អានតួអត្ថបទ
ចិន-ឥណ្ឌា

​ឥណ្ឌា​​របស់​លោក ម៉ូឌី ​ផ្តើម​ចរចា​បញ្ហា​ព្រំដែន​ជា​លើកដំបូង​ជាមួយ​ចិន

នៅ​សប្តាហ៍​នេះ ប្រមុខ​ដឹកនាំ​ជាន់​ខ្ពស់​ចិន​និង​ឥណ្ឌា​នឹង​ជួប​ពិភាក្សា​គ្នា​​ ដើម្បី​ដោះស្រាយ​វិបត្តិ​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​នឹង​គ្នា។ នេះ​ជា​កិច្ច​ចរចា​​ព្រំដែន​លើក​ទី​មួយ​ហើយ គិត​ចាប់​តាំង​ពី​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា​ ម៉ូឌី ឡើង​កាន់​អំណាច​មក។

លោក Yang Jiechi អតីត​​រដ្ឋមន្ត្រី​ការបរទេស និង​ជា​តំណាង​ពិសេស​របស់​ចិន​ ទៅ​ចរចា​បញ្ហាព្រំដែន​ជាមួយ​ឥណ្ឌា
លោក Yang Jiechi អតីត​​រដ្ឋមន្ត្រី​ការបរទេស និង​ជា​តំណាង​ពិសេស​របស់​ចិន​ ទៅ​ចរចា​បញ្ហាព្រំដែន​ជាមួយ​ឥណ្ឌា REUTERS/Maxim Shemetov/Files
ផ្សាយពាណិជ្ជកម្ម

តំណាង​ពិសេស​របស់​ចិន លោក យ៉ាង​ ជៀឈី (​អតីត​រដ្ឋមន្ត្រីការបរទេស​ចិន ២០០៧-២០១៣) ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ពី​ថ្ងៃ​អាទិត្យ​ទី ២២​មីនា​ ដល់​ថ្ងៃ​អង្គារ​ទី​២៤​មីនា​ ដើម្បី​ជួប​ចរចា​ជាមួយ​តំណាង​សន្តិសុខ​​ជាតិ​ឥណ្ឌា លោក អាជីត ដូវ៉ាល់។ នេះ​បើ​តាម​​ក្រសួង​ការបរទេស​ឥណ្ឌា។

 

កិច្ចពិភាក្សា​ដែល​​ជា​ផ្លូវការ​ត្រូវ​ចាប់​ផ្តើម​នៅ​ចន្ទ គឺ​ជា​ជំនួប​ចរចា​ព្រំដែន​លើក​ទី ១៨​ តែ​ជា​លើក​ដំបូង​សម្រាប់​រដ្ឋាភិបាល លោក ណារិនដ្រា ម៉ូឌី។ ជំនួប​ប្រជុំ​នេះ​ ជា​ការ​រៀប​ចំ ដែល​ប្រទេស​មហាអំណាច​ក្នុង​តំបន់​​ទាំង​ពីរ សាក​ល្បង​ជំរុញ​ស្ថានការណ៍​ឱ្យ​បាន​ប្រសើរឡើង​ មុន​នឹង​ឈាន​ដល់​ដំណើរ​ទស្សនកិច្ច​របស់​នាយករ​ដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ប្រទេស​ចិន នា​ខែ​ឧសភា​ខាង​មុខ។

ដោយ​សារ​បញ្ហា​ព្រំដែន មហាយក្ស​ចិន​និង​ឥណ្ឌា ធ្លាប់​មាន​សង្គ្រាម​បង្ហូរ​ឈាម​នឹង​គ្នា​មួយ​ប្រាវ ​កាលពី​ឆ្នាំ​១៩៦២​។ ហើយ​បញ្ហា​ព្រំដែន​នេះ នៅ​មិន​ដោះស្រាយ​គ្នា​ចប់​ទេ ប្រទេស​ជិត​ខាង​ទាំង​ពីរ តែង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក អំពី​សកម្មភាព​រំលោភ​បំពានព្រំដែន​ក្នុង​តំបន់​ជាប់​ជម្លោះ​។ កាលពី​ខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ ភាព​តាន​តឹង​តាម​ព្រំដែន​បាន​កើន​ឡើង​ដល់​កំរិត​កំពូល បន្ទាប់​ពី​​ទាហាន​ចិន​រាប់​រយ​នាក់​បាន​ចូល​តំបន់​ហិម៉ាឡាយ៉ា​ដែល​ទាមទារ​ដោយ​ឥណ្ឌា។ ​ភាព​តាន​តឹង​យោធា​នៅ​តាម​ព្រំដែន ដែល​បាន​ផ្ទុច​ជើង​លោក​ស៊ីជីនពីង ឱ្យ​មិន​និយាយ​អំពី​ទំនាក់ទំនង​ការ​ទូត​ រវាង​ចិន​និង​រដ្ឋាភិបាល​ថ្មីថ្មោង​ឥណ្ឌា​របស់​លោក ណារិនដ្រា ម៉ូឌី នា​ឱកាស​​ទស្សនកិច្ច​នៅ​ឥណ្ឌា កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៤។

លោក អាជីត ដូវ៉ាល់ បាន​ឱ្យ​ដឹងកាលពី​ខែ​តុលា​ថា ឥណ្ឌា​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ចិន ប៉ុន្តែ​មិន​ចង់​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​និង​ទឹកដី​របស់​ខ្លួន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ