អានតួអត្ថបទ
ថៃ

មេដឹកនាំរបប​សឹក​ថៃ​ព្រមាន​នៅ​កាន់​អំណាច​យូរ​អង្វែង​ទៀត

ប្រមុខ​ដឹកនាំ​របប​ដឹកនាំ​សឹក​ថៃ បាន​ប្រកាស​ព្រមាន​នៅ​ថ្ងៃ​ពុធ​ទី ២៥​មីនា នេះ ថា​នឹង​បន្ត​កាន់​អំណាច​យូរ​អង្វែង​ទៅ​ទៀត ប្រសិន​បើ​នៅ​មាន​ការ​រិះគន់ ប្រឆាំង​​នឹង​ផែនការ​ដឹកនាំ​ប្រទេស​របស់​លោក។ ការ​ព្រមាន​របស់​លោក ប្រាយុទ្ធ​ ចាន់អូចា បាន​​​​ធ្វើ​ឡើង​​ក្នុង​សន្និសីទ​កាសែត ខ្លី​មួយ​ មុន​លោក​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសព្រុយណេ។

លោក ប្រាយុទ្ធ​ ចាន់​អូចា មេដឹកនាំ​សឹក​ថៃ
លោក ប្រាយុទ្ធ​ ចាន់​អូចា មេដឹកនាំ​សឹក​ថៃ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ពីរ​បី​ខែ​ក្រោយ​រដ្ឋប្រហារ នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ លោក​ ប្រាយុទ្ធ​ ចាន់អូចា បាន​សម្តែង​កំហឹង​ឡើង​ញ័រ​ក្បាល​ ដាក់​អ្នក​សារព័ត៌មាន​ (ដូច​ទម្លាប់​ជាញយ​ដង) ​ជាមួយ​នឹង​សំឡេង​ខ្លាំង ថា​ “បើ​ស្ថានភាព​នៅ​តែ​ដូច្នេះ លោក​នឹង​បន្ត​កាន់​អំណាច​យូរ​អង្វែង​ទៀត ! លោក​មិន​បាក់​ទឹក​ចិត្ត​ទេ តែ​លោក​កាន់​តែ​​ខឹង​ខ្លាំង​ឡើង ហើយ​លោក​ជា​អ្នក​ប្រយុទ្ធ​ ដូច្នេះ​សូម​កុំ​ធ្វើ​អ្វី​ឱ្យ​លោក​អស់​សេចក្តី​ក្លាហាន”។

 

ជាមួយ​នឹង​ការ​ថ្កោល​ទោស​អ្នក​ដែល​ ​រិះគន់​​ថារបប​ដឹកនាំ​បច្ចុប្បន្ន​ថា​គ្មានភាព​ជឿន​លឿន​ផ្នែក​​ប្រជាធិបតេយ្យ​​ លោក​ប្រាយុទ្ធ​ចាន់​អូចា រុញ​ជា​សំណួរ​ថា​ បើ​គ្មាន​ការ​បោះឆ្នោត តើ​នឹង​មាន​មនុស្ស​ស្លាប់ឬ ?

មិន​មែន​ជា​កម្រ​ឡើយ​ដែល​មេដឹកនាំ​សឹក​​រូប​នេះបញ្ចេញ​អាកប្បកិរិយា​ឆេវឆាវ​ដាក់​អ្នក​សារព័ត៌មាន​នោះ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ កំហឹង​របស់​មេដឹកនាំ​សឹក​បាន​ធ្លាយ​ជា​សាធារណៈ​ បន្ទាប់​ពី​មាន​ការ​ចំអក​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ូក​ កាន់​តែ​ច្រើន​ឡើង​រិះគន់​​​របប​ដឹកនាំ​​របស់​លោក ប្រាយុទ្ធ​ចាន់​អូចា ថា​មាន​លក្ខណៈ​​ប្រជាធិបតេយ្យ៩៩,៩៩%។

លោក​ប្រាយុទ្ធ​ចាន់អូចា អតីត​មេ​ដឹកនាំ​​យោធា​ថៃ បាន​អនុវត្ត​ច្បាប់​អាជ្ញាសឹក ក្នុង​ប្រទេស​ ​តែង​បាន​សន្យា​ប្រគល់​អំណាច​ដឹកនាំ​ប្រទេស​ឱ្យស៊ីវិល តាម​រយៈ​ការ​បោះឆ្នោត​ នៅ​រវាង​ចុង​ឆ្នាំ​២០១៥ ឬ​ដើម​ឆ្នាំ​២០១៦។ ប៉ុន្តែរហូត​មក​ទល់​ពេល​នេះ គេ​គ្មាន​សញ្ញា​វិជ្ជមាន​ណា​មួយ​​ទាក់​ទង​នឹង​ការ​រៀប​ចំ​បោះឆ្នោត​សោះ។

របប​សឹក​គិត​គូរ​តែ​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ ដែល​មាន​ទិស​ដៅ​ការពារល្បែង​នយោបាយ​របស់​ខ្លួន និង​បញ្ចុះ​ឥទ្ធិពល​គណបក្ស​នយោបាយ​ធំៗ ក្រោម​ផ្លាក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​ការពារ​រាជានិយម។ បំណង​ដ៏ធំ​ គឺ​ធ្វើ​យ៉ាងណា​ទប់​ស្កាត់​កុំ​ឱ្យ​លោក​​ថាក់ស៊ីនឬ​លោកស្រី​យីងឡាក់​ អាច​វិល​មក​កាន់​អំណាច​បាន ព្រោះ​សូម​បញ្ជាក់​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០១មក រាល់​ពេល​មាន​បោះឆ្នោត​ជាតិ គណបក្ស​របស់​ត្រកូត​ស៊ីណាវ៉ាត់ តែ​ង​ជាប់​ឆ្នោត​រហូត។ មូលដ្ឋាន​សិទ្ធិមនុស្ស​ក៏​បាន​ធ្លាក់​ចុះ​ស្ទើរ​ដល់​បាត។ របបសឹក​ហាមឃាត់​រាល់​ការ​ប្រមូល​ផ្តុំ​បាតុកម្ម សេរីភាព​សារព័ត៌មាន​ត្រូវ​រង​ការ​គំរាម​កំហែង ច្បាប់​ប្រមាថ​រាជានិយម​ត្រូវ​បាន​យក​មក​អនុវត្ត​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​បង្ក្រាប​បក្ស​ប្រឆាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ