ប្រធានាធិបតីអាមេរិកទទួលជួបមេបក្សកុម្មុយនិស្តវៀតណាម
លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកបានទទួលជួប មេដឹកនាំបក្សកុម្មុយនិស្ត បក្សនយោបាយតែមួយគត់របស់វៀតណាម នៅសេតវិមាន។ អាចចាត់ទុកបានថាជាជំនួបប្រវត្តិសាស្ត្រផង ព្រោះជារឿងដែលពុំធ្លាប់កើតមានទេ សម្រាប់ប្រទេសជាអតីតគូសត្រូវធ្លាប់ធ្វើសង្គ្រាមនឹងគ្នារាប់ឆ្នាំ។ ប៉ុន្តែការរិះគន់ខ្លាំង និងភាពចម្រូងចម្រាសក៏កើតមានច្រើន ជាពិសេសពីសំណាក់ក្រុមអ្នកតំណាងរាស្ត្រ នៅពេលឃើញសហរដ្ឋអាមេរិកផ្តល់កិត្តិយសខ្លាំងជ្រុលដល់មេកុម្មុយនិស្តវៀតណាម។
ចុះផ្សាយនៅថ្ងៃ៖
លោកអូបាម៉ា បានជ្រើសរើស យកពេលទទួលជួបមេដឹកនាំបក្សកុម្មុយនិស្ត លោក ង្វៀន ភូជុង (Nguyen Phu Trong) នៅសេតវិមាន ដើម្បីប្រកាសអំពីដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសវៀតណាម នាពេលខាងមុខ។
អាមេរិកនិងវៀតណាម ធ្លាប់ធ្វើសង្គ្រាមនឹងគ្នា កាលពី៤០ឆ្នាំមុន ! សង្គ្រាមដែលបានបង្កឱ្យមានមនុស្សស្លាប់យ៉ាងច្រើន តែទីបំផុតអាមេរិកត្រូវទទួលបរាជ័យ។ ហើយអតីតគូសត្រូវទាំងពីរ ទើបតែនឹងអាចស្តារទំនាក់ទំនងការទូតនឹងគ្នាឡើងវិញបាន២០ឆ្នាំប៉ុណ្ណោះ។ អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន ដែលជាអ្នកផ្តួចផ្តើមផ្សះផ្សាទំនាក់ទំនងជាមួយវៀតណាម បានធ្វើដំណើរទៅបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅក្រុងហាណូយ កាលពីឆ្នាំ ២០០០។ ថ្នាក់ដឹកនាំអាមេរិកសំខាន់ៗជាច្រើនរូបផ្សេងទៀត ក៏បានធ្វើដំណើរជាផ្លូវការទៅកាន់ប្រទេសកុម្មុយនិស្តមួយនេះ។ ឯប្រធានាធិបតីវៀតណាមវិញ ទើបតែមានពីររូបប៉ុណ្ណោះដែលបានចូលក្នុងសេតវិមាន ហើយថ្ងៃនេះលោក ង្វៀន ភូជុង បានបញ្ចូលឈ្មោះ ក្នុងបញ្ជីឱ្យកាន់តែវែងឡើងបន្ថែមទៀត។
ប៉ុន្តែជំនួបនេះ បានរងការរិះគន់ខ្លាំងពីសំណាក់ក្រុមអ្នកតំណាងរាស្ត្រអាមេរិក។ ក្រុមអ្នកតំណាងរាស្ត្រអាមេរិក ទាំងមកពីបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ យល់ថាមិនសក្តិសម ឬនិយាយបែបផ្សេងថាបញ្ជោរហួសថ្នាក់។
លោក ង្វៀន ភូជុង មិនមែនជាប្រមុខរដ្ឋ ហើយក៏មិនមែនជាតំណាងរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតទេ ! នេះហើយជាអ្វីដែលបានឃើញនៅក្នុងលិខិតចំហរបស់ក្រុមសភាអ្នកតំណាងអាមេរិក សរសេរទៅកាន់លោកអូបាម៉ា។
ម្យ៉ាងទៀត វៀតណាមមានប្រព័ន្ធឯកបក្ស ផ្តាច់ការ ដែលជាប្រភពនៃការរំលោភសិទ្ធិមនុស្ស ការចាប់ដាក់ពន្ធនាគារ រយៈពេលវែងដោយគ្រាន់តែបានបញ្ចេញមតិរិះគន់របបដឹកនាំ អ្នកនយោបាយក៏មានច្រើន។ បើទោះបីជាលោកអូបាម៉ា ធ្លាប់បានលើកឡើងជាសាធារណៈជាញយដងអំពីបញ្ហាអ្នកទោសនយោបាយ ឬសិទ្ធិមនុស្សក្តី តែដូចជាគ្មានឥទ្ធិពលតបវិញទេ ហេតុដូច្នេះហើយបានជាក្រុមអ្នកទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សអាស៊ី បានអំពាវនាវឱ្យលោកអូបាម៉ាដំឡើងសំឡេងបន្តិចដាក់វៀតណាម។ បើតាមក្រុមអ្នកការពារសិទ្ធិមនុស្ស វៀតណាមបានប្រឹងប្រែងតិចតួចណាស់ ក្នុងវិស័យសិទ្ធិមនុស្សនេះ ដែលមិនគួរទទួលបានកិត្តិយសដល់ថ្នាក់ទទួលជួបប្រធានាធិបតីនៅក្នុងសេតវិមានទេ។
អ្នកទទួលខុសត្រូវអាមេរិកបានទទួលស្គាល់ថា ជំនួបរវាងលោកអូបាម៉ា និងលោក ង្វៀន ភូជុង មានលក្ខណៈខុសទម្លាប់ពិធីការបន្តិចមែន ប៉ុន្តែ ជាមេដឹកនាំបក្សកុម្មុយនិស្ត ដូច្នេះគឺត្រូវជាមនុស្សសំខាន់ ដែលគួរតែបានទទួលការស្វាគមន៍ដូចថ្នាក់ដឹកនាំប្រទេស -រដ្ឋាភិបាល”។ ប្រមុខបក្សគឺជាឥស្សរជនដ៏មានអំណាចកំពូលទាំងបួនដំបូងគេ នៅក្នុងប្រទេស ៖ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានសភា និងប្រធានបក្ស។ ប្រធានបក្សកុម្មុយនិស្ត គឺពិតជាបុរសខ្លាំងរបស់ប្រទេស ដែលគេអាចលើកយកគ្រប់ប្រធានបទមកជជែកគ្នា ដូចជា ការចរចាដើម្បីចូលរួមបង្កើតតំបន់ពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) បញ្ហាសិទ្ធិមនុស្ស និងយោធា។ ជំនួបនេះពិតជាសំខាន់ខ្លាំងក្នុងពង្រឹងទំនាក់ទំនងជាមួយវៀតណាម។ ហាណូយអាចនឹងមានទំនុកចិត្តយ៉ាងខ្លាំងលើវ៉ាស៊ីនតោន បន្ទាប់ពីជំនួបនៅសេតវិមាននេះរួច។
វៀតណាមក៏ត្រូវការពង្រឹងទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពិសេសយោធា ជាមួយអាមេរិក ដើម្បីប្រឈមនឹងចិន ដែលមានមហិច្ឆតាកាន់តែធំៗឡើង ចង់គ្រប់គ្រងតែឯងតំបន់សមុទ្ទចិនខាងត្បូង មិនខ្វល់អំពីប្រទេសជិតខាងក្នុងតំបន់។ ឯចំណែកអាមេរិករបស់លោកអូបាម៉ា ក៏ត្រូវការប្រើវៀតណាមដែរ ដើម្បីប្រឈមនឹងឥទ្ធិពលចិន ក្នុងក្រមខ័ណ្ឌនយោបាយការបរទេស ដែលផ្តល់អាទិភាពខ្លាំងផ្នែកការទូតនិងវត្តមានកងទ័ពអាមេរិកនៅតំបន់អាស៊ី។ ជាហេតុធ្វើឱ្យទំនាក់ទំនងប្រទេសពីរ ឡើងខ្លាំងជាងការគ្រោងទុក មិនថាលើវិស័យពាណិជ្ជកម្ម (កើនឡើង៥០ដង ក្នុងរយៈពេល២០ឆ្នាំ) ឬយោធា (មានការបន្ធូរបន្ថយទណ្ឌកម្ម អនុញ្ញាតឱ្យវៀតណាមអាចទិញអាវុធយុទ្ធភណ្ឌការពារដែនសមុទ្ទខ្លះ តាំងពីខែតុលា២០១៤មក អាមេរិកអាចនឹងគិតគូរឡើងវិញដកទណ្ឌកម្មថ្មីផ្សេងទៀត ប្រសិនបើវៀតណាមគោរពសិទ្ធិមនុស្សបានប្រសើរឡើងតែបន្តិច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ