អានតួអត្ថបទ

ប្រធានាធិបតី​អាមេរិក​ទទួល​ជួប​មេបក្ស​កុម្មុយនិស្ត​វៀតណាម

លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ជួប​ មេ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ បក្សនយោបាយ​​តែ​មួយ​គត់​របស់​​វៀតណាម នៅ​សេតវិមាន។ អាច​ចាត់​ទុក​បាន​ថា​ជា​ជំនួប​ប្រវត្តិសាស្ត្រ​ផង ព្រោះ​ជា​រឿង​ដែល​ពុំ​ធ្លាប់​កើត​មាន​ទេ សម្រាប់​ប្រទេស​ជា​អតីត​គូ​សត្រូវ​​ធ្លាប់​ធ្វើ​សង្គ្រាម​នឹង​គ្នា​រាប់​ឆ្នាំ។ ប៉ុន្តែ​​​ការ​រិះគន់​ខ្លាំង និង​ភាព​ចម្រូង​ចម្រាស​ក៏​កើត​មាន​ច្រើន ជាពិសេស​​ពី​សំណាក់​ក្រុម​អ្នក​តំណាង​រាស្ត្រ​ នៅ​ពេល​ឃើញ​សហរដ្ឋ​អាមេរិក​ផ្តល់​កិត្តិយស​ខ្លាំង​ជ្រុល​ដល់​មេ​កុម្មុយនិស្ត​វៀតណាម។

លោក ង្វៀន ភូជុង  Nguyễn Phú Trọng ត្រូវ​បាន​ទទួល​ជួប​ដោយ​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា នៅ​សេតវិមាន
លោក ង្វៀន ភូជុង Nguyễn Phú Trọng ត្រូវ​បាន​ទទួល​ជួប​ដោយ​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា នៅ​សេតវិមាន (Reuters)
ផ្សាយពាណិជ្ជកម្ម

លោកអូបាម៉ា បាន​ជ្រើស​រើស យក​ពេ​ល​ទទួល​ជួប​មេ​ដឹកនាំ​បក្ស​​កុម្មុយនិស្ត​ លោក ង្វៀន ភូជុង (Nguyen Phu Trong) នៅ​សេតវិមាន​ ដើម្បី​ប្រកាស​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​ប្រទេស​វៀតណាម នាពេល​ខាង​មុខ។

 
អាមេរិក​និង​វៀតណាម ធ្លាប់​ធ្វើ​សង្គ្រាម​នឹង​គ្នា កាលពី​៤០​ឆ្នាំ​មុន ! សង្គ្រាម​ដែល​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ច្រើន តែ​ទី​បំផុត​អាមេរិក​ត្រូវ​ទទួល​បរាជ័យ។ ហើយ​អតីត​គូ​សត្រូវ​​ទាំង​ពីរ ទើប​តែ​នឹង​អាច​ស្តារ​ទំនាក់ទំនង​ការ​ទូតនឹង​គ្នា​ឡើង​វិញបាន​២០​ឆ្នាំ​ប៉ុណ្ណោះ។ អតីត​ប្រធានាធិបតី​អាមេរិក លោក ប៊ីល គ្លីនតុន ដែល​ជា​អ្នក​ផ្តួច​ផ្តើម​ផ្សះផ្សា​ទំនាក់ទំនង​ជា​មួយ​វៀតណាម បាន​ធ្វើ​ដំណើរ​​ទៅ​បំពេញ​ទស្សនកិច្ច​ជាប្រវត្តិសាស្ត្រ​នៅ​ក្រុង​ហាណូយ កាលពី​ឆ្នាំ ២០០០។ ថ្នាក់​ដឹកនាំ​អាមេរិក​សំខាន់ៗ​ជា​ច្រើន​រូប​ផ្សេង​ទៀត ក៏​បាន​ធ្វើ​ដំណើរ​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។ ឯ​ប្រធានាធិបតី​វៀតណាម​វិញ ទើប​តែ​មាន​ពីរ​រូប​ប៉ុណ្ណោះ​ដែល​បាន​ចូល​ក្នុង​សេតវិមាន ហើយ​ថ្ងៃ​នេះលោក ង្វៀន ភូជុង បាន​បញ្ចូល​ឈ្មោះ ក្នុង​បញ្ជី​ឱ្យ​កាន់​តែ​វែង​ឡើងបន្ថែម​ទៀត។

​ប៉ុន្តែ​ជំនួប​នេះ បាន​រង​ការ​រិះគន់​ខ្លាំងពី​សំណាក់​​ក្រុម​អ្នក​តំណាង​រាស្ត្រអាមេរិក​។ ​ក្រុម​អ្នក​តំណាង​រាស្ត្រ​​អាមេរិក​ ទាំង​មក​ពី​បក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ ​យល់​ថា​មិន​សក្តិសម ឬ​និយាយ​បែប​ផ្សេង​ថា​បញ្ជោរ​ហួស​ថ្នាក់។

លោក ង្វៀន ភូជុង មិន​មែន​ជា​ប្រមុខ​រដ្ឋ​ ហើយ​ក៏​មិន​មែន​ជា​តំណាង​​រដ្ឋាភិបាល​​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​ទេ ! នេះ​ហើយ​ជា​អ្វី​ដែល​បាន​ឃើញ​នៅ​ក្នុងលិខិត​ចំហរបស់​ក្រុម​សភា​អ្នក​តំណាង​អាមេរិក​ សរសេរ​​​ទៅ​កាន់​លោក​អូបាម៉ា។

ម្យ៉ាង​ទៀត វៀតណាម​មាន​ប្រព័ន្ធ​ឯកបក្ស​ ផ្តាច់ការ​ ដែល​ជា​ប្រភព​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ ​ការ​ចាប់​ដាក់​ពន្ធនាគារ​ រយៈ​ពេលវែង​​ដោយ​គ្រាន់​តែ​បាន​បញ្ចេញ​មតិ​រិះគន់​របប​ដឹកនាំ អ្នក​នយោបាយ​ក៏​មាន​ច្រើន​។ បើ​ទោះ​បី​ជា​លោក​អូបាម៉ា ធ្លាប់​បាន​លើក​ឡើង​ជា​សាធារណៈ​ជា​ញយ​ដង​អំពី​បញ្ហា​អ្នក​ទោស​នយោបាយ​ ឬ​សិទ្ធិមនុស្ស​ក្តី តែដូច​ជា​គ្មាន​ឥទ្ធិពល​តប​វិញ​ទេ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​អ្នក​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​អាស៊ី បាន​អំពាវនាវ​ឱ្យ​​លោក​អូបាម៉ា​ដំឡើង​សំឡេង​បន្តិច​ដាក់​វៀតណាម។ បើ​តាម​ក្រុម​អ្នកការពារសិទ្ធិមនុស្ស វៀតណាម​បាន​ប្រឹង​ប្រែង​តិច​តួច​ណាស់ ក្នុង​វិស័យ​សិទ្ធិមនុស្ស​នេះ ដែល​មិនគួរ​ទទួល​បាន​កិត្តិយស​ដល់​ថ្នាក់​ទទួល​ជួប​ប្រធានាធិបតី​​នៅ​ក្នុង​សេតវិមានទេ។

អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​បាន​ទទួល​ស្គាល់​ថា ជំនួប​រវាង​លោក​អូបាម៉ា និង​លោក ង្វៀន ភូជុង មាន​លក្ខណៈ​ខុស​ទម្លាប់​ពិធីការ​បន្តិច​មែន ប៉ុន្តែ​ ជា​មេដឹកនាំ​បក្ស​កុម្មុយនិស្ត ដូច្នេះ​គឺ​ត្រូវ​ជា​មនុស្ស​សំខាន់​​ ដែល​គួរ​តែ​បាន​ទទួល​ការ​ស្វាគមន៍​ដូច​ថ្នាក់​ដឹកនាំ​ប្រទេស -រដ្ឋាភិបាល”។ ប្រមុខ​បក្ស​គឺ​ជា​ឥស្សរជន​ដ៏​មាន​អំណាច​​កំពូល​ទាំង​បួន​ដំបូង​គេ​ នៅ​ក្នុង​ប្រទេស ៖​ ប្រធានាធិបតី នាយក​រដ្ឋមន្ត្រី ប្រធានសភា និង​ប្រធានបក្ស​។ ប្រធាន​បក្ស​កុម្មុយនិស្ត​ គឺ​ពិត​ជា​បុរស​ខ្លាំង​របស់​ប្រទេស ដែល​គេ​អាច​លើក​យក​គ្រប់​ប្រធានបទមក​ជជែក​គ្នា ដូច​ជា ការចរចា​ដើម្បី​ចូល​រួម​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) បញ្ហា​សិទ្ធិមនុស្ស និង​យោធា​។ ​ជំនួប​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ក្នុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វៀតណាម។ ហាណូយ​អាច​នឹង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​លើ​វ៉ាស៊ីនតោន បន្ទាប់​ពី​ជំនួប​នៅ​សេតវិមាន​នេះ​រួច។

វៀតណាម​ក៏​ត្រូវ​ការ​ពង្រឹង​ទំនាក់ទំនង ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពិសេស​យោធា ​ជាមួយ​អាមេរិក ដើម្បី​ប្រឈម​នឹង​ចិន ដែល​មាន​មហិច្ឆតា​កាន់​តែ​ធំៗ​ឡើង ចង់​គ្រប់គ្រង​តែ​ឯង​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូង មិន​ខ្វល់​អំពី​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។ ឯ​ចំណែក​អាមេរិក​​របស់​លោក​អូបាម៉ា ក៏ត្រូវ​ការ​ប្រើ​វៀតណាម​ដែរ​ ដើម្បី​ប្រឈម​នឹង​ឥទ្ធិពលចិន​ ក្នុង​ក្រមខ័ណ្ឌ​នយោបាយ​ការបរទេស ដែល​ផ្តល់​អាទិភាព​ខ្លាំង​ផ្នែក​ការទូត​និង​វត្តមានកងទ័ព​អាមេរិក​នៅ​តំបន់​អាស៊ី។​ ជា​ហេតុ​ធ្វើ​ឱ្យទំនាក់ទំនង​ប្រទេស​ពីរ ឡើង​ខ្លាំង​ជាង​ការ​គ្រោង​ទុក មិនថាលើ​វិស័យ​ពាណិជ្ជកម្ម​ (កើន​ឡើង​៥០​ដង ក្នុង​រយៈ​ពេល​២០​ឆ្នាំ) ឬ​យោធា (មានការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម អនុញ្ញាត​ឱ្យ​វៀតណាម​អាច​ទិញ​អាវុធ​យុទ្ធភណ្ឌ​ការពារ​ដែន​សមុទ្ទ​ខ្លះ តាំង​ពី​ខែ​តុលា​២០១៤​មក អាមេរិក​អាច​នឹងគិត​គូរ​ឡើង​វិញ​ដក​ទណ្ឌកម្ម​ថ្មីផ្សេង​ទៀត ប្រសិន​បើ​វៀតណាម​គោរព​សិទ្ធិ​មនុស្ស​បាន​ប្រសើរ​ឡើង​តែ​បន្តិច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ