អានតួអត្ថបទ
ចិន-តុលាការ

សកម្មជន​ប្រឆាំង៣​នាក់​ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ពី​បទ​បំផុសបំផុល​ប្រឆាំង​អាជ្ញាធរ

តុលាការ ​​ចិន ទើប​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ក្រុម​សកម្មជន​​ប្រឆាំង​៣​នាក់​នៅ​ថ្ងៃ​ សុក្រ​២៩​មករា​នេះ ពី​បទ​ចោទប្រកាន់​ថា បាន”បង្កើត​ចលនា​តស៊ូ​មួយ​ដើម្បី​សិទ្ធ​ពលរដ្ឋ។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​អ្នកជិតដិត​នៃ​ក្រុម​អ្នកប្រឆាំង​និង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ អំពី​ការ​បង្កើន​ដាក់​គំនាប​របស់​បក្សកុម្មុយនិស្ត​ចិន​ទៅ​លើ​ក្រុម​សកម្មជន ​ការពារ​សិទ្ធពលរដ្ឋ។ 

សកម្មជនសិទ្ធមនុស្សលើក​រូបថតរបស់​លោក  Wang លោក  Yuan និង លោក Tang  សំដែងការប្រឆាំងតុលាការចិន
សកម្មជនសិទ្ធមនុស្សលើក​រូបថតរបស់​លោក Wang លោក Yuan និង លោក Tang សំដែងការប្រឆាំងតុលាការចិន © Reuters
ផ្សាយពាណិជ្ជកម្ម

លោកមេធាវី តង់​ជីលីង ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ បន្ទាប់​មក លោក យន់​ ស៊ីទីង ចាងហ្វាង​ការ​បោះពុម្ភផ្សាយ​ ត្រូវ​ជាប់​គុក​៣​ឆ្នាំកន្លះ​និង​គ្រូបង្រៀន​ឈ្មោះ វ៉ាង ស៊ីនយីង ជាប់​គុក ២​ឆ្នាំ​កន្លះ-នេះ​បើ​យោងតាម​អង្គការ​ Amnesty International នៅ​ក្នុង​ការ​ជូនដំណឹង​មួយ​របស់​ខ្លួន។

 
នៅ​ពេល​សវនាការ តុលាការ​ប្រជាមានិត​ចិន បាន​ប្រកាស​ថា” ក្រុម​ប្រឆាំង​ទាំង​៣​រូប​នេះត្រូវ​
ជាប់​​​ទោស​ពីបទ​ធ្វើការ​បំផុសបំផុល​ប្រជាជន​ឲ្យ​ធ្វើ​វិទ្ធសង្សនា​ប្រឆាំង​នឹង​រដ្ឋអំណាច។​
ក៏​​ប៉ុន្តែ​លោកស្រី វ៉ាង យ៉ានហ្វង់​ ​ភរិយារបស់​លោក Tang" សាលក្រម​នេះ ពិតជារឿង​មួយ​ដ៏​គួរ​ឲ្យ​អស់សំណើច ដោយហេតុថា អ្នកទោស​ទំាង​៣​រូប ពុំ​បាន​ប្រព្រឹត្ត​អំពើឧក្រឹដ្ឋ​ណា​មួយ​ឡើយ ប៉ុន្តែពួកគេគ្រាន់តែបាន​ខិតខំ​ធ្វើ​ការ​ការពារ​តម្លៃ​យុត្តិធម៌​តែមួយមុខប៉ុណ្ណោះ។​

ប៉ូលិស​ចិន​ បាន​​ចោទ ថា​ក្រុម​ប្រឆាំង​ទាំង​៣​នាក់​ បាន​ធ្វើការ​ចែកចាយ​សៀវភៅ​ជា​ច្រើន​ក្បាល​​ជូន​ដល់​ប្រជាជន សៀវភៅ​ដែល​បកស្រាយ​អំពី​ចលនា​តស៊ូ​ដើម្បីសិទ្ធ​សេរីភាព​ដោយ​វិធី​អហិង្សា។ តែអាជ្ញាធរ​ចិនបាន​​ចោទ​ថា “ គឺជាសៀវភៅដែល​មានលក្ខណៈ​បំផុស​បំផុល​​​យ៉ាង​​ចេតនាដើម្បី​ប្រឆំាង​នឹង​រដ្ឋអំណាច​និង​ផ្តួល​រំលំ​ប្រព័ន្ធសង្គមនិយម​។

ប៉ូលិស​ចិន បានបន្តចោទ​ទៀត​ថា “ ក្រុម​សកម្មជន​ប្រឆាំង​ បាន​ជួល​ការិយាល័យ​មួយ ទុក​ជា​កន្លែង​ធ្វើការ​សិក្សាត្រិះរិះ ​បោះពុម្ភ ​និង បញ្ជូន​សៀវភៅ​ជាច្រើន​ក្បាលទៅដល់ប្រជាជន។ 

ក្រៅពីនេះ ក្រុម​ប្រឆាំង​ទាំង​៣​រូប ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដែរ​ពី​បទ​ផ្សព្វផ្សាយ​​សៀវភៅ​របស់ លោក Gene Sharp ​អ្នកវិទ្យាសាស្ត្រ​នយោបាយ​អាមេរិក​ម្នាក់​ដែល​មាន​ចំណង​ជើងថា” De la dictature à la démocratie »ដែល​យើង​អាច​ប្រែជា “ពី​របប​ផ្តាច់ការ​មក​របប​លិទ្ធិ​ប្រជា​ធិបតេយ្យ”។​ ជា​សៀវភៅ ដែល​និយាយ​ពី​ការ​តស៊ូ​មតិ​របស់​សង្គម​ស៊ីវីល ដោយ​គ្មាន​ប្រើ​អំពើហិង្សា។

គួររំលឹកថា ក្រុម​សកម្មជន​ប្រឆាំង​ទាំង​៣​នាក់​នេះ ត្រូវ​បាន​តុលាការ​ចិន​ធ្វើ​ការ​កាត់ទោស ចាប់តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៥ គឺ​នៅ​ខណៈពេល ដែល​អាជ្ញាធរ​ចិន បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​មួយ​ដើម្បី​បង្រ្កាបមេធាវី ប្រមាណជាង ២០០​នាក់​និង​ក្រុម​សកម្មជន​ការពារ​សិទ្ធ​មនុស្ស​​ដែល​ជា​អ្នកទោស​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ឬ​ក៏​ត្រូវ​បាន​អជ្ញាធរ​កោះហៅ​ដើម្បីសាកសួរ​ចម្លើយ។​

លោកស្រី sophie Richardson ដែល​ជា​នាយិការ​របស់​អង្គការ​ការពារសិទ្ធិ មនុស្ស Human Rights watch នៅ​ប្រទេស​ចិន នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ បាន​បញ្ជាក់​ថា” ការ​កាត់ទោស​លោក Tang, Yuan, និង Wang គឹ​ជា​ប្រផ្នូល​មួយ​មិន​ល្អ​ទេ​សំរាប់​ជោគ​វាសនា​របស់​មេធាវី​ការពារ​សិទ្ធមនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត ពីព្រោះ តុលាការ​ចិន អាច​នឹង​កោះហៅ​ពួកគេ​ទៅ​ជំនំជំរះនៅ​ពេលខាងមុខដែរ ​ ហើយក៏​​នឹង​អាច​ធ្វើការ​ចោទប្រកាន់​ស្រដៀងៗ​គ្នា​នេះដែរ។

លោកស្រី Richardsonថែមទាំង​អំពាវនាវ​ឲ្យ​រដ្ឋអំណាច​ចិន​បញ្ចប់នូវ​រាល់​ការ​ចោទ​ប្រកាន់​នានា​ទៅ​លើ​ក្រុម​សកម្មជន​ការពារសិទ្ធិមនុស្ស​ដែល​គ្មាន​ការ​ពិតទាល់​តែ​សោះនោះ៕ 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ