អានតួអត្ថបទ
ចិន-ឥណ្ឌា

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​អញ្ជើញ​ទៅ​​ចិន​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ចិន​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បំពេញ​​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​រយៈពេល​បីថ្ងៃ ក្នុង​បរិបទ​នៃ​​ការ​រឹត​ចំណង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ជម្លោះ​ព្រំដែន។ ​ប្រទេស​ជិត​ខាង​ចិន​និង​ឥណ្ឌា ​តែង​តែ​សម្លឹង​មុខ​គ្នា​យ៉ាង​តាន​តឹង​ ក្នុង​​វិបត្តិ​​ព្រំ​ដែន ប៉ុន្តែ​ថ្ងៃ​នេះ ​មហាយក្ស​អាស៊ី​ទាំង​ពីរ ចង់​ បង្ហាញ​អំពី​​ទំនាក់ទំនងប្រសើរ​រលូន​ឡើង លើ​ផ្នែក​​កិច្ចសហប្រតិបត្តិការ​ និង​ប្រយោជន៍​សេដ្ឋកិច្ច។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក  Xi Jinping ចាប់​ដៃ​ស្វាគមន៍​គ្នា​នៅ​ថ្ងៃទី ១៤ ឧសភា ២០១៥
នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក Xi Jinping ចាប់​ដៃ​ស្វាគមន៍​គ្នា​នៅ​ថ្ងៃទី ១៤ ឧសភា ២០១៥ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជាងគេ​បំផុត​របស់​ឥណ្ឌា សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​មាន​ទំហំ ៧០​ពាន់​លាន​ដុល្លារ ក្នុង​នោះ ឥណ្ឌា​មាន​ឱនភាព​៤០ពាន់​លាន។​ប្រទេស​ទាំង​ពីរ​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ពីរ​ទិស ៖ ឥណ្ឌា​មហាអំណាច​សេដ្ឋកិច្ច​ទី​បី​ ប្រចាំ​តំបន់ ត្រូវ​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ឆ្នាំ​នេះ និង​វ៉ារ​ឈ្នះ​ចិន​ផង បើ​តាមការ​ព្យាករណ៍​របស់​អង្គកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ ចំណែកចិន កំណើន​សេដ្ឋកិច្ច​ហាក់​បន្ថយ​ល្បឿន​គួរ​ឱយកត់​សម្គាល់។

កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ចិន

 
ឥណ្ឌា​ដឹង​ថា​ ចិន​មាន​ប្រាក់​បំរុង​ច្រើន​ ដែល​រក្សា​ទុក​នៅ​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​​ចិន​​​ចង់​ប្រមូល​ផល​ចំណេញ​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ! ជាពិសេស​ការ​ទាញយក​ចំណេញ​ពីអ្វី​ដែល​ចិន​មាន​ខ្លួន​ឯង​មាន​ឯកទេស​ខ្លាំង មាន​ជា​អាទិ៍​​ជំនាញ​ស្ថាបត្យកម្ម ផ្នែក​ស្ថាបនា​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​ក្រុង​ រទេះភ្លើង​ ឬ​ផ្លូវថ្នល់។ ជំនាញ​មួយ​នេះ ឆ្លើយ​តប​បាន​ទាំង​ស្រុង​ទៅនឹង​សេចក្តី​ការ​របស់​ឥណ្ឌា។ ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ចិន​​ថ្ងៃ​នេះ មាន​បង្កប់​ទៅ​ដោយ​ការ​ស្វះ​ស្វែង​រក​ការ​វិនិយោគ​​​​ហេដ្ឋារចនា​សម្ព័ន្ធ។ ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍន៍​​​ឱ្យ​បាន​ប្រសើរ​ឡើង ដើម្បី​ធានា​ស្រូប​ចរន្ត​ចំណាកស្រុក​ ពីទី​ជនបទ​ទៅ​ក្រុង នាពេល​អនាគត ដែល​បើ​តាម​ការ​ប៉ាន់​ស្មាន​នឹង​មាន​ប្រជាជន​ប្រមាណ​២៥០​លាន​នាក់​ត្រូវ​ការ​បំផ្លាស់​ទី មក​ទី​ក្រុង​ ពី​នេះ​ដល់​ឆ្នាំ​២០៥០។

ជំនួប​ថ្នាក់​ដឹកនាំ​កំពូល​ប្រទេស​​ទាំង​ពីរ ​ជា​ឱកាស​ល្អ​បំផុត។ អ្នកវិនិយោគ​​ក្នុង​វិស័យ​ “អភិវឌ្ឍន៍​ក្រុង​ ​វៀង​វៃ” ទំនង​ជា​នឹង​ត្រូវ​ចិន​ចាប់​អារម្មណ៍​ខ្លាំង។ ឥណ្ឌា​ ត្រូវ​ការ​ចិន​​ ជា​ឧទាហរណ៍ សាងសង់​​បំពាក់​ប្រព័ន្ធ​​ចម្រាញ់​សម្រាម​ ដើម្បី​ថាមពល ព្រោះ​ក្រុម​អ្នកឯកទេស​និង​ជំនាញ​ចិន អាច​មាន​តម្លៃ​ការងារ​ថោក​ជាង​​ក្រុម​ជំនាញ​អឺរ៉ុប។ ​ចិន​អាច​បំពាក់​ឱ្យ​ឥណ្ឌា​​នូវ​សម្ភារៈ​​ថាមពល ដូច​ជា​ផ្ទាំង​ស្រូប​កំដៅ​ព្រះអាទិត្យ។ ផ្ទាំង​ថាមពល​មិន​ចេះ​រីក​ស្ងួត​ នៅ​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ។ ដូច្នេះ​ទាំង​ចិន​ ទាំង​ឥណ្ឌា​ សុទ្ធ​បាន​ផល​ចំណេញ​ទាំង​សង​ខាង។

ជា​ថ្នូរ​មក​វិញ ឥណ្ឌា​ចង់​សម្រេច​កម្មវត្ថុសំខាន់​មួយ​ទៀតដែល​មាន​ចារ​ក្នុង​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែរ​នោះ គឺ​ឥណ្ឌា​ចង់​ស្វែង​រក​ច្រក​ចូល​ក្នុង​ទី​ផ្សារ​​ចិន​ ផ្នែក​ឧស្សាហកម្ម​ឱសថ។ លោក​ ម៉ូឌី ប្រាថ្នា​ចង់​ឱ្យចិន​លើក​បម្រាម​ហាម​ឃាត់​ខ្លះ​ ដើម្បី​អាច​នាំ​ចូលឱសថ​ និង​សេវា​កម្ម​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ទំនើប​ចូល​ទៅ​ចិន។ សេវា​ឱសថ និង​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ដែល​ឥណ្ឌាជឿន​លឿន​ខ្លាំង នាំ​មុខ​ចិន។

ម៉ូឌី និស្ស័យទាន​ការទូត

នៅ​ថ្ងៃទី ១៦​ឧសភា​ នេះ ជា​គម្រប់​ខួប​មួយ​ឆ្នាំ​គត់ ដែល​គណបក្ស​របស់​លោក​ម៉ូឌី បាន​ឈ្នះ​ឆ្នោត។ បុគ្គលិក​លក្ខណៈ​របស់​លោក​ មាន​ការ​ចម្រូង​ចម្រាស​ច្រើន ជាពិសេស​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម មិន​សូវ​ទុក​ចិត្ត​លើ​ប្រមុខ​ដឹកនាំ​រូបនេះ​ទេ​ដោយ​លោក​ធ្លាប់​មាន​ប្រវត្តិ​បះបោរ​ហិង្សា​ប្រឆាំង​នឹង​អ៊ីស្លាម​ កាលនៅ​ធ្វើ​ជា​អភិបាល​ខេត្ត។ ប៉ុន្តែ​​បើ​និយាយ​អំពី​ទំនាក់ទំនង​ការ​ទូត លើ​ឆាក​អន្តរជាតិ​ ជាមួយ​ពិភពលោកវិញ លោក​ម៉ូឌី បាន​ចាប់​ផ្តើម​អាណត្តិ​ដោយ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​​នៅ​វ៉ាស៊ីនតោន បែរឡាំង ឬ​ប៉ារីស ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។

ជាមួយ​នឹង​ចិន​ក៏​មិន​ខុស​គ្នា។ លោក​បាន​សំអិត​សំអាង ទស្សនកិច្ច​របស់​លោក​នៅ​ចិន​ តាំង​ពី​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ លោក​ម៉ូឌី បាន​បើក​ប្រតិបត្តិការ​ចែចង់ បង្កើតអាក់ខោន​Sina Weibo វិបសៃត៍​Twitter​ចិន ដើម្បី​អាច​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ចិន ដែល​ពុំ​ធ្លាប់​មាន​ប្រមុខ​ដឹកនាំ​ឥណ្ឌា​ណា​ធ្វើ​ពី​មុន​មក​ទេ។ លោក​បាន​ប្រកាស​ថា​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​រយៈ​ពេល​បី​ថ្ងៃ​នៅ​ចិន ជា​ការ​ពង្រឹង​ស្ថិរភាព​ អភិវឌ្ឍន៍​និង​ភាព​សម្បូរ​រុងរឿង​នៅ​អាស៊ី។ លោក​នាយក​រដ្ឋមន្ត្រី​បាន​តាំង​ខ្លួន​ជា​មិត្ត​របស់​ចិន។

ចិន​និង​ឥណ្ឌា​ សុទ្ធ​ជា​ប្រទេសកំណើន​សេដ្ឋកិច្ច​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​ក្រុម​នៃ​បណ្តា​ប្រទេស​មហាអំណាច​​មាន​សេដ្ឋកិច្ច​កំពុង​លូត​លាស់​ខ្លាំង ហៅកាត់​ថា​BRICS ព្រម​ទាំង​ជា​ដៃ​គូ​ដ៏​មាន​ប្រសិទ្ធិភាព​ផង​ ដូច្នេះ​​ប្រហែល​ជា​មិន​ខុស​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នៅ​ឥណ្ឌា​កាលពី​ខែ​កញ្ញា​២០១៤​កន្លង​ទៅ ប្រធានបទ​ព្រំដែន​ទំនង​ជា​ត្រូវ​ទុក​ដាក់​ដោយ​ឡែក​ មិន​ឱ្យ​ច្របូក​ច្របល់​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​បង្ខិត​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​គ្នា​ឡើយ។

ភាព​ចម្រូង​ចម្រាស​នឹង​គ្នា​ រាប់​ទាំង​វិបត្តិ​ព្រំដែនផង មិន​ត្រូវ​ជា​ឧបសគ្គ​ ឬ​ក្លាយ​ជា​បញ្ហាឡើយ។
គេ​សង្កេតឃើញ​តែ​​ភាព​ល្អូក​ល្អើន​ និង​ចេតនា​ល្អ​ ទាំង​សង​ខាង។ ពី​ខាង​ចិន លោក​ប្រធានាធិបតី ស៊ី ជីនពីង បាន​ទទួល​ស្វាគមន៍​លោក​ម៉ូឌី នៅ​ក្នុង​ខេត្ត​កំណើត​របស់​លោក​តែ​ម្តង​នៅ​ព្រហស្បតិ៍​នេះ ដូច​អ្វី​ដែល​លោក​ម៉ូឌី​បាន​ធ្វើ​កាលពី​ខែ​កញ្ញា​២០១៤ ដោយ​ទទួល​លោក​ស៊ីជីនពីង​នៅ​ផ្ទះ​កំណើត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ