អានតួអត្ថបទ
ចិន-មជ្ឈិមបូព៌ា

ប្រធានាធិបតីចិនធ្វើដំណើរទៅមជ្ឈិមបូព៌ា

 ប្រទេស​ចិន រក្សា​គោល​ជំហរ​នឹង​នរ​ដោយ​មិន​លំអៀង​ទៅ​ខាង​ប្រទេស​ណា​មួយ​នៅ​​តំបន់​មជ្ឈិមបូព៌ា​ឡើយ។ នេះ​បើយោង​តាម​សេចក្តី​បញ្ជាក់​របស់​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក​ហ្សង់ មីង​នៅ​ថ្ងៃ​ចន្ទ​នេះ នា​ខណៈ​ពេល​ដែល​លោក​ស៊ី ជីងពីង​ប្រធានាធិបតី​ចិន កំពុង​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា។ 

ប្រធានាធិបតីចិន លោក ស៊ី ជីងពីង
ប្រធានាធិបតីចិន លោក ស៊ី ជីងពីង Reuters/CSIS
ផ្សាយពាណិជ្ជកម្ម

 

ប្រមុខរដ្ឋ​ចិន នៅ​​សប្តាហ៍​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្នុង​នោះ​មាន អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និង​អ៊ីរ៉ង់ ​នាខណៈពេល​ដែល​ទីក្រុង រីយ៉ាដ​និង តេអេរ៉ង់​កំពុង​មាន​វិបត្តិ​ការទូត​រវាង​គ្នា​យ៉ាង​ធ្ងន់ធ្ងរ។

គួររំលឹកថា អារ៉ាប៊ីសាអ៊ូឌីត ​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់ បន្ទាប់ពី​ក្រុម​បាតុករ​អ៊ីរ៉ង់ បាន​ចូល​វាយលុកលុយ​បំផ្លិច​បំផ្លាញ​​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​តេអេរ៉ង់។ ដោយ​ពួក​បាតុករ​អ៊ីរ៉ង់ ​មាន​កំហឹង​ក្រេវក្រោធ បន្ទាប់ពី​មាន​ការ​ប្រហារ​ជីវិត​អ្នក​ដឹកនាំ​សាសនា​និកាយ​ស៊ីអ៊ីត​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​កាលពី​ថ្ងៃ​ទី​២​មករា​កន្លង​មក។ ស្របគ្នានេះ អ៊ីរ៉ង់ ដែល​ជា​ប្រទេស ​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស្ហីអ៊ីត​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស ក៏​បាន​ផ្តាច់​​ការ​ប្តោះប្តូរ​ពាណិជ្ជកម្ម​​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត និង​បាន​ហាម​ប្រជាជន​ខ្លួន​ដែរ​មិន​​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្វែងបុណ្យ​នៅ​ក្រុង​ឡាមិក។

ពាក់ព័ន្ធនឹង​បញ្ហា​នានា​នៅ​ក្នុង​តំបន់ ប្រទេស​ចិន​តែងតែប្រកាន់​ជំហរ​យ៉ាង​ត្រឹមត្រូវ​ដោយ​មិន​លំអៀង​ទៅ​ខាង​ប្រទេស​ណា​ឡើយ-នេះ​បើយោង​តាម​សេចក្តីថ្លែង​របស់​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក​ហ្សង់ មីង។ ម្យ៉ាងទៀត “​ប្រទេស​ចិន​តែងតែ ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ​ក្នុង​ការ​ខិតខំ​ស្វះស្វែង​រក​ដំណោះស្រាយ​មួយ​ឲ្យ​បាន​សមស្រប​ទៅ​តាម​កាលះទេសៈ​នៃ​ស្ថានការណ៍​ជាតិ​របស់​បណ្តា​ប្រទេស​ទាំង​នោះ​។ នេះ ជាការ​បញ្ជាក់​បន្ថែម​​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​​ ដោយ​មិន​បាន​បង្ហើប​ឲ្យ​ដឹង​អ្វី​បន្តិចទេ ស្តី​ពី​កម្មវិធី ​នៃ​​ដំណើរ​របស់​លោក​ស៊ី ជីងពីងប្រធានាធិបតី​ចិន​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា។

គូររំលឹកថា បើទោះបី​ជា​សេដ្ឋកិច្ច​ចិន កំពុង​ត្រូវការ​ពឹងអាស្រ័យ​​ទៅ​លើ​ប្រេង​របស់​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ក្តី ក៏​រហូត​មក​ទល់​ពេលនេះ- នៅ​ក្នុង​សំណុំរឿង​ធំៗ​នៅ​មជ្ឃិម​បូព៌ា ចិន​តែងតែ​ប្រគល់​រឿងនេះ ទៅ​ឲ្យ​សមាជិក​អចិន្ត្រៃយ៍​ដ៏ទៃ​ទៀត របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​អ្នកដោះស្រាយ ដែលក្នុង​នោះ​មាន​អាមេរិក​ អង់គ្លេស​បារាំង​និង​រុស្ស៊ី។
ក៏ប៉ុន្តែ តាំងពីរយៈ​ពេល​បន្តិច​កន្លង​មក​នេះ ​ចិន​បាន​សំដែង​ជំហរ​ចូល​រូម​ច្រើន​នៅ​ក្នុង​បញ្ហា​នៅ​មជ្ឃិម​បូព៌ា ជាអាទិ៏​ ​ការស្វែងរក​ដំណោះស្រាយ​មួយ​ឲ្យ​ដល់​អធិករណ៍​នៅ​ស៊ីរី។ ហើយ​កន្លង​ពេល​ទៅ​ថ្មីៗ​នេះ ​ប្រទេស​ចិន បានទទួល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ីរី​និង​​តំណាង​ក្រុម​អ្នក​ប្រឆាំង ​ឲ្យ​ជួបប្រាស្រ័យ​គ្នា​​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ