អានតួអត្ថបទ

ក្រុមប្រទេស​ងាយ​រង​គ្រោះ​ធម្មជាតិ ចង់​​ផ្តុំ​កម្លាំង​ ដាក់​សម្ពាធ​លើ​សន្និសីទ​ក្រុង​ប៉ារីស

ក្រុមប្រទេស​ជាង​២០ ដែល​ប្រឈម​ជាង​គេ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បាន​និង​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ដើម្បី​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ ឱ្យ​កាន់តែ​មាន​ទម្ងន់​ខ្លាំង​ក្នុង​ការចរចា​ នៅ​សន្និសីទ​ស្តី​អំពី​អាកាសធាតុ COP២១ក្រុង​ប៉ារីស នាពេល​ខាង​មុខ។ ក្រុមប្រទេស​ជាង​២០​នេះ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ជាង ៧០០​លាន​នាក់។

ការ​ប្រែប្រួល​អាកាសធាតុ បាន​ធ្វើ​ឱ្យ​ហ្វីលីពីន​រងគ្រោះ​ខ្យល់ព្យុះ​ និង​ទឹក​ជំនន់​កាន់​តែ​ខ្លាំង និង​ញយឡើងៗ
ការ​ប្រែប្រួល​អាកាសធាតុ បាន​ធ្វើ​ឱ្យ​ហ្វីលីពីន​រងគ្រោះ​ខ្យល់ព្យុះ​ និង​ទឹក​ជំនន់​កាន់​តែ​ខ្លាំង និង​ញយឡើងៗ AFP PHOTO
ផ្សាយពាណិជ្ជកម្ម

ពិភពលោក​បាន​ស្គាល់​រួច​មក​ហើយ​ក្រុមប្រទេស​អ្នក​មាន​មហាឧស្សាហកម្ម​ ហៅ​កាត់​ថា G២០។ ចាប់​ពី​​​ថ្ងៃ​នេះទៅ​ យើង​មាន​ក្រុម​V២០​ មួយ​ក្រុម​ទៀត ដែល​ជា​ក្រុមប្រទេស​ងាយ​រង​គ្រោះ​ជាង​​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ V២០ ត្រូវ​បាន​បង្កើត​ឡើង​ ពីរ​ខែ​មុន​ការ​បើក​សន្និសីទ​COP២១នៅ​ក្រុង​ប៉ារីស​ និង​មាន​សមាជិក​ ​ជា​ប្រទេសក្រីក្រ​កំពុង​អភិវឌ្ឍន៍ (ប្រទេស​ខាង​ត្បូង)  ជាង​​២០​ប្រទេស តំណាង​ឱ្យ​ពលរដ្ឋ​ជាង​៧០០​លាន​នាក់ មាន​ជាអាទិ៍​ វ៉ាណាទូ ហ្វីលីពីន អាហ្វហ្កានីស្ថាន បង់ក្លាដែស បារប៉ាដ ប៊ូតង់ កូស្តារីកា ទីម័រ​ខាងកើត អេត្យូពី ហ្កាណា កេនយ៉ា គីរីបាទី ម៉ាដាហ្កាស្កា ម៉ាល់ឌីវ នេប៉ាល់ រវ៉ាន់ដា សាំងលុយស៊ី តាន់ហ្សានី ទូវ៉ាលូ និង​វៀតណាម។

 
ការ​សម្រេច​មក​ជួប​ប្រជុំ និង​យក​ហ្វីលីពីន​ជា​ទីស្នាក់ការ​ធំ ក៏​ព្រោះ​តែ​ហ្វីលីពីន ជា​ប្រទេស​ទីពីរ ដែល​​ប្រឈម​នឹងការ​រងគ្រោះ​ធម្មជាតិ​ខ្យល់​ព្យុះ​សង្ឃរា​ខ្លាំង និង​ញយ​ដង​ជាងគេ​ ដោយ​ហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ។ កាលពី​ដើម​ឆ្នាំ​២០១៥ គឺ​ពី​ប្រទេស​ហ្វីលីពីន តែ​ម្តង​ដែល​ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ​ហូឡង់ បាន​ចាប់​ផ្តើម​យុទ្ធនាការ​ពិភពលោក​ដើម្បី​អាកាសធាតុ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រុមប្រទេស​V២០ មាន​គំនិត​ត្រូវ​ជួប​ប្រជុំ​គ្នា​ ដើម្បី​ប្រមូល​សំឡេង​តូចៗ ឱ្យ​ឡើង​ជា​ធំ​សម្រាប់​យក​ទៅ​បញ្ចេញ​ទន្ទឹម​គេ​ឯង​ឱ្យ​បាន​ឮ​ច្បាស់​នាឱកាស​សន្និសីទ​ក្រុង​ប៉ារីស​ខាង​មុខ។

កម្មវត្ថុ​សំខាន់​នៃ​ជំនួប​នេះ គឺ​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ឱ្យ​គិត​គូរ​បន្ថែម​ទៀត ដល់​បញ្ហា​អាកាសធាតុ។ ក្នុង​ន័យ​នេះ ក្រុមប្រទេស​ងាយ​រងគ្រោះ​ពី​អាកាសធាតុ កំពុង​ខិត​ខំ​​​ស្វែង​រក​យន្តការ​ហិរញ្ញវត្ថុ​សម្រាប់​បំផ្លែង​ហានិភ័យ​ ព្រោះ​ ជា​កូនសោ​នៃ​ជោគជ័យ​នៅ​ប៉ារីស។ សម្រាប់​ក្រុង​ម៉ានីល បើ​តាម​ហ្វីលីពីន ដែល​ជា​ប្រធាន​ក្រុម​V២០បើ​រក​មិន​ឃើញ​យន្តការ​នេះ​ទេ នោះ​គឺ​V២០​ជា​អ្នកបាត់បង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ