អានតួអត្ថបទ

ភូមា​បើក​សករាជ​ថ្មី​ គណបក្ស​របស់លោកស្រី​​​អ៊ុងសានស៊ូជី​ឡើង​កាច់​ចង្កូត​សភា​

សភា​ភូមា​បាន​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី នៅ​ថ្ងៃ​ចន្ទ​នេះ ! បន្ទាប់​ពី​រង់ចាំ​អស់​ពេល​បី​ខែ ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង​សានស៊ូជី ដែល​ធ្លាប់​ជា​បក្ស​ប្រឆាំង និង​ដែល​បាន​ទទួលជោគជ័យ​​ យ៉ាង​ត្រចះ​ត្រចង់ ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី ៨ វិច្ឆិកា បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​សភា​វិញ​ម្តង ក្នុង​នាម​ជា​អ្នក​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា។ កាតព្វកិច្ច​ដ៏​ចម្បង​និង​ដ៏​លំបាក​ ដែល​កំពុង​រង់​ចាំ​​សភា​ថ្មីនេះ គឺ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ​និង​ការ​ជ្រើសរើស​តាំង​​ប្រធានាធិបតី​ តាម​បែប​លទ្ធិប្រជាធិបតេយ្យ បន្ទាប់​ពី​បាន​រស់​ត្រាំ​​ត្រែង​ក្នុង​​របប​យោធា​អស់​ជាង​កន្លះ​សតវត្សរ៍។

លោក​ស្រី អ៊ុង សានស៊ូជី និង​សមាជិក​សភា​បក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ថ្ងៃ​បើកប្រជុំ​សភា​លើក​ដំបូង​ថ្ងៃទី ១ កុម្ភៈ ២០១៦
លោក​ស្រី អ៊ុង សានស៊ូជី និង​សមាជិក​សភា​បក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ថ្ងៃ​បើកប្រជុំ​សភា​លើក​ដំបូង​ថ្ងៃទី ១ កុម្ភៈ ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ជីវិត​នយោបាយ​នៅ​ភូមា ដោយ​គណបក្ស​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សេរី​និងយុត្តិធម៌​​ ជា​លើក​ទី​មួយ អាច​ចូល​មក​គ្រប់​គ្រង​សភា ​បាន​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

តំណាង​សភា​ជាប់​ឆ្នោត និងសមាជិក​​សភា​យោធា ​ទាំង ៣៩០​រូប ក្នុង​នោះ ២២៤ជា​បក្ស​សម្ព័ន្ធជាតិ​​ប្រជាធិបតេយ្យ NLD ​ក្នុង​សម្លៀក​បំពាក់​ឯកសណ្ឋាន​ពណ៌​លឿង​ទុំ បានមក​ដល់​​​​សភា​ ក្រុង​ណៃពិដោ តាំងពី​ព្រលឹម ដើម្បី​ចុះ​ហត្ថលេខា​បង្ហាញ​វត្តមាន។

“នេះ​ហើយ​ជា​លទ្ធផល​នៃ​ការ​តស៊ូ​របស់​​យើងជា​ច្រើន​​ឆ្នាំ​ ! ពេលវេលា​បាន​មក​ដល់​ហើយ ការងារ​ដ៏​លំបាកៗ​ជា​ច្រើន​ក៏​កំពុង​រង់ចាំ​យើង​ដែរ ! នេះ​ជា​ប្រសាសន៍​របស់​លោក​ស្រី អ៊ុង សានស៊ូជី​ មុន​នឹង​បញ្ជាក់​បន្ថែម​ទៅ​កាន់​សមាជិក​សភា​​រួម​បក្ស​​ថា បេសកកម្ម​ដ៏​ធ្ងន់ធ្ងរ​ទាំង​អម្បាល​ម៉ាន ត្រូវ​តែ​ប្រឹង​សម្រេច​ឱ្យ​បាន​​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សូម​បញ្ជាក់​ថា សមាជិក​​សភា​​ថ្មី​​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ភូមា​ថ្មី​នេះ ភាគ​ច្រើន​ជា​គ្រូពេទ្យ គ្រូបង្រៀន កវី​និពន្ធ​ ... វិជ្ជាជីវៈ​នយោបាយ ជា​ឯកទេស​ថ្មី ដែល​ត្រូវ​រៀន​សូត្រ ជា​រៀង​រាល់​ថ្ងៃ។ មាន​តែ​តំណាង​រាស្ត្រ​ជាង​២០​រូប ប៉ុណ្ណោះ​ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​សភា​ ក្នុង​នោះ​​គឺ​រូប​លោក​ស្រី អ៊ុងសានស៊ូជី​ ផ្ទាល់ ដែល​បាន​ជាប់​ជា​សមាជិក​សភា​ កាលពី​ឆ្នាំ​២០១២ ក្នុង​សម័យ​បោះឆ្នោត​សភា​មួយ​ភាគ។ ពេល​នេះ​ លោកស្រី បាន​ប្តូរ​​នាទី ពី​ប្រមុខ​បក្ស​ប្រឆាំង មក​ជា​ប្រមុខ​បក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅក្នុង​សភា​ម្តង។

តើ​នរណា​នឹង​ត្រូវ​បាន​ជ្រើស​​​តាំង​ប្រធានាធិបតី​ ?

ភារកិច្ច​ដំបូង​​​របស់​សភា គឺ​ត្រូវ​បោះឆ្នោត​ជ្រើសរើសប្រធាន​និ​ងអនុប្រធាន​សភាជាន់ទាប សភាជាន់​ខ្ពស់ និង​ពិសេស ​​ប្រធានាធិបតី​ថ្មី បន្ត​ពី​ប្រធានាធិបតី​បច្ចុប្បន្ន​ដែល​កំពុង​កាន់​តំណែង​រហូត​ដល់​ថ្ងៃ​ទី ១​ មេសា ២០១៦។ តាម​​ច្បាប់ដែល​បន្សល់​ទុក​ដោយ​របប​សឹក​​ភូមា សភាទាំង​ពីរ និង​សភា​យោធា (ដែលមិន​ឆ្លង​កាត់​ការ​បោះឆ្នោត ​តំណាង​ឱ្យ​២៥%​នៃ​អាសនៈសភា)​ ត្រូវ​ស្នើ​បេក្ខភាព​​ម្នាក់​មួយៗ​យក​មក​បោះឆ្នោត ដើម្បីក្លាយ​ជា​ប្រធានាធិបតី។

បើ​មើល​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​នេះ លោកស្រី អ៊ុង សាន​ស៊ូជី មិន​អាច​ឈរ​ឈ្មោះ​ឱ្យ​សភា​បោះឆ្នោត​ជា​ប្រធានាធិបតី​បាន​ឡើយ ព្រោះ​ច្បាប់​រដ្ឋធម្មនុញ្ញ​ភូមា​មិន​អនុញ្ញាត​ឱ្យ​បរទេស ឬ​ជន​ណា​មាន​កូន​សញ្ជាតិ​បរទេស​ អាច​បំពេញ​តួនាទី​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ទេ។ ហើយ​លោកស្រី អ៊ុងសានស៊ូជី មាន​កូន​ពីរ​នាក់​​ជា​ជនជាតិ​អង់គ្លេស។ លោកស្រី​បាន​ព្យាយាម​កែប្រែ​រដ្ឋធម្មនុញ្ញ តាំង​ពី​មុន​បោះឆ្នោត​ម្ល៉េះ​ប៉ុន្តែ​មិន​បាន​សម្រេច។ នៅ​លើក​នេះ ដោយ​សារ​បក្ស​NLD មាន​សំឡេង​ភាគ​ច្រើន​ដល់​ទៅ​៦០% លោកស្រី​អាច​មាន​សង្ឃឹមកែប្រែ​រដ្ឋធម្មនុញ្ញ​បាន​ ប្រសិន​បើ​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​នៃ​ក្រុម​យោធា ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​​លោកស្រី អ៊ុងសានស៊ូជី ធ្លាប់​បាន​បញ្ជាក់​ថា​នឹង​ស្ថិត​នៅ​ពេល​ប្រធានាធិបតី​ទៅ​ទៀត។

ឥស្សរជន​​​លេច​ធ្លោ​ខ្លាំង
 
គណបក្ស​សម្ព័ន្ធ​ជាតិ​លទ្ធិប្រជាធិបតេយ្យ ក៏​មិន​បាន​បញ្ជាក់​​អំពី​ឈ្មោះ​បេក្ខជន​​ប្រធានាធិបតី​ណា​ម្នាក់​ដែរ​រហូត​មក​ទល់​ពេល​នេះ។ គឺ​ហាក់​ដូច​ជា​ស្ងាត់​ចម្លែក​បន្តិច​មែន  ត្រង់​ចំណុច​នេះ ! ប៉ុន្តែ​បើតាមអ្នក​​វិភាគ​ គេ​ហាក់ដូច​សំឡឹង​ឃើញ​ឥស្សរជន​មួយ​ចំនួន ៖ លោក ទិន អូ អតីត​ឧត្តមសេនីយ៍​ដែល​​បាន​ចាប់​ដៃ​​តស៊ូ​ប្រឆាំង​ជាមួយ​លោកស្រី​ ស៊ូជី តាំង​ពី​ដំបូង​ភ្លាម​។​ គេ​ឃើញ​រូប​លោក ទិន អូ​នេះ មាន​នៅ​ជាប់​លោកស្រី និង​ឪពុក​លោកស្រី គ្រប់​ផ្ទាំង​ឃោសនា​ទាំង​អស់។ លោក​មាន​អាយុ​ ៩០​ឆ្នាំ និង​ធ្លាប់​ទន្ទេញ​ថា​គ្មាន​ចេតនា​ចង់​ក្លាយ​ជា​ប្រធានាធិបតី​ទេ។

លោក ទិន មីយូ វីន ជា​គ្រូពេទ្យ​ផ្ទាល់​របស់​លោកស្រី​អ៊ុងសានស៊ូជី និង​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​មាន​សិទ្ធិ​ចេញ​ចូល​ជួប​លោកស្រី​ពេល​ជាប់​ឃុំឃាំង​ក្នុង​គេ​ហដ្ឋាន។ មាន​អាយុ​៦៤​ឆ្នាំ​ វេជ្ជបណ្ឌិត​​ កាន់​ពុទ្ធសាសនា​មិន​ជ្រុល​និយម​ ជួយ​សង្គ្រោះ​អ្នក​អ៊ីស្លាម​មិន​រើង​មុខ ព្រម​ទាំង​មាន​សំណើ​​នយោបាយ​ច្រើន​ឱ្យ​លោកស្រី​ស៊ូជី និង​គ្មាន​ប្រវត្តិ​យោធា​សោះ ដែល​ជា​ចំណុច​វិជ្ជមាន​ខ្លាំង​សម្រាប់​តួនាទី​ជា​ប្រធានាធិបតី។

នៅមាន​ឈ្មោះ​ជា​ច្រើន​បាន​រសាត់​ក្រៅ​ផ្លូវការដែរ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​រូប​ប្រធាន​សភាទើប​ផុត​អាណត្តិ លោក​ ស្វេ ម៉ាន់ ដែល​បង្កើន​ស្វាគមន៍​លោកស្រី​អ៊ុងសានស៊ូជី តាំង​ពី​​មិន​ទាន់​ប្រកាស​លទ្ធផល។

និយាយ​ជា​រួម ដំណើរ​ការ​ជ្រើសរើស​ប្រធានាធិបតី វែង​ឆ្ងាយ​និង​ស្មុគស្មាញ​ណាស់ នៅ​ពេល​សភា​បោះឆ្នោត​ជ្រើសរើស​បាន​ហើយ​ ប្រធានាធិបតី​ថ្មី នឹង​ចូល​កាន់​តួនាទី​ នៅ​ពីរ​ខែ​ទៀត​ខាង​មុខ។

អន្តរកាល​នយោបាយ​ស្រទន់ ​ប្រជាធិបតេយ្យ​ចង្អៀត

លោកស្រី​អ៊ុងសានស៊ូជី ប្រធាន​​គណបក្ស​ មិន​​បាន​ពន្យល់​ឱ្យ​ស៊ីជម្រៅ​អំពី​ចេតនា ឬ​អំពី​វិធី​សាស្ត្រ​ដឹកនាំ​ប្រទេស​ និ​ង​ក៏​​មិន​បាន​ធ្វើ​សុន្ទរកថា​ទៅ​កាន់​សារព័ត៌មាន​អ្វី​ទាំង​អស់​នៅ​ថ្ងៃ​ចន្ទ​ ថ្ងៃ​បើក​សភា​ដំបូង​នេះ។ កម្មវិធី​ដឹកនាំរបស់​​រដ្ឋាភិបាល មិន​ត្រូវ​បាន​លម្អិត​ជា​សាធារណៈ​ទេ ! មន្ទីរ​ចាត់ការ​បក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​នេះ ហាក់​ដូច​ជា​ដឹកនាំ​ការងារ​ដោយ​សម្ងាត់​និង​ផ្តាច់ការ​ណា​គួរ​សម។

គេ​គ្រាន់​តែ​ដឹង​ថា អំពី​បន្ទាត់​នយោបាយ​ធំៗ របស់​​រដ្ឋាភិបាល​ថ្មីថា​ ចង់​នាំ​សន្តិភាព ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ អភិវឌ្ឍន៍​សេដ្ឋកិច្ច ... ក្រសួង​សំខាន់ៗ ដូច​ជា​ការពារ​ជាតិ និង​មហាផ្ទៃ ត្រូវ​ស្ថិត​នៅ​ក្រាម​ការ​កណ្តាប់​ដៃ​យោធា​ ! មាន​តែ​ក្រសួង​សុខាភិបាល អប់រំ ដែល​ខ្ទេច​ខ្ទី​ស្ទើរ​ដល់​បាត​ទេ​ដែល​បក្ស​ជាប់​ឆ្នោត​ត្រូវ​ទទួល​បន្ទុក​ស្តារ​ឡើង​វិញ។ ភូមា​ជា​ប្រទេស​ក្រីក្រ​ក្នុង​តំបន់​មួយ មាន​ប្រជាជន​រស់​នៅ ៥១​លាន​នាក់ ក្នុង​៣០%​មាន​អគ្គីសនី​ប្រើប្រាស់។

ភាព​ស្ងប់​ស្ងាត់ គ្មាន​ដំណឹង​នេះ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​​បើ​តាម​អ្នក​នាំ​ពាក្យ​បក្ស ​អន្តរកាល​នយោបាយ​ផុយ​ស្រួយ​ណាស់ និង​ដោយ​ធ្លាប់​ទទួល​បទ​ពិសោធន៍​នៅ​ឆ្នាំ​១៩៩០ ឈ្នះ​ឆ្នោត​ហើយ​មិន​បាន​ដឹកនាំ​ប្រទេស ទើប​បក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ ​ផ្តល់​សារ​​នយោបាយ​យ៉ាង​តិច​តួច​បំផុត ដើម្បី​កុំ​ឱ្យ​ក្រុមយោធា និ​ងអតីត​យោធា​ស្លន់​ស្លោ បើ​ចង់​បាន​ការ​ផ្ទេរអំណាច​ដោយ​ស្រទន់​បាន។ នៅ​ក្នុង​រង្វង់​បក្ស ការ​តស៊ូ​មតិ​បែប​ប្រជាធិបតេយ្យ​ ក៏​មាន​តិចដែរ គឺ​មាន​ត្រឹម​ការ​ផ្តល់​សំណើ​ផ្សេងៗ​ទៅ​ជូន​លោកស្រី​ប្រធានបក្ស​ដើម្បី​សម្រេច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ