អានតួអត្ថបទ

នុយក្លេអ៊ែរកូរ៉េខាង​ជើង ៖ តើ​អ្វី​ទៅ​ជា​គ្រាប់​បែក​អ៊ីដ្រូសែន ?

អ្វី​ដែល​អគ្គមគ្គុទេសក៍​កូរ៉េខាងជើង​បាន​ធ្លាប់​ព្រលយ​កាលពី​ខែ​ធ្នូ បានក្លាយ​ជា​សកម្មភាព​ជាក់​ស្តែង​ហើយ ! របប​ព្យុងយ៉ាង​បានបាញ់​សាកល្បង​ប្រកប​ដោយ​ជោគ​ជ័យ ជា​លើក​ទី​មួយ​ ​គ្រាប់​បែក​អ៊ីដ្រូសែន។ ប្រសិន​បើ​ជា​ព័ត៌មាន​ពិត នោះ​មាន​ន័យ​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​បាន​ ​អភិវឌ្ឍន៍​ខ្លាំង​​ឆ្លងដំណាក់​កាលដ៏​សំខាន់​មួយ។ សហគមន៍​អន្តរជាតិ ទាំង​មូល ​ផ្តើម​ដោយ​កូរ៉េខាង​ត្បូង​និង​ជប៉ុន នាំ​គ្នា​ថ្កោល​ទោស​ព្យុងយ៉ាង​​ដោយ​គ្មាន​បង្អង់​មួយ​នាទី។ សហរដ្ឋ​អាមេរិក​សន្យា​ដាក់​ទណ្ឌកម្ម​ឱ្យ​សម​នឹង​ទង្វើ។ សូម្បី​តែ​ចិន សម្ព័ន្ធ​មិត្តចាក់​ទឹក​មិនលេច​របស់​កូរ៉េខាង​ជើង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ប្រឆាំង​ដាច់​ខាត​នឹង​ការ​សាកល្បង​នេះ។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​បើក​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​ពុធ​នេះ។

ហាង​លក់​ទូរទស្សន៍​នៅ​សេអូល​កូរ៉េខាង​ត្បូង បង្ហាញ​រូបភាព​បាញ់​សាកល្បង​គ្រាប់​បែកអ៊ីដ្រូសែន​​របស់​ព្យុងយ៉ាង ថ្ងៃទី ៦ មករា ២០១៦
ហាង​លក់​ទូរទស្សន៍​នៅ​សេអូល​កូរ៉េខាង​ត្បូង បង្ហាញ​រូបភាព​បាញ់​សាកល្បង​គ្រាប់​បែកអ៊ីដ្រូសែន​​របស់​ព្យុងយ៉ាង ថ្ងៃទី ៦ មករា ២០១៦ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​ទី​៦ មករា​នេះ កូរ៉េខាង​ជើង បាន​ប្រកាស​បាញ់​សាកល្បង ជា​លើកទី​មួយ និង​ដោយ​ជោគជ័យ​ គ្រាប់​បែក​អ៊ីដ្រូសែន។ ការ​រញ្ជួយ​ដី ក្នុង​កំរិត​ ៤​ទៅ​៥ វ៉ិចទ័រ នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស អាច​បញ្ជាក់​អំពី​សកម្មភាព​សាកល្បង​នុយក្លេអ៊ែរ​នេះ​ ដែល​ប្រព្រឹត្ត​ទៅ​​នៅ​​មជ្ឈមណ្ឌល​ចំណាស់​ជាង​២០​ឆ្នាំ Punggye-ri ​ចម្ងាយ​ប្រមាណ​តែ​១០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ប្រទេស​ចិន និង​២០០​គីឡូម៉ែត្រ​ពី​ព្រំ​ប្រទល់​ប្រទេស​រុស្ស៊ី។

 
តើ​អ្វី​ជា​គ្រាប់​បែក​អ៊ីដ្រូសែន ?

គ្រាប់​បែក​អ៊ីដ្រូសែន គឺ​ជា​គ្រាប់​បែក​នុយក្លេអ៊ែរ ដែល​អាច​ផ្ទុះ​​នៅ​ពេល​មាន​រំលាយ​ចូល​គ្នា​នៃ​ស្នូល​​ស្រាលបំផុតរបស់​ធាតុគីមី។ មានកម្លាំង​បំផ្ទុះ និង​អំណាច​ខ្លាំង​ជាង​គ្រាប់​បែបរមាណូ របស់​អាមេរិក ទម្លាក់​លើ​ក្រុង​អូគីណាវ៉ា និង​ណាវ៉ាស្ហាគី កាលពី​ឆ្នាំ​១៩៤៥​ទៅ​ទៀត។ 

គ្រាប់​បែក​អ៊ីដ្រូសែន​ ឬ​គ្រាប់​បែក H គឺ​ជា​មាន​ពីរ​ជាន់ មួយ​គឺ​ជា​គ្រាប់​បែក​នុយក្លេអ៊ែរ​សាមញ្ញ(អាតូម) ​ ​ដែល​មាន​ផ្ទុក​ ជាតិភ្លុយតូនីញ៉ូម និង​មួយ​វគ្គ​ទៀត ជា​ក្បាល​ចំហេះដំណើរ​ការ​ដោយ​ចំហាយទឹក​ក្តៅ​។​ ពុំ​ទាន់​មាន​នរណា​ប្រើ​គ្រាប់បែក​H នេះ​ ក្រៅ​ពី​ដើម្បី​ធ្វើ​តេស្ត​សាកល្បង​ទេ។ អាវុធ​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក និង​ទំនង​ជា​រុស្ស៊ី​ដែរ គឺ​ប្រើ​បច្ចកវិទ្យា​អ៊ីដ្រូសែន​នេះ។ 

ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នក​វិភាគយល់​ថា​ ប្រសិន​បើ​ការ​បាញ់​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូសែន ពិត​ជា​បាន​ទទួល​ជោគជ័យ​មែន នោះ​មាន​ន័យ​ថា កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាង​ជឿន​លឿន​ទៅ​មុខ​ខ្លាំង​មែន​ទែន ! ព្រោះ​ថា ការ​បាញ់​សាកល្បង​ បី​លើក​មុន នៅ​ឆ្នាំ​២០០៦ -២០០៩ ជា​គ្រាប់​បែកដែល​ប្រើ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​បំបែក​ធាតុ​បំផ្ទុះ​អាតូម និងនៅ​​ឆ្នាំ​២០១៣ ជា​ក្បាល​​គ្រាប់​នុយក្លេអ៊ែរ ទំហំ​តូច​និង​ស្រាល។ ក្បាល​គ្រាប់ ​តូច ជា​ដំណាក់កាល​ចុង​ក្រោយ​ដ៏​សំខាន់​ សម្រាប់​យក​ទៅ​បំពាក់​លើមីស៊ីល។

កូរ៉េខាង​ជើង ​ ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ ​ ?!

បើ​តាមការប្រកាស​ព័ត៌មាន នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​ជាតិ​កូរ៉េខាង​ជើង ពិធីការិនី បាន​ប្រើ​ពាក្យ​ថា ៗ​ "ជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ! កូរ៉េខាង​ជើង​​​បាន​ចូល​ទៅ​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ​ជឿនលឿន” កូរ៉េខាង​ជើង​មាន​គ្រាប់​បែក​អ៊ីដ្រូសែន ទំហំ​តូច​បំផុត។

បើ​និយាយ​អំពី​ផ្នែក​បច្ចេកវិទ្យា​វិញ ព្យុងយ៉ាង​អភិវឌ្ឍខ្លួន​បាន​លឿន បើ​ប្រៀប​ទៅ​នឹង​ការ​សាកល្បង​បី​លើក​ដំបូង ដែលទំនង​ជា​គ្រាប់​បែក​ភ្លុយតូនីញ៉ូម និង​អ៊ុយរ៉ានីញ៉ូម​កាលពី​ឆ្នាំ​២០១៣​។ ប៉ុន្តែកូរ៉េខាង​ជើង​មិន​មែន ​ឬ​​មិន​ទាន់​ត្រូវ​បាន​ចាត់​ទុក​ជា​មហាអំណាច​នុយក្លេអ៊ែរទេ ព្រោះ​ព្យុងយ៉ាង អាច​ផលិត​ក្បាល​គ្រាប់ និង​គ្រាប់​បែក​នុយក្លេអ៊ែរ​បាន​មែន ​តែ​​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​អាច​ផលិត​មីស៊ីសបាលីស្ទីក​។​
 

រូបភាពបង្ហាញ​ពី​ការ​រញ្ជូយ​ដី​ ក្នុង​ពេល​កូរ៉េខាង​ជើង​បាញ់​សាកល្បង​នុយក្លេអ៊ែរ
រូបភាពបង្ហាញ​ពី​ការ​រញ្ជូយ​ដី​ ក្នុង​ពេល​កូរ៉េខាង​ជើង​បាញ់​សាកល្បង​នុយក្លេអ៊ែរ © Reuters

ព្យុងយ៉ាង​បានផ្តើម​បច្ចេកវិទ្យា​នុយក្លេអ៊ែរ បែប​អាតូម ទទួល​កេរ្ត៍​ពី​សហភាព​សូវៀត​ តាំង​ពី​អំឡុង​ឆ្នាំ​១៩៥០-១៩៦០មក រួច​បន្ត​អភិវឌ្ឍន៍​ដោយ​លួច​លាក់​កម្មវិធី​នុយក្លេអ៊ែរ​យោធា ចាប់​ពី​ដើម​ឆ្នាំ​១៩៨០។ លូតលាស់​បន្តិច​ម្តង​ៗ រហូត​ចេះ​ចម្រាញ់​ធាតុ​ភ្លុយតូនីញ៉ូម​ និង​បាន​សម្រេច​ជា​លើក​ដំបូង​ការ​សាកល្បង​នុយក្លេអែរ​នៅ​ឆ្នាំ​២០០៦។

ប៉ុន្តែ​អ្នក​ឯកទេស​នៅ​តែ​សង្ស័យ​នៅ​ឡើយ អំពី​ជោគជ័យ​នៃ​ការ​សាកល្បង​ថ្ងៃ​នេះ​។ ​បើ​មើលទៅ​ភាព​រង្គើរញ្ជួយ​ដី​ពេល​បាញ់​បំផ្ទុះ​គ្រាប់​បែក​ គឺ​នៅ​ខ្សោយ​ជាង​គ្រាប់​បែក​អ៊ីដ្រូសែន​ធម្មតា​​ខ្លាំង​ណាស់។ ដូច្នេះ​គេ​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​​ថ្ងៃ​ទៀត ដើម្បី​ផ្ទៀង​ផ្ទាត់ សេចក្តី​ប្រកាស​របស់ព្យុងយ៉ាង។

ជ្រើសរើស​ពេល​សាកល្បង ដើម្បី​បញ្ជាក់​អំណាច​

ការ​បាញ់​សាកល្ប​ង ដែល​បញ្ជា​ផ្ទាល់​ដោយ​លោក គីម ជុង​អ៊ុន ប្រព្រឹត្ត​ទៅ​តែ​​ពីរ​ថ្ងៃ​មុន​ខួប​កំណើត​ មិន​មែន​ជា​ការ​ចៃដន្យ​ទេ ! ក្រៅ​អំពី​បំណង​ធំចង់​​បង្ហាញ​ជូន​ពិភពលោក​ថា​កូរ៉េខាង​ជើង​​ចេះ​និង​សម្រេច​បាន​នូវ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ ផលិត​បាន​គ្រាប់​បែកអ៊ីដ្រូសែន​​ដ៏​កាច​សាហាវ​បែប អគ្គមគ្គុទេសក៍​ដ៏​ក្មេង​ខ្ចី​របស់​ព្យុងយ៉ាង​ ចង់​ប្រើ​ការ​សាកល្បង​នុយក្លេអ៊ែរ​នេះ ដើម្បីពង្រឹង​ភាព​ជា​មេដឹកនាំ ជា​អ្នក​កាន់​អំណាច នា​ឱកាស​ដែល​​សមាជ​បក្ស ជិត​ខិត​មក​ដល់​នៅ​ខែ​ឧសភា​ខាង​មុខ។ សូមបញ្ជាក់​ថា​ តាំង​ពី​ឡើង​កាន់​អំណាច​មក លោក គីមជុងអ៊ុន មិន​ទាន់​បាន​បង្ហាញ​ជោគជ័យ​អ្វី​មួយ​ឱ្យ​ប្រទេស និង ​​មោទនភាពជូន​ព្រលឹង​​ជីតា គីមអ៊ីលស៊ុង ​និង​ឪពុក គីមជុងអ៊ីល​ ​នៅ​ឡើយ​ទេ។​ 

ម្យ៉ាង​វិញ​ទៀត លោក​ គីមជុង​អ៊ុន ទំនង​ជា​គិត​ថា​ថ្ងៃ​នេះ​ជា​ឱកាស​ល្អ​ ព្រោះ​អាមេរិក​ និង​សហគមន៍​អន្តរជាតិ​ កំពុង​ជាប់​រវល់​វីវក់​នឹង​វិបត្តិ​នៅ​ស៊ីរី អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត/អ៊ីរ៉ង់។ ហើយ​ងាក​ទៅ​ខាង​ចិន​វិញ លោក​ស៊ីជិនពីង ក៏​កំពុង​ខ្វាយ​ខ្វល់​ខ្លាំង​នឹង​បញ្ហា​ផ្ទៃក្នុង​ប្រទេស សេដ្ឋកិច្ច​ជាតិ​កំពុង​ជួប​ការ​លំបាក​...

ប្រតិកម្ម​និង​ផលវិបាក​អន្តរជាតិ
 

ក្រុម​អ្នក​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​មិន​ទាន់​ជឿ​ជាក់​ទាំង​ស្រុង​លើ​ជោគជ័យ​នៃ​ការ​បាញ់​សាក​ល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាង​ជើង ប្រកាស​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ៦​មករា​នេះ​ទេ ប៉ុន្តែ​ការ​បរិហារ​ថ្កោល​ទោស​មាន​កាន់​តែ​ច្រើន​ៗ មក​ពី​គ្រប់​ជ្រុង​ គ្រប់​និន្នាការ​នយោបាយ​លើ​ពិភពលោក។

ប្រតិកម្ម​បាន​ធ្លាក់​មក​ដោយ​គ្មាន​បង្អង់​មួយ​នាទី​ទេ ! គ្រាន់​តែ​បាន​ទទួល​ដំណឹង​បាញ់​សាកល្បង​ភ្លាម ជប៉ុន​និង​កូរ៉េខាង​ត្បូង​ បាន​ចេញ​សារ ថ្កោល​ទោស​ យ៉ាង​ដាច់​ណាត់។ អាមេរិក ដែល​មិន​ទាន់​អាច​បញ្ជាក់​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បាញ់​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូសែន​នេះ ​គំរាម​ថា​នឹង​បក​សង​វិញ​ឱ្យ​សក្តិសម។

ខ្លះ​ចាត់​ទុក​ជា​ភាព​ព្រហើន ជា​ការ​បង្ក​ហេតុ ជា​គំរាមកំហែង​ ជា​ការរំលោភ​បម្រាម ... ពាក្យ​មាន​ច្រើន​ខុស​គ្នា តែពិភពលោក​ទាំង​មូលបាន​បញ្ចេញ​ប្រតិកម្ម​​ស្រប​គ្នា​ជា​ឯកច្ឆ័ន្ទ​ បរិហារ​ទង្វើ​របស់កូរ៉េខាង​ជើង ថា​បាន​រំលោភ​សេចក្តី​សម្រេចចិត្ត​​អង្គការ​សហប្រជាជាតិ​ យ៉ាង​ធ្ងន់ធ្ងរ។ ចិន​ដែល​ធ្លាប់​ជាអ្នក​គាំទ្រ​និងជា​សម្ព័ន្ធមិត្ត​តែ​ម្នាក់គត់​​របស់​ព្យុងយ៉ាង បាន​កោះហៅ​ឯកអគ្គរដ្ឋ​ទូត​កូរ៉េខាង​ជើង​ប្រចាំ​ប៉េកាំង​មក​ស្តាប់​ការ​ប្រឆាំង​ដាច់​ខាត​នឹង​ទង្វើ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​នេះ។ ចិន បានថែម​ទាំង​ជម្លៀស​ប្រជាជន​នៅ​តាម​ព្រំដែនផង ដោយ​​ខ្លាច​ក្រែង​មាន​ឆ្លង​ជាតិ​វិទ្យុ​សកម្ម។

​ចិន​ក៏​ទំនង​ជា​ត្រូវ​រងសម្ពាធ ជាតិ​និង​អន្តរជាតិ​ ​ខ្លាំង​ជាងគេ​ ក្នុង​ការ​ដាក់ទណ្ឌកម្ម​និង​ទប់​ស្កាត់​របប​ព្យុងយ៉ាងឱ្យ​បោះបង់​ចោល​មហិច្ឆតា​នុយក្លេអ៊ែរ។ ទំនាក់ទំនង​ជាមួយ​កូរ៉េខាង​ត្បូង នឹងត្រូវ​​ក្រញាញ់​ជា​ថ្មី សេអ៊ូល​អាច​នឹង​សាកល្បង​ពង្រឹង​ពង្រីក​អាវុធយុទ្ធភណ្ឌ និងកម្លាំង​​ទ័ព​ ​ដើម្បី​ប្រឈម​នឹង​ការ​គំរាមកំហែង​របស់​ព្យុងយ៉ាង។

ក្រុមបឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​កោះ​ប្រជុំ​ដោយ​បិទទ្វារ​ ជា​បន្ទាន់​នៅ​ថ្ងៃ​នេះ ក្នុង​ទម្រង់​ជា​ការ​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ស្វែង​រក​ការ​ពង្រឹង​ទណ្ឌកម្ម​ដាក់​បន្ថែម​លើ​កូរ៉េខាង​ជើង។ ក្នុង​ការ​សាកល្បង​នុយក្លេអ៊ែរ​មុនៗ ក្រុមប្រឹក្សា​បាន​ថ្កោល​ទោស​និង​ចេញ​សេចក្តី​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ