អានតួអត្ថបទ

ម៉ាឡេស៊ី​ ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ពីរ​ថ្ងៃ​ជាប់​គ្នា​បណ្តេញ​នាយក​រដ្ឋមន្ត្រី​ឱ្យ​ចុះចេញ​ពី​តំណែង

ទោះ​បី​ជា​គ្មាន​ការ​អនុញ្ញាតពី​ប៉ូលិស ក៏​បាតុករ​ម៉ាឡេស៊ី​អាវ​លឿន​ជា​ច្រើន​ពាន់​នាក់ បាន​ជំនះ​នាំ​គ្នា​ប្រមូល​ធ្វើ​បាតុកម្ម​តាំង​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​មក និង​បន្តធ្វើ​ទៀត​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្រុង​កូឡាឡាំពួរ ស្រែក​​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី លោក ណាជីព រ៉ាហ្សាក់ ជាប់​សង្ស័យ​ពុក​រលួយ ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ឱ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​។ ជា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ឡើង​នៅ​ឆ្នាំ​២០១៥នេះ។

បាតុករ​អាវយឺត​ពណ៌​លឿង Bersih សកម្មជន​ប្រជាធិបតេយ្យ​ តាម​ថ្នល់​ក្រុង​កូឡាឡាំពួរ​ថ្ងៃទី ២៩ សីហា ២០១៥
បាតុករ​អាវយឺត​ពណ៌​លឿង Bersih សកម្មជន​ប្រជាធិបតេយ្យ​ តាម​ថ្នល់​ក្រុង​កូឡាឡាំពួរ​ថ្ងៃទី ២៩ សីហា ២០១៥ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ប្រមូល​ផ្តុំ​គ្នា​ជា​ច្រើន​ពាន់​នាក់​ នៅ​ក្រុង​កូឡាឡាំពួរ ម្សិលមិញ និង​ថ្ងៃ​នេះ  និង​ជា​ក្រុម​តូចៗ នៅ​តាម​ខេត្ត​ក្រុង​ផ្សេង​ៗ​ទៀត បាតុករ​​​អាវ​យឺត​ពណ៌​លឿង ជា​​ចលនា​សង្គម​ស៊ីវិល​Bersish “ស្អាត​ស្អំ” សម្ព័ន្ធមិត្ត​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជា​អ្នក​កំណែ​ទម្រង់​និយម និង​ជា​សកម្មភាព​សិទ្ធិមនុស្ស។

 
ដោយ​ភ័យ​ខ្លាច​គ្រប់គ្រង​មិន​បាន​ដូច​កាលឆ្នាំ​​២០១២ ប៉ូលិស​មិន​បាន​​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ទេ​នៅ​ថ្ងៃ​នេះ​ តែ​បាតុកម្ម​នៅ​តែ​អាចប្រព្រឹត្ត​ទៅ​បាន ដោយ​ស្ងប់ស្ងាត់​រហូត​ដល់​​ល្ងាច​មិញ ទើប​គេ​ឃើញ​មាន​ប៉ះ​ទង្គិច​បន្តិច​បន្តួច រវាង​ប៉ូលិស និង​បាតុករ ដែល​ចង់​​បោះ​ទីតាំង​ ដេក​យប់​នៅទីលាន​ឯករាជ្យ​​កណ្តាល​ក្រុង។

​បាតុកម្មផ្តើម​មាន​ពណ៌​សម្បុរ​នយោបាយ

ក្រុម​បាតុករ​ដែល​អាច​ប្រមូល​គ្នា​បាន​ច្រើន មិន​ធ្លាប់​មាន​កម្លាំង​បាតុកម្ម​ណា​ធំ​ដូច​ សម្រាប់​ឆ្នាំ​២០១៥​ បាន​ទទួល​ការ​គាំទ្រ​ជា​លើក​ទីមួយ នៅ​ថ្ងៃសៅរ៍​ម្សិលមិញ ពី​សំណាក់​លោក មហាធា មហាម៉ាត់ ដែល​ធ្លាប់​ជា​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ពី​ឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ និង​ធ្លាប់​ជា​អ្នក​ការពារ​លោក​ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ណាជីព រ៉ាហ្សាក់ មុន​នឹង​ក្លាយ​ទៅ​ជា​គូ​ប្រជែង​វិញ។

ដូច្នេះ​ហើយ​បាន​ជា​កម្លាំង​បាតុកម្ម​ថ្ងៃ​នេះ ហាក់​ដូច​ជា​មាន​សន្ទុះ​ចិត្ត​ខ្លាំង​ជាពិសេស​ នាំគ្នា​ស្រែក​ជ័យឃោស ច្រៀង សូត្រ​ធម៌ សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល ទាមទារ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ណាជីព​រ៉ាហ្សាក់ ចាក​ចេញ​ពី​តំណែង ព្រោះ​មាន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ អំពើ​ពុក​រលួយ ផង និង​ ចោទ​ប្រកាន់លោក​នាយក​រដ្ឋមន្ត្រី ថា​មាន​ចំណាត់​ការ​មិន​ល្អ លើ​ផ្នែក​សេដ្ឋកិច្ច និង​​បាន​ធ្វើ​កំណែទម្រង់​​ច្បាប់​បោះឆ្នោត​ដើម្បី​សម្រួល​ឱ្យ​គណបក្ស​របស់​ខ្លួន​ ដែល​ជា​អ្នកកាន់​អំណាច​បច្ចុប្បន្ន​ ឱ្យ​ងាយ​ឈ្នះឆ្នោត​ទៀតផង។ គណបក្ស​នេះ​បាន​ដឹកនាំ​ប្រទេស​ តាំង​ពី​ឆ្នាំ​១៩៥៧ ឆ្នាំ​ម៉ាឡេស៊ី​បាន​ឯករាជ្យ មក​​ទល់​ពេល​សព្វ​ថ្ងៃ។

រឿង​អាស្រូវ​ពុក​រលួយ​ហិរញ្ញវត្ថុ និង​ទិដ្ឋភាព​សេដ្ឋកិច្ច​អាប់អួរ

រឿង​អាស្រូវ​ពុក​រលួយ ខ្នាត​ធំ សឹង​ថា​មិន​ធ្លាប់​មាន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ នេះ​បាន​ផ្ទុះឡើង​តាំងពី​ខែ​កក្កដា​មែន ​ក្រោយ​ពី​កាសែត​Wall Street Journal របស់​អាមេរិក​បាន​បង្ហើបឱ្យ​ដឹង​ថា​មាន​​លុយ​ប្រមាណ​៧០០​លាន​ដុល្លារ​ គ្មាន​ប្រភព​ហូរ​ចូល​ទៅ​ក្នុង​គណនីរបស់​ក្រុមហ៊ុន​រដ្ឋ​ 1Malaysia Development Berhard ​មុន​នឹង​ផ្ទេរ​បន្ត​ទៅ​ក្នុង​គណនី​ផ្ទាល់ខ្លួន​​របស់​លោក​នាយក​រដ្ឋមន្ត្រី។ ​ក្រុមរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​លោក ណាជីព រ៉ាហ្សាក់ បាន​អះអាង​ថា​ ជា​ប្រាក់​ជំនួយ​​នយោបាយ​បាន​មក​ពី​តំបន់​ដើម​បូព៌ា។

ក្រុមហ៊ុន​រដ្ឋ​ដែល​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៩ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ណាជីព​ផ្ទាល់ ពេល​ឡើង​កាន់​តំណែង​ភ្លាម កំពុង​ប្រឈម​នឹង​បំណុល​វន្ត​ក ដល់​ទៅ​ជាង​១១០០​លាន​ដុល្លារ ហើយ​ការ​អង្កេត​ឯករាជ្យ​របស់​ភ្នាក់ងារ​ម៉ាឡេស៊ី​បាន​​បញ្ជាក់​ថា​មាន​ការ​បង្វែរ​លុយ​ចូល​ក្នុង​គណនី​ដែល​ទំនង​ជា​របស់​បុគ្គលនាយក​រដ្ឋមន្ត្រី​ផ្ទាល់​ទៀត ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​មាន​​​ការមន្ទិល​សង្ស័យ​​កាន់​ច្រើន​ឡើងៗ ដោយ​ចៀស​មិន​រួច​។ តាំង​ពី​​​ដើម​ខែ​សីហា ប្រាក់​Ringgit របស់​ម៉ាឡេស៊ី បាន​ធ្លាក់​ថ្លៃ​មិន​ធ្លាប់​មាន​ ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ហេតុ​តែ​ការ​នាំ​ប្រេង​​ធ្លាក់​ចុះ​ និងការ​មិន​ទុក​​ចិត្ត​លើ​រដ្ឋាភិបាល ក្រោយ​រឿង​អាស្រូវ​ហិរញ្ញវត្ថុ​។ ឥលូវ​ថែម​វិបត្តិ​នៅ​ចិនមួយ​ទៀត ទស្សនវិស័យ​សេដ្ឋកិច្ច​ម៉ាឡេស៊ី ត្រូវ​រង​ឥទ្ធិពល​មិន​ល្អ​នេះ ឱ្យ​មើល​ឃើញ​តែ​​ភាព​ស្រអាប់​ និង​ ហាក់​ដូច​ជា​ជួយ​បន្ថែម​និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ក្តី​ព្រួយ​បារម្ភ​ស្រាប់​ កាន់តែ​ងាយ​​ផ្ទុះ​ជា​កំហឹង​ឡើង។

លោក​ណាជីព រ៉ាហ្សាក់​ រឹង​ម៉ាំ​និង​អំណាច​ពេញ​ដៃ
 
ថ្វី​បើ​ពេល​នេះ ចលនា​បាន​ទទួល​ការគាំទ្រ ដោយ​ចំហ និង​ច្បាស់លាស់​​ពី​លោក​មហាធា មហាម៉ាត់ អតីត​នាយក​រដ្ឋមន្ត្រី​​ ជា​អ្នក​នយោបាយ​មាន​ឈ្មោះ​ល្បី និង​គោរព​រាប់​អាន​​ពី​សំណាក់​អ្នកនយោបាយ​ម៉ាឡេស៊ីទូទៅ ដែល​អាច​ចាត់​ទុក​រង្វាន់​លើក​ទឹក​ចិត្ត​សន្ទុះ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក៏​ពិត​មែន​ តែ​ ចលនា​​បាតុកម្ម​នេះ នៅ​ខ្វះ​ភាព​ជា​អ្នក​ដឹកនាំ ជា​មេ​កើយ​ ប្រកប​ដោយ​ទំនុក​ចិត្ត​នៅ​ឡើយ។ ចលនា​អាវ​លឿង នេះ​ ប្រសូត​ចេញពី​ក្រុម​ពលរដ្ឋ​ជនជាតិ​ភាគ​តិច ចិន និង​សហគមន៍​ឥណ្ឌា នៅ​ក្នុង​សង្គម​​មួយ​ដែល​ពលរដ្ឋ​ភាគ​ច្រើនជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ ហើយ​ម្យ៉ាង​ទៀត ក្នុង​បរិបទ​ដែល បក្ស​ប្រឆាំង នៅ​ម៉ាឡេស៊ី ​បែង​ខ្ញែក​គ្នា​ខ្លាំង​និង​មិនសូវ​​ស៊ី​ចង្វាក់​គ្នា ​ចលនា​សង្គម​ស៊ីវិល​ស្អាតស្អំ​ មិន​បាន​ទទួល​ការ​គាំទ្រ ឬ​ភ្ជាប់​ខ្លួន​ទៅ​នឹង​បក្ស​នយោបាយ​ណា​មួយ​នៅ​ក្នុង​ប្រទេស​ឱ្យ​បាន​ច្បាស់​លាស់សោះ។

លើស​ពី​នេះ​ទៅ​ទៀត លោក ណាជីព រ៉ាហ្សាក់ ជា​នាយករដ្ឋមន្ត្រី មាន​អំណាច​គ្រប់គ្រង​ស្ថាប័ន​សំខាន់ៗ​ពេញ​ដៃ ដូច​ជា​ផ្នែក​ប៉ូលិស តុលាការ និង​សភា។ កាលពី​ចុង​កក្កដា ក្រោយ​ផ្ទុះ​ធ្លាយ​រឿង​អាស្រូវ​​ពុក​រលួយ​មាន​ជាប់​ពាក់ព័ន្ធ​នឹងលោកភ្លាម លោក​ណាជីព​បាន​ដក​ឧប​នាយក​រដ្ឋមន្ត្រី​​របស់​លោក​ចោល​ ដែល​ជជីក​ចង់​ដឹង​តម្លាភាព​ក្នុង​ក្រុមហ៊ុន​រដ្ឋ​1Malaysia Development Berhad ហើយ​រដ្ឋអាជ្ញា​ទទួល​បន្ទុក​ស៊ើប​អង្កេត​សំណុំ​រឿង​ដ៏​រសើប​នេះ ក៏​ទំនង​ជា​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​​បាត់​ ទៅ​​ហើយដែរ។ សារព័ត៌មាន​ណា​ហ៊ាន​រិះគន់ ឬ​សរសេរ​បើក​កកាយ​ នឹង​ត្រូវ​ពិន័យ ជាក់​ស្តែង​ កាសែត​ក្នុង​ស្រុក​បី​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​បិទ​ទ្វារ​រយៈ​ពេល​បី​ខែ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ