អានតួអត្ថបទ

អ្នក​ឯកទេស​ព្រមាន​ពី​ភាព​ ងាយ​​រងគ្រោះ​នឹង​វីរ៉ុស​ហ្ស៊ីកានៅអាស៊ី

សម្បូរ​សង្កាត់​ក្រីក្រ​​រខេក​រខាក ភូមិចង្អៀត​មនុស្ស​ណែនណាន់​​ ខ្វះ​អនាម័យ សម្បូរ​ជម្រក​មូស ទ្វីប​អាស៊ី ជា​តំបន់​ដែល​ងាយ​រង​គ្រោះ​ខ្លាំង​ជាង​គេ​បំផុត​ពី​ការ​រាតត្បាត​​នៃ​វីរ៉ុស​ហ្ស៊ីកា។ នេះ​បើ​តាម​ការ​ព្យាករ​របស់​អ្នក​ឯកទេស ដែល​បាន​ចាត់​ទុកការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ហ្ស៊ីកា ជា​វិញ្ញាសា​ដ៏​លំបាក​មួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។

មូសខ្លា Aedes Aegypti ភ្នាក់ងារ​ចម្លង​វីរ៉ុស Zika
មូសខ្លា Aedes Aegypti ភ្នាក់ងារ​ចម្លង​វីរ៉ុស Zika REUTERS/Jaime Saldarriaga
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​អង្គារ​ ថៃ​បាន​ប្រកាស​បញ្ជាក់​ ​វត្តមាន​​ហ្ស៊ីកាលើក​​ដំបូង​ក្នុង​ប្រទេស ! នៅ​ថ្ងៃពុធ​នេះ ឥណ្ឌូណេស៊ី​ជិត​ខាង​ក៏​បាន​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ថា​ក៏​មាន​ករណី​ហ្ស៊ីកា​ដែរ​ និង​បាន​អំពាវនាវឱ្យ​ពលរដ្ឋ​​រក្សា​ភាព​ស្ងប់​ស្ងាត់​ និង​សុទ្ធ​តែ​បាន​ធានា​រ៉ាប់រង​អំពី​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ ចម្លង​តាម​មូស​ខ្លា ដែល​អាច​ធ្វើ​ឱ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ ឬ​កើត​មក​មាន​ក្បាល​តូច​ខុសប្រក្រតី។

ឥណ្ឌា​ប្រទេស​ដ៏​ក្រីក្រ និង​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​បន្ទាប់​ពី​ចិន ក៏​ចាប់​ផ្តើម​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ។ ទូរទស្សន៍​ជាតិ​ ​បាន​ផ្សព្វផ្សាយ​អំពី​លទ្ធភាព​រង​គ្រោះ​ហ្ស៊ីកា។ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា យល់​ច្បាស់​ថា​មិន​យូរ​មិន​ឆាប់ វីរ៉ុស​ហ្ស៊ីកា​នឹង​មក​ដល់ ព្រោះ​ឥណ្ឌាសម្បូរ​​​​​​មូសណាស់ រាប់​ទាំង​ពពួក​មូស​ខ្លា​ Aedes Aegypti និង​មាន​បរិស្ថាន​អំណោយ​ផល​ខ្លាំងខាង​រាតត្បាត ជាក់​ស្តែង​នៅ​ក្រុង​ប៊ុមបៃ  រដូវ​វស្សា​ភ្លៀង​ធ្លាក់​ខ្លាំងរយៈពេល​បួន​ខែ ទឹក​ជន់​ទឹក​ដក់​ ប្រជាជន​រស់​នៅ​ជាប់​គ្នា​រដឹក គ្មាន​អនាម័យ ​មូសកើត​មួយ​សេរី ...

ថ្វីបើ​ពេល​នេះ​ ហ្ស៊ីកា​មាន​កើត​ច្រើន​នៅ​ប្រទេស​ប្រេស៊ីល ប៉ុន្តែ​មូសខ្លា​មាន​ផ្ទុក​វីរ៉ុស​ហ្ស៊ីកា មាន​នៅ​គ្រប់ទិសទី ៖ នៅ​អាហ្វ្រិក អាមេរិកកណ្តាល-​ខាងត្បូង អឺរ៉ុប​ខាង​ត្បូង និង​ពិសេស​នៅ​តំបន់​អាស៊ី។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ឯកទេស​​របស់​អង្គការ​សុខភាពពិភពលោក បាន​ដាស់​​អារម្មណ៍ថ្នាក់​ដឹកនាំអាស៊ី​ ថា​គ្មាន​ហេតុ​ផល​អ្វី​ដែល​ការ​រាតត្បាត​ហ្ស៊ីកា​បញ្ឈប់​ត្រឹម​អាមេរិក​ខាង​ត្បូង​នោះឡើយ។ ផ្ទុយ​ទៅ​អាស៊ី​អាច​នឹងងាយ​រង​គ្រោះ​ខ្លាំង​ផង ព្រោះ​តែ​អាច​មាន​ការ​ភន្ត​ច្រលំ​ជាមួយ​នឹង​ជំងឺ​គ្រុនឈាម និង​ជំងឺ​ចម្លង​ដោយ​មូស​ផ្សេងទៀត។

​បើ​តាម​អង្គការ​សុខភាព​ពិភពលោក ហ្ស៊ីកា មិន​មែនជា​វីរ៉ុស​ថ្មីថ្មោង​ទេស​ម្រាប់អាស៊ី ជំងឺ​នេះ​ធ្លាប់​កើត​មាន​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១០ នៅហ្វីលីពីន​ និង​ ថៃ​នៅ​ឆ្នាំ​២០១២​​។ ដូច្នេះ​សូម​កុំ​មើល​ស្រាល​ជំងឺ​ ត្រូវ​ប្រយ័ត្ន​ប្រហែង​និងចាត់​វិធានការការពារ ប្រសើរ​ជាង​ព្យាបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ