយ​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ កងទ័ព​អាមេរិក​ និង​សម្ព័ន្ធមិត្ត​ក៏​បាន​ថយ​ចេញ​ពី​កូរ៉េ​ខាងជើង​​ឆ្លងខ្សែស្រប​ទី​៣៨​ត្រឡប់ចូល​ទៅក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូងវិញ។

នៅ​ឯ​ទីក្រុង​ញូវយ៉ក ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប បាន​បើក​កិច្ចប្រជុំ ដោយ​មាន​វត្តមាន​គណៈប្រតិភូ​ពិសេស​របស់​ចិន​ ដើម្បី​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្រ្គាម​កូរ៉េ។ ក៏ប៉ុន្តែ នៅ​ពេលនោះ ដល់វេន​ចិន​ម្តង ដែល​មិន​ចង់​បញ្ចប់​សង្រ្គាម​​នៅ​ត្រឹម​ខ្សែស្រប​ទី៣៨។ ចិន​ដែល​យល់​ថា​ខ្លួន​កំពុងមាន​ប្រៀប​លើ​កងទ័ព​អាមេរិក ក៏​ចាប់ផ្តើម​មាន​គំនិត​ចង់​បន្ត​វាយលុក​ចូល​ឈ្លានពាន​ទៅលើ​កូរ៉េ​ខាង​ត្បូង ដើម្បី​បង្រួបបង្រួម​កូរ៉េ ដាក់​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត។ ចិន​បាន​បដិសេធ​មិន​ទទួល​យក​បទឈប់បាញ់​ដែល​ស្នើឡើង ដោយ​អ.ស.ប ហើយ​ក៏​បាន​បើក​ការ​វាយលុក​ឆ្លង​ខ្សែស្រប​ទី៣៨ រហូត​វាយ​យក​បាន​ក្រុង​សេអ៊ូល​ នៅ​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ​១៩៥១។

ប្រឈមមុខ​នឹង​បរាជ័យ​នេះ មេដឹកនាំ​អាមេរិក​ក៏​បាន​ចាប់ផ្តើម​​គិតគូរ​ពិចារណា​ចង់​​បើក​ធ្វើ​សង្រ្គាម​​ទៅលើ​ចិន​ដោយ​ពេញទំហឹង​ ពោលគឺ ធ្វើការ​វាយប្រហារ​ទៅលើ​ទឹកដី​ចិន​ដោយ​ផ្ទាល់ ដោយ​មិនមែន​កម្រិត​សមរភូមិនៅ​ត្រឹម​តែ​ក្នុង​ឧបទ្វីប​កូរ៉េ ដូច​ដែល​គេ​ធ្វើ​នាពេល​កន្លងមក។ ក៏ប៉ុន្តែ គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា ចិន​គឺ​ជា​សម្ព័ន្ធមិត្ត​របស់​សហភាព​សូវៀត។ ប្រសិនបើ​អាមេរិក​ប្រកាស​សង្រ្គាម​លើ​ចិន សហភាព​សូវៀត​ប្រហែល​ជា​នឹង​ចូល​មក​ជួយ ហើយ​ដល់​​​ពេលនោះ​ ​សង្រ្គាម​កូរ៉េ ដែល​ពីដំបូង​គ្រាន់តែ​ជា​សង្រ្គាម​ស៊ីវិល​មួយ​នោះ អាច​នឹង​រុញច្រាន​ពិភពលោក​ឲ្យធ្លាក់​ទៅក្នុង​​មាត់ជ្រោះ​នៃ​សង្រ្គាម​លោក​ជាលើកទី៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ