អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា​អភិវឌ្ឍន៍​ថាមពល​​ព្រះអាទិត្យ​ តែ​មិន​បោះបង់​ថាមពល​ធ្យូងថ្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោម​កម្តៅ​ព្រះ​អាទិត្យ​ក្តៅ​ហែង កម្មករ​ឥណ្ឌា​រាប់​សិប​នាក់​កំពុង​សស្រាក់សស្រាំ​ដំឡើង​ផ្ទាំងស្រូប​​កម្តៅ​ព្រះ​អាទិត្យ​ ជាជួរៗ​ដាច់​កន្ទុយ​ភ្នែក នៅ​ភាគ​ខាង​ជើង​ប្រទេស។ ឥណ្ឌា​ ប្រទេស​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង​ទីបី​នៅ​លើ​ពិភពលោក ដែល​​មិន​ធ្លាប់​​ផ្តល់​ពាក្យ​សន្យា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មែន ប៉ុន្តែ​នៅ​ពេល​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ​កាន់​តែ​ខិត​មក​ដល់ ឥណ្ឌា​បាន​បញ្ចេញ​សកម្មភាព​ និង​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ដោយ​ជាក់​ស្តែង តាម​រយៈ​​ ងាក​ទៅអភិវឌ្ឍន៍​​ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ។

សកម្មជន​បរិស្ថាន តាំង​បង្ហាញ​ផ្ទាំង​ស្រូប​កម្តៅ​ព្រះ​អាទិត្យ​នៅ​ទីក្រុង​ញូវដាលី
សកម្មជន​បរិស្ថាន តាំង​បង្ហាញ​ផ្ទាំង​ស្រូប​កម្តៅ​ព្រះ​អាទិត្យ​នៅ​ទីក្រុង​ញូវដាលី AFP PHOTO/Prakash SINGH/FILES
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា ដែល​​រំពឹង​ យ៉ាង​​ខ្លាំងណាស់ លើ​​​ថាមពល​ធ្យូង​ថ្ម ក្នុង​តម្រូវការ​ផ្នែក​ថាមពល​អគ្គិសនី​ រង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើងៗ ពី​សហគមន៍អន្តរជាតិ ឱ្យ​ចាត់​វិធានការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បំពុល​បរិស្ថាន។ ព្រោះ​ថា​ឥណ្ឌា​ជាប់​ឈ្មោះ​ជា​ប្រទេស​បញ្ចេញ​ផ្សែង​ពុល​លំដាប់​ទី​បី នៅ​លើ​ពិភពលោក។

 

ប៉ុន្តែ​សម្រាប់​ឥណ្ឌា ការខិត​ខំកាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រូវ​តែ​ចាប់​ផ្តើម​ពី​ប្រទេស​អ្នក​មាន ប្រទេស​មហាឧស្សាហកម្ម ព្រោះ​ជា​ប្រទេស​​បញ្ចេញ​ផ្សែង​ពុល​ច្រើន​ជាង​ប្រទេស​ឥណ្ឌា​ឆ្ងាយ​ណាស់ បើ​គិត​ជា​មធ្យមភាគ​នៃ​ពលរដ្ឋ​ម្នាក់ៗ។ នៅ​ឥណ្ឌា មាន​ពលរដ្ឋ​ជាង​៣០០​លាន​នាក់ មិន​ទាន់​មាន​អគ្គីសនី​ប្រើប្រាស់​ផង។

 

យ៉ាង​ណា​ក៏​ដោយ ក៏​ឥណ្ឌា​មិន​ឈរ​អោប​ដៃ​នៅ​ស្ងៀម មិន​ធ្វើ​អ្វី​ដើម្បី​ភព​ផែនដី​​ដែរ។ ដើម្បី​បង្ហាញ​ឆន្ទៈ​ល្អ​នេះ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​បាន​ប្រកាស​បង្កើន​ទ្វេ​ជា​ប្រាំ សមត្ថភាព​ទាញ​យក​ថាមពល​ព្រះ​អាទិត្យ​មក​ប្រើ ទន្ទឹម​គ្នា​នឹង​ការ​អភិវឌ្ឍន៍​ផលិតផលធ្យូងថ្ម។

 

ថាមពលថេរ​និង​ចំណេញ​ច្រើន​តែទុនធំ

 

សម្រាប់​ការ​អភិវឌ្ឍន៍​ថាមពល​ព្រះអាទិត្យ ឥណ្ឌា​មាន​អំណោយផល​ខ្លាំង ៖ ឥណ្ឌា​មាន​វត្ថុ​ធាតុ​ដើម​ ឥត​គិត​ថ្លៃ ជា​អំណោយ​ផល​ធម្មជាតិ ​ ​ជា​ពន្លឺ​និង​កម្តៅ​​​ព្រះអាទិត្យ​ចែងចាំង​ពេញ​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ ​និង​មាន​​កម្លាំងពលកម្ម​ថោក។ ពេល​នេះ​រដ្ឋ​រាចាថាន់​ នៅ​ភាគ​ខាង​ជើង​ប្រទេស កំពុង​បំពេញ​នយោបាយ​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​យ៉ាង​ពេញ​ទំហឹង ដោយ​សង្ឃឹម​ថា​នឹង​អាច​ទាញ​បាន​ថាមពល​ មិន​ចេះ​រីងស្ងួត ផ្តល់​ចំណូល​ថេរ និង​ភាគ​ចំណេញ​ច្រើន​ ដល់​ទៅ ២៥​មេហ្កាវ៉ាត់ សម្រាប់​ផ្ទៃក្រឡា​ផ្ទាំង​ស្រូប​ពន្លឺ​ព្រះអាទិត្យ​​ ១ម៉ឺន​ហិចតារ។

 

នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​អភិវឌ្ឍន៍​ថាមពល​ព្រះអាទិត្យ ព្រោះ​សម្ភារៈ​ចុះ​ថោក តម្រូវការ​កើន​ឡើង ទាំង​ក្រុមហ៊ុន​ឥណ្ឌា ទាំង​ក្រុមហ៊ុន​បរទេស​កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹងទីផ្សារ​​ព្រះអាទិត្យ​របស់​ឥណ្ឌា​។ ជប៉ុន អាមេរិក និង​ចិន សុទ្ធ​តែ​បាន​សន្យា​ធ្វើ​វិនិយោគ​នៅឥណ្ឌា​ ដែល​ត្រូវ​ការ​មធ្យោបាយ​សំខាន់ៗ​ ធំៗ​ បន្ថែម​ច្រើន​ទៀត ទើប​អាច​សម្រេច​កម្មវត្ថុ​ទាញ​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះ​អាទិត្យ​ឱ្យ​បាន​ដល់​ ១០ម៉ឺន​មេហ្កាវ៉ាត់ នៅ​ឆ្នាំ​២០២២ បើ​ប្រៀប​ទៅ​នឹង​ពេល​បច្ចុប្បន្ន​ដែល​មាន​ត្រឹម​២ម៉ឺន​មេហ្កាវ៉ាត់នោះ។

 

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ចង់​ទាក់ទាញទុន​​វិនិយោគ​ឱ្យ​បាន​ដល់​១០០ពាន់​លាន​ដុល្លារ​ សម្រាប់មក​អភិវឌ្ឍន៍​វិស័យ​នេះ នៅ​រដ្ឋ​ហ្គូចារ៉ាត់ នៅ​ភាគ​ខាង​លិច​ប្រទេស ដោយ​បាន​សន្យា​សម្រួល​បែប​បទ​​ដល់ និង​អនុគ្រោះ​ កាត់​បន្ថយ​ពន្ធដារ​ដល់​ក្រុមហ៊ុន​​និង​អ្នក​វិនិយោគ​បរទេស។

 

ថាមពល​ធ្យូង​ថ្ម​លំនឹង​សេដ្ឋកិច្ច

 

ប៉ុន្តែ​ជា​មួយ​នឹង​ឆន្ទៈ​ល្អ​ ប្រឹង​ប្រែង​ជួយ​ភព​ផែនដី ដោយ​ចេតនា មិន​ដោយ​គំនាប​សហគមន៍​អន្តរជាតិ លើក​ស្ទួយ​ថាមពល​មិនចេះ​រីង​ស្ងួត​នេះ រដ្ឋាភិបាល​ឥណ្ឌា​ក៏​បាន​បង្កើន​ការអភិវឌ្ឍន៍​ថាមពល​ធ្យូងថ្ម​មួយ​ជា​ពីរ​ដែរ ពី​នេះ​ដល់​ឆ្នាំ​២០២០ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ។

 

ឥណ្ឌា​ មាន​ធនធាន​ធ្យូងថ្ម​បំរុង​ទុក លំដាប់​លេខ​៥​នៅ​លើ​ពិភពលោក ហើយ​៦០%​នៃ​ ​ថាមពល​អគ្គិសនី​គឺ​បាន​មក​ពី​រោងចក្រ​ដើរ​ដោយ​ធ្យូង​ថ្ម។ ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​សភា ខែ​ឧសភា ឆ្នាំ​២០១៤ លោក ម៉ូឌី បាន​សន្យា​ផ្តល់​អគ្គិសនី​ប្រើប្រាស់​ឱ្យ​ដល់​ពលរដ្ឋ​ក្រីក្រ​ឥណ្ឌា​។ ក្នុងប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង (៧%នៅ​ឆ្នាំ​នេះ) ភាព​រំពឹង​លើ​ថាមពល​ធ្យូងថ្ម​ខ្លាំង​អាច​ជា​គ្រោះ​ថ្នាក់​សម្រាប់​ប្រទេស​ឥណ្ឌា​ផ្ទាល់​ផង និង​សម្រាប់ពិភពលោក​ទាំង​មូល​ផង។ នេះ​បើ​តាម​អ្នក​ឯកទេស ព្រោះ​ឧស្សាហកម្មធ្យូងថ្មនេះ​បញ្ចេញ​ឧស្ម័ន​ពុល​ខ្លាំងណាស់។ ឥណ្ឌា​ដាច់​ខាត​ត្រូវ​កំរិត​បរិមាណ​នៃ​ការ​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់។

 

នាជំនួប​លើក​ដំបូងនៅ​សហរដ្ឋអាមេរិក​កាលពី​ខែ​មករា លោក​ប្រធានាធិបតី​អាមេរិក​បាន​ដាក់​គំនាប​លើ​ប្រមុខ​ដឹកនាំ​ឥណ្ឌា​ឱ្យ​ចូល​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី​ កាត់​បន្ថយ​ការ​ប្រើ​ថាមពល​ធ្យូងថ្ម។ ប៉ុន្តែ​លោក ម៉ូឌី បាន​តប​​​វិញ​ប្រកប​ដោយ​ហេតុផល​ថា មិន​សន្យា​ដាក់​​​ថ្ងៃ​ដាក់​ខែ​កាត់​បន្ថយ​ឧស្ម័ន​ពុល​​ ដូច​គំរូ​ចិន​និង​អាមេរិក​ទេ​ ! ប្រទេស​អភិវឌ្ឍន៍​ត្រូវ​តែ​ចែក​រំលែក​បច្ចេកវិទ្យា​ក្នុង​វិស័យ​ថាមពល​មិន​ចេះ​រីង​ស្ងួត​នេះ ព្រមទាំង​ផ្គត់​ផ្គង់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ទើប​ត្រូវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ