អានតួអត្ថបទ

ហេតុអ្វី​ត្រូវ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាត់​ទោស​អ្នក​ធ្វើ​ឱ្យធ្លាក់​យន្តហោះ​ ​MH17​​?

កាលពី​មួយ​ឆ្នាំ​មុន យន្តហោះ​ដឹក​អ្នក​ដំណើរ​ពី​ក្រុង​អាំស្តែដាំ ទៅ​កូឡាឡាំពួរ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែរឡាញ បាន​ធ្លាក់​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ឆាប​ឆេះ​ក្នុង​​ភ្លើង​សង្គ្រាម និង​ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​បះបោរ​មាន​ការ​គាំទ្រ​ពី​រុស្ស៊ី។ អ្នក​ដំណើរ​២៩៨​នាក់​បាន​ស្លាប់។ ថ្ងៃ​នេះ​ក្រុម​គ្រួសារ​រង​គ្រោះ​ តាំង​ពី​ហូឡង់​ ឆ្លង​ដល់​ម៉ាឡេស៊ី ហួស​ដល់​អូស្ត្រាលី នាំ​គ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​សោកនាដកម្ម​ធ្លាក់​យន្តហោះ​ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​ពួក​គេ​នៅ​តែ​ពុំ​ទាន់​ដឹង​​ថា​នរណា ក្រុមណា​ជា​អ្នក​បង្ក​ហេតុ។ ប្រទេស​ម៉ាឡេស៊ី​ ដោយ​មានការ​គាំទ្រ​ពី​ប្រទេស​ហូឡង់ អង់គ្លេស​ ... បាន​ស្នើ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​ពិសេស​​សម្រាប់​កាត់​ទោស​អ្នក​ទទួលនៃការ​បាញ់​ទម្លាក់​យន្តហោះ​នេះ ប៉ុន្តែ​ត្រូវ​ពើប​ប្រទះ​នឹង​រនាំង​រុស្ស៊ី។

ម៉ាឡេស៊ី ហូឡង់ អូស្ត្រាលី ... រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ធ្លាក់​យន្តហោះ​MH17
ម៉ាឡេស៊ី ហូឡង់ អូស្ត្រាលី ... រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ធ្លាក់​យន្តហោះ​MH17 REUTERS/Maxim Zmeyev/Files
ផ្សាយពាណិជ្ជកម្ម

មួយ​ឆ្នាំក្រោយ​សោកនាដកម្ម សំណុំ​រឿង​ធ្លាក់​យន្តហោះ MH17 នៅ​តែ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​​ក្នុង​សមរភូមិ​ការទូត និង​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​គ្មាន​ថ្ងៃ​បញ្ចប់។ ការ​អង្កេត​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំងណាស់ លើ​ផ្ទៃ​នៃ​ភាព​តាន​តឹង​រវាង​រុស្ស៊ី និង​អឺរ៉ុប ! រុស្ស៊ី​និង​អ៊ុយក្រែន នៅ​ចោទ​គ្នាទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ! ព្រោះ​ សោកនាដកម្ម​ធ្លាក់​យន្តហោះ​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ពេល​ដែល​កង​កម្លាំង​ទ័ព​អ៊ុយក្រែន​និង​ពួក​ឧទ្ទាម​បះបោរ​នៅ​ភាគ​ខាង​កើត គាំទ្រ​ដោយ​រុស្ស៊ី កំពុង​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​ទី ១៤​កក្កដា ២០១៤ ពួក​ឧទ្ទាម​បាន​បាញ់​ទម្លាក់​យន្តហោះ​យោធា​អ៊ុយក្រែន​មួយ​គ្រឿង​ហោះ​ក្នុង​​រយៈ​កម្ពស់ ៦៥០០​ម៉ែត្រ ហើយ​បី​ថ្ងៃ​ក្រោយ​ ​នៅ​ថ្ងៃទី ១៧ កក្កដា មីស៊ីល​Buk មួយ​គ្រាប់​ បាន​ទៅ​ប៉ះ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ ហោះ​លើ​អាកាស​កម្ពស់​ជាង ១​ម៉ឺន​ម៉ែត្រ​ពី​ដី ឱ្យធ្លាក់​បែក​ខ្ចាយ​​ ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម។

 

ក្រោយហេតុការណ៍​បន្តិច ​​អ៊ុយក្រែន ម៉ាឡេស៊ី អូស្ត្រាលី  ដឹកនាំ​ដោយ​ប្រទេស​ហូឡង់ បាន​បង្កើត​ក្រុម​អង្កេត​អន្តរជាតិមួយ​ ដើម្បី​កំណត់​អំពី​បរិបទ​នៃ​គ្រោះ​ថ្នាក់។ បើ​តាម​របាយការណ៍​បឋម យន្តហោះ​​បាន​​ធ្លាក់​បន្ទាប់​ពី​ត្រូវ​​គ្រាប់​មីស៊ីល​បាញ់​ចេញ​ពី​ដី។ ជា​មីស៊ីល​ប្រភេទ​BUK របស់​រុស្ស៊ី បាញ់​តម្រង់​ទិស​តែ​មួយ​គ្រាប់​គត់​សំដៅ​យន្តហោះ មិន​មែន​បាញ់​ច្រើន​ប្រសាច​ដូច​អ្វី​ដែល​រុស្ស៊ី​បាន​ចោទ​ប្រកាន់​ថា​គ្រាប់​របស់​យន្តហោះចម្បាំង​​អ៊ុយក្រែន​នោះឡើយ។  
របាយការណ៍​បញ្ចប់​ចុងក្រោយ នឹង​ត្រូវ​បង្ហើប​បង្ហាញ​​នៅ​ខែ​តុលា​ខាង​មុខ ប៉ុន្តែ​ប្រទេស​អ្នក​ចូល​រួម​បាន​ទទួល​ឯកសារ​ស្រាវជ្រាវ​តាំង​ពី​ខែ​ដើម​កក្កដា​ឆ្នាំ​២០១៥​នេះ​មក​ម្ល៉េះ។ បើ​តាម​CNN របាយការណ៍​ចុងក្រោយ​ពិត​ជា​បាន​រក​ឃើញ​និង​បញ្ជាក់​ដូច​អ្វី​ដែល​មាន​ចេញ​ក្នុង​របាយការណ៍​បឋម ពោល​គឺ​ពួក​ឧទ្ទាម​ប៉ះបោរ​នៅ​ភាគ​ខាង​កើតស្និទ្ធិ​នឹង​រុស្ស៊ី និង​រុស្សី ជា​អ្នក​បាញ់​មីស៊ីល​ត្រូវ​យន្តហោះ​ម៉ាឡេស៊ីអ៊ែរឡាញ​ឱ្យ​ធ្លាក់។

ដោយ​មិនរង់ចាំ​លទ្ធផល​គ្រួសារ​ជន​រង​គ្រោះ​ខ្លះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ហើយ។ ម៉ាឡេស៊ី​ ហូឡង់​និង​ប្រទេស​​មួយ​ចំនួន​ផ្សេងទៀត បាន​​ផ្តួចផ្តើម​គំនិត​​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​ពិសេស​មួយ​ ដើម្បី​កាត់​ទោស​អ្នក​ទទួល​ខុស​ត្រូវ​ធ្វើ​ឱ្យ​យន្តហោះ​ធ្លាក់។

ហេតុអ្វី​ តុលាការ​ព្រហ្មទណ្ឌ​​អន្តរជាតិ​​ ?

យើងធ្លាប់​តែ​ឮ​តុលាការ​ពិសេស​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម អតីត​យូហ្គោស្លាវី រវ៉ាន់ដា .. វាដូច​ជា​ចម្លែក​បន្តិច​ដែរ នៅ​ពេល​បាន​ឮ​ភ្លាម​ថា​ត្រូវ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​ដើម្បី​កាត់​ទោស​រឿង​ធ្លាក់​យន្តហោះ ដឹកអ្នក​ដំណើរ​ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី។ ប៉ុន្តែ​គំនិត​ផ្តួច​ផ្តើម​ ដែល​ម៉ាឡេស៊ី ហូឡង់ ប៊ែលហ្សិក អូស្ត្រាលី អ៊ុយក្រែន ឥលូវ​បន្ថែម​អង់គ្លេស​ចូល​មួយ​ទៀត ចង់​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​ បង្កើត​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ពិសេស សម្រាប់​កាត់​ទោស​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទម្លាក់​យន្តហោះ​ពី​លើ​មេឃ​សម្លាប់​មនុស្ស​២៩៨​នាក់​ ជា​ដំណោះស្រាយ​​ល្អ​ជាង​គេ​បំផុត។​

តុលាការ​ព្រហ្មទណ្ឌ​ពិសេស បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ នឹង​ធានា​បាន​នូវឯករាជភាព គ្មាន​បក្ស​គ្មាន​ពួក។ ម្យ៉ាង​ទៀត​គេ​មិន​អាច​ទៅ​ពឹង​ពាក់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នៅ​ទីក្រុង​ឡាអេ ដែល​មាន​ស្រាប់​ហើយ​នោះ​ទេ។ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ មាន​ដែនអំណាច​​កាត់​ទោស​ តែ​បទ​ឧក្រិដ្ឋ​ណា​ដែល​កើត​ឡើង​ក្នុង​ដែន​ដី ប្រទេស​ជា​សមាជិក​ ឬ​ជន​ជាប់​ចោទ​ជា​បុគ្គល​របស់​សមាជិក​CPI ប៉ុណ្ណោះ។ ឯ​ករណី​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​នេះ ទាំង​អ៊ុយក្រែន និង​ទាំង​រុស្ស៊ី មិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ទទួល​ស្គាល់​សមត្ថកិច្ច​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ទេ។ រុស្ស៊ី​មិន​ត្រូវ​ការ​ទទួល​ស្គាល់CPI ទេ ព្រោះ​អាច​នឹង​ជាប់​ក្តី​ផ្សេងៗ​ទៀត ដូច​យ៉ាង​ជម្លោះ​ឆេតឆេនី ឬ​ហ្ស័កហ្ស៊ី។

ប៉ុន្តែ​ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​ពិសេស បែប​​​នេះ ត្រូវ​ឆ្លង​កាត់​ការ​បោះឆ្នោត​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​។ ហើយ​រុស្ស៊ី តាម​រយៈ​ប្រសាសន៍​លោក​ពូទីន​ម្សិលមិញ បាន​ប្រឆាំង​រិះគន់​នឹង​គំនិតបង្កើត​តុលាការ​អន្តរជាតិ ថា​គ្មាន​លក្ខណៈ​ស្ថាបនា​ទេ។ ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​ រុស្ស៊ី​មាន​សិទ្ធិ​វេតូ​ប្រឆាំងផង។ គ្រប់​គ្នា​បាន​ដឹង​អំពី​ឧបសគ្គ​មួយ​នេះ តែ​ត្រូវហ៊ាន​សាក​ល្បង​ក្រែង​​រុស្ស៊ី​ព្រម​ឱ្យ​បង្កើត​​ស្ថាប័ន​តុលាការ​នេះឡើង ដើម្បី​ធ្វើ​​ខ្លួន​ជា​រដ្ឋ​ចេះ​គោរព​ច្បាប់​អន្តរជាតិ និង​ដើម្បី​ឱ្យ​គេ​បំភ្លេច​សំណុំ​រឿង​ផ្សេង។

​ក្រុម​គ្រួសារ​ជនរងគ្រោះ​ប្តឹង​អតីត​មេទ័ព​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន

​មាន​​ក្រុមគ្រួសារ​ជនរងគ្រោះ​១៧ នាក់ សញ្ជាតិ​ហូឡង់ និង​អង់គ្លេស បាន​រួម​គ្នា​ដាក់​ពាក្យ​បណ្តឹង ទៅ​​តុលាការ​ក្រុង​ឈីកាហ្គោ ប្រឆាំង​នឹង​អតីត​ឧត្តមសេនីយ៍​ អ៊ីហ្គ័រ ស្រ្តែលកូវ អតីត​មេទ័ព​របស់ពួក​ឧទ្ទាម​បះបោរ​ភាគ​ខាង​កើត​អ៊ុយក្រែន តែ​ក្រោយ​មក​មួយ​ខែ​បាន​លាលែង​ចេញ​ពី​តំណែង​ ត្រលប់​ទៅ​រស់​នៅ​ប្រទេស​រុស្ស៊ី​វិញ។ ជា​អតីត​ភ្នាក់ងារ​ស៊ើប​ការណ៍​KGBរុស្ស៊ី មាន​ឈ្មោះ​ពិតថា អ៊ីហ្គ័រ ហ្គីរគីន ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​​បាន​បញ្ជា បាន​ជួយ និង​បាន​លើក​ចិត្ត​ ជំរុញ​មនុស្ស​​ផ្សេង​ទៀត ឱ្យ​បាញ់​មីស៊ីល​។

ក្រុមគ្រួសារជន​រង​គ្រោះ​ បាន​ពឹង​ពាក់​ការិយាល័យ​មេធាវី​​អាមេរិក​ឯកទេស​ផ្នែក​ជម្លោះ​ក្នុង​វិស័យ​អាកាសចរណ៍ ដោយ​ទាមទារ​ជា​សំណង​ម្នាក់ៗ​៥០​លាន​ដុល្លារ​។ បើ​តាម​សារព័ត៌មាន​ មេធាវី​អាមេរិក​នឹង​ប្រើ​ច្បាប់​អាមេរិក​ស្តី​ពី​ការ​ធ្វើ​ទារុណកម្ម --Torture victim protection Act-- ដើម្បី​ប្តឹង​ផ្តល់​តាម​ផ្លូវច្បាប់​អាមេរិក។
ប៉ុន្តែ​ អ៊ីហ្គ័រ​ ហ្គីរគីន បាន​បរិហារ​ថា ក្រុមគ្រួសារជន​រងគ្រោះ​មើល​ឃើញ​តែ​លុយ​ យក​ជីវិត​មនុស្ស​ស្លាប់​មក​ប្តឹង​ផ្តល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ