អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សករាជថ្មី នៃសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាង រុស្ស៊ី និង ឥណ្ឌា

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមសេចក្តីអញ្ជើញ​នៃ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិន្ត្រ ម៉ូឌី បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​ពីរ​ថ្ងៃ​នៅ​រុស្ស៊ី គឺ​ថ្ងៃ​ទី២៣ និង ២៤ ធ្នូ​កន្លងទៅ។ ជា​លទ្ធផល​នៃ​កិច្ចចរចា ​នៅ​វិមាន​ក្រេមឡាំង​ក្រុង​ម៉ូស្គូ យប់មិញ មាន​ចុះ​បាន​កិច្ចព្រមព្រៀង ក្នុង​ទឹកប្រាក់​រាប់​ម៉ឺន​លាន​ដុល្លារ ប៉ះ​លើ​វិស័យ​ថាមពល​បរមាណូ វិស័យ ប្រេង​និង​ឧស្ម័ន និង​ផ្នែក​លក់​គ្រឿងបច្ចេកទេស​យោធា​រុស្ស៊ី ទៅ​ឥណ្ឌា។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi REUTERS/Ahmad Masood
ផ្សាយពាណិជ្ជកម្ម

ក្នុង១៥ឆ្នាំចុងក្រោយ ជំនួបកំពូល​ឥណ្ឌា-រុស្ស៊ី តែង​ប្រព្រឹត្ត​ទៅ​រៀងរាល់​ឆ្នាំ មិន​ដែល​អាក់ខាន​ទេ សម្រាប់​សម្គាល់​ទំនាក់ទំនង​រវាង​មហាប្រទេស​ទាំងពីរ ដែល​ត្រូវ​គូ​ភាគី សន្និដ្ឋាន ថា​ជា ​ដៃគូ​យុទ្ធសាស្ត្រ​នឹង​គ្នា​តាម​គ្រប់​មុខ​ព្រួញ។  

 
នាយករដ្ឋមន្ត្រី​ឥណ្ឌា​បច្ចុប្បន្ន លោក ណារិន្ត្រ ម៉ូឌី ធ្លាប់​បាន​ជួប​សន្ទនា ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន តែ​ក្នុង​បរិវេណ​នៃ​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​នានា ប៉ុន្តែ​មិន​ធ្លាប់​បាន​អញ្ជើញ មក​ធ្វើ​ទស្សនកិច្ចនៅ​ប្រទេស​រុស្ស៊ី​ទេ ហើយ​ទស្សនកិច្ច​នេះ​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ម៉ូស្គូ ចង្អុល​ឲ្យ​ឃើញ​ថា​ជា​ទស្សនកិច្ច “ផ្លូវការ” និង​ដែល​អម​ដំណើរ ដោយ​ពួក​ថៅកែ​គ្រាក់ៗ​នៃ​ប្រទេស​ឥណ្ឌា ដើម្បី​ចូលខ្លួន​មក​ទទួល​យក​កន្លែង​ណា ដែល​នៅ​ទំនេរ ក្រោយពី​ពួក​ធុរជន​ជាតិ​តួកគី និង បណ្តា​ប្រទេស​សហភាព​អឺរ៉ុប បាន​ដក​ខ្លួន​ចេញ​ពីរុស្ស៊ី​ទៅ។

ដោយស្វាគម ប្រមុខរដ្ឋាភិបាល​ឥណ្ឌា នៅ​វិមាន​ក្រេមឡាំង លោក​ពូទីន ចាត់ទុក​សហប្រតិបត្តិការ រវាង​រុស្ស៊ី​និង​ឥណ្ឌា មិន​គ្រាន់​តែ​ជា​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ នឹង​គ្នា​ប៉ុណ្ណោះទេ តែ​គឺ​ផ្តិត​ជាប់​ដោយ​អាទិភាព។ តាម​លោក​ពូទីន ទំនាក់ទំនង​រុស្ស៊ី-ឥណ្ឌា ចេះតែ​លូតលាស់​ទៅ តាម​គ្រប់​មុខ​ព្រួញ គឺ​ទាំង​វិស័យ​នយោបាយ ទាំង​ផ្នែក​សេដ្ឋកិច្ច ទាំង​ការសម្របសម្រួល​សកម្មភាព​គ្នា លើ​ឆាក​អន្តរជាតិ។  

លោកណារិនដ្រា ម៉ូឌី ពី​ចំណែក​គាត់ បាន​ថ្លែង​ទៅ​លោក​ពូទីន​ថា ឥណ្ឌា ក្នុង​ការដោះស្រាយ​បញ្ហា​អន្តរជាតិ សព្វថ្ងៃ​មាន​ប្រទេស​រុស្ស៊ី ជា​មិត្ត​ដ៏​ជំនិត និង​យ៉ាង​កក់ក្តៅ។ ក្នុងគ្រា​ដ៏​លំបាក ប្រទេស​ទាំងពីរ តែង​ស្ថិត​នៅ​ជាមួយ​គ្នា។ ទំនាក់ទំនង​យើង​ក្លាយ​ជា​យុទ្ធសាស្ត្រ​មែន​ពិត។ ជំនួបកំពូល​មួយ​ឆ្នាំ​ម្តងៗ ហុច​លទ្ធភាព​ដល់​យើង​ឲ្យ​បំផុសបំផុល​ទំនាក់ទំនង​ទ្វេភាគី បាន​យ៉ាង​លឿន ឲ្យ​អនុម័ត​សេចក្តី​សម្រេច​ដ៏​សំខាន់ៗ បាន​ទាន់​ពេល​វេលា ដូច​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​ទៅ ពេល​ដែល​ឯកឧត្តម​បាន​បំពេញ​ទស្សនកិច្ច នៅ​ឥណ្ឌា​ក្នុង​ឆ្នាំ​មុន។  

បើនិយាយពី វិស័យ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ នោះ​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម រវាង​រុស្ស៊ី​និង​ឥណ្ឌា បាន​មាន​ទឹកប្រាក់ ៩.៥០០​លាន​ដុល្លារ ដែល​ពី​ក្នុង​នោះ​រុស្ស៊ី​បាន​លក់ ទៅ​ឥណ្ឌា គឺ​ក្នុង​ទឹកប្រាក់ ៦.៣០០​លាន​ដុល្លារ ហើយ​ទិញ​ពី​ឥណ្ឌា​មក​វិញ គឺ​៣.២០០​លាន​ដុល្លារ។  
គូ​ភាគី​ដាក់​ទិស​បង្កើន​ទំហំ​នេះ លុះ​ទាល់​តែ​សមស្រប​នឹង​សក្តានុពល​មហាប្រទេស​ទាំងពីរ។

ហំហួនជាង គឺ​វិស័យ​ថាមពល​បរមាណូ ៖ នៅ​ឯ​ខេត្ត Tamilnad ប៉ែក​ខាង​ត្បូង​ឥណ្ឌា មាន​ដាក់​ឲ្យ​ដំណើរការ​ទៅ​ហើយ​ស្ថានីយ​អគ្គីសនី​ឈ្មោះ Kudankulam ដើរ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ កម្លាំង ១.០០០ Megawatt។ កាលពី​ខែ​មេសា​ឆ្នាំ​មុន ភាគី​ឥណ្ឌា បាន​ចុះ​ជាមួយ​ទីភ្នាក់ងារ​បរមាណូ​រដ្ឋ​រុស្ស៊ី RosAtom ដើម្បី​សង់​ឡើង​ជា​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ បន្ថែមទៀត រ៉េអាក់ទ័រ​ទី​២ ជិត​ដំណើរការ​ទៅ​ដែរ និង​ទី​៣ កំពុងសង់​ឡើង​មាន​កម្លាំង​សុទ្ធតែ​១.០០០ Megawatt ក្នុង​តម្លៃ ៦.៤០០​លាន​ដុល្លារ ដែល​ពី​ក្នុង​នោះ ៣.៤០០លាន​ដុល្លារ ជា​ឥណទាន​ផ្តល់​ឲ្យ​ខ្ចី​ដោយ​រុស្ស៊ី។

ឥឡូវ បន្តប្រព្រឹត្តទៅ កិច្ចចរចា​ដើម្បី​សង់​ឡើង​ជា​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ទី​៤ និង​ ទី៥។ អស់​ទាំង​នេះ គឺ​ក្នុងក្របខ័ណ្ឌ​នៃ​ពិធី​សារ ដែល​មាន​ចុះ​ក្នុង​ដំណើរ​ទស្សកិច្ច​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន នៅ​ឥណ្ឌា កាលពី​ថ្ងៃ​១១​ធ្នូ​ឆ្នាំ​២០១៤។ ពីធីសារ​នោះ ប្រមើល​សង់​ឲ្យ​បាន​សរុប​ទៅ រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ចំនួន​ដល់​ទៅ១២ ក្នុង​២០​ឆ្នាំ​ទៅ​មុខ សម្រាប់​បំពេញ​ដល់​តម្រូវការ​នៃ​បណ្តាជន​ឥណ្ឌា ដែល​ឡើង​ដល់ ១.២០០​លាននាក់​ទៅហើយ។

ខាងផ្នែកយោធា-បច្ចេកទេស តាម​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីនេះ បង្ហើប​ឲ្យ​ដឹង តាំងពី​ក្នុង​ឆ្នាំ​២០០២​ម៉្លេះ មាន​ចុះ​បាន​កុងត្រា​សម្រាប់​លក់​ទៅ​ឲ្យ​ឥណ្ឌា គឺ​យន្តហោះ​ប្រដេញ​រុស្ស៊ី ធុន Sukhoi -30ហៅ​កាត់ថា Su-30 ចំនួន ២៧២ គ្រឿង តាម​វិធី​បញ្ជូន​ទៅ​នូវ​គ្រឿង​ផ្សំ​វា​ពីរុស្ស៊ី យក​ទៅ​ផ្គុំ​ដំឡើង​នៅ​តាម​រោងចក្រឥណ្ឌា Hindustan Aeronautics Limited។ គិត​មក​ទល់​ឥឡូវ តាម​ប្រសាសន៍​លោក​ពូទីន មាន​ផ្គុំ​ដំឡើងបាន​ជាង​២០០​គ្រឿង​ហើយ ហើយ​សល់​ប្រមាណ ៦០​គ្រឿង ឥណ្ឌា នឹង​ទទួល​បាន សព្វគ្រប់ ក្នុង​ឆ្នាំ២០១៨។ ជាការកត់​សម្គាល់ ក្នុង​ឆ្នាំ ២០១៤ ពេល​ធ្វើ​លំហាត់​ប្រយុទ្ធ ជាមួយ​យន្តហោះ​អង់គ្លេស ធុន​Eurofighter ពីឡុត​ឥណ្ឌា ដែល​បើក​យន្តហោះ​រុស្ស៊ី Su-30 បាន​ប្រជែង​ឈ្នះ​យន្តហោះ​អង់គ្លេស​នោះ ដោយ​ពិន្ទុ ១២ ទល់​នឹង​សូន្យ។  

ក្នុងទឹកប្រាក់ រាប់ម៉ឺនលានដុល្លារ នៃ​កិច្ចព្រមព្រៀង​ចុះ​យប់​មិញ តាម​ប្រសាសន៍​លោក​ ពូទីន គឺ​មាន​ការលក់​ទៅ​ឲ្យ​ឥណ្ឌា ដោយ​រុស្ស៊ី​នូវ​ប្រេង​ឆៅ​បរិមាណ ១០​លាន​តោន ក្នុង​១​ឆ្នាំៗ សម្រាប់​អំឡុងពេល ១០ឆ្នាំ​ទៅ​មុខ។  

ចំណែកកុងត្រាក្នុងតម្លៃ ៤​ពាន់​៥​រយ​លាន​ដុល្លារ នៃ​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែន​អាកាស​ទំនើប​បំផុត របស់​រុស្ស៊ី​ធុន S-400 ចំនួន​៥ ប្រព័ន្ធ​ដែល​ឥណ្ឌា​តែង​លេប​ទឹក​មាត់​ចង់​បាន ក្រោយ​ពី​ឃើញ​រុស្ស៊ី​បាន​លក់​វា​ទៅឲ្យ​ចិន​ប៉េកាំង​ទៅហើយ គឺ​នៅ​មិន​ទាន់​ចុះ​ទេ។

គួរនិយាយថា ឥណ្ឌាបាន​ចាប់ផ្តើម​ទិញ​អាវុធ​រុស្ស៊ី គឺ​តាំងពី​ជាង​កន្លះ​សតវត្ស​មុន​ម៉្លេះ ពោល​គឺ ​ពី​ឆ្នាំ ១៩៦១ មក​លុះ​ទាល់​តែ​បច្ចុប្បន្ន សព្វាវុធ​ឥណ្ឌា​ក្នុងទំហំ​ដល់​ទៅ​៨០% ជា​ផលិតផល​សូវៀត និង​រុស្ស៊ី។

ក្នុងជំនួបជាមួយ​ពួក​អ្នក​តំណាង​មជ្ឍដ្ឋាន Business ឥណ្ឌា  លោក​ពូទីន អំពាវនាវ​​ឲ្យ​ពង្រីក​ផលិតផល​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ផ្ទាល់ ដោយ​សន្យា​សម្រួល​សម្រាប់​គេ នូវ​របប​ទទួល​ទិដ្ឋាការ។

លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិន្ត្រ ម៉ូឌី បាន​ថ្លែង​យប់​មិញ​ថា ទស្សនកិច្ច​របស់​គាត់​នៅ​រុស្ស៊ី បាន​ចប់ទៅ​ប្រកប​ដោយ​ផ្លែផ្កា​គួរ​ឲ្យ​សោមនស្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ