អានតួអត្ថបទ

អន្តោប្រវេសន៍អឺរ៉ុប ៖ អូស្ត្រាលី​មិន​ប្តូរ​កូតា តែ​នឹង​ទទួល​ជនភៀស​ខ្លួន​ស៊ីរី​ច្រើន​ជាង​មុន

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ថូនី អ៊ែបត បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ ថា​អូស្ត្រាលី​នឹង​ទទួល​យក​ជន​ភៀស​ខ្លួនស៊ីរី​ ដែល​កំពុង​សម្រុក​រត់​ចូល​អឺរ៉ុបយ៉ាង​គំហុក​ ក្នុង​បរិមាណ​ច្រើន​ជាង​មុន។  ប៉ុន្តែ​បើ​ទោះ​បី​ជា​គណបក្ស​នយោបាយ​និង​អ្នក​បរិស្ថាន​អូស្ត្រាលី​បាន​ធ្វើ​សេចក្តី​អំពាវនាវ​យ៉ាងណា​ក៏​ដោយ ក៏​អូស្រ្តាលី​​នឹង​មិនប៉ះពាល់​​​​សើរើ​មើល​កូតា​អន្តោប្រវេសន៍​ប្រចាំ​ឆ្នាំរបស់​ខ្លួន ដែល​បាន​កំណត់​រួច​ជា​ស្រេច​ហើយនោះ​ទេ។

លោក Tony Abbott នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ប្រកាស​មិន​ប៉ះពាល់​​កូតា​ទទួល​ជន​ភៀសខ្លួន
លោក Tony Abbott នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ប្រកាស​មិន​ប៉ះពាល់​​កូតា​ទទួល​ជន​ភៀសខ្លួន REUTERS
ផ្សាយពាណិជ្ជកម្ម

អឺរ៉ុប​កំពុង​ប្រឈម​នឹង​វិបត្តិ​អន្តោប្រវេសន៍​យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន គិត​ចាប់​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក ដោយ​ជនភៀសខ្លួន​អស់​សង្ឃឹម​ទាំង​ឡាយ​ភាគ​ច្រើន​ជា​ជនជាតិស៊ីរី បាន​ជំនះ​ឧបសគ្គ​គ្រប់បែប​យ៉ាង​ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​បាន​ឆ្លង​ដល់​ត្រើយ​អឺរ៉ុប។

កាលពី​ថ្ងៃសុក្រ​ទៀត ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប​​បែងចែក​គ្នា​ទទួល​ជន​អន្តោប្រវេសន៍​ម្នាក់ៗ​ប្រមាណ​ពីរ​សែន​នាក់។ ក្រៅ​អំពី​ភាព​មិន​ដឹង​មិន​ឮ​របស់​ប៉ូឡូញ នៅ​ថ្ងៃ​នេះ​អូស្ត្រាលី​ដែល​ល្បី​ជា​ប្រទេស​មាន​នយោបាយ​តឹង​តែង​ខ្លាំង​ផ្នែក​អន្តោប្រវេសន៍​ បាន​បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​របស់​ខ្លួន។ បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី ការ​ស្លាប់​របស់​កុមារ​ស៊ីរី​លើ​ឆ្នេរ​ផ្កាប់​មុខ​ បាន​តឹ្រម​តែ​ពង្រឹង​ជំហរ​ច្បាស់​លាស់​របស់​អូស្ត្រាលី​ ! កូតា​ទទួល​ជន​ភៀស​ខ្លួន​នឹង​ស្ថិត​នៅ​ដដែល គ្មាន​ការ​ប្តូរ​ផ្លាស់​ឡើយ ពោល​គឺ​ ១៣៧៥០​នាក់ សម្រាប់​កូតា​ឆ្នាំ​២០១៥-២០១៦។

 
ប៉ុន្តែ​រដ្ឋាភិបាល​អូស្ត្រាលី ត្រៀម​ខ្លួន​នឹង​ទទួល​ជន​ភៀសខ្លួន​មក​ពី​តំបន់​មានវិបត្តិ​ច្រើន​ជាង​មុន និង​ក្នុងក្របខ័ណ្ឌ​កម្មវិធី​មនុស្សធម៌ ព្រមទាំង​ត្រៀម​ខ្លួន​បង្កើន​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ​HCR។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​លោក​នាយក​រដ្ឋមន្ត្រី ដោយ​បដិសេធ​មិន​ផ្តល់​ជា​តួលេខ​ឡើយ។ កាលពី​ឆ្នាំ​ទៅ​អូស្ត្រាលី​បាន​ទទួល​ជន​ភៀសខ្លួន​អ៊ីរ៉ាក់​និង​ស៊ីរី ប្រមាណ​៤៥០០​នាក់ ហើយ​ដោយ​យោល​ទៅ លើ​ទំហំ​នៃ​វិបត្តិ​បច្ចុប្បន្ន​អូស្ត្រាលី​នឹង​ទទួល​ឱ្យ​ច្រើន​ជាង​មុន នៅ​ឆ្នាំ​នេះ។

អូស្រា្តលី​បាន​​បង្កើនចំនួន​ទទួល​ជន​ភៀស​ខ្លួន​បន្តិច​ម្តងៗ​ ១៦២៥០​នាក់​នៅ​២០១៧ និង​១៨៧៥០​នៅ​ឆ្នាំ​បន្ទាប់។ នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​របស់​អូស្ត្រាលី​មាន​ពីរច្រក ៖ ទីមួយ ទាហាន​ជើង​ទឹក​ ចាំ​ស្ទាក់​ចាំ​ទូក​ដឹក​ជន​ភៀសខ្លួន​ កណ្តាល​ផ្លូវ​រួច​បញ្ជូន​ត្រលប់​ទៅ​កន្លែង​ដើម​វិញ(ភាគ​ច្រើន​មក​តាម​ឥណ្ឌូណេស៊ី​)​ និង​ទីពីរ​ ចំពោះ​ជន​អន្តោប្រវេសន៍​ដែល​ឆ្លង​បាន​ដល់​ទឹក​ដី​អូស្ត្រាលី​ហើយ នឹង​ត្រូវ​បញ្ជូន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​អន្តោប្រវេសន៍​ តាម​កោះ​តូចៗ​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក។ បើ​ទោះ​បី​ជា​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន និង​ស្រប​ច្បាប់​ក្តី ក៏​ជន​ភៀស​ខ្លួន​ទាំង​អស់​នោះ​គ្មាន​សិទ្ធិ​តាំង​ទី​នៅ​អូស្រ្តាលីដែរ គឺ​មាន​លទ្ធភាព​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ ឬ​ទៅ​ជំរំឃុំឃាំង ឬទៅ​ប្រទេស​ខ្មែរ​ដែល​អូស្ត្រាលី​មាន​កិច្ចព្រមព្រៀង​ជាមួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ