អានតួអត្ថបទ
សហរដ្ឋអាមេរិក-ភូមា

វ៉ាស៊ីនតោន​ទាមទារ​ការដោះលែង​និស្សិត​ភូមា​មុន​ពេល​លោកស្រី​ស៊ូជី​ចូល​កាន់​អំណាច​

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ទីក្រុង​វ៉ាស៊ីនតោន បាន​អំពាវនាវ​របប​ភូមា​ឲ្យ​ដោះលែង​ពួក​និស្សិត​ប្រមាណ​ជាង​៦០​នាក់​ដែល​កំពុង​​ជាប់​​ក្នុង​ពន្ធនាគារ ឲ្យ​បាន​នៅ​មុន​ពេល​លោកស្រី​អ៊ុងសានស៊ូជី​ប្រធាន​បក្ស​ប្រឆាំង ចូល​កាន់​អំណាច​នៅរយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។ 

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Anthony Blinken
អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Anthony Blinken REUTERS/Mladen Antonov/Pool
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ទីក្រុង​ណៃពីដរ អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ថ្លែង​ថា “ដើម្បី​ឲ្យ​នយោបាយ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ចាស់​ភូមា បាន​ទទួល​ជោគជ័យ​ពេញលេញ រដ្ឋាភិបាល​ភូមា គួរតែ​ធ្វើការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំង​អស់​ដែលកំពុងជាប់នៅ​ក្នុងពន្ធនាគារ។


អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បាន​និយាយ​ដែរ​ថា លោក​ធ្លាប់​បាន​ពិភាក្សា​សំណុំរឿង​ពួក​និសិ្សត​ជាប់​ក្នុង​ពន្ធនាគារ​ ជាមួយ​លោក​ស្រីអ៊ុងសានស៊ូជី​រួចហើយ​ដែរ នៅ​ថ្ងៃ​ជួប​ប្រាស្រ័យ​លើក​ដំបូង​ជាប្រវត្តិសាស្ត្រ​ និង​ជាមួយ​អ្នកទទួលខុសត្រូវជាន់ខ្ពស់​ម្នាក់របស់អាមេរិកដែរ ចាប់តាំងពី​ជ័យជំនះរបស់លោកស្រីស៊ូជី នៅក្នុងការបោះឆ្នោតសភា កាលពីខែវិច្ឆិកា​២០១៥។​

ជ័យជំនះ​នេះ អនុញ្ញាត​ជា​លើក​ទីមួយ​ដល់​លោកស្រី​អ៊ុងសានសូជី ក្នុង​ការចូល​កាន់​អំណាច​នៅ​ក្នុង​ប្រទេស បន្ទាប់​ពី​បាន​ប្រយុទ្ធ​តស៊ូ​ជាមួយ​របប​យោធា​ភូមា​អស់​ជាច្រើន​ទសវត្សរ៍​កន្លង​មក រហូតដល់របបសឹក​បាន​រំលាយខ្លួនឯង​នៅក្នុងឆ្នាំ ២០១១។ ក៏ប៉ុន្តែ មេដឹកនាំ​របប​សឹក​សំខាន់ៗ​ដែល​នៅ​កាន់កាប់អំណាច​នៅ​ឡើយ បានសន្យាថានឹង​ប្រគល់​អំណាច​ជូន​ដល់​លោក​ស្រីស៊ូជី។
លោកស្រីស៊ូជី ត្រូវចាប់​បើក​ប្រជុំ​សភាថ្មី​ជា​លើក​ទី​មួយ​នៅ​ថ្ងៃ​ទី១​កុម្ភៈ​ខាងមុខ​ដើម្បី ធ្វើការ​តែង​តាំង​ប្រធានសភាមួយ​និង​រៀបចំបង្កើត​រដ្ឋាភិបាលភូមាមួយនៅ​ក្នុងរយៈពេល​​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ។

គួររំលឹកថា នៅ​មុន​ពេល​បោះឆ្នោត​សភា រដ្ឋាភិបាល​ភូមា បាន​ធ្វើការ​ចាប់​ខ្លួន​ពួក​និសិ្សត​និង​ពួក​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណែត​ជា​ច្រើន​នាក់​។ នៅ​ខែ​មីនា​ឆ្នាំ​២០១៥ ក្រុម​និស្សិត​ភូមា​រាប់​រយ​នាក់ បាន​នាំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​កំណែ​ទម្រង់​ដ៏​ចម្រូង​ចម្រាស​មួយ​នៅ​ក្នុង​វិស័យ​អប់រំ។

មកទល់ពេលនេះ ពួកនិស្សិតភូមា​ប្រមាណជាង៦០នាក់ កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ដើម្បី​រង់ចាំ​ការ​ជំនុំជំរះនៅតុលាការ។

លោក Antony Blinken អនុរដ្ឋមន្ត្រីការ​បរទេស ក៏​បានគូសបញ្ជាក់ផងដែរថា “​សំណុំ​រឿង​សំខាន់ៗ​ ដែល​កំពុង​រង់ចាំ​លោកស្រីស៊ូជី នៅលើមាគារ ឆ្ពោះទៅរកលិទ្ធិប្រជាធិតេយ្យ មាន​ជាអាទិ៍ ​បញ្ហា ជម្លោះ​អាវុធ​​រវាងក្រុមជាតិពិន្ធុនិងរដ្ឋាភិបាល។

មួយវិញទៀត លោក Antony Blinken បានរំលឹកពីការព្រួយបារម្ភខ្លាំង​ជាងគេ របស់​វ៉ាស៊ីនតោន​ គឺ​បញ្ហាជោគវាសនា​របស់​ក្រុមជនជាតិភាគតិច​កាន់សាសនាអ៊ីស្លាម​រ៉ូហីងយ៉ា។ ជនជាតិភាគតិចរូហីងយ៉ា ដែល​ជាជនរងគ្រោះ ដោយអំពើហិង្សានិង​ការ​រើសអើង​យ៉ាង​ខ្លាំង​ក្លា​បំផុត នៅក្នុងប្រទេសភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ