អានតួអត្ថបទ

សភា​អាហ្វហ្កានីស្ថាន រងការ​វាយប្រហារ​​តាលីបង់

សំឡេងផ្ទុះ សំឡេង​គ្រាប់​បាញ់​ត​គ្នា បាន​លាន់​ឮឡើង​នៅ​សភា​អាហ្វហ្កានីស្ថាន កណ្តាល​ក្រុង​កាប៊ូល នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២២​ មិថុនា​២០១៥​នេះ ដោយ​ក្រុម​ប្រដាប់​អាវុធ​តាលីបង់។ បន្ទាប់​ពី​ចូល​កាន់កាប់​សភា​អស់​ពីរ​ម៉ោង ​និង​មាន​ការ​បាញ់​រះ​ត​គ្នា ពួក​ឧទ្ទាម​តាលីបង់​ទាំង​៧​នាក់​បាន​ស្លាប់ ​និង​មាន​ជន​ស៊ីវិល​របួស​ជាច្រើន​នាក់។ នេះ​បើ​តាម​ប្រភព​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន។

សភា​អាហ្វហ្កានីស្ថាន​នៅ​ក្រុង​កាប៊ូល​រង​ការ​វាយប្រហារ​ពី​សំណាក់​ពួក​តាលីបង់
សភា​អាហ្វហ្កានីស្ថាន​នៅ​ក្រុង​កាប៊ូល​រង​ការ​វាយប្រហារ​ពី​សំណាក់​ពួក​តាលីបង់ © Reuters
ផ្សាយពាណិជ្ជកម្ម

ជន​តាលីបង់​​ម្នាក់បាន​​បើក​ឡាន​បុក​ចូល​ទៅ​បំផ្ទុះ​នៅ​មុខ​សភា ៦​នាក់​ផ្សេង​ទៀត បាន​សម្រុក​វាយ​លុក​ចូល​កាន់​កាប់​ក្នុង​អាគារ​សភា ទើប​ប៉ូលិស​បើក​ប្រតិបត្តិការ​​កម្ចាត់ ដោយ​មាន​ការ​បាញ់​កាំភ្លើង​តប​ត​គ្នា​រហូតទាល់​តែ​កម្ចាត់​ជីវិត​​ពួក​ឧទ្ទាម​តាលីបង់​អស់។ សភាជាតិ​ត្រូវ​បាន​រំដោះ នៅ​ពេល​រសៀល ប៉ុន្តែ​បើ​ក្រសួង​សុខាភិបាល​សាធារណៈ មាន​ជន​ស៊ីវិល​ប្រមាណ​២៥​នាក់​រង​របួស ក្នុង​នោះ​៥​នាក់​ជា​ស្រ្តី និង​បី​នាក់​ជា​កុមារ។

 

ការវាយ​ប្រហារ​ពី​សំណាក់​ពួក​តាលីបង់​ បាន​កើត​ឡើង​ក្នុង​ខណៈ​ពេល​ដែល​សភា​អាហ្វហ្កានីស្ថាន កំពុង​រៀប​ចំស្គាល់​មុខបេក្ខជន​​​រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ ដែល​លោក​ប្រធានាធិបតីបាន​ជ្រើស​តាំង។ ទូរទស្សន៍​ជាតិ​ដែល​ផ្សាយ​បន្ត​​ផ្ទាល់​សកម្មភាព​នយោបាយ​នៅ​សភា​ បែរ​ជា​ត្រូវ​បង្ហាញ​អំពី​ហេតុការណ៍​បាញ់​រះ និង​ផ្សែង​ខ្មៅ​បង្ក​ឡើង​ដោយ​គ្រាប់​ផ្ទុះ ព្រម​ទាំង​សកម្មភាព​ជម្លៀស​​សមាជិក​សភា​ចេញ​ពី​កន្លែង​គ្រោះ​ថ្នាក់។ សម្រាប់​ពេល​នេះ គ្មាន​របាយការណ៍​ណា​មួយ​បញ្ជាក់​អំពី​គ្រោះ​ថ្នាក់ ប៉ះពាល់​ដល់​តំណាង​រាស្ត្រ​ទេ។

ក្នុងរយៈ​ពេល​ពីរ​ខែ​ចុងក្រោយ​នេះ រដ្ឋធានី​កាប៊ូល​បាន​រង​ការ​វាយប្រហារ​តាលីបង់ និង​ភេវកម្ម កាន់​តែ​ខ្លាំងឡើងៗ។ ប្រតិបត្តិការ​រដូវ​ក្តៅ​របស់​ពួក​តាលីបង់ ចាប់​ពី​ខែ​មេសា​មក ហាក់​មាន​សន្ទុះ​ខ្លាំង និង​មរណៈ​បំផុត គិត​ចាប់​តាំង​ពីរបប​តាលីបង់ ដួល​រលំ​នៅ​ឆ្នាំ​២០០១​មក។ ពួកឧទ្ទាម​បាន​ប្រើ​យុទ្ធសាស្ត្រ​ថ្មី ដៅ​ការ​វាយប្រហារខ្លាំង​លើ ​​ប៉ូលិស​ យោធា និងទីតាំង​​មាន​ទេសចរ​បរទេស​ច្រើន។

កាលពី​ថ្ងៃ​អាទិត្យ​ ពួក​តាលីបង់​ ក៏​បាន​វាយប្រហារ​យក​ស្រុក​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ ជាប់ព្រំដែន​ជាមួយ​តាដជីគីស្ថាន។ តំបន់​ដែល​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ របស់​អាហ្វហ្កានីស្ថាន។ នេះ​ជា​រដូវ​វាយប្រហារ​ទី​មួយ ដែល​អាហ្វហ្កានីស្ថាន​ត្រូវ​ប្រឈម​មុខ​ត​ទល់​តែ​ម្នាក់​ឯង​ដោយ​គ្មានវត្តមាន​​ទ័ព​បរទេស​យ៉ាង​សន្ធឹក​សន្ធាប់​ដូច​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ