អានតួអត្ថបទ
យន្តហោះMH370

ប្រទះ​ឃើញ​បំណែក​ស្លាប​យន្តហោះ​នៅ​កោះ​រ៉េអ៊ុយញ៉ុង​ អាច​ជា​របស់​យន្តហោះ​MH370

អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ​ដែល​យន្តហោះ​ម៉ាឡេស៊ី​អ៊ែរឡាញ​ MH370 ​ដែល​ផ្ទុក​អ្នក​ដំណើរ​ចំនួន​២៣៩ ​នាក់​ បាន​បាត់​ ដំណឹង​ឈឹង​សូន្យ។ ការ​រុករក​នៅ​ក្នុង​សមុទ្រ ​មិន​បាន​ផ្តល់​លទ្ធផល​អ្វី​ទាំងអស់។ ទើប​តែ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ​៣០ កក្កដា ​ក្រុម​អ្នក​សំអាត​ឆ្នេរ​នៅ​កោះ​រ៉េអ៊ុយញ៉ុង ​ដែល​ជា​ដែនដី​របស់​បារាំង​ បាន​រក​ឃើញ​បំណែក​ស្លាប​យន្តហោះ ​មួយ​ផ្ទាំង ​មាន​ប្រវែង​ប្រហែល​ជា​ ជាង​២ម៉ែត្រ។ អាជ្ញាធរ​ម៉ាឡេស៊ី ​ព្រម​ទាំង​អូស្រ្តាលី ​បាន​ប្រកាស​ព្រមៗ​គ្នា ​ថា បំណែក​យន្តហោះ​ដែលគេ​ប្រទះ​ឃើញ​នេះ ​ អាច​ជា​បំណែក​យន្តហោះ ​MH370​ ព្រោះ​វា​មាន​ភិន​ភាគ​ដូចគ្នា​ស្ទើតែ​ទាំង​ស្រុង។

នគរបាល​បារាំង​កំពុង​ ពិនិត្យ​ភិនភាគ​បំណែក​ស្លាប​យន្តហោះ​ដែល​ទើប​​រកឃើញ​ នៅលើ់ឆ្នេរ​សមុទ្រ​កោះ រ៉េអ៊ុយញ៉ុង ថ្ងៃ​៣០ កក្កដា ២០១៥
នគរបាល​បារាំង​កំពុង​ ពិនិត្យ​ភិនភាគ​បំណែក​ស្លាប​យន្តហោះ​ដែល​ទើប​​រកឃើញ​ នៅលើ់ឆ្នេរ​សមុទ្រ​កោះ រ៉េអ៊ុយញ៉ុង ថ្ងៃ​៣០ កក្កដា ២០១៥ REUTERS/Zinfos974/Prisca Bigot
ផ្សាយពាណិជ្ជកម្ម

បំណែក​យន្តហោះ​មួយផ្ទាំង ​ប្រវែង​ប្រហែល​២ម៉ែត្រ ​ត្រូវ​បាន​ប្រទះឃើញ​ដោយ​ក្រុម​អ្នក​សំអាត​ឆ្នេរ ​នៅ​ផ្នែក​ខាង​កើត ​កោះ​រ៉េអ៊ុយញ៉ុង ​ ដែល​ជា​ដែនដី​របស់​បារាំង។ កោះ​រ៉េអ៊ុយញ៉ុង​នេះ​ ជា​កោះ​នៅ​ក្នុង​មហា​សមុទ្រ ​ឥណ្ឌា ​ក្បែរ​នឹង​ម៉ាដាហ្កាស្កា ​និង​ទ្វីប​អាហ្វ្រិក។ បើ​យើង​គិត​ទៅ ​វា​នៅ​ចំងាយ​ប្រមាណ​ជា​ ជាង ​៤០០០ ​គីឡូម៉ែត្រ ​ពី​តំបន់​ឆ្នេរ​ខាងលិច​អូស្ត្រាលី ​ដែល​ជា​តំបន់​រុករក​កន្លែង​រុករក​យន្តហោះ ​MH370។ គិត​មក​ត្រឹម​ពេល​នេះ ​គេ​មិន​ទាន់​មាន​ការ​សន្និដ្ឋាន ​១០០% ​ថា ​បំណែក​យន្តហោះ​នេះ ​ជា​របស់​យន្តហោះ​ MH370 ​ដែល​បាន​ធ្លាក់​កាល​ពី​ខែ​មីនា ​ឆ្នាំ​ទៅ​ទេ។

រូបរាង្គ​ភិនភាគ ​ដូច​នឹង​ស្លាប​យន្តហោះ​ប្រភេទ​ Boeing777៖
ប៉ុន្តែ​បើ​យោង​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​មួយ​ចំនួន ​ដែល​បាន​ឃើញ​រូបភាព ​បំណែក​ដែល​គេ​ប្រទះឃើញ​នេះ ​គេ​បាន​សន្និដ្ឋាន​ថា ​វា​មាន​ទ្រង់ទ្រាយ ​ដូច​ជា​បំណែក​ស្លាប​របស់​យន្តហោះ​ប្រភេទ ​​Boeing777។ លោក​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​អូស្ត្រាលី ​ដែល​ជា​អ្នក​គ្រប់គ្រង​ការ​រុករក​យន្តហោះ ​MH370​ បាន​ប្រកាស​ភ្លាម​ដែរ​ថា ​ក្រុម​ការងារ​លោក ​មាន​ការ​ប្រាកដ​ក្នុង​ចិត្ត​កាន់តែ​ច្រើន​ ថា​បំណែក​ដែល​ទើបតែ​ប្រទះឃើញ​នេះ ​អាច​ជា​បំណែក​របស់​យន្តហោះ​ប្រភេទ ​Boeing777។ យន្តហោះ ​ជើង​ហោះហើរ​ លេខ​MH370 ​ដែល​បាន​បាត់ ​គឺ​ជា​ប្រភេទ​យន្តហោះ ​Boeing777 ​នេះឯង។

ក្រៅ​ពី​ភិនភាគ​ រូបរាង្គ ​ដែល​ដូច​សឹងតែ​តាំងស្រុង ​ ទៅ​នឹង​ប្រភេទ​យន្តហោះ ​Boeing777 ​បើ​យោង​តាម​សារព័ត៌មាន​នៅ​កោះ​រ៉េអ៊ុយញ៉ុង ​បាន​បញ្ជាក់​ថា ​បំណែក​ដែល​គេ​រកឃើញ​នេះ​ មាន​លេខ​សរសេរ​នៅ​ខាង​លើ ​គឺ ​657-BB។ ពោល​គឺវា ​ត្រូវ​គ្នា​នឹង​លេខ ​ដែល​មាន​ចុះ​ក្នុង ​ឯកសារ​លេខ​សំគាល់​ របស់​ធាតុផ្សំ​យន្តហោះ​ MH370  ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ ​កន្លង​មក​ដែរ។ មួយវិញ​ទៀត ​នៅ​តំបន់​កោះ​រ៉េអ៊ុយញ៉ុង​ ក្នុង​រយៈពេល​២០ឆ្នាំ​ ​កន្លង​មក​នេះ ​មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ​ចំនួន​៤ដង​ប៉ុណ្ណោះ ​ហើយ​ម្តងៗ ​មិនមែន​ជា​យន្តហោះ​ប្រភេទ ​Boeing777​ ដូច​យន្តហោះ​ MH370​ ទេ។ ដូច្នេះ ​បើ​សិន​ជា​គេ​​ច្បាស់​ថា បំណែក​នេះ​ជា​ស្លាប​របស់​យន្តហោះ​ប្រភេទ ​Boeing777 ​នោះ​មាន​ន័យ​ថា ​ វា​ប្រាកដ​ណាស់​ ថា​វាពិត​​ជា​របស់ ​យន្តហោះ MH370 ​នេះហើយ។
 

ដប​ទឹកថ្នាំសម្អាត​​ ផលិត​នៅ​ឥណ្ឌូណេស៊ី រកឃើញក្បែរស្កាប​យន្តហោះ
ដប​ទឹកថ្នាំសម្អាត​​ ផលិត​នៅ​ឥណ្ឌូណេស៊ី រកឃើញក្បែរស្កាប​យន្តហោះ REUTERS/Zinfos974/Prisca Bigot TPX IMAGES OF THE DAY

មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ក្រុម​អ្នក​ដែល​រកឃើញ​បំណែក​នេះ ​ថែម​ទាំង​បាន​ប្រទះឃើញ ​ដប​ទឹក​ថ្នាំ​បាញ់​សម្អាត​មួយ​ ដែល​មាន​ផ្លាក​សេរសេរ​ថា ​ផលិត​នៅ​ឥណ្ឌូណេស៊ី ​ហើយ​នឹង​ដប​ទឹកសុទ្ធ​មួយ​ ​ដែល​ជា​ម៉ាក​ទឹកសុទ្ធ​របស់​ចិន។ របស់​របរ​ទាំង​នេះ ​វា​រឹតតែ​បញ្ជាក់​បន្ថែម​ទៀត  ​ព្រោះ​ថា ​អ្នក​ដំណើរ​ទាំង​អស់ ​មាន ​១៥៣​នាក់​ជា ​ជន​ជាតិ​ចិន ​និង​១២នាក់​ជា​ជនជាតិ​ឥណ្ឌូណេស៊ី។

បារាំង​នឹង​ចេញ​លទ្ធផល​ស៊ើបអង្កេត​ នៅ​សប្តាហ៍​ក្រោយ៖
អាជ្ញាធរ​បារាំង ​បាន​ទាមទារ ​យក​បំណែក​ដែល​គេ​រកឃើញ​នេះ ​ទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ នៅខាងគេ ព្រោះ​គេ​អះអាង​ថា ​គេ​បាន​ប្រទះឃើញ​ នៅ​លើ​ដែនដី​គេ ​ហើយ​មួយ​វិញទៀត ​ក្នុង​ចំណោម​ជន​រងគ្រោះ ​ក៏​មាន​ជនជាតិ​បារាំង ​៤នាក់​ផង​ដែរ។ ខាង​អូស្ត្រាលី ​និង​ម៉ាឡេស៊ី ​ក៏​មិន​បាន​សម្តែង​ការ​ជំទាស់​ដែរ។ ដូច្នេះ ​បំណែក​ស្លាប ​ប្រវែង​ជាង​២ម៉ែត្រ​នេះ​ នឹង​ត្រូវដឹក​ទៅ​កាន់​មន្ទីរ​ស្រាវជ្រាវ​របស់​ការិយាល័យ​អង្កេតការណ៍ ​គ្រោះថ្នាក់​យន្តហោះ ​របស់​បារាំង​ នៅ​ក្រុង​ទូលូស។ អាជ្ញាធរ​​បារាំង​បាន​បញ្ជាក់ ​លទ្ធផល​យ៉ាងណា ​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​នៅ​សប្តាហ៍ក្រោយ។

រកឃើញ​បំណែក ​មិន​ប្រាកដ​ថា​ នឹង​ប្រទះឃើញ​ កន្លែង​ធ្លាក់​ទេ៖
លោក ​Warren Truss​ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អូស្រ្តាលី ​បាន​បញ្ជាក់​ថា ​ បើ​សិន​ជា​បំណែក​ដែល​ទើប​ប្រទះឃើញ​នេះ ​ជា​បំណែក​របស់​យន្តហោះ​ MH370 ​ពិត​មែន​ចុះ ​ក៏​គេ​នៅ​តែ​មិន​ប្រាកដ​ថា គេ​នឹង​ប្រទះឃើញ​កន្លែង​ដែល​យន្តហោះ​នេះ​ធ្លាក់​ដែរ។ ប៉ុន្តែ​អូស្ត្រាលី ​នៅ​តែ​អះអាង​ដែរ​ថា ​ទោះបី​ជា​គេ​ប្រទះឃើញ​ បំណែក​នៅ​ចំងាយ​ជាង ​៤០០០​គីឡូម៉ែត្រ​ ពី​តំបន់​រុករក​ក៏ដោយ ​ក៏​គេ​នៅ​តែ​យល់​ថា ​តំបន់​ដែល​គេ​រុករ​កន្លង​មក​នេះ ​ជា​តំបន់ដែល​អាច​ជា​កន្លែង​ធ្លាក់​ របស់​យន្តហោះ ​MH370 ​ហើយ​គេ​នឹង​បន្ត​រុករក​វា ​នៅ​កន្លែង​នោះ​ត​ទៅ​ទៀត។

ប៉ុន្តែ​ បើ​តាម​ប្រសាសន៍ ​អ្នក​ជំនាញ​បារាំង ​ផ្នែក​សមុទ្រ​ម្នាក់ ​បាន​សន្និដ្ឋាន​ ថា ​ចរន្ត​ទឹក​សមុទ្រ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ ភាគ​ខាងត្បូង​ខ្សែ​អេក្វាទ័រ​ មាន​កំលាំង​ខ្លាំង ​អាច​រុញច្រាន​សំណាត់​ទាំង​អស់ ​ក្នុង​ចំងាយ​ជាង​ ៤០០០​គីឡូម៉ែត្រ ​ក្នុង​រយៈពេល​ពី​ ១២ ​ទៅ​១៨​ខែ​។ លោក​បន្ត​ថា ​បើសិន​ជា​គេ​រកឃើញ​បំណែក​ នៅ​កោះ​រ៉េអ៊ុយញ៉ុង ​នោះ​គេ​អាច​ពិនិត្យ​ឡើង​វិញ​ ទៅ​លើ​រូបភាព​ផ្កាយ​រណប ​ដែល​បង្ហាញ​ពី​ចរន្ត​ទឹក​សមុទ្រ​ ដែល​រុញ​វា​ទៅ​ដល់​នោះ។ ដូច្នេះ​វា​នាំឲ្យ​គេ​ដឹង​បាន​ ពី​កន្លែង​ដើម​របស់ ​បំណែក​នេះ ​ពោល​គឺ​កន្លែង​ដែល​យន្តហោះ​នេះ​ ធ្លាក់​តែម្តង។

គ្រួសារ​ជនរង​គ្រោះ​ នៅតែ​មិន​ទាន់​អស់​ចិត្ត៖
ដំណឹង​នេះ ​វា​បាន​គាស់​រំលើង​មន្ទិល​សង្ស័យ ​នឹង​ក្តី​ទុក្ខ​សោក​ របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទាំង​អស់ ឡើង​វិញ។ អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លះ​មកហើយ​ ដែល​ក្រុម​គ្រួសារ​ជន​រងគ្រោះ ​មិន​បាន​ទទួល​ការ​សន្និដា្ឋន​មួយ​ឲ្យ​ពិត​ប្រាដក ​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​នោះ​ទេ។ ដូច្នេះ​ទាំងយើង​ទាំងគេ​ ម្នាក់ៗ​ចេះ​តែ​នៅ​មាន​សង្ឃឹម​អញ្ចឹង។ កន្លង​មក​ មាន​ដំណឹង​លេចឮ​ថា ​យន្តហោះ​នោះ​ ប្រហែល​ជា​មិន​ធ្លាក់​ទេ ​តែ​អាច​ជា​ការ​រៀបចំ​របស់​ក្រុម​ភេរវករ​ ហើយ​យក​យន្តហោះ​ទៅ​ចុះ​ចត​នៅ​ទីណា​ឆ្ងាយ។ យើង​ឃើញ​ថា ​ ភាព​មិន​ប្រាកដ​ប្រជា​ទាំងអស់​នេះ ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ​គ្នា​មិន​អាច​ស្ងប់​ចិត្ត​បាន។
 

ក្រុមគ្រួសារជនរងគ្រោះ​ យន្តហោះ MH370 ​ធ្វើបាតុកម្ម​ទាមទារ​ចង់ដឹង​ការពិត
ក្រុមគ្រួសារជនរងគ្រោះ​ យន្តហោះ MH370 ​ធ្វើបាតុកម្ម​ទាមទារ​ចង់ដឹង​ការពិត REUTERS/Kim Kyung-Hoon

កាល​ពី​ដើមឆ្នាំ​នេះ ​អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​ធ្វើ​របាយការណ៍​ផ្លូវ​ការ​មួយ ​សន្និដ្ឋាន​ថា ​យន្តហោះ ​MH370 ​បាន​ជួប​គ្រោះថ្នាក់ ​ហើយ​អ្នក​ដំណើរ​ទាំង​អស់ ​ត្រូវ​ចាត់​ទុក​ថា​បាន​ស្លាប់​ទាំងអស់។ របាយការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ខឹង​សម្បារ​ជា​ខ្លាំង ​ដោយសារ​តែ​វា​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់ ​ដែល​បញ្ជាក់​ថា​យន្តហោះ​ជួប​គ្រោះ​ថ្នាក់។ ហើយ​បើ​គ្រោះថ្នាក់​មែន ​គ្រោះ​ថ្នាក់​បណ្តាល​មក​ពី​អ្វី។ ​ទាំងនេះ​ហើយ​ដែល​គេ​ចង់​ដឹង។ ព្រោះ​វា​អាច​ជា​អាច ​មក​ពី​យន្តហោះ​ខូច​ រឺ​ អ្នក​បើកបរ​មាន​ចេតនា​អាក្រក់ ​រឺ​ប្រការ​ណាមួយ ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ លើ​ការ​ស្លាប់​របស់​អ្នក​ដំណើរ​ មិនមែន ​ប្រកាស​ថា​យន្តហោះ​ជួប​គ្រោះ​ថ្នាក់ ​ហើយ​ចប់​នោះ​ទេ។

បន្ទាប់​ពី​ដំណឹង​រកឃើញ​បំណែក​យន្តហោះ​នេះ ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ​ ម្នាក់ៗ​មើល​តែ​ទូរស័ព្ទ ​ដើម្បី​តាម​ដាន​ដំណឹង​ថ្មីៗ​ទៀត។ ឪពុក​ជន​រងគ្រោះ​ម្នាក់​ ជា​ជនជាតិ​ម៉ាឡេស៊ី ​បាន​និយាយ​ថា ​លោក​សង្ឃឹម​ថា ​បំណែក​នេះ ​ជា​បំណែក​របស់​យន្តហោះ ​MH370 ​ទៅ​ចុះ ​ដើម្បី​ឲ្យ​លោក​អស់ចិត្ត ​ឈប់​គិត​សង្ឃឹម​ ថា​កូន​គាត់​នៅ​រស់​តទៅ​ទៀត។ ដូចគ្នា​ដែរ ​បុរស​ជនជាតិ​បារាំង​ ដែល​មាន​ប្រពន្ធ​ ជា​ជន​រងគ្រោះ​ដែរ ​បាន​និយាយ​ថា ​លោក​ចង់​ដឹង​ឲ្យ​ពិត​ប្រាកដ ​ដើម្បី​ធ្វើ​អហោសិកម្ម ​និង​កាត់​ចិត្ត​ឈប់​គិត​តទៅ​ទៀត។

ភាគ​ច្រើន​នៃ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ នាំ​គ្នា​សរសេរ​ថា ​អ្វី​ដែល​គេ​ចង់​បាន ​គឺ​ភាព​ច្បាស់​ប្រាដក​១០០% ​មិន​មែន​ ច្បាស់ ​៩០%​ដូច​ដែល​ក្រុម​អ្នក​រុករក​ ធ្លាប់​បាន​ប្រកាស​កន្លង​មក​នោះ​ទេ។ ប៉ុន្តែ​ទោះ​បី​ជា​​យ៉ាងណា ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​ចិន ​បាន​អំពាវ​នាវ ​ឲ្យ​រក្សា​ការ​ស្ងៀមស្ងាត់​ រងចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត។

បើតាម​យោបល់​របស់​អ្នក​ជំនាញ​ភាគ​ច្រើន ​យន្តហោះ​ប្រហែល​ជា​មាន​បញ្ហា ​ចុះ​ថយ​ឧស្ម័ន​អុកស៊ីសែន​ ភ្លាមៗ​ជា​គំហុក ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​យន្តហោះ ​ទាំង​អ្នក​ដំណើរ ​ទាំង​អ្នក​បើកបរ​ បាត់បង់​ស្មារតី ​ទាំងអស់​គ្នា ​ហើយ​យន្តហោះ ​ចេះតែ​បន្ត​ហោះ ​ដោយ​ការ​បញ្ជា​ស្វ័យប្រវត្តិ ​រហូត​ទាល់តែ​អស់​សាំង​ ហើយ​ធ្លាក់​ក្នុង​សមុទ្រ ​តែ​ម្តង។ តែ​នេះ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន ​តែ​ប៉ុណ្ណោះ ​ការ​ពិត​១០០% ​គេ​មិន​អាច​ដឹង​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ