អានតួអត្ថបទ
សហរដ្ឋអាមេរិក-ជប៉ុន

Wikileaks ចេញ​ឯកសារ​សម្ងាត់ បង្ហាញ​ថា​អាមេរិក លួច​ស៊ើបការណ៍​លើ​ជប៉ុន

គេហទំព័រ​​ Wikileaks ដែល​​មាន​បណ្តាញ​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​ របស់​សហរដ្ឋ​អាមេរិក ​ទើបតែ​បាន​ចេញ​ផ្សាយ​ ឯកសារ​ថ្មី​បន្ថែម​ទៀត ​ដែល​បង្ហាញ​ថា ​កន្លង​មក ​សហរដ្ឋ​អាមេរិក ​បាន​លួច​ស៊ើបការណ៍​សម្ងាត់ ​ទៅ​លើ​ប្រទេស​ជប៉ុន ​ស្ទើរ​តែ​គ្រប់​វិស័យ។ ព័ត៌មាន​ដ៏​អាស្រូវ​នេះ ​នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ រឹតតែ​អាម៉ាស​មុខ ​នៅ​លើ​ឆាក​អន្តរជាតិ ​បន្ទាប់​ពី​ត្រូវ​បាន​គេ​ដឹង​​ ជា​បន្ត​បន្តាប់ ​ថា​រដ្ឋាភិបាល​អាមេរិក​ បាន​លប​ស្តាប់​ទូរស័ព្ទ ​គេ​ឯង​ សឹង​តែ​គ្រប់​គ្នា ​ដោយ​ឥត​រើស​មុខ ​មិន​ថា​ប្រទេស​នោះ​ ជា​ដៃគូរ​សម្ព័ន្ធមិត្ត​ ​រឺ​ក៏​សត្រូវ របស់​ខ្លួន​នោះ​ទេ។

Julian Assange អ្នកចាត់ចែងការ​ផ្សាយ​របស់​ Wikileaks ធ្វើការបង្ហាញ​ ឯកសារ​​សម្ងាត់​​ទៅ​អ្នក​​កាសែត នៅ​ទៅក្រុង​ឡុដ៍
Julian Assange អ្នកចាត់ចែងការ​ផ្សាយ​របស់​ Wikileaks ធ្វើការបង្ហាញ​ ឯកសារ​​សម្ងាត់​​ទៅ​អ្នក​​កាសែត នៅ​ទៅក្រុង​ឡុដ៍ REUTERS/Finbarr O'Reilly
ផ្សាយពាណិជ្ជកម្ម

អាមេរិក​លប​ស៊ើបការណ៍​លើ​ជប៉ុន​ តាំងពី​ឆ្នាំ​២០០៦៖

អាមេរិក​លួច​ស៊ើប​ សឹងតែ​គ្រប់​មុខ ​គ្រប់​វិស័យ​ទាំង​អស់ ​របស់​ជប៉ុន ​ទាំង​កិច្ចការ​ផ្ទៃ​ក្នុង ​ទាំង​កិច្ចការ​អន្តរជាតិ ​ឲ្យ​តែ​មាន​ប្រយោជន៍​ ដល់​រដ្ឋាភិបាល​អាមេរិក។ បើ​យោង​តាម​ការ​ផ្សាយ​របស់ ​គេហ​ទំព័រ​ Wikileaks ​បាន​ឲ្យ​ដឹង​ថា ​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ​ដែល​ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ បាន​ធ្វើ​តារាង​បញ្ជីរ​ឈ្មោះ ​គោលដៅ​ចំនួន​​៣៥ ​ដែល​អាមេរិក​​ធ្វើ​ការ​ស៊ើបការណ៍ ​ទៅ​លើ​ជប៉ុន។

ក្នុង​នោះ​រួម​មាន​ទាំង​ មន្ត្រី​រដ្ឋាភិបាល​ធំៗ​របស់​ជប៉ុន ​ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ និង​សហគ្រាស​ធំៗ​ ​របស់​ជប៉ុន​ផងដែរ ​ដូចជា​ក្រុមហ៊ុន​ Mitsubishi ​ក្រុមហ៊ុន ​Mizuyi ​និង​ធនាគារ​ជាតិ​ជប៉ុន​ជាដើម។ លោក​ Haruhiko Kuroda ​អគ្គ​ទេសាភិបាល​របស់​ធនាគារ​ជាតិ​ជប៉ុន​ ក៏​មាន​ឈ្មោះ​ក្នុង​នោះ​ដែរ។ សូម្បី​តែ​បុគ្គលិក​ របស់​ធនាគាជាតិ​ជប៉ុន ​ក៏​ត្រូវ​គេ​លប​ស្តាប់​ទូរស័ព្ទ​លើតុ ​នៅ​ផ្ទះ​ដែរ។

ក្នុង​ចំណោម​ ​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន ​គេ​មិន​បាន​បញ្ជាក់​ឈ្មោះ​ លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន ​ស៊ីនហ្សូ អាបេ ​ដោយ​ផ្ទាល់​ទេ ​ប៉ុន្តែ​មាន​ឈ្មោះ​រដ្ឋមន្ត្រី​សំខាន់ៗ​ ដូច​ជា ​លោក Yoichi Miyazawa ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជប៉ុន ​ដែល​ត្រូវ​គេ​លប​ស្តាប់​ទូរស័ព្ទ។ បើ​តាម​គេហ​ទំព័រ​របស់ ​Wikileaks​បាន​បញ្ជាក់​ថា ​ ការ​លប​ស្តាប់​ការ​សន្ទនា ​តាម​ទូរស័ព្ទ ​រឺ​ក៏​ការ​ឆ្លងឆ្លើយ​ឯកសារ​របស់​ជប៉ុន​នេះ ​ គឺ​អាមេរិក​ បាន​ធ្វើ​ តាំង​ពី​ឆ្នាំ​២០០៦ ​ម្លេះ។

ក្នុង​កិច្ចការ​ផ្ទៃក្នុងជប៉ុន ​ទាក់ទិន​ទៅ​នឹង​ការ​សម្រេច​គម្រោង​ធំៗ​ផ្សេងៗ​ ដូច​ជា​វិសយ័​ពាណិជ្ជកម្ម ​វិស័យ​កសិកម្ម ​ការ​នាំចេញ​នាំចូល ​និង​ជា​ពិសេស​គម្រោង​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ទំនើប​របស់​ជប៉ុន ​គឺ​ត្រូវ​បាន​អាមេរិក ​លប​ស្តាប់​ដឹង​ទាំង​អស់។ ក្រៅពី​កិច្ចការ​ផ្ទៃ​ក្នុង​ទាំង​អស់​នេះ ​Wikileaks ​បាន​បង្ហាញ​ទៀត​ថា ​ភ្នាក់ងារ​ ​NSA​ អាមេរិក ​បាន​ទាំង​លួច​យក​ការ​ឆ្លងឆ្លើយ​ឯកសារ​សំខាន់ៗ ​រវាង​ជប៉ុន​និង ​អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន ​ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​រឺ​ភ្នាក់ងារ​បរមាណូ​អន្តរជាតិ​ជាដើម។ ការ​សន្ទនា​តាម​ទូរស័ព្ទ ​ការ​ពិភាក្សា​គ្នា​ពេល​ប្រជុំ ​រួមទាំង​ឯកសារ​យោង​សំខាន់ៗ ​ត្រូវ​បាន​អាមេរិក​ប្រមូល​ទុក ​និង​យក​ទៅ​ធ្វើ​ការ​វិភាគ​ទាំងអស់។

ជប៉ុន​នៅ​ក្រោម​ឃ្លៀក​អាមេរិក៖
ជា​ការ​ពិតណាស់ ​ការ​ដែល ​អាមេរិក ​ធ្វើ​បែប​នេះ ​ហេតុផល​ដ៏​ចំបង​បំផុត ​គឺ​កេង​ចំណេញ​ ​ទាំង​ផ្នែក​នយោបាយ​ការ​បរទេស ​និង​លើ​វិស័យ​សេដ្ឋកិច្ច។ ដោយ​បាន​លប​ស្តាប់​ដឹង​ពី​គោលជំហរ ​រឺ​ការ​សម្រេច​ផ្សេងៗ​របស់​ជប៉ុន ​អាមេរិក​ឈាន ​មួយ​ជំហាន​លើស​ជប៉ុន​ជានិច្ច​ ​ពោល​គឺ មាន​ប្រៀប​លើ​ជប៉ុន។ មាន​ប្រៀប​យ៉ាង​ម៉េច​ គឺ​ងាយ​យល់​បំផុត ​ព្រោះ​ថា​ពេល​ចូល​តុ​ចរចា​គ្នា ​ជាមួយ​ជប៉ុន ​អាមេរិក​ដឹង​ទាំង​អស់​រលីង​ទៅ​ហើយ​ថា ​ជប៉ុន​គិត​អី​ ចង់​បាន​អី ​មាន​គោល​ជំហរ​បៀបណា។ ដូច្នេះ ​វា​ជា​ការ​ងាយ​ស្រួល​ណាស់ ​សម្រាប់​អាមេរិក ​ក្នុង​ការ​ដាក់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ​និង​ការ​ទូត​ជាមួយ​ជប៉ុន។ បើ​និយាយ​ភាសា​សាមញ្ញ​គឺ​ថា ​ជប៉ុន​ នៅ​ក្រោម​ឃ្លៀក​អាមេរិក​រហូត។

ជា​ឧទារហរណ៍​ ដូច​ជា​ក្នុង​វិស័យ​នាំចូល​ផលិតផល​កសិកម្ម​ ទៅ​ក្នុង​ប្រទេស​ជប៉ុន។ បើ​យោង​តាម​ឯកសារ​របស់​គេហទំព័រ​ Wikileaks​ ដែល​ទើប​តែ​ចុះ​ផ្សាយ​នេះ ​គឺ​អាមេរិក​មាន​ព័ត៌មាន​ យ៉ាង​ល្អិតល្អន់​ ជុំវិញ​ចំនួន​នាំចូល​   ក៏​ដូច​ជា​ប្រភេទ​ផលិត​ផល​ទាំង​អស់។ ផលិត​ផល​កសិកម្ម​ ជប៉ុន​នាំ​ចូល​ពី​គេ​ច្រើន​ណាស់ ​សឹង​តែ​៦០% ​នៃ​តម្រូវ​ការ​សរុប។ ​ដូច្នេះ ​ព័ត៌មាន​ទាំង​នេះ ​ ​វា​នឹង​ផ្តល់​ឱកាស​ឲ្យ​អាមេរិក​ ប្រគួត​ប្រជែង​ ក្នុង​ទីផ្សារ​ជប៉ុន ​បាន​យ៉ាង​ងាយ​ស្រួល​ ជា​ទី​បំផុត។

យើង​មាន​អ្វី​ពិសេស​ និង​សំខាន់ ទើប​បាន​គេ​ ចង់ដឹង​ចង់ឮ​ពីយើង៖
រឿង​អាមេរិក ​ស៊ើប​ការណ៍​ លប​ស្តាប់​ជប៉ុន​នេះ ​យើង​អាច​ថា អាមេរិក​ធ្វើ​ដោយសារ​ហេតុផល​សេដ្ឋកិច្ច​ក៏​បាន​ដែរ។ ក៏​ប៉ុន្តែ​បើ​យើង​ពិនិត្យ​មួយ​ជ្រុង​ទៀត ​ វា​អាច​មាន​ន័យ​ថា ​អាមេរិក​ចាប់​អារម្មណ៍​លើ​សេដ្ឋកិច្ច​ជប៉ុន។ ធម្មតា​ទេ ​គេ​លប​ស្តាប់​តាម​ដាន​យើង ​វា​មាន​ន័យ​ថា​យើង​ មាន​អ្វី​មួយ​ពិសេស ​មាន​ចំណុច​ដែល​គួរឲ្យ​ទាក់ទាញ។ ដូច្នេះ​វា​ជា​មោទនភាព​មួយ​ដែរ ​របស់​ជប៉ុន។

វិស័យ​សេដ្ឋកិច្ច​របស់​ជប៉ុន ​ដែល​មាន​សរសរទ្រូង​សំខាន់ ​ខាង​ផ្នែក​បច្ចេកវិទ្យា​ទំនើប  ​ជា​ការ​ស្ញប់ស្ញែង​ របស់​គេ​សឹងតែ​គ្រប់គ្នា ​មិន​ថា​តែ​អាមេរិក​ទេ។ នរណា​ក៏​ឆ្ងល់​ចង់ដឹង​  ​ចង់​យល់​ ថា​ជប៉ុន​ធ្វើ​យ៉ាងម៉េច បាន​ជា​ពូកែ​ខ្លាំង​ម្លេះ។ ក៏​ប៉ុន្តែ ​និយាយ​វិល​ចុះ​វិល​ឡើង ​វា​នៅ​តែ​ជុំវិញ​ បញ្ហា​សេដ្ឋកិច្ច​ដដែល​ ព្រោះ​អាមេរិក​ស្ញប់ស្ញែង ​សេដ្ឋកិច្ច​ជប៉ុន ​ចង់​លួច​យក​បទពិសោធន៍​ជប៉ុន  ​ដើម្បី​ទៅ​អភិវឌ្ឍន៍​ខ្លួន ​មក​ប្រកួត​ប្រជែង​ជាមួយ ​ជប៉ុន​វិញ​ដដែល។

លួច​ស៊ើបការណ៍​សម្ងាត់​គ្នា​ទៅវិញ​ទៅមក ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ៖
បើ​និយាយ​ទៅ ​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​នេះ​ ប្រហែល​ជា​មិន​ជះ​ឥទ្ធិពល​ធំដុំ ​ទៅលើ​ទំនាក់ទំនង​ការ​ទូត​ប្រទេស​ទាំងពីរ​នេះ​ទេ។ ដូច​កន្លង​មក​យើង​ឃើញ​ហើយ ​អំពី​រឿង​អាស្រូវ ​ដែល​អាមេរិក ​លប​ស្តាប់​ទូរស័ព្ទ​របស់ ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ ​និង​ប្រធានាធិបតី​បារាំង​ ជា​ច្រើន​រូប​ទៀត។ គ្រាន់តែ​ថា ជា​គោលការណ៍ ​ថ្នាក់​ដឹកនាំ​ប្រទេស​ដែល​រង​គ្រោះ ​ដោយ​ទង្វើ​មិន​សមរម្យ​របស់​អាមេរិក​ ​ត្រូវតែ​មាន​ប្រតិកម្ម ​ហើយ​សុំ​ការ​ពន្យល់​បកស្រាយ​ ពីរ​រដ្ឋាភិបាល​អាមេរិក ​ថា​ហេតុអ្វី​ ធ្វើ​រឿង​អញ្ចឹង។

ប៉ុន្តែ​បើ​យើង​និយាយ​ទៅ ​ក្នុង​សម័យ​នេះ​ទៅ​ហើយ ​ហើយ​ឆ្លងកាត់​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់ ​តាម​រយៈ​ Wikileaks ​រឺក៏​ អេដវ៉ា ស្នូឌែន ​ជា​ច្រើន​លើក​កន្លង​មក​នេះ​ ​វា​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល ម្នាក់ៗ​ លួច​ស្តាប់​គ្នា ​លួច​ស៊ើបការណ៍​គ្នា ​ទៅវិញ​ទៅមក។ ជប៉ុន​ប្រហែល​ជា​ដឹង​ខ្លួន​មុន​យូរ​ហើយ​ ថា ​បើ​អាមេរិក​លប​ស្តាប់​បារាំង ​និង​អាល្លឺម៉ង់ ​អញ្ចឹង​មាន​រឿង​អី ​ដែល​អាមេរិក ​មិន​លប​ស្តាប់​ខ្លួន​ដែរ? ជប៉ុន​ខ្លួនឯង ​ក៏​មាន​បណ្តាញ​ស៊ើបការណ៍ ​ស្រង់​ទិន្ន័យ​សេដ្ឋកិច្ច​ ពី​គេ​ពី​ឯង​ដែរ។
 

លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ស្ថិ​តក្នុងស្ថានភាព​ស្ទាក់ស្ទើរ និង​ផុយស្រួយ បន្ទាប់ពីបែកធ្លាយ​ព័ត៌មាន​ដែលថា​សម្ព័ន្ធ​មិត្ត​របស់​លោក គឺ​អាមេរិក ជា​ចោរ​លួចស៊ើបការណ៍​លើជប៉ុន
លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ស្ថិ​តក្នុងស្ថានភាព​ស្ទាក់ស្ទើរ និង​ផុយស្រួយ បន្ទាប់ពីបែកធ្លាយ​ព័ត៌មាន​ដែលថា​សម្ព័ន្ធ​មិត្ត​របស់​លោក គឺ​អាមេរិក ជា​ចោរ​លួចស៊ើបការណ៍​លើជប៉ុន REUTERS/Shizuo Kambayashi/Pool

រដ្ឋាភិបាល​ជប៉ុន​ នឹង​ត្រូវ​ព្រនូង​ របស់​ក្រុម​អ្នក​ប្រឆាំង៖
ការ​បែក​ធ្លាយ​ព័ត៌មាន​នេះ ​អាច​វិល​មក​ត្បក​ក្បាល​រដ្ឋាភិបាល​ជប៉ុន​វិញ​ក៏​ថា​បាន។ មូលហេតុ​អ្វី ​គឺ​ក្នុង​កាលៈទេសៈ​នេះ ​រដ្ឋាភិបាល​របស់​លោក​ស៊ិនហ្សូ ​អាបេ ​កំពុង​តែ​ព្យាយាម​បញ្ចុះបញ្ចូល​សភា​ជប៉ុន​ ឲ្យ​បោះ​ឆ្នោត​គាំទ្រ ​ការ​បង្កើត​កម្លាំង​ទ័ព​ ការពារ​ជាតិ​ជប៉ុន ​ព្រមទាំង​លទ្ធភាព​ធ្វើ​អន្តរាគមន៍​យោធា​ នៅ​បរទេស ​ដើម្បី​ជួយ​សម្ព័ន្ធមិត្ត​ខ្លួន។ សម្ព័ន្ធ​មិត្ត​ ​ជា​អ្នកណា ? ​គឺ​​ អាមេរិក​នឹង​ឯង។ ឥឡូវ​សម្ព័ន្ធ​មិត្ត​នេះ​ឯង ​ដែល​លប​ស្តាប់ ​លួច​ស៊ើបការណ៍​សម្ងាត់​ លើ​ជប៉ុន។

គម្រោង​ច្បាប់​នេះ ​ មាន​អ្នក​ប្រឆាំង​ច្រើន​ណាស់ ​នៅ​ជប៉ុន។ ដូច្នេះ​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ស៊ិនហ្សូ អាបេ ​នឹង​យក​បញ្ហា​នេះ​​​ ទៅ​ដាក់​បន្ទុក​បន្ថែម​ទៀត ​ហើយ​ចោទ​រដ្ឋាភិបាល​ជប៉ុន​ថា ​ចង់​យក​ទាហាន​​ជប៉ុន​ទៅ​ស្លាប់​ដើម្បី​ជួយ​គេ ​តែ​ទី​បំផុត ​គេ​សង​គុណ​វិញ​ ដោយ​ការ​លួច​ស៊ើបការណ៍​សំងាត់។ មួយ​​វិញ​ទៀត ​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ តំបន់​ប៉ាស៊ិហ្វិក​​ដែល​ទើប​តែ​ជួប​បរាជ័យ​នេះ ​ក៏​គេ​អាច​យក​វា​ជា​ហេតុផល​ដែរ ​ដើម្បី​រិះគន់  ​ពី​ភាព​ទន់ជ្រាយ ​និង​ការ​ចាញ់​ប្រៀប​អាមេរិក ​របស់​រដ្ឋាភិបាល​ជប៉ុន។

ដូច្នេះ​ហើយ​ បាន​ជា​មក​ត្រឹម​ពេល​នេះ ​រដ្ឋាភិបាល​ជប៉ុន​ នៅ​ស្ងៀម ​មិន​ទាន់​ចេញ​ប្រតិកម្ម​ អ្វី​ទាំងអស់ ​រងចាំ​ឲ្យ​រលក​ស្ងប់​បន្តិច ​ព្រោះ​ត្រូវ​ថ្លឹងថ្លែង ​ណាមួយ​ត្រូវ​ថែ​ទំនាក់​ទំនង​ជាមួយ​អាមេរិក​ ណា​មួយ​ត្រូវ​បង្ហាញ​ប្រាប់​ប្រជាជន​ជប៉ុន​ ក៏​ដូច​ជា​ក្រុម​ប្រឆាំង ​ថា ​ខ្លួន​មិនមែន​នៅ​ក្រោម​ឃ្លៀក​អាមេរិក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ