អានតួអត្ថបទ

អាហ្វហ្កានីស្ថាន ៖គ្រូពេទ្យ​គ្មានព្រំដែនរង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស

មន្ទីរ​ពេទ្យ​​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន នៅ​​គូនឌូស្ស ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​ប្រចាំ​ភាគ​ខាង​ជើង​អាហ្វហ្កានីស្ថាន បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ ពី​ការ​វាយប្រហារ​ នៅ​យប់​មិញ ៖ សមាជិក​៩​នាក់​របស់​អង្គការ​បាន​ស្លាប់ និងជាង​​៣០​នាក់​រង​របួស​ធ្ងន់។ ការ​វាយប្រហារ​ ទៅ​លើ​ក្រុង​ដែល​ទាហាន​អាហ្វហ្កានីស្ថាន​ទើប​ដណ្តើម​បាន​មក​វិញ​ពី​កណ្តាប់​ដៃ​ពួក​តាលីបង់ ទំនង​ជា​ស្នាដៃ​របស់​កងទ័ពអាកាស​​អាមេរិក។ បើ​តាម​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ការវាយប្រហារ​​មាន​រយៈ​ពេល​៣០​នាទី។

កងកម្លាំង​ទ័ព​ពិសេស​អាហ្វហ្កានីស្ថាន នៅ​Kunduz ថ្ងៃទី​២៩ កញ្ញា ២០១៥
កងកម្លាំង​ទ័ព​ពិសេស​អាហ្វហ្កានីស្ថាន នៅ​Kunduz ថ្ងៃទី​២៩ កញ្ញា ២០១៥ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​លើ​មន្ទីរពេទ្យ​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន​នៅ យប់​មិញ អាច​ចាត់​ទុក​ថា​ជា​កំហុស​ថ្មី​មួយ​ទៀត​របស់​ក្រុម​កងទ័ពសម្ព័ន្ធ​អាត្លង់ទិក ឬ អូតង់​ ដែល​កំពុង​ឈរ​ជើង​ចាំ​ជួយ​កងទ័ព​ជាតិ​អាហ្វហ្កានីស្ថាននៅ​គូនឌូស្ស​នេះ។ អ្នក​នាំ​ពាក្យ​របស់​អូតង់​ម្នាក់ បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ថា​ទាហាន​អាមេរិក​ពិត​ជា​បាន​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវ​អាកាស​មែន​ នៅ​យប់​មិញ​លើ​ក្រុង​គូនឌូស្ស​ ហើយ​ការ​វាយប្រហារ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ខាត​និង​ប៉ះពាល់​ដល់​​​មន្ទីរ​ពេទ្យ ជា​តំបន់​​ជិត​ខាង ដោយ​អចេតនា។

 
ហើយ​បើ​គេ​ជឿ​តាម​បុគ្គលិក​នៅ​នឹង​កន្លែង​កើត​ហេតុ ការ​វាយប្រហារ​នេះ​កាន់​តែ​ពិត​ជា​ស្នាដៃ​របស់​កងទ័ព​អាមេរិក​ច្រើន​ជាង​ ព្រោះ​ជា​ការ​ទម្លាក់​គ្រាប់​បែក​តាម​យន្តហោះ ពួក​តាលីបង់​គ្មាន​សម្ភារៈ​ទំនើប​បែប​នេះ​​ទេ។

បើ​និយាយ​អំពី​ជន​រង​គ្រោះ​វិញ ​ពុំ​ទាន់មាន​ដំណឹង​អ្វី​ទាក់ទង​នឹង​​​អត្តសញ្ញាណ​អ្នក​ស្លាប់​ទេ ព្រោះ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន គ្មាន​​​សេចក្តី​ថ្លែងការណ៍​។ គេ​គ្រាន់​តែ​ដឹង​ថា​ អង្គការ​ប្រើ​បុគ្គលិក​ជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ផ្ទាល់​ ដូច្នេះ​ជនរងគ្រោះ​ភាគ​ច្រើន​ទំនង​ជា​ជនជាតិ​អាហ្វហ្កានីស្ថាន​ហើយ។

គ្រប់គ្រង​ដោយ​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន និង​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីប្រជុំ​ជន​ក្រុង​គូនឌូស្ស មន្ទីរពេទ្យ​នេះ ជា​មជ្ឈមណ្ឌល​សុខភាព​ធំ​តែ​មួយ​គត់​នៅ​ភាគ​ខាង​ជើង​អាហ្វហ្កានីស្ថាន ដែល​អាច​មាន​សមត្ថភាព​ព្យាបាល​ជំងឺ​និង​របួសធ្ងន់ៗ​បាន និង​មាន​បុគ្គលិក​បរទេស​និង​អាហ្វហ្កានីស្ថាន​៨០​នាក់​កំពុង​ធ្វើការ​ព្យាបាល​អ្នក​ជំងឺ​ជាង​១០០​នាក់ នៅ​យប់​មិញ ក្នុង​ពេល​មាន​ការ​វាយប្រហារតាម​ផ្លូវ​អាកាស។

​ក្រុង​យុទ្ធសាស្ត្រ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​តាលីបង់
ទិដ្ឋភាព​នៅ​ក្រុង​គូនឌូស្ស គឺ​ដូច​សម័យ​​​ឆ្នាំ​២០០១​ ! កងទ័ព​សម្ព័ន្ធមិត្ត​អូតង់ កំពុង​ស្វះស្វែង​កម្ចាត់​ពួក​តាលីបង់ ប៉ុន្តែ​នៅ​លើក​នេះ ខុស​ពី​១៤​ឆ្នាំ​មុន ដោយ​មាន​​ទាហាន​ជាតិ​អាហ្វហ្កានីស្ថាន​​ ជា​អ្នក​នៅ​ជួរ​មុខ​លើ​សមរភូមិ​ជើង​គោក។ ​គូនឌូស្ស​ជា​ក្រុង​យុទ្ធសាស្ត្រ  មាន​ទាហាន​សរុប​ប្រមាណ​ជា​ពី​៥ពាន់​ទៅ​៧ពាន់​នាក់​ កំពុង​ឈរ​ជើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​តាលីបង់​។ តែ​គ្នា​ច្រើន​អន្សម​ខ្លោច កាលពី​ថ្ងៃ​ចន្ទ​ទី ២៨​កញ្ញា​ ក្រុងគូនឌូស្ស​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​តាលីបង់ ដែល​មាន​គ្នា​ប្រមាណ​តែ​ពី​បួន​រយ​ទៅ​ពីរ​ពាន់​នាក់​ប៉ុណ្ណោះ។

ក្រុង​គូនឌូស្ស​ស្ទើរ​តែ​ទាំង​មូល​ស្ថិត​ក្រោមការ​កាន់កាប់​របស់ពួក​តាលីបង់។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ កងទ័ព​អាកាស​អាមេរិក​បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវ​អាកាស​ តាំង​ពីយប់​​ថ្ងៃ​អង្គារ​មក ដើម្បី​ជា​ជំនួយ​ដល់​កងទ័ព​ថ្មើរជើង​ជាតិ​អាហ្វហ្កានីស្ថាន។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទាហាន​រដ្ឋាភិបាល​ប្រកាស​ដណ្តើម​យក​ក្រុង​គូនឌូស្ស​មក​វិញ​និង​បោស​សម្អាត​អស់​ពួក​ភេរវនិយម​តាលីបង់។ តែ​សង្គ្រាមពាក្យ​សំដី​​នៅ​តែ​បន្ត​ ពួក​តាលីបង់​បាន​ស្រែក​បក​មក​វិញ​ ថា​កំពុង​ធ្វើ​ការ​ប្រយុទ្ធ​គ្នា​នៅ​ឡើយ។

បរាជ័យទោះបីមធ្យោបាយ​ធំ
នេះ​ជា​លើក​ទី​មួយ​គិត​ចាប់​ពី​ឆ្នាំ​២០០១​មក ដែល​ក្រុង​គូនឌូស្ស​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​តាលីបង់​យ៉ាង​ដូច្នេះ។  គឺ​ជា​បរាជ័យ​ដ៏​ចត់​បំផុត​សម្រាប់​ប្រធានាធិបតីអាហ្វហ្កានីស្ថានដែល​ទើប​ជាប់​ឆ្នោត​ទើប​បាន​មួយ​ឆ្នាំផង និង​សម្រាប់​កងកម្លាំង​ទ័ព​ជាតិ​អាហ្វហ្កានីស្ថាន​ផង ព្រមទាំង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ ឬ​និយាយ​ឱ្យ​ចំ​គឺ​សហរដ្ឋ​អាមេរិក​តែ​ម្តង​ ដែល​ជា​អ្នក​គាំទ្រ​ទាំង​​យោធា​និង​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

អាមេរិក​បាន​ចំណាយ​ថវិកាអស់​ជាង​ ​៦៥ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ជាទន្ទល់ និង​ផ្តល់​វគ្គ​បំពាក់បំប៉ន​ដល់​កង​កម្លាំង​ទាហាន​អាហ្វហា្កនីស្ថាន​រយៈ​ពេល​១៣​ឆ្នាំ​កន្លង​មក​នេះ។ ឯ​លទ្ធផល​បាន​មក​វិញ គឺ​មាន​តែ​បរាជ័យ​ និង​ការ​ព្រួយ​បារម្ភ ព្រោះ​តាម​ក្បួន​ទាហានអាហ្វហ្កានីស្ថាន​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ការពារ​សុវត្ថិភាព​និង​សន្តិសុខ​ជាតិ​តែ​ម្នាក់ឯង ដោយ​កងទ័ព​អន្តរជាតិ​ដក​ចេញ​បាត់​អស់​ទៅ​ហើយ។

អូតង់​ផ្តល់​ការ​គាំទ្រ​អ្វី​ខ្លះ​ដល់​កង​កម្លាំង​ជាតិ​អាហ្វហ្កានីស្ថាន​នៅ​គួនឌូស្ស ?

កងទ័ព​អូតង់ បាន​ដក​ចេញ​ពី​អាហ្វហ្កានីស្ថាន ជា​ផ្លូវការ​ ជិត​មួយ​ឆ្នាំ​ហើយ ! ប៉ុន្តែ​ នៅ​តែ​មាន​ទាហាន​បរទេស​កំពុង​ធ្វើ​អន្តរាគមន៍​ក្នុង​ប្រទេស​នេះ​ជា​និច្ច​នៅ​ថ្ងៃ​នេះ។ ជាកង​កម្លាំង​ទ័ព​ពិសេស គ្មាន​បេសកកម្ម​ប្រយុទ្ធ​ទេ មាន​ត្រឹម​តែ​ជា​អ្នក​ផ្តល់​ដំបូន្មាន​ ផ្តល់​ប្រឹក្សា​។ និយាយ​ដោយ​ខ្លី កងទ័ព​អាហ្វហ្កានីស្ថាន ត្រូវ​រក្សាការពារ​ជាតិ​ដោយ​ខ្លួន​ឯង គ្រាន់តែមាន​ជំនួយ​ខ្លះ​ពី​អូតង់​ប៉ុណ្ណោះ។ ក្នុង​ករណី​នៅ​ក្រុង​គូនឌូស្ស​នេះ អ្នក​នាំពាក្យ​អូតង់ បាន​បដិសេធ​មិន​លម្អិត​អំពី​ចំនួន​ទាហាន​ដាក់​ពង្រាយ​ក្នុង​តំបន់​នេះ និង​អំពី​បេសកកម្ម​របស់​ពួក​គេ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ទេ​។ តែ​បើ​តាម​ប្រភព​យោធា​បស្ចឹម​លោក សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​បង្ហើប​បញ្ជាក់ថា មាន​​​ទាហាន​ជើង​ឆើត​អាមេរិក​​ អង់គ្លេស និង​អាល្លឺម៉ង់ កំពុង​ធ្វើ​សកម្មភាព​នៅ​គូនឌូស្សនេះ។

បើទោះបី​ជាទាហាន​ជាតិ​​ដណ្តើម​បានក្រុង​គូនឌូស្សជា​ផ្លូវការ​​ពី​កណ្តាប់​ដៃ​ពួក​តាលីបង់​ហើយ​ក៏​ដោយ​ក្តី ក៏​ការ​ប្រយុទ្ធ​នៅ​តែ​បន្ត​ ក្នុង​ក្រុង​និង​តំបន់​ជុំ​វិញ​ក្រុង​។ យន្តហោះ​ចម្បាំង​អាមេរិក​បាន​ចេញ​ធ្វើ​ប្រតិបត្តិការជា​លើក​ទី​មួយ​នៅ យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​មក​ថ្ងៃពុធ និង​នៅយប់​មិញ ដែល​ទំនង​ជា​ដើម​ហេតុ​បង្ក​ឱ្យ​មាន​ការ​ខូចខាត​និង​ការ​បាត់បង់ជីវិត​បុគ្គលិក​ក្រុមគ្រូពេទ្យ​គ្មាន​ព្រំដែន​នេះ​ឯង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ