អានតួអត្ថបទ

ចិនពង្រីក​វិសាលភាព​ត្រួត​ពិនិត្យ​ប្រព័ន្ធ​អ៊ីនធ័រណែត​ ក្រោម​ផ្លាក​រក្សា​សន្តិសុខ​ជាតិ

ការពារ​សន្តិសុខ និង​បូរណភាព​ជាតិ ​ ជា​មូលដ្ឋាន​គ្រឹះ​របស់ពលរដ្ឋ​ ! ដោយ​ឈរ​លើ​ទស្សនៈ​នេះ ទើប​​​​សភា​ចិន​បានអនុម័ត​នៅ​ថ្ងៃ​ពុធ​ទី ១​កក្កដា ២០១៥​នេះ ច្បាប់​ថ្មី​ស្តី​អំពី​សន្តិសុខ​ជាតិ ដែល​អនុញ្ញាត​ឱ្យ​​អាជ្ញាធរ​មាន​អំណាច​កាន់​តែ​ខ្លាំង ​ក្នុង​ការ​​ចាត់​វិធានការ​​ចាំ​បាច់​គ្រប់​យ៉ាង​ រាប់​ទាំង​ការ​ពង្រីក​វិសាល​ភាព​ត្រួត​ពិនិត្យ​ទាំង​ស្រុង​ រចនា​សម្ព័ន្ធ​អ៊ីនធ័រណែត​ ពេញ​ផ្ទៃ​ប្រទេស។

ចិន​ពង្រីក​វិសាលភាព​ត្រួត​ពិនិត្យ​បណ្តាញ​និង​ប្រព័ន្ធ​អ៊ីនធ័រនែត
ចិន​ពង្រីក​វិសាលភាព​ត្រួត​ពិនិត្យ​បណ្តាញ​និង​ប្រព័ន្ធ​អ៊ីនធ័រនែត Andrew Harrer/Bloomberg via Getty Images
ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​លើ​​ការពារ​បូរណភាព​ដែន​ដី ​ ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន ​បាន​ពង្រីក​សកម្មភាព​ការពារ​សន្តិសុខ​លើ​គ្រប់​វិស័យ លើ​អាកាស ក្នុង​ទឹក និង​រហូត​ដល់​​​តំបន់​ប៉ូល ព្រមទាំង​លំហ​អ៊ីនធ័រនែត ដោយ​​ដាក់​បណ្តាញ​ និង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ឱ្យ​មាន​សុវត្ថិភាព​ និង​អាច​​គ្រប់គ្រង​​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​បាន។

 

ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ីជីនពីង តាំង​​ឆ្នាំ​២០១២  បាន​រឹត​បន្តឹង​បង្ក្រាប​រាល់​គ្រប់​ទម្រង់​នៃ​ការ​បះបោរ និង​អំពើ​ហិង្សា​​ខ្លាំង​នៅ​តំបន់​ស៊ីនជាំង មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម។ ហើយ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​សភា​​ចិន ស្ថានភាព​សន្តិសុខ​ជាតិ​​មាន​លក្ខណៈ​ដុនដាប​កាន់​ធ្ងន់ធ្ងរ​  ទើប​ត្រូវ​​បង្កើត​ច្បាប់​ថ្មី ដែលឆ្លើយ​តប​ទៅ​នឹង​ភាព​ជាក់​ស្តែង ដោយ​​​តម្រូវ​​ឱ្យ​មានការ​គោរព​បូរណភាព​និង​អធិបតេយ្យ​​ជាតិ​ និង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​មាន​អំណាចខ្លាំង​សម្រាប់​​​ធានា​សន្តិសុខ​នយោបាយ​ សង្គម។​

អនុម័ត​ដោយ​សំឡេង​គាំទ្រ​​១៥៤​សំឡេង ប្រឆាំង​គ្មាន និង​អនុប្បវាទ​មួយ ច្បាប់​សន្តិសុខ​ថ្មី បានឆ្លើយ​តប​ទាំង​ស្រុង​ ទៅ​នឹង​នយោបាយ​របស់​​លោក​ស៊ីជិនពីង ដែល​យល់​ថា​សន្តិសុខ​ជាតិ គឺ​ជា​ការ​ប្រមូល​ផ្តុំ​វិស័យ​ច្រើន ដូច​ជា​ វប្បធម៌​ នយោបាយ​យោធា សេដ្ឋកិច្ច​ បច្ចេកវិទ្យា បរិស្ថាន។ ប៉ុន្តែ​អត្ថបទ​ច្បាប់ ហាក់​មាន​លក្ខណៈ​ទូទៅ​ខ្លាំង ត្រង់​ចំណុច​ដាក់​ទោស​ ក្នុង​ករណី​មាន​ការ​រំលោភ​ច្បាប់ និង​ចែង​មិន​ច្បាស់​លាស់​សោះ​ថា​តើ​សកម្មភាព​បែប​ណា​ជា​ការ​គំរាម​កំហែង​សន្តិសុខជាតិ។

ចិន​ដែល​មាន​ចំនួន​អ្នក​ប្រើ​អ៊ីនធ័រនែត ច្រើន​ជាង​គេ​លើ​ពិភពលោក តែង​រក្សា​សិទ្ធិ​បិទ​ខ្ទប់​អ៊ីនធ័រនែត ក្រោម​ផ្លាក​រក្សា​សន្តិសុខ​ជាតិ​ និងអធិបតេយភាព​ព័ត៌មានវិទ្យា។ របបកុម្មុយនិស្ត​ បាន​តាមដាន​​យ៉ាង​ស្អិត​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម​ និង​បិទ​ខ្ទប់​ភ្លាម​ពេល​ឃើញ​រាល់​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​នយោបាយ។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស មិន​ហាម​ឃាត់​ការ​បង្កើត​ច្បាប់​ដើម្បី​សន្តិសុខ​ជាតិ​ទេ តែ​បាន​បរិហារ​ចំណុច​​មួយ​ចំនួន​នៃ​ច្បាប់​ ថាគួរ​ឱ្យ​ខ្វល់​ខ្វាយ​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ