អានតួអត្ថបទ

អ.ស.ប.៖ អាស៊ីប៉ាស៊ីហ្វិកអាច​​លែង​ជា​ក្បាល​ម៉ាស៊ីន​អូសទាញ​សេដ្ឋកិច្ច​ពិភពលោក​

កំណើន​សេដ្ឋកិច្ច​​របស់​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ បាន​ឡើង​ដល់​គន្លាក់​របស់​វា​ហើយ ! ដូច្នេះ​បណ្តា​ប្រទេសកំពុង​លូត​លាស់ និង​លូតលាស់​ខ្លាំង​ ​នៅ​ក្នុង​តំបន់​ ទំនង​ជា​​លែង​អាច​ចាត់ទុក​បាន​ជា​ក្បាល​ម៉ាស៊ីន​អូសទាញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ដូច​មុន​ទៀត​ដែរ។ នេះបើ​តាម​សេចក្តី​​ពន្យល់​របស់​អង្គការ​​សហប្រជាជាតិ។

ការ​នាំ​ចេញ​ចិន​មាន​ត្រឹម​៨%​នៅ​ឆ្នាំ​២០១៥
ការ​នាំ​ចេញ​ចិន​មាន​ត្រឹម​៨%​នៅ​ឆ្នាំ​២០១៥ AFP/Robert François
ផ្សាយពាណិជ្ជកម្ម

តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទាំងមូល លើកលែង​តែជប៉ុន ​​​នូវែលហ្សេឡង់ និង​អូស្ត្រាលី បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​២០១៥ ត្រឹម​ប្រមាណ​៤,៥%​ប៉ុណ្ណោះ។ ជា​អត្រា​ដែល​ទាប​បំផុត​មិន​ធ្លាប់ គិត​ចាប់​ពី​ឆ្នាំ​២០០៩​មក។ ហើយ​នៅ​ឆ្នាំ២០១៦ កំណើន​សេដ្ឋកិច្ច​ទំនង​ជា​អាច​នឹង​កំរើក​ឡើង​បន្តិច​ដល់​៥%។ នេះ​បើ​តាម​របាយការណ៍របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមរបស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​​ ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី​១៤​មករា​នេះ។

 
ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​បន្ថយ​ល្បឿន​យ៉ាង​ដូច្នេះ គេ​សង្ស័យ​ថា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មិន​អាច​បន្ត​ធ្វើ​ជា​អ្នក​ចង្អុល​ផ្លូវ​នាំ​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​មាន​កំណើន​ឡើង​វិញ​បាន​ឡើយ។ នេះ​បើ​តាម​ប្រសាសន៍​លោក Shamshad Akhtarលេខា​ប្រតិបត្តិ​របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​អង្គកា​រសប្រជាជាតិ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វ្រិក។

សូម​បញ្ជាក់​ថា មុន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោកឆ្នាំ​២០០៨ តំបន់​អាស៊ី​មាន​កំណើន​សេដ្ឋកិច្ច​ជាង​៩% និង​ជា​ម៉ាស៊ីន​អូស​ទាញ​សេដ្ឋកិច្ចពិភពលោក នៅ​ឆ្នាំ​បន្តបន្ទាប់​។ ប៉ុន្តែ​ពេល​វេលា​មាស​​របស់​អាស៊ី​បាន​កន្លង​ផុត​ហើយ ! ព្រោះ​បើ​តាម​សេដ្ឋវិទូ មាន​មូលហេតុ​ធំៗ​ពីរយ៉ាង។ ទី​មួយ​គឺ​សេដ្ឋកិច្ច​ចិន​បន្ថយ​ល្បឿន​ និង​ម្យ៉ាង​ទៀតបណ្តាល​មក​ពី​រចនា​សម្ព័ន្ធ​របស់​អាស៊ី បំណុល​ឡើង​ខ្ពស់ អ្នក​ចាយ​វាយ​គ្មាន​​ទំនុក​ចិត្ត ឯ​ការ​​វិនិយោគក៏​ទន់​ខ្សោយ។ ​ ថៃ​និង​ម៉ាឡេស៊ី កូន​ខ្លា​ពីរ​នៅ​អាស៊ីអាគ្នេយ៍​ ជា​ឧទាហរណ៍ មាន​បំណុល​ឡើង​ខ្ពស់​ ដល់​ទៅ​៥០%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្រាន់​តែ​ចិន​​មាន​កំណើន​សេដ្ឋកិច្ចមិន​ត្រចះ​ត្រចង់​​បន្តិច ផលវិបាក​ត្រូវ​ប៉ះទង្គិច​ពេញ​មួយ​តំបន់​ដោយ​ចៀស​មិន​រូច​ភ្លាម។ នេះ​បើ​របាយការណ៍​ដដែល ដែល​ព្យាករ​ទៀត​ថា ចិន​នឹង​មាន​កំណើន​​សេដ្ឋកិច្ចឆ្នាំ​២០១៦ តែ​៦,៥​% ទល់​នឹង​ការ​ប៉ាន់​ស្មាន​៦,៨% ឥណ្ឌាចុះ​ពី​៨,២%​មក៧,៥%។ ប្រទេស​ដែល​នៅ​រក្សា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ខ្លាំង​ជាង គេ​ គឺ​តួកម៉េនីស្ថាន (៨,៩%) ឡាវ(៨%) និង​ភូមា (៨,៤%)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ