អានតួអត្ថបទ

អាមេរិក​បង្ហាញ​សាច់ដុំ កូរ៉េខាង​ជើង​ចេញ​​មុខ​ពន្យល់​ហេតុផល​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ

នាវា​ចម្បាំង​ផ្ទុក​យន្តហោះ នឹង​ទៅ​ដល់​កំពង់​ផែ​យោធា​កូរ៉េខាង​ត្បូង​នៅ​ខែ​ក្រោយ យន្តហោះ​ទម្លាក់​គ្រាប់បែក​បេ​៥២ ហោះឆ្វែល​បញ្ចេញ​រាង​ ​ក្នុង​រយៈ​កម្ពស់​ទាប​ចេញ​មូលដ្ឋាន​ទ័ព​Guam ទៅ​សេអ៊ូល ... នេះ​ជា​ចម្លើយ​តប​របស់​អាមេរិក ទៅ​នឹង​ការ​បាញ់​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូសែន​របស់​ព្យុងយ៉ាង​កាលពី​ដើម​សប្តាហ៍។ តែ​លោក​ ​គីម ជុងអ៊ុន ឆ្លើយ​យក​ត្រូវ​ថា​គ្រាន់​តែ​ជា​សកម្មភាព​ស្វ័យការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។

យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52  អម​ដោយ​ដោយ​យន្តហោះ​ប្រដេញ​F១៦ និង​F១៥ នៅ​បន្ទាយ​Osan ជិត​ក្រុង​សេអ៊ូល
យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52 អម​ដោយ​ដោយ​យន្តហោះ​ប្រដេញ​F១៦ និង​F១៥ នៅ​បន្ទាយ​Osan ជិត​ក្រុង​សេអ៊ូល © Reuters
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អគ្គមគ្គុទ្ទេសក៍​វ័យក្មេង​ គីម ជុងអ៊ុន ការ​សាកល្បង​នុយក្លេអ៊ែរ​​ជា​លើក​ទី​បួន កាលពី​ថ្ងៃទី​៦​មករា គឺ​ជា​វិធានការ​ស្វ័យការពារ​ ប្រឈម​ទៅ​នឹង​ការ​គំរាមកំហែង​ធ្វើ​សង្គ្រាម​អាតូមិច​​របស់​អាមេរិក​តែ​ប៉ុណ្ណោះ។

 
ប៉ុន្តែសម្រាប់​​វ៉ាស៊ីនតោន គេ​មិន​អាច​លេង​សើច​បាន​នឹង​​បញ្ហា​នុយក្លេអ៊ែរ​នេះ​ឡើយ ! ជា​ការ​ព្រមាន និង​ដើម្បី​បញ្ជាក់​អំពី​ជំហរ​ដាច់ខាត​ការពារ​សម្ព័ន្ធមិត្តកូរ៉េខាងត្បូង នៅ​ថ្ងៃអាទិត្យ​នេះ អម​ដំណើរ​ដោយ​យន្តហោះ​ចម្បាំង F-១៦របស់​អាមេរិក និង​ F-១៥​របស់សេអ៊ូល ​ ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​ល្បីល្បាញ B៥២ ដែល​អាច​មាន​ផ្ទុក​គ្រាប់​បែក​បរមាណូ​ផង បាន​ហោះ​ឆ្វែល​ក្នុង​រយៈ​កម្ពស់​ទាប លើ​បន្ទាយ​យោធា​អូសាន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​សេអ៊ូល មុន​នឹង​វិល​ត្រលប់​ចូល​មូលដ្ឋាន​Guam នៅ​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​វិញ។

យានយន្ត​ចម្បាំង​ធុន​ធ្ងន់​នេះ ធ្លាប់​ចេញ​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​កូរ៉េខាងត្បូង​-អាមេរិក​ញយ​ដង​ហើយ តែកម្រ​ហោះ​បញ្ចេញ​រាង​បង្ហាញ​សាធារណជន​ណាស់។ យន្តហោះ​B៥២ និង​B២ បាន​ចេញ​មុខ​ម្តង កាលពី​ឆ្នាំ​២០១៣ ក្រោយ​ពី​ព្យុងយ៉ាង​បាន​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បី។

បេសកកម្មB៥២ ថ្ងៃ​នេះ ជា​ការ​បង្ហាញ​សាច់​ដុំ​ដាក់​កូរ៉េខាង​ជើង ប៉ុន្តែ​ក៏​ជា​ការ​ពង្រឹង​ពាក្យ​សន្យា​របស់​អាមេរិក​ក្នុង​កាតព្វកិច្ច​ការពារ​សន្តិសុខ​ឱ្យ​សម្ព័ន្ធមិត្ត​និង​ដៃគូ​។ បន្ថែម​ពី​លើ​នេះ​ទៀត នាវា​ផ្ទុក​យន្តហោះអាមេរិក នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​ដល់​ឧបទ្វី​ប​កូរ៉េ​នៅ​ខែ​ក្រោយ។​ បើ​តាម​ភ្នាក់​ងារ​​សារព័ត៌មាន​យ៉ុង​ហាប់ នាវានេះ​អាច​នឹងចូល​រួម​ធ្វើ​សមយុទ្ធ​រួម​គ្នា​អាមេរិក​-កូរ៉េខាង​ត្បូង ដើម្បីឱ្យ​កូរ៉េខាង​ជើង​ភ្លឺ​ភ្នែក​ខ្លះ។ អាមេរិក​មាន​ទាហាន​ឈរ​ជើង​នៅ​កូរ៉េខាង​ត្បូង​ប្រមាណ ២៨០០០​នាក់ ព្រោះ​បើ​តាម​បច្ចេកទេស កូរ៉េខាង​ជើង​និង​ត្បូងស្ថិត​ក្នុង​ស្ថានភាព​ធ្វើ​សង្គ្រាម​នឹង​គ្នា​នៅ​ឡើយ​ទេ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ