ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT
អាស៊ី

ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា ផ្តើម​ទស្សនកិច្ច​រយៈពេល​៨​ថ្ងៃ នៅ​អាស៊ី​កណ្តាល និង រុស្ស៊ី

media  
នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi Reuters/路透社

ដំណើរ​ទស្សនកិច្ច​វែង​ឆ្ងាយ​នេះ ត្រូវបាន លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ចាប់ផ្តើម ថ្ងៃ​៦​កក្កដា​នេះ គឺ​ពី​សាធារណរដ្ឋ អ៊ូសបេគីស្ថាន បន្ទាប់​មក គឺ កាហ្សាក់ស្ថាន រួចពីថ្ងៃ ៨​ដល់​ទី​១០​កក្កដា គាត់​នឹង​វត្តមាន​នៅ​ក្រុង Oufa ប្រទេស​រុស្ស៊ី ចូលរួម ក្នុង​ជំនួបកំពូល នៃ​ក្រុម​៥​ប្រទេស​ធំៗ ហៅថា BRICS និង ក្នុង​ជំនួប​កំពូល នៃ “អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ” ហៅថា OCS។ ហើយពី​ថ្ងៃ​១០​ដល់​១៣​កក្កដា ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា នឹង​បង្ហើយ​ដំណើរ​ទស្សនកិច្ច​ខ្លួន នៅ​តាម​៣​រដ្ឋ​ឯករាជ្យ​ទៀត នៃ​តំបន់​អាស៊ី​កណ្តាល គឺ តួគ្មេនីស្ថាន កៀហ្ស៊ីស៊ីស្ថាន និង តាហ្ស៊ីគីស្ថាន។

ជាលទ្ធផលទស្សនកិច្ចផ្លូវការ​នៅ​ក្រុង Tachkent ថ្ងៃ​៦​កក្កដា​នេះ តាម​សេចក្តី​អញ្ជើញ​នៃ​លោក​ប្រធានាធិបតី អ៊ូសបេគីស្ថាន Islam Karimovគូភាគី បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម អ៊ូសបេគីស្ថាន - ឥណ្ឌា និង​បាន​ចុះ​កិច្ចព្រមព្រៀង​អន្តរដ្ឋាភិបាល​មួយ​ចំនួន ឆ្ពោះ​ទៅ​ពង្រឹង សហប្រតិបត្តិការ​ពហុវិស័យ​រវាង​ប្រទេស​ទាំងពីរ។ លោក​នាយក​រដ្ឋមន្ត្រី Narendra Modi បាន ជួប​ជាមួយ​បណ្ដា​សាស្ត្រាចារ្យ​អ៊ូសបេគីស្ថាន ខាង​សិក្សា​វប្បធម៌​ឥណ្ឌា និង​និស្សិត​អ៊ូសបេកណា ដែល​រៀន​ភាសា Hindi រួច​ជា​ពិសេស គាត់​បាន​សម្ពោធ​សហគ្រាស​ចម្រុះ ឥណ្ឌា-​អ៊ូសបេក ខាង​ផលិត​ជី​អាសូត។

 
ក្នុងសារផ្ញើ​ជូន​លោក​ប្រធានាធិបតី កាហ្សាក់ស្ថាន  Noursultan Nazarbayev លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi រំពឹង​ថា ទស្សនកិច្ច​គាត់​នៅ កាហ្សាក់ស្ថាន នឹង​ពង្រីក​លទ្ធភាព សម្រាប់​ការ​ស៊ី​ជម្រៅ និង ការបង្កើន​ឲ្យ​សម្បូរ​បែប​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ មិន​តែ​ប៉ុណ្ណោះ តាម​ដែល​លោក​ឯកអគ្គរដ្ឋ​ទូត​កាហ្សាក់ស្ថាន​នៅ​ឥណ្ឌា បង្ហើប​ឲ្យ​ដឹង​ក្នុង​បរិបទ​ទស្សនកិច្ច​នេះ គូ​ភាគី​នឹង​សម្រប​យោបល់​គ្នា ទៅលើ “ប័ណ្ណ​នាំ​ផ្លូវ” នៃ​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេ​ភាគី។ ក្នុងគោលដៅនេះ លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា អម​ដំណើរ​ដោយ​គណៈប្រតិភូ​នៃ “មន្ទីរ​ចម្រុះ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ឥណ្ឌា” និង “សហព័ន្ធ​នៃ​ឧស្សាហករ​ឥណ្ឌា”។ គូ​ភាគី​បាន​កំណត់​ទៅ​ហើយ គម្រោង​ចំនួន​៦៤ លើ​វិស័យ​បែប​យ៉ាង ថាមពល បូក​ទាំង​ថាមពល​បរមាណូ និង​ធ្យូងថ្ម វិស័យ​វាយនភ័ណ្ឌ ដឹកជញ្ជូន មាន​កំពង់​ផែ ផ្លូវដែក​ជាដើម បច្ចេកវិជ្ជា​ព័ត៌មាន សម្រាប់​ទាក់ទាញ​វិនិយោគ​ទៅ​វិញ​ទៅ​មក។

ប្រភព​ក្នុង​ក្រសួង​ការបរទេស​ឥណ្ឌា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី Itar-Tass ថ្ងៃ​៦​កក្កដា នេះ​ថា ពេល​វត្តមាន​ក្នុង​ជំនួប​កំពូល នៃ​ក្រុម​៥​ប្រទេស​ធំៗ ហៅថា BRICS ពោល​គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិក​ខាង​ត្បូង ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត នៅ​លើ​ទឹកដី​រុស្ស៊ី ជា​ប្រទេស​ម្ចាស់​ផ្ទះ លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ដើម្បី ពិភាក្សា​អំពី​គ្រប់​តែ​វិស័យ​នៃ​សហប្រតិបត្តិការ​ទ្វេ​ភាគី ព្រម​ទាំង​អំពី​ដំណើរ​បំពេញ​តាម កិច្ចព្រមព្រៀង​ទាំង​អម្បាលម៉ាន ដែល​មាន​ចុះ​ ជា​លទ្ធផល​នៃ​ទស្សនកិច្ច​ប្រមុខ​រដ្ឋ​រុស្ស៊ី​នៅ​ក្រុង ញីវដែលី​ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៤៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ