អានតួអត្ថបទ

ឥណ្ឌូណេស៊ី​ដែនដី​បេសកកម្ម​ថ្មី​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ?

ប៉ូលិស​ឥណ្ឌូណេស៊ី កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​អាសន្ន​ខ្ពស់​បំផុត ​នៅ​ថ្ងៃ​សុក្រ​ទី ១៥​មករា​នេះ មួយ​ថ្ងៃ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ជីហាត​នៅ​កណ្តាល​ក្រុង​ហ្សាការតា។ ជាមួយ​នឹង​ការអង្កេត​វែក​រក​អត្តសញ្ញាណ​ភេរវជន ឥណ្ឌូណេស៊ី​បាន​ប្រកាស​​ពង្រឹង​​គ្រប់​មធ្យោបាយ​ បង្កើន​កិច្ច​សហការ​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការគំរាម​កំហែង​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

ឥណ្ឌូណេស៊ី​ពង្រាយ​ទ័ព​នៅ​ក្រុង​ហ្សាការតា ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម
ឥណ្ឌូណេស៊ី​ពង្រាយ​ទ័ព​នៅ​ក្រុង​ហ្សាការតា ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម ©AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​ជន​ប្រដាប់​អាវុធ​ ទាំង​៥​នាក់ ​ ប៉ូលិស​​ឥណ្ឌូណេស៊ី​បាន​កំណត់​​អត្តសញ្ញាណ​​បួន​នាក់​ហើយ។ ក្រុម​នេះ​ពិត​ជា​មាន​ពាក់​ព័ន្ធ​ នឹង​​​អង្គការ​រដ្ឋ​អ៊ីស្លាមមែន ព្រោះ​​នៅ​ពេល​ធ្វើ​ការ​ឆែក​ឆេរក្នុង​​ផ្ទះ​ជនជីហាត​ម្នាក់ គេបានរក​ឃើញ​ ជាអាទិ៍​ទង់ជាតិ​ខ្មៅ​របស់​អង្គការ​ជីហាត។ ជន​សង្ស័យ​បី​នាក់​ផ្សេង​ទៀត ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​នេះ។

ប៉ូលិស​សង្ស័យ​ទៀត​ថា ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី ១៤​មករា បាន​បញ្ជា​ដោយជន​អ៊ីស្លាម​ជ្រុលនិយម​ឥណ្ឌូណេស៊ី Bahrun Naim​ ដែល​ជាសមាជិក​​ស្ថាបនិកម្នាក់​របស់​​ក្រុម​យុទ្ធជន​នៅ​អាស៊ី​អាគ្នេយ៍​នៅ​ស៊ីរី​​។ ក្រុម​នេះ​ជា​បណ្តុំ​សកម្មជន​ជីហាតបរទេស មាន​​ម៉ាឡេស៊ី និង​ប្រទេស​ផ្សេង​ទៀត ក្នុង​តំបន់ ដែល​គំរាម​តាំង​ពី​មួយ​ឆ្នាំ​មក​ហើយ ថា​នឹង​ធ្វើ​ការ​វាយប្រហារ​ភេរវកម្​ម​នៅ​ផ្ទះ​​ឯង។

ឯ​ចំណែក​វិធី​សាស្ត្រ​វាយប្រហារវិញ គឺ​ក្រុម​ភេរវជន​នៅ​ឥណ្ឌូណេស៊ី​បាន​ចម្លង​តាម​សកម្មភាព​វាយប្រហារ​ភេរវកម្ម​​នៅ​ប៉ារីស កាលពី​ខែ​វិច្ឆិកា។ ក្រោយ​ពី​បាន​ចុច​បំផ្ទុះ​គ្រាប់​បែកហើយ ភេរវជន​បាន​បាញ់​រះ បង្ក​ការ​ភ័យ​ស្លន់ស្លោ មុន​នឹង​ចាប់​មនុស្ស​ជា​ចំណាប់​ខ្មាំង​ទៀត។ ភេរវជន​បី​នាក់​បាន​ស្លាប់​ក្នុង​បំផ្ទុះ​អត្តឃាត និង​ពីរ​នាក់​ទៀត​ត្រូវ​កម្ចាត់​បាន​ដោយ​ប៉ូលិស។ ក្នុង​ចំណោម​ជន​រងគ្រោះ​បាត់​បង់​ជីវិតពីរ​នាក់ មាន​ម្នាក់​ជាជនជាតិ​កាណាដា។ អ្នក​រង​របួស បាន​កើន​ឡើង​ដល់​២៤​នាក់ បី​នាក់​ជា​ជន​បរទេស និង​៦​នាក់​ជា​ប៉ូលិស។
 
ប៉ូលិស​ត្រៀម​អាសន្ន​ខ្ពស់ ទាហាន​ពង្រាយ​ក្នុង​ក្រុង

ឥណ្ឌូណេស៊ី ​ប្រទេស​អ៊ីស្លាម​ធំ​ជាង​គេ​នៅ​ពិភពលោក ពិត​ជា​អាច​មិន​អាច​ធ្វើ​ប្រហែស​បាន​ឡើយ​ ! នៅ​ថ្ងៃ​នេះ​ប៉ូលិស​ឥណ្ឌូណេស៊ី នៅ​ពេញ​ផ្ទៃ​ប្រទេស កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ត្រៀម​អាសន្ន​ខ្ពស់​បំផុត ដោយ​មាន​ជំនួយ​ពី​ក្រុម​យោធា​ផង ជា​ពិសេសនៅ​តាម​តំបន់​ដែល​អាច​ជា​ទិសដៅ​វាយប្រហារ​ភេរវកម្ម​ ដូច​ជា​ទី​ស្នាក់ការ​ប៉ូលិស អាគារ​រដ្ឋ អាគារ​សាធារណៈ ស្ថានទូត ...

ក្បួន​ឡាន​ជាច្រើន ផ្ទុក​ដោយ​ទាហាន​ពេញ​ឡាន បំពាក់​ដោយ​អាវុធ​ធុន​ធ្ងន់ផង ​ បាន​មក​ដល់​ក្រុង​ហ្សាការតា តាំង​ពី​ព្រឹក​មិញ​ ប៉ុន្តែ​ភ្នាក់ងារ​ប៉ូលិស​មិន​បាន​បញ្ជាក់​អំពី​តួនាទី​ និងភារកិច្ច​របស់ទាហាន​​​ទាំង​នោះ មក​កាន់​អ្នក​សារព័ត៌មាន​យើង​ទេ។

ចំហាយ​អង្គការ​រដ្ឋ​អ៊ីស្លាម​​​នៅ​ឥណ្ឌូណេស៊ី

បើតាម​សារ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​ប្រកាស​ទទួល​ស្គាល់​ស្នាដៃ​ធ្វើភេរវកម្ម​នៅ​ទីក្រុង​ហ្សាការតា​ម្សិលមិញ គឺ​ពួក​គេ​ចង់​វាយប្រហារ​ សំដៅ​លើប្រជា​ពលរដ្ឋ​នៃ​ប្រទេស​​ជា​សមាជិក​​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ផ្លូវអាកាសប្រឆាំង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​​​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់។ ឥណ្ឌូណេស៊ី មិន​ចូល​រួម​ក្នុងប្រតិបត្តិការ​នេះ​មែន ប៉ុន្តែ​​វា​អាច​បេសកកម្ម​ថ្មី ជា​ការរុករាន​រក​ដែន​អំណាច​ថ្មី !

ឥណ្ឌូណេស៊ី​ជា​ប្រទេស​​អ៊ីស្លាម​ធំ​ជាង​គេ​នៅ​ពិភពលោក មាន​ពលរដ្ឋ​២៥០លាន​នាក់ ក្នុង​នោះ ៨៧% ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុននីត និង​១០%​ជា​និកាយ​ឈីអ៊ីត ព្រមទាំង​តិច​តួច​កាន់​សាសនា​គ្រិស្ត ហិណ្ឌូ ឬ​ពុទ្ធសាសនា។

ថ្វី​ដ្បិត​​ឥណ្ឌូណេស៊ី ជា​​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​លេខ​មួយ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែឥណ្ឌូណេស៊ី​​ជា​ចំណី​នៃ​ការ​ប្រេះ​ឆា​ផ្ទៃក្នុង​ ប្រឈម​នឹង​សង្គ្រាម​ចង់​ផ្តាច់​ទឹក​ដី និងភាព​តាន​តឹង​អន្តរសាសនា​យ៉ាង​ខ្លាំង រវាង​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដូច​គ្នា​តែ​ខុស​និកាយ និង​ជា​មួយ​សាសនា​ផ្សេង​ និង​ពិសេស​ប្រទេស​នេះ​ត្រូវ​ប្រឈម​នឹង​សង្គ្រាម​ប្រឆាំង​ភេរវនិយម​ក្នុង​ផ្ទៃ​ប្រទេស​​ខ្លួ​ន​ឯង​ដោយ​ឥត​ឈប់​ឈរ។
 

Abu Bakar Bashir ប្រមុខ​សាសនារបស់​ក្រុម​ ​Jemaah islamiyah ជាប់​ពន្ធនាគារ តែ​បាន​ភ្ជាប់​ខ្លួន​នឹង​អង្កការ​រដ្ឋ​អ៊ីស្លាម
Abu Bakar Bashir ប្រមុខ​សាសនារបស់​ក្រុម​ ​Jemaah islamiyah ជាប់​ពន្ធនាគារ តែ​បាន​ភ្ជាប់​ខ្លួន​នឹង​អង្កការ​រដ្ឋ​អ៊ីស្លាម REUTERS/Beawiharta

ដោយ​មើល​ឃើញ​អំពី​ភាព​តាន​តឹង​ក្នុងសង្គម​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០១៤ តាំង​ពី​បាន​ស្វ័យប្រកាស​ជា​រដ្ឋ​កាលីហ្វា​មក អង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រឹងឃោសនា​​ទាក់ទាញ​យុវជន​ឥណ្ឌូណេស៊ី។ ក្រុម​ភេរវនិយម​ Jemaah islamiyah  ​ ដែល​ធ្លាប់​បង្ក​ភេរវកម្ម​​កាលពី​ឆ្នាំ​២០០២ -២០០៣ និង​២០០៩ ក៏​បាន​ប្រកាស​ភ្ជាប់​ខ្លួន​ទៅ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​ភ្លាម។ វីដេអូ​អនាធិបតេយ្យ​មួយ បាន​បង្ហោះ​កាលពី​ខែ​កក្កដា ២០១៥ ផ្សាយ​ចេញ​ពី​ពន្ធនាគារ​រូប​ប្រមុខ​សាសនាជា​ទី​សក្ការៈ​របស់​ក្រុម​ Jemaah islamiyah​ ឈ្មោះ Abu Bakar Bashir ដែល​ជាប់​ទោស​១៥​ឆ្នាំ​ ពីបទ​បាន​ជួយ​ឧបត្ថម្ភ​ពួក​ជីហាត​នៅ​អាឆេ និង​ដែល​ទើប​ឡើង​តុលាការ​កាលពី​បី​បួន​ថ្ងៃ​មុខ​សុំ​សេរីភាព​ ក៏​បាន​ស្បថ​ចូល​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ជាមួយ​អ្នក​ជាប់​ទោស​២៣​នាក់​ផ្សេងដែរ។

ប៉ុន្តែ​បើ​តាម​អ្នក​ឯកទេស អង្គការ​រដ្ឋអ៊ីស្លាម​មាន​សកម្មជន​គាំទ្រ​នៅ​ឥណ្ឌូណេស៊ី​ប្រមាណ​តែ​មួយ​ឬ​ពីរ​ពាន់​​ប៉ុណ្ណោះ ក្នុងនោះ​យ៉ាង​ច្រើន​បីរយ​នាក់​បាន​ចេញ​ទៅ​ហាត់​ជីហាត​នៅ​ស៊ីរី​រួច​ត្រលប់​មក​ចូល​មាតុប្រទេស​វិញ។ គឺ​ជា​ចំនួន​ដ៏​តិច​តួច​ណាស់​បើ​ប្រៀប​ធៀប​ទៅនឹង​ចំនួន​ពលរដ្ឋ​របស់​ប្រទេស​។ ទាំង​នេះ​គឺ​ទំនង​ដោយ​សារ​គម្លាត​​ភូមិសាស្ត្រ ទើប​ចំហាយ​អង្គការ​រដ្ឋ​អ៊ីស្លាម ហាក់​ដូច​ជា​មិន​ជះ​​ដល់​ឥណ្ឌូណេស៊ី​ខ្លាំង។

ជា​ផ្លូវការ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចូល​ធ្វើ​ជីហាត រដ្ឋាភិបាល​ឥណ្ឌូណេស៊ី តែង​ប្រើ​នយោបាយ​ស្រទន់​ ផ្តល់​សារ​សម្រប​សម្រួល ឃោសនា​អំពី​អ៊ីស្លាម​ដែលអត់​អោន។ ប៉ុន្តែ​ភេរវកម្ម​ថ្ងៃទី​១៤​មករា ទំនង​ជា​អាច​នឹង​ធ្វើ​ឱ្យ​ដំឡើង​សំឡេង​តឹង​ជាង​មុន​ហើយ៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ