អានតួអត្ថបទ
ថៃ-នយោបាយ

អាជ្ញាធរ​ថៃ​ចាប់​បាន​ជន​សង្ស័យ​ដាក់​បំផ្ទុះ​គ្រាប់​បែក

នគរបាល​ថៃ ​ទើប​បាន​ផ្តល់​ដំណឹង ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​ ២៩​ សីហា​នេះ​ថា ​គេ​បាន​ធ្វើការ​ឃាត់​ខ្លួន​ ជន​សង្ស័យ​ម្នាក់ ​ដែល​មាន​ភិនភាគ​រូបរាង្គ ​ដូច​ជន​សង្ស័យ​ ដែល​ត្រូវ​បាន​ម៉ាស៊ីន​ថត​សុវត្ថិភាព ​ថត​រូប​បាន ​នៅ​ក្នុង​ហេតុការណ៍​ ភេរវកម្ម​កណ្តាល​ក្រុង​បាងកក ​កាល​ពី ​ថ្ងៃ​ទី​១៧​សីហា​កន្លង​ទៅ។ ក្រៅ​ពី​រូបរាង្គ​ដូច​គ្នា ​អាជ្ញាធរ ​ក៏​បាន​រឹប​អូស​បាន​វត្ថុតាង​មួយ​ចំនួន ​ដែល​អាច​បញ្ជាក់​បាន​ថា ​ជន​នេះ​អាច​ជា​ជន​ដៃដល់​ ដាក់​គ្រាប់បែក​បំផ្ទុះ។

ផ្លាកប្រកាស​តាមចាប់ខ្លួន ជនសង្ស័យ​ដាក់បំផ្ទួុះគ្រាប់​បែក ដែលរដ្ឋាភិបាល​សន្យា​ផ្តល់​រង្វាន់​ ១លានបាត ដល់អ្នកណា​ ដែលអាច​ផ្តល់ព័ត៌មាន​
ផ្លាកប្រកាស​តាមចាប់ខ្លួន ជនសង្ស័យ​ដាក់បំផ្ទួុះគ្រាប់​បែក ដែលរដ្ឋាភិបាល​សន្យា​ផ្តល់​រង្វាន់​ ១លានបាត ដល់អ្នកណា​ ដែលអាច​ផ្តល់ព័ត៌មាន​ REUTERS
ផ្សាយពាណិជ្ជកម្ម

លោក ​ចាក់ទីព ឆៃជិនដា ​អគ្គ​បញ្ជាការ​រង​ នគរបាល​ជាតិ​ថៃ ​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី ​២៩​សីហា​នេះ​ថា ​ នគរបាល​ថៃ​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់ ​ដែល​មាន​រូបរាង្គ​ភិនភាគ ​ស្រដៀង​ទាំង​ស្រុង ​ទៅ​នឹង​ជន​ដៃដល់ ​ដែល​គេ​បាន​ថតរូប​បាន ​នៅ​កន្លែង​កើត​ហេតុ។​ ទោះ​បី​ជា​នៅ​ក្នុង​ពេល​នេះ ​គេ​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ បាន ​១០០% ​ក៏​លោក​មេប៉ូលីស​ថៃ​​រូបនេះ  ​បាន​អះអាង​ថា ​ មាន​ភស្តុតាង​ជា​ច្រើន ​ដែល​បាន​ដាក់​បន្ទុក​ ទៅ​លើ​ជន​សង្ស័យ​ ដែល​គេ​ទើប​ចាប់​ខ្លួន​បាន​នេះ។ នៅ​ក្នុង​បន្ទប់​ស្នាក់នៅ​របស់​ជន​នេះ ​ដែល​មាន​ទី​តាំង​នៅ​ខាងជើង​ក្រុង​បាងកក ​នគរបាលថៃ​បាន​រក​ឃើញ ​លិខិត​ឆ្លងដែន ​ជាង​១០ច្បាប់ ​ព្រម​ទាំង​បាន​រក​ឃើញ​ឧបករណ៍ ​ដើម្បី​ផលិត​គ្រាប់បែក​ច្នៃ​ទៀត​ផង។

 
ទោះ​បី​ជា​អ្នក​នាំ​ពាក្យ​នគរបាល​ថៃ ​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​ ស្តីពី​អត្តសញ្ញាណ​របស់​ជន​សង្ស័យ ​ដែល​គេ​ឃាត់​ខ្លួន ​ ប៉ុន្តែ​ទូរទស្សន៍​ថៃ ​បាន​ចុះផ្សាយ​រូបភាព​ជា​ច្រើន ​ដូច​ជា​រូបភាព​លិខិត​ឆ្លងដែន​តួកគី ​ដែល​គេ​អះអាង​ថា​ បាន​រក​ឃើញ ​នៅ​បន្ទប់​ស្នាក់នៅ​ របស់​ជន​សង្ស័យ។​ ហើយបើ​តាម​លិខិត​ឆ្លង​ដែន​នេះ ​ជន​សង្ស័យ​ កើត​នៅ​ឆ្នាំ​១៩៨៧ ​ពោល​គឺ​អាយុ​២៨ឆ្នាំ ​ក្នុង​វ័យ​ស្របាល​នឹង​ ជន​សង្ស័យ​ដាក់​គ្រាប់​បែក ​ដែល​គេ​ថត​រូប​បាន។ ទូរទស្សន៍​ថៃ ​ក៏​​បាន​ផ្សាយ​ផង​ដែរ​ នូវ​រូបភាព ​ជន​សង្ស័យ​ ដែល​ត្រូវ​គេ​ឃាត់​ខ្លួន ​ ដោយ​ដៃ​ជាប់​ខ្នោះ ​មាន​ពុក​មាត់​ស្រមូម​ ក្បាល​ត្រងោល ​ទំនង​ជា​ជន​បរទេស​ មាន​អាយុ​ខ្ទង់​ជាង​២០​ឆ្នាំ។

នេះ​ ជា​ជន​សង្ស័យ​ទីមួយ​ហើយ ​ដែល​តំរួត​ថៃ​ បាន​ចាប់​ឃាត់​ខ្លួន ​បន្ទាប់​ពី​មាន​ហេតុការណ៍​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក ​កាល​ពី​ ១២​ថ្ងៃ​មុន ​នៅ​កណ្តាល​ក្រុង​បាងកក ​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២០​នាក់ ​និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។​ នគរបាល​ថៃ ​បាន​ដាក់​ការ​សង្ស័យ ​ថា​នេះ​ជា​ស្នាដៃ​របស់​ក្រុម​ជនជាតិ​អ៊ុយហ្គួរ ​ដែល​មាន​បំណង​សងសឹក​ ទៅ​​​លើ​​រដ្ឋាភិបាល​ថៃ​ ដែល​បាន​បញ្ជូន​ក្រុម​គ្នា​គេ ​ ប្រគល់​ទៅឲ្យ​រដ្ឋាភិបាល​ចិន​វិញ។ កាលពី​ថ្ងៃ​សុក្រ​ ទី​២៨​សីហា នគរបាល​​​ស៊ើបអង្កេត​ថៃ​ បាន​ធ្វើការ​សាកសួរ​ចម្លើយ ​ជនជាតិ​អ៊ុយហ្គួរ​៣​នាក់ ​ប៉ុន្តែ​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ នូវ​ការ​សន្និដ្ឋាន​អ្វី​មួយ​ ជាក់លាក់​នោះ​ទេ។

សូម​បញ្ជាក់​ថា ​មានជន​ជាតិ​អ៊ុយហ្គួរ​ ចំនួន​ប្រមាណ​ជា ​៣៥០​នាក់ ​ដែល​បាន​រត់​គេច​ ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​អាជ្ញាធរ​ចិន​ ខេត្ត​ស៊ិនជាំង ​បាន​ចូល​មក​រស់នៅ​ ដោយ​ខុស​ច្បាប់ ​ក្នុង​ប្រទេស​ថៃ។​ កាល​ពី​ខែ​កក្កដា ​មុន​នេះ ​អាជ្ញាធរ​ថៃ ​បាន​សម្រេច​បញ្ជូន​ ជនជាតិ​អ៊ុយហ្គួរ​ ១០៩​នាក់ ​សុទ្ធសឹង​ជា​មនុស្ស​ប្រុស ​ឲ្យ​ត្រឡប់​ទៅ​ចិន​វិញ។ ចំណែក​មនុស្ស​ស្រី ​និង​កូនក្មេង​ ត្រូវ​បាន​អាជ្ញាធរ​ថៃ ​អនុញ្ញាតិ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​តួកគី ​បើ​សិន​ជា​ពួក​គេ ​មាន​បំណង​ចង់​ទៅ។

ការ​សម្រេច ​ដោយ​អយុត្តិធម៍​ របស់​អាជ្ញាធរ​ថៃ ​ត្រូវ​បាន​មតិ​សាធារណៈ​ រិះគន់​ជា​ខ្លាំង ​ដោយសារ​តែ​វា​បាន​បំបែក​ក្រុម​គ្រួសារ​ ជនជាតិ​អ៊ុយហ្គួរ ​ប្តី​ព្រាត់​ពី​ប្រពន្ធ ​ឪពុក​ព្រាត់​ពី​កូន។ ក្រោយ​ដំណឹង​នេះ​ភ្លាម​ បាតុកម្ម​បាន​ផ្ទុះឡើង​នៅ​ប្រទេស​តួកគី ​ដោយ​ក្រុម​បាតុករ​ គាំទ្រ​ជនជាតិ​អ៊ុយហ្គួរ​ បាន​ចូល​ទៅ​ដុត​បំផ្លាញ​ស្ថានទូត​ថៃ ​ប្រចាំ​នៅ​តួកគី។ មួយ​វិញ​ទៀត​ ដោយសារ​តែ​មាន​ជន​រងគ្រោះ​ ជា​ជនជាតិ​ចិន ​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក ​ទើប​នគរបាល​ថៃ ​បាន​កំណត់​មុខ​សញ្ញា​ថា ​ភេរវកម្ម​នេះ ​ប្រាកដ​ជា​ស្នាដៃ​របស់​បក្សពួក ​សហគមន៍​ជនជាតិ​អ៊ុយហ្គួរ។ យ៉ាង​ណា​មិញ ​អាជ្ញាធរ​ថៃ​ ក៏​បាន​រិត​បន្តឹង ​ចរាចរណ៍​ចេញចូល​ របស់​ក្រុម​អ្នក​ទេសចរ ​មក​ពី​តួកគី​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ