ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
អាស៊ី

ការ​ដើរ​ដង្ហែរ​ក្បួន​ពេញ​ពិភពលោក ​គាំទ្រ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​អាកាសធាតុ​នៅ​បារីស

media  
សកម្មជនការពារ បរិស្ថាន ក្នុងពេល​ដង្ហែរក្បូួន ​នៅទីក្រុង​​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃ​ទី ២៨​ វិច្ឆិកា ២០១៥ REUTERS/Erik De Castro

ចាប់​ផ្តើម​មុន​គេ​ដោយ​ប្រទេស​អូស្ត្រាលី ​ថ្ងៃ​សៅរ៍​នេះ ​គឺ​មាន​ការ​ដង្ហែរ​ក្បួន​ដ៏​ធំ​ នៅ​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន ​និង​ទីក្រុង​ធំៗ​ដ៏ទៃ​ទៀត ​ពាសពេញ​ពិភពលោក។ ការ​ដើរ​ដង្ហែរ​ក្បួន​នេះ​ គឺ​ធ្វើឡើង​ ដើម្បី​ទាមទារ​ឲ្យ​មេ​ដឹក​នាំ​ពិភពលោក​ទាំងអស់ ​មូល​មតិ​គ្នា​ សម្រេច​ឲ្យ​បាន ​នូវ​កិច្ច​ព្រមព្រៀង ​ស្តី​ពី​អាកាសធាតុ ​ដែល​នឹង​ចាប់ផ្តើម​ធ្វើឡើង​ នៅ​ទីក្រុង​ប៉ារីស ​ចាប់​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ទៅ។ អនាគត​របស់​ភព​ផែន​ដី ​និង​មនុស្សជាតិ​ទាំងមូល​ រំពឹង​ទាំង​ស្រុង​លើ​កិច្ច​ព្រមព្រៀង​នេះ។ ក្រុង​ប៉ារីស ​ដែល​ទើបតែ​រង​ការ​វាយ​ប្រហារ​ភេរវកម្ម ​ដ៏​សាហាវ​កាល​ពី​២​សប្តាហ៍​មុន ​ កំពុង​ត្រៀម​ការពារ​សន្តិសុខ​យ៉ាង​តឹងតែង​ ដើម្បី​ការពារ​ថ្នាក់​ដឹកនាំ ​និង​មនុស្ស​ជិត​៣ម៉ឺន​នាក់​ ដែល​ចូលរួម​ជំនួប​កំពូល​នេះ។

 

មែលប៊ន តូក្យ៉ូ ញូយ៉ក ម៉ានីល

ក្រៅ​ពី​ក្បួន​បាតុកម្ម​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន ​ គឺ​នៅ​មាន​ការ​ដង្ហែរ​ក្បួន​របៀប​នេះ ​ ជាង​៥០​ កន្លែង​ នៅ​តាម​ប្រទេស​នានា​ទូទាំង​ពិភពលោក។ តួយ៉ាង ​នៅ​ទីក្រុង​តូក្យ៉ូ ​ទីក្រុង​សាវប៉ូឡូ ​ទីក្រុង​ឡុងដ៍ ​ ទីក្រុង​​មិចស៊ិកកូ​ ទីក្រុង​ញូដេលី ​និង​ទីក្រុង​ញូយ៉ក​ជាដើម។ ទំហំ​នៃ​ការ​ចូលរួម​ នៃ​ការ​ដើរ​ដង្ហែរ​ក្បួន​នេះ ​គឺ​វា​ខុសគ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ​តែ​បើ​តាម​ការ​សន្និដ្ឋាន​ គឺ​មួយៗ ​មាន​មនុស្ស​ចូលរួម ​មិន​តិច​ជាង​៥០០​នាក់​ទេ។

 
ការ​ដើរ​ដង្ហែរ​ក្បួន​នេះ ​បាន​ចាប់​ផ្តើម​មុន​គេ​នៅ​ប្រទេស​អូស្ត្រាលី ​នៅ​ទីក្រុង​មែលប៊ន ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​មាន​ការ​ចូល​រួម​ជា​ច្រើន​រាប់​ម៉ឺន​នាក់ ​ឯនោះ។ នៅ​ថ្ងៃ​សៅរ៍​នេះ ​មាន​ការ​ដង្ហែរ​ក្បួន​ផ្សេង​ទៀត ​នៅ​ទីក្រុង​ប៊្រីសបាន ភាគ​ឦសាន​អូស្ត្រាលី ​ដែល​ភាគ​ច្រើន​មាន​ការ​ចូលរួម​ពី ​អ្នក​តំណាង​ប្រជាជនជន​ជាតិ​ដើម​អូស្ត្រាលី ​និង​ប្រជាជន​ដែល​រស់នៅ​តាម​កោះ​នានា ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។
 

ក្បួនដង្ហែរ​នៅ​ទីក្រុង​តូក្យ៉ូ នាំ​មុខ​ដោយ ខ្លាឃ្មូំទឹកកក ដែលកំពុង​តែជិត​ផុត​ពូជ ​ដោយ​សារតែ​ផែនដី​ឡើង​កំដៅ​ធ្វើ​ឲ្យ​ មហា​សមុទ្រ​​ទឹកកក​រលាយ REUTERS/Thomas Peter

“ត្រូវការពារផ្ទះរបស់យើងទាំងអស់គ្នា!”
នៅ​ទីក្រុង​ម៉ានីល ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​បើ​តាម​ការ​ឲ្យ​ព័ត៌មាន​ ពី​នគរបាល​ហ្វីលីពីន​គឺ ​ មាន​មនុស្ស​ចូលរួម​ប្រហែល​ជា​៣ពាន់​នាក់។ អ្នក​ដែល​ចូលរួម​ គឺ​មាន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ​ មាន​អ្នក​តំណាង​ខាង​សាសនា ​ក្រុម​និស្សិត​ យុវជន​ និង​សកម្មជន​ការពារ​បរិស្ថាន​ទូទាំង​ប្រទេស​ហ្វីលីពីន​តែម្តង។ ក្រុម​អ្នក​ចូលរួម​ដង្ហែរ​ក្បួន ​ ​បាន​លើក​បដា​សរសេរ​ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​ពិភពលោក ​ ដែល​នឹង​ចូលរួម​សន្និសីទ​កំពូល​នៅ​ក្រុង​ប៉ារីស ​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ ​ ឲ្យ​ធ្វើ​យ៉ាង​ណា សម្រេច​ឲ្យបាន​កិច្ច​ព្រមព្រៀង​មួយ​ ដើម្បី​កាត់​បន្ថយ​ការ​កើនឡើង​កំដៅ​ផែនដី ​និង​ជួយ​ប្រទេស​ក្រីក្រ ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។ មាន​បដា​ខ្លះ​សរសេរ​ថា ​ “ត្រូវ​ការពារ​ផែនដី ​ដែល​ជា​ផ្ទះ​របស់​យើង​ទាំង​អស់​គ្នា”។
 
អ្នក​នាំពាក្យ​ចលនា​ប្រជាជន​អាស៊ី​ដើម្បី​ការ​អភិវឌ្ឍន៍ ​ ដែល​បាន​ចូលរួម​ក្នុង​ក្បួន​ដង្ហែរ​នៅ​នៅ​ទីក្រុង​ម៉ានីល ​ បាន​មាន​ប្រសាសន៍ ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ​ក្បួន​ដង្ហែរ​នេះ ​គឺ​ដើម្បី​ជា​សារ​ផ្ញើរ​ទៅ​កាន់ ​ពិភពលោក​ទាំងមូល ​និង​ជា​ពិសេស ​ថ្នាក់​ដឹកនាំ​គ្រប់​បណ្តា​ប្រទេស ​ ដែល​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​ប៉ារីស ​ទាំង​អស់​ថា ​ អាយុ​ជីវិត​របស់​មនុស្សជាតិ​​ទាំង​មូល ​គឺ​មិន​អាច​យក​មក​តថ្លៃ​គ្នា​បាន​ទេ។ ជោគ​ជ័យ​របស់​សន្និសិទ​កំពូល ​COP21 ​នៅ​ទីក្រុង​ប៉ារីស​ គឺ​ជា​រឿង​មិន​អាច​ខកខាន​បាន​ទេ ​ព្រោះ​វា​ជា​​វាសនា​របស់​យើង​ទាំង​អស់​គ្នា។
 
ប្រជាជនហ្វីលីពីនរងគ្រោះខ្លាំងជាងគេ៖

ទឹកជំនន់ នៅ​ភាគ​ខាងជើងហ្វីលីពីន តំបន់ Zaragoza ថ្ងៃ​ ២០ តុលា ២០១៥ REUTERS/Erik De Castro

ប្រជាជន​ហ្វីលីពីន ​គឺ​ជា​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ ​ ដោយសារ​តែ​ការ​កើនឡើង​នូវ​កំដៅ​ផែនដី​ ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​ឯង។ ដូច​យើង​ទាំង​អស់​គ្នា​ដឹង​ស្រាប់​ហើយ ​ មួយ​ឆ្នាំៗ ​ ខ្យល់​ព្យុះ​ទីហ្វុង ​ ខ្យល់​គួច ​ ភ្លៀង​ខ្លាំង​បង្ករ​ជា​ទឹក​ជំនន់ ​ បាក់ដី ​ស្លាប់​ប្រជាជន​ហ្វីលីពីន​រាប់​ពាន់​នាក់។ នេះ​គឺ​ដោយសារ​ហ្វីលីពីន ​ជា​ប្រជុំ​កោះ ​ស្ថិត​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​ហើយ​នៅ​ចំ​ពី​មុខ​ ចំណុច​គ្រោះ​ថ្នាក់​តែ​ម្តង។ ចំណុច​គ្រោះថ្នាក់​នេះ ​ គឺ​កើតឡើង​ ដោយសារ​សីតុណ្ហភាព​ផែនដី​ឡើង​ក្តៅ ​នាំ​ឲ្យ​ទឹក​សមុទ្រ​ឡើង​កំដៅ​ បញ្ចេញ​ចំហាយ​កាន់​តែ​ខ្លាំង​ ដូច្នេះ បណ្តុំ​ចំហាយ​ក្តៅ​ នៅ​ពីលើ​លំហ​សមុទ្រ​កាន់តែ​ក្រាស់ ​បង្ករ​ជា​ខ្យល់ ​និង​ភ្លៀង​កាន់តែ​ខ្លាំង។
 
តាមពិត ​ប្រទេស​ទាំងអស់ ​នៅ​ទូទាំង​ពិភពលោក ​ អ្នកណា ​ក៏​ទទួល​សំពាធ​ ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​ដែរ។ ជាក់​ស្តែង​ប្រទេស​កូនកោះ​ នៅ​តាម​សមុទ្រ ​កំពុង​តែ​ព្រួយ​បារម្ភ​ ព្រោះ​មិន​ត្រឹមតែ​អាកាសធាតុ​ប្រែប្រួល​ទេ​ តែ​ទឹក​សមុទ្រ​កាន់តែ​ឡើង​ខ្ពស់ ​អាច​ពន្លេច​ពួក​គេ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។ ប្រទេស​ដែល​រងគ្រោះ​ជាង​គេ ​គឺ​ប្រទេស​ក្រីក្រ​តែ​ម្តង។ ព្រោះ​មិន​ត្រឹម​តែ​សេដ្ឋកិច្ច​មិន​រីក​ចម្រើន ​ជីវភាព​ប្រជាជន​មាន​ការ​លំបាក​ហើយ ​ហើយ​ត្រូវ​ប្រឈមមុខ​ និង​គ្រោះ​រាំងស្ងួត ​ទឹក​ជំនន់ ​ខ្យល់ព្យុះ​សព្វ​បែប​យ៉ាង​ទៀត។
 
កាត់​បន្ថយ​ឧស្ម័នពុល ​និង​ជួយ​ប្រទេស​ក្រីក្រ៖
កម្មវត្ថុ​នៃ ​សន្និសីទ​កំពូល​ នៅ​ទីក្រុង​ប៉ារីស​នេះ ​ គឺ​ធ្វើ​យ៉ាងណា ​ឲ្យ​ប្រទេស​ទាំង​អស់​សន្យា​រួម​គ្នា ​ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នពុល ​ដែល​ជា​មូលហេតុ​ចំបង​ នៃ​ការ​កើនឡើង​សីតុណ្ហភាព​របស់​ផែនដី។ ក្នុង​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយ​នេះ  ​ផែនដី​យើង ​ឡើង​កំដៅ​លឿន​ណាស់ ​ដូច្នេះ ​គេ​ត្រូវ​ទប់​ពី​នេះ​ ដល់​ឆ្នាំ​២០៣០​ កុំ​ឲ្យ​វា​ឡើង​លើស​ពី​ ២​អង្សាសេ។
 
ការ​សន្យា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នពុល​ ពី​សំណាក់​ប្រទេស​អភិវឌ្ឍន៍​ធំៗ​ វា​ជា​ចំណុច​មួយ​សំខាន់​ណាស់​ ក្នុង​សន្និសីទ​នេះ ​ក៏​ប៉ុន្តែ​ចំណុច​មួយ​ទៀត​ក៏​សំខាន់​ដែរ​ គឺ​ការ​ជួយ​ប្រទេស​ក្រីក្រ ​ ប្រទេស​កំពុង​អភិវឌ្ឍន៍ ​កុំឲ្យ​កាប់​បំផ្លាញ​ព្រៃឈើ ​កុំ​ឲ្យ​ប្រើប្រាស់​ថាមពល​ ដែល​បញ្ចេញ​ផ្សែង​ពុល​ច្រើន​ពេក ​ហើយ​ងៀក​មក​ចាប់​យក​គំរូ​អភិវឌ្ឍន៍​ ដោយ​គោរព​ធម្មជាតិ ​ដូចជា​ការ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ ​ ការ​ប្រកប​របរ​កសិកម្ម​ដោយ​មិន​ប្រើ​សារធាតុ​គីមី​ជាដើម។ ទាំងនេះ​គឺ​ត្រូវ​ការ​ឲ្យ​មាន​កញ្ចប់​ថវិកា​មួយ​ជួយ​ប្រទេស​ក្រីក្រ ​​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ ព្រោះថា​មិន​ស្រួល​ចាយ​លុយ​អស់​ តែ​គ្មាន​បាន​លទ្ធផល ​ដោយសារ​តែ​លុយ​ត្រូវ​ចូល​ហោប៉ៅ ​ពួក​មន្ត្រី​ពុក​រលួយ​ នៅ​តាម​ប្រទេស​ក្រីក្រ​ទាំង​នោះ។
 
ក្រុង​ប៉ារីស​ ត្រៀម​ការពារ​សន្តិសុខ​មនុស្ស​ជិត​៣ម៉ឺន​នាក់៖

កង​ការពារ​សន្តិសុខ​បារាំង​ កំពុង​ដើរ​យាម ​នៅ​ទីលាន​សារមន្ទីរ Louvre សារមន្ទីរធំជាងគេបង្ហោះ​លើ​ពិភព​លោក និង​ភ្ញៀវ​ទស្សនា​​រាប់​ពាន់​នាក់​ ក្នង​​មួយថ្ងៃៗ​ REUTERS/Charles Platiau TPX IMAGES OF THE DAY

បើ​យោង​តាម​ក្រសួង​មហាផ្ទៃ​បារាំង ​បាន​ឲ្យ​ដឹង​ថា ​ កង​កម្លាំង ​ចំនួន​ ៨ពាន់​នាក់ ​នឹង​ត្រូវ​ដាក់​ពង្រាយ ​ដោយ​ក្នុង​នោះ ​២៨០០​នាក់ ​នឹងនៅ​ការពារ​ នៅ​ទីតាំង​ Bourget​ ភាគ​ខាង​ជើង ​ក្រុង​ប៉ារីស ​ដែល​ជា​ទីកន្លែង​ប្រព្រឹត្តិ​ទៅ​នៃ​សន្និសីទ​នេះ។ ចំណែក​ ៦៣០០​នាក់​ទៀត ​ នឹង​ដាក់​ពង្រាយ​​ក្នុង​ក្រុង​ប៉ារីស ​ដើម្បី​ការពារ​សន្តិសុខ​ របស់​មន្ត្រី ​គណៈប្រតិភូ​ ​បរទេស​ទាំង ​១៩៥​ប្រទេស ​ដែល​នឹង​ចូលរួម​សន្និសីទ​នេះ។
 
បើ​តាម​តួលេខ ​គឺ​មាន​មនុស្ស​ចូលរួម​ប្រហែល​១ម៉ឺន​នាក់ ​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​​ ដែល​ជា​គណៈប្រតិភូ​តំណាង​ប្រទេស​ទាំងអស់​ ហើយ​មាន​ ១ម៉ឺន​៤ពាន់នាក់​ ជា​អ្នក​តំណាង​អង្គការ​សង្គម​ស៊ីវីល ​ទូទាំង​ពិភពលោក ​និង​អ្នក​កាសែត​ជាតិ​អន្តរជាតិ ​ចំនួន​ ៣ពាន់​នាក់​ផងដែរ។
 
ផ្លូវ​សំខាន់ៗ ​នៅ​ខាង​លិច​ក្រុង​ប៉ារីស ​ត្រូវ​បាន​បិទ ​ចំណែក​ប្រពន្ធ័​ដឹក​ជញ្ជូន​សាធារណៈ​ក៏​អាច​នឹង​ជួប​ការ​កកស្ទះ​ផង​ដែរ។ សាលា​ក្រុង​ប៉ារីស​ បាន​ជូន​ដំណឹង​ ឲ្យ​អ្នក​ដំណើរ​ មាន​ការ​ប្រុង​ប្រយត្ន័ ​បើ​អាច​ចៀស​បាន​ នៅ​ថ្ងៃអាទិត្យ​ និង​ថ្ងៃ​ចន្ទ​នេះ ​បើ​គ្មាន​ការ​ចាំបាច់ ​គឺ​មិន​បាច់​ធ្វើ​ដំណើរ​ ទៅ​ណា​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ