អានតួអត្ថបទ
វៀតណាម-ចិន

៧០ឆ្នាំ​ក្រោយ​បាន​ឯករាជ្យ វៀតណាម​នៅតែ​មាន​អារម្មណ៍​ថា ​មាន​គេ​ចង់​ឈ្លាន​ពាន

ថ្ងៃទី ​២​កញ្ញា ​ឆ្នាំ​២០១៥ ​គឺ​ជា​ខួប​លើក​ទី​៧០​ នៃ​ឯករាជ្យ​របស់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ ទិវា​នេះ ​បាន​ប្រារព្ធ​ធ្វើ​ឡើង ​ដូច​ជា​រៀងរាល់​ឆ្នាំ ​នៅ​រដ្ឋធានី​ហាណូយ ​ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី​វៀតណាម ​លោក​ ទ្រុង តាន់ សាង។ ក្នុង​ឱកាល​នេះ ​លោក​ប្រធានាធិបតី​វៀតណាម ​បាន​ថ្លែង​ថា ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ ​ការ​គម្រាម​កំហែង​ នា​ពេល​បច្ចុប្បន្ន​នេះ ​ទៅ​លើ​បូរណភាព​ទឹកដី ​និង​អធិបតេយ្យភាព​របស់​វៀតណាម។ ​ទោះបី​ ជា​លោក​មិន​បាន​លើក​ឡើង​ដោយ​ចំៗ​ក៏​ដោយ ​ក្នុង​ន័យ​នេះ ​ប៉ុន្តែ​គេ​អាច​កាត់​យល់​បាន​ថា ​លោក​ចង់​សំដៅ​ដល់​សកម្មភាព​វាទទី​ ឈ្លានពាន​របស់​មហា​យក្ស​ចិន។

ឆ្មាំការពារទីលាននិម្មិតរូប​នៃរបបកុម្មុយនីស្ត ក្រុងហាណូយ
ឆ្មាំការពារទីលាននិម្មិតរូប​នៃរបបកុម្មុយនីស្ត ក្រុងហាណូយ REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

ដូចជា​រៀងរាល់​ឆ្នាំ ​ពិធី​នេះ ​បាន​ប្រព្រឹត្តិ​ទៅ​ នៅ​ទីក្រុង​ហាណូយ ​នៅ​ទីលាន ​បាឌិញ ​ដែល​ជា​ទី​តំកល់​សព្វ​របស់ ​ហូជីមិញ ​បិតា​ឯករាជ្យ​ជាតិ​របស់​វៀតណាម។ តាម​ការ​រាយការណ៍​ របស់​អ្នក​យក​ព័ត៌មាន ​AFP​ បាន​ឲ្យ​ដឹង​ថា​ ពិធី​នេះ​មាន​អ្នក​ចូល​រួម ​ចំនួន​ប្រមាណ​ជា ​៣ម៉ឺន​នាក់ ​ដែល​មាន​ចែក​ជា​ក្រុម​ប្រកប​ ដោយ​ឯក​សណ្ឋាន ​គឺ​មាន​ក្រុម​ទាហាន​ ក្រុម​នគរបាល ​ក្រុម​មន្ត្រី​រដ្ឋការ ​និង​ក្រុម​បុគ្គលិក​ឯកជន​ផង​ដែរ។ ក្រៅ​ពី​អ្នក​ចូលរួម​ទាំង​នេះ ​គឺ​មាន​មន្ត្រី​ធំៗ ​រាប់រយ​នាក់ ​ដែល​ជា​សមាជិក​គណកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​កុម្មុយនីស្ត​វៀតណាម ​និង​ការិយាល័យ​នយោបាយ​ ​របស់​រដ្ឋាភិបាល​វៀតណាម។ បន្ទាប់​ពី​មាន​ការ​បាញ់​កាំភ្លើង​ធំ ​ជា​ច្រើន​គ្រាប់ ​ពិធី​នេះ ​មាន​ការ​ដើរ​ជា​ព្យុហយាត្រា ​របស់​ក្រុម​ទាហាន ​ក្រុម​ប៉ូលីស ​និង​ក្រុម​នារី​ក្លាហាន​កុម្មុយនីស្ត​ ​ប៉ុន្តែ​មិន​មាន​ការ​ដង្ហែរក្បួន​អាវុធ​ ​រថក្រោះ​ រឺ​សម្ភារៈ​សិក​ផ្សេងៗ​ទេ។

 
បុណ្យ​ឯករាជ្យ​ជាតិ​នេះ ​គឺ​វៀតណាម​កំណត់​យក​ថ្ងៃ ​ដែល​ក្រុម​កម្លាំង​បដិវត្តន៍​កុម្មុយនីស្ត​ ដែល​ដឹក​នាំ​ដោយ​ ​ហូជីមិញ ​ បាន​វាយ​ដណ្តើម​បាន​ខេត្ត​មួយ​ចំនួន​ នៅ​ភាគ​ខាងជើង ​នៅ​ឆ្នាំ​១៩៤៥ ​ហើយ​ក៏​បាន​ប្រកាស ​ឯករាជ្យ​នៅ​ថ្ងៃ​ទី ​២​កញ្ញា ​ឆ្នាំ​១៩៤៥។ កាល​ជំនាន់​នោះ ​បារាំង​ដែល​បាន​ដាក់​អាណានិគម​លើ​វៀតណាម​ កំពុងតែ​ចាញ់​សង្រ្គាម​លោក​លើក​ទី​ពីរ ​ហើយ​ត្រូវ​បង្ខំ​ចិត្ត ​ដក​កំលាំង​ចេញ​ពី​វៀតណាម​ ​ដោយសារ​ការ​មកដល់​ របស់​កង​ទ័ព​ជប៉ុន។ ហូជីមិញ ​បាន​ឆ្លៀត​ឱកាស​នេះ ​ដើម្បី​ប្រកាស​ឯករាជ្យ​តែ​ម្តង។ ប៉ុន្តែ ​ក្រោយ​សង្រ្គាម​លោក​ លើក​ទី២ ​បារាំង​បាន​ត្រឡប់​មក​វិញ ​ហើយ​បាន​ធ្វើ​សង្រ្គាម​ ជាមួយ​វៀតណាម​ ដែល​យើង​តែងតែ​ហៅ​ថា ​សង្រ្គាម​ ធាន បៀន ភូ ​រហូត​ដល់​ខែ​ ឧសភា​ ឆ្នាំ​១៩៥៤ ​ទើប​បារាំង​ បញ្ចប់​អាណានិគម​ ហើយ​​ប្រគល់​ឯករាជ្យ​ឲ្យ​វៀតណាម។

ចិន ជា​សត្រូវ​ឈ្លាន​ពាន៖
ទិវា​ឯករាជ្យ​ឆ្នាំ​នេះ ​អ្វី​ដែល​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍​ជាង​គេ ​គឺ​សន្ទរកថា ​របស់​លោក​ ទ្រុង តាន់សាង ​ប្រធានាធិបតី​វៀតណាម។ លោក​បាន​ថ្លែង​ជា​អាទិ៍​ថា ​ជម្លោះ​នៅ​ក្នុង​ដែន​សមុទ្រ ​ គឺ​កំពុងតែ​គម្រាម​កំហែង ​ដល់​សន្តិភាព ​ស្ថិរភាព​ ឯករាជ្យ​ភាព ​និង​បូរណភាព​ដែនដី​របស់​វៀតណាម។ ក្នុង​ន័យ​នេះ ​មាន​ន័យ​ថា  ​គឺ​មាន​ន័យ​ថា ​បូរណភាព​ដែនដី​​របស់​វៀតណាម ​គឺ​កំពុង​តែ​ត្រូវរង​ការ​គម្រាម​កំហែង ​ពី​សំណាក់​ចិន ​ដែល​កំពុងតែ​វាទទី ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ​បន្ថែម​ពី​ខ្លឹមសារ ​ខាង​លើ​នេះ ​ លោក​ប្រធានាធិបតី​វៀតណាម ​បាន​ឆ្លៀត ​អំពាវនាវ​ ឲ្យ​វៀតណាម​ប្រឹងប្រែង​កសាង​កងទ័ព​ខ្លួន​ ឲ្យ​បាន​រឹងមាំ ​ដើម្បី​ការពារ​ឯករាជ្យ​ភាព ​និង​អធិបតេយ្យ​ភាព​របស់​វៀតណាម។

ដូចយើង​បាន​តាម​ដាន​ស្រាប់ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤ ​មាន​ការ​ផ្ទុះ​អំពើ​ហឹង្សា ​ប្រឆាំង​ចិន ​ដែល​បាន​កើតឡើង​ ពាសពេញ​ប្រទេស​វៀតណាម។ នេះ​ក៏​ដោយសារ​ ​តែ​មាន​ជម្លោះ​ នៅក្នុង​ដែន​សមុទ្រ ​ទាក់ទិន​ទៅ​នឹង​ការ​ជីក​រុករក​ប្រេង ​ក្នុង​បាត​សមុទ្រ។ នាវា​ចម្បាំង​ចិន​ ដែល​នៅ​យាម​ការពារ​ស្ថានីយ៍​រក​ប្រេង ​បាន​បាញ់​កម្ទេច​នាវា​របស់​វៀតណាម។ ប្រទេស​ទាំងពីរ ​ទាមទារ​កាន់​កាប់​ដែនទឹក​ និង​ប្រជុំ​កោះ​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ តែរៀងៗ​ខ្លួន។ ការណ៍​នេះ ​បាន​ដុតភ្លើង​កំហឹង​ មតិ​មហាជន ​អ្នក​ជាតិ​និយម​វៀតណាម ​ឲ្យ​ងើប​បះបោរ​ទូទាំង​ប្រទេស ​ទៅ​ដុត​រោងចក្រ ​និង​​ក្រុមហ៊ុន​ចិន ​នៅ​វៀតណាម។

ប៉ុន្តែ​ បើ​យើង​ក្រឡេក​ទៅ​មើល​ប្រវត្តិសាស្ត្រ ​ជម្លោះ​រវាង​ចិន ​និង​វៀតណាម ​មិនមែន​ទៀបតែ​កើត​ឡើង​ដោយសារ​រឿង​ដណ្តើម​ដែន​សមុទ្រ​គ្នា​នេះ​ទេ​ តែ​វា​ជា​រឿង​នយោបាយ ​ជា​ជម្លោះ​មនោគមនវិជ្ជា​កុម្មុយនីស្ត ​ដែល​មាន​តាំង​ពី​ទសវត្ស​ឆ្នាំ​ទី ​៦០ ម្លេះ។ វៀតណាម ​ដែល​គ្រប់គ្រង​ដោយ​បក្ស​កុម្មុយនីស្ត​របស់​ហូជីមិញ ​ធ្លាប់​ត្រូវ​គេ​ចាត់ទុក​​ ដូច​ជា​ប្អូន​របស់​ចិន​កុម្មុយនីស្ត ​របស់​ម៉ៅសេទុង​ អញ្ចឹង។ ចិន​កុម្មុយនីស្ត ​បាន​ជួយ​វៀតណាម​ច្រើន​ណាស់ ​ បើ​យោង​តាម​ឯកសារ​ខ្លះ ​មាន​មិនតិច​ជាង ​៣ពាន់​លាន​ដុល្លារ​ទេ ​កាល​ជំនាន់​នោះ។

ចិន​ខកចិត្ត ​ចោទ​វៀតណាម​ថា​រមិលគុណ និង​ថ្លើម​ធំ៖
ប៉ុន្តែ ​អ្វី​ដែល​ធ្វើ​ឲ្យ​ចិន​ខក​ចិត្ត ​ហើយ​ចាត់​ទុក​វៀតណាម​ថា ​រមិលគុណ  ​គឺ​ដោយសារ​តែ​វៀតណាម ​បាន​ងៀក​ទៅ​រក​សហភាព​សូវៀត។ រវាង​ចិន​ និង​សហហភាព​សូវៀត ​គឺ​ថា​ទាំងពីរ​នេះ ​មាន​ជម្លោះ​មនោគន៍​វិជ្ជា ​នឹង​គ្នា ​ទោះ​បី​ជា​លទ្ធិកុម្មុយនីស្ត​ដូចគ្នា​ក៏ដោយ។ វៀតណាម​ក្លាយ​ជា​កូនចៅ​របស់​រុស្ស៊ី ​ហើយ​បាន​លើក​ទ័ព​ មក​កម្ពុជា​យើង ​នៅ​ចុង​ឆ្នាំ​១៩៧៨ ​ដើម្បី​ផ្តួល​រំលំ​របប​កុម្មុនីស្ត​ខ្មែរ​ក្រហម ​ដែល​ទំនុក​បម្រុង​ ដោយ​ចិន​ប៉េកាំង។ ត្រង់​កន្លែង​នេះ​ហើយ ​ បាន​ជា​ចិន​ រិតតែ​ក្តៅ​ស្លឹក​ត្រចៀក ​ថា​វៀតណាម​ក្បត់ខ្លួន​ ទៅ​ឱប​ជើង​រុស្ស៊ី ​ហើយ​ឥឡូវ​ថ្លើម​ធំ​ ហ៊ាន​មក​វាយ​ពួក​ខ្មែរ​ក្រហម​ទៀត ​ដូច្នេះ​ហើយ​បាន​ជា​ចិន​ប្រកាស​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​៧៩ ​ថា​នឹង​វាយ​វៀតណាម​ ឲ្យ​ស្គាល់​ថ្នាំ​ខ្លាំង​ម្តង។

ដូចការ​ប្រកាស ​ចិន​បាន​វាយ​លុក​យក​ខេត្ត​ ភាគ​ខាង​ជើង​វៀតណាម ​នៅ​ចុង​ខែ​កុម្ភៈ ​ ឆ្នាំ​៧៩។ មួយវិញទៀត ​ចិន​ហ៊ាន​វាយ​វៀតណាម ​ដូចនេះ ​ក៏​ដោយសារ​តែ ​កិច្ចសន្យា​គោរព​គ្នា ​រវាង​របប​កុម្មុយនីស្ត​ចិន​ នឹង​របប​កុម្មុយនីស្ត​សូវៀត ​ត្រូវ​បាន​បិទ​បញ្ចប់ ​ជា​ស្ថាពរ ​នៅចុង​ទសវត្ស​ទី​៦០។ ដូច្នេះ មាន​ន័យ​ថា ​ចិន​អាច​មាន​លទ្ធភាព​ វាយ​កូនចៅ​សម្ព័ន្ធមិត្ត​របស់​សូវៀត​បាន។ ក្រោយ​មក ​ឆ្នាំ​ ៨៤ ​ចិន​បាន​ធ្វើ​សង្រ្គាម ​ជាមួយ​វៀតណាម​ម្តងទៀត។

រដ្ឋាភិបាល​វៀតណាម​ចិញ្ចឹម​មនសិកា ​ស្អប់​ចិន ​ដើម្បី​ចំណេញ​នយោបាយ៖
វិវាទ ​ប្រជែង​គ្នា​ដើម្បី​ពង្រីក​ឥទ្ធិពល​មនោគមន៍​វិជ្ជា​កុម្មុយនីស្ត​ រវាង​ប្រទេស​ទាំង​ពីរ ​ គឺ​វា​បាន​អម​ទៅ​ជាមួយ នឹង​ការ​​ប្រជែង​គ្នា ​ក្នុង​ការ​កាន់កាប់​ដែន​កោះ​ ដូច​ជា​ប្រជុំ​កោះ Paracels ​និង​ប្រជុំ​កោះ​Spratley ​ជា​ដើម។ ទាំង​អស់​នេះ​ហើយ ​ដែល​វា​បាន​ចិញ្ចឹម​គំនំ ​នៅ​ក្នុង​ចិត្ត​របស់​វៀតណាម។ ប៉ុន្តែ​ គំនំ​នៅ​ងំ​យូរ​បាន​ ដ៏​ដោយសារ​តែ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ខ្លួនឯង ​ជាអ្នក​បំពាក់​បំប៉ន ​ដុត​កម្តៅ​បន្ថែម ​ តាម​រយៈ​ការ​បើក​ដៃ ​និង​ពន្យុះ​ឲ្យ​មនុស្ស​ កាន់តែ​ស្អប់​ចិន ​ហើយ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន។ ហើយ​ដូចជា​ពេល​នេះ​អញ្ចឹង ​ក្នុង​ឱកាស​សន្ទរកថា​ បុណ្យ​ឯករាជ្យ​ជាតិ​ប្រធានាធិបតី ថ្លែង​បរិហារ​ ដោយ​ប្រយោល​ថា ​បូរណភាព​ដែនដី​វៀតណាម ​កំពុងតែ​រង​ការ​គម្រាម​កំហែង​ ដោយសារ​តែ​មហិច្ឆិតា​របស់​ចិន។

ហេតុផល​មួយទៀត ​ដែល​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ​នៅ​តែ​បន្ត​ចិញ្ចឹម​មនសិកា​ស្អប់​ចិន ​គឺ​វា​ជា​ហេតុផល​នយោបាយ។ ការ​បណ្តុះ​ទឹកចិត្ត​ជាតិ​និយម ​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន​ វា​គឺ​ជា​លេស​នយោបាយ ​របស់​គណបក្ស​កុម្មុយនីស្ត​វៀតណាម ​ដើម្បី​បន្ត​ដឹកនាំ ​កាន់កាប់​ប្រទេស​ តែ​ម្នាក់​ឯង ​ ដោយ​ផ្តាច់ការ​តទៅ​ទៀត។ ដូច​យើង​ឃើញ​នាពេល​នេះ​ គឺ​ប្រធានាធិបតី​វៀតណាម​ ប្រកាស​ឲ្យ​នាំគ្នា​សាមគ្គី​គ្នា ​ក្នុង​ស្មារតី​បដិវត្តន៍​កុម្មុយនីស្ត​ ​ដើម្បី​ការពារ​បូរណភាព​ដែនដី។ មួយ​វិញទៀត ​ក្នុង​សម័យ​នេះ ជា​សម័យ​ជឿនលឿន ​ដែល​ប្រជាជន​អាច​ដឹង​ព័ត៌មាន​ បាន​ទាន់​​ហេតុការណ៍ ​គឺ​វា​អាច​ជា​គ្រោះថ្នាក់ ​ដល់​របប​ផ្តាច់ការ​វៀតណាម។ ដូច្នេះ ​ការ​យក​ចិន​ជា​ចំណាប់ខ្មាំង​ គឺ​វា​ប្រៀប​ដូចជា ​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​ របស់​ប្រជាជន​ ឲ្យ​គិត​ខ្វល់​ពី​រឿង​ចិន​ឈ្លានពាន​ ជា​ជាង​បញ្ហា​សង្គម ​រឺ​ក៏​ការ​រំលោភ​សិទ្ធិ​មនុស្ស ​នៅ​ក្នុង​ប្រទេស​វៀតណាម​ផ្ទាល់។

តតាំង​ជាមួយ​ចិន ​ដូច​យក​ ពងមាន់​ ទៅ​ជល់​នឹង​ថ្ម៖
បើ​និយាយ​ឲ្យ​ខ្លី ​គឺ​វា​មិនខុស​ពី​យក​ពងមាន់​ ទៅ​ជល់​នឹង​ថ្ម​នោះទេ​។ បើយើង​និយាយ​ពី​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​យោធា ​គឺថា​ វៀតណាម​ មិន​ខុស​ពីកូន​ស្រមោច ​នោះទេ ​ ប្រៀបធៀប​ជាមួយ​ចិន។ ក្នុង​វិស័យ​សេដ្ឋកិច្ច ​វៀតណាម​រំពឹង​លើការ​វិនិយោគ​ ដ៏​សន្ធិកសន្ធាប់​របស់​ចិន។ ក្នុង​នោះ​រួមមាន​ វិស័យ​ឧស្សាហកម្ម ​ការ​នាំចេញ​ ទៅ​ចិន​ ជាដើម។ កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​បាន​ក៏​ដោយ​សារ​តែ​ចិន​ដែរ។

វៀតណាម​តែ​ម្នាក់ឯង​ មិនអាច​មាន​លទ្ធភាព​អ្វី ​ទៅ​តតាំង​ជាមួយ​ចិន​នោះ​ទេ។ អ្វីដែល​វៀតណាម​សង្ឃឹម ​គឺ​ការ​ប្រើប្រាស់​វិស័យ​ការទូត ​ដោយ​ចង​សម្ព័ន្ធមិត្ត​ ជាមួយ​ប្រទេស​ក្នុង​តំបន់ ​ដែល​កំពុង​តែ​មាន​ជម្លោះ​ ជាមួយ​និង​ចិន​ដែរ ​ ដូច​ជា​ហ្វីលីពីន ​និង​ជប៉ុន​ជា​ដើម។ យ៉ាងណាមិញ ​យើងក៏​បាន​សង្កេត​ឃើញ​ដែរ​ថា ​វៀតណាម​ ខំខិត​ទៅ​ជិត​អាមេរិក​ ដើម្បី​ស្វែងរក​ ការ​ការពារ​ពី​អាមេរិក ​ក្នុង​ករណី​មាន​ការ​ប៉ះ​ទង្គិច​ណាមួយ ​ជាមួយ​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ