អានតួអត្ថបទ

ថៃបង្ក្រាប​បាន​បណ្តាញ​ធ្វើ​លិខិត​ឆ្លងដែន​ក្លែងក្លាយចូល​​អឺរ៉ុប

បណ្តាញ​រកស៊ីខុសច្បាប់​ដ៏​ធំ​មួយ ដែល​ជាប់​សង្ស័យ​ថា​ក្រុម​ផលិត​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ ត្រូវ​បាន​ប៉ូលិស​ថៃ​កម្ចាត់​កម្ចាយ​បាន​នៅ​សប្តាហ៍​នេះ។ គឺ​ជា​ក្រុម​ធ្វើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ ដែល​ដឹកនាំ​ដោយ​​​ពលរដ្ឋ​ដើម​កំណើត​នៅ​​ដើម​បូព៌ា និង​ សម្រាប់​មនុស្ស​នៅ​ដើម​បូព៌ា ​ធ្វើ​ដំណើរ​ទៅ​-មក​​អឺរ៉ុប។

ថៃ​បំបែប​បណ្តាញ​ផលិត​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ
ថៃ​បំបែប​បណ្តាញ​ផលិត​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ Spanish police/Policia national espanol
ផ្សាយពាណិជ្ជកម្ម

ថៃ​ជាប់​ឈ្មោះ​ជា​ដែនដី​កំពូល​មហា​ផលិត​របស់ក្លែងក្លាយ ជា​ពិសេស​គឺ​លិខិត​ឆ្លង​ដែន​តែ​ម្តង។ ឯកសារ​ក្លែងក្លាយ​នេះ ច្រើន​តែ​ផលិត​ចេញ​ពី​លិខិត​ឆ្លង​ដែន​ពិត ដែល​គេ​លួច​បានពី​ទេសចរ​ គ្រប់​ជាតិ​សាសន៍ និង​បញ្ជូន​មក​ពី​គ្រប់​ទិស​ទី​នៃ​ពិភពលោក តាមបញ្ញើ​ប្រៃសណី មក​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​ភ្នាក់ងារ​អន្តោប្រវេសន៍​ថៃ។

 

បណ្តាញ​ផលិត​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​នេះ ​បាន​មក​តាំង​ទី​នៅ​ភាគ​ខាង​កើត​ក្រុង​បាងកក និង​មាន​ដើម​កំណើត​ជា​អ៊ីរ៉ង់ ជា​ស៊ីរី អាហ្វហ្កានីស្ថាន​ ឬ​ក៏​អ៊ីរ៉ាក់ និង​លក់​ដូរឯកសារ​ក្លែងក្លាយ​ទាំង​នោះ​ក្នុង​តម្លៃ​ពី ១២០០ ទៅ ២០០០​អឺរ៉ូ។

ហាមីដ រ៉េស្ហា ហ្សាហ្វារី  ​ ជា​ជនជាតិ​អ៊ីរ៉ង់ ជា​មេកើយស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​តាំង​ពី​២៥​ឆ្នាំ  និង​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ដុកទ័រ ទើប​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ខ្លួន​កាលពី​ថ្ងៃចន្ទ​កន្លង​ទៅ​នេះ ដោយ​វត្ថុ​តាង​ជា លិខិត​ឆ្លង​ដែន​ក្លែងក្លាយ ៦​នៅ​ជាប់​ខ្លួន ៖ បី​ជា​លិខិត​ឆ្លង​ដែន​ប្រេស៊ីល មួយ​ជា​ប៉េរ៉ូ មួយ​ព័រទុយហ្កាល់ និង​មួយ​ជា​របស់​នូវែលហ្សេឡង់។ ជន​ជាតិ​ប៉ាគីស្ថាន​៥​នាក់​ផ្សេងទៀត ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​តែ​មួយ​នេះ​ដែរ។

នេះ​គឺ​ជា​បណ្តាញ​​ផលិត​ឯកសារ​ក្លែងក្លាយ​ដ៏​ធំ​​ជាងគេ មាន​សមត្ថភាព​ខ្ពស់​ខាង​ផ្តល់​លិខិត​ឆ្លង​ដែន​​ក្លែងក្លាយ​​គុណភាព​ល្អ​​ខ្លាំង​មែនទែន​ នៅ​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ភ្នាក់ងារ​អន្តោប្រវេសន៍​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ដែល​បាន​អះអាង​ការ​សម្រេច​បំបែក​បណ្តាញ​នេះ​បាន​ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​អង្កេត​រយៈ​ពេល​៥​ឆ្នាំ។

ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយជា​របរ​ពេញ​និយម​ខ្លាំង​ណាស់​នៅ​ថៃ។ ក្នុង​មួយ​ឆ្នាំ​ៗ មាន​ទេសចរ​រាប់ពាន់​នាក់​បាន​បាត់​ ឬ​ត្រូវ​គេ​លួច​​លិខិត​ឆ្លង​ដែន​នៅ​ក្នុង​ប្រទេសនេះ។ កាលពី​ខែ​មីនា ២០១៤ មាន​ជន​​ពីរ​នាក់​កាន់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​លួច​បាន​នៅ​ថៃ ជិះ​ក្នុង​យន្តហោះ​MH៣៧០ ដែល​ធ្លាក់​បាត់​ដំណឹង។ នៅ​ចុង​ឆ្នាំ​២០១០ ក្នុង​ប្រតិបត្តិការ​តាមកម្ចាត់​ក្រុម​បង្ក​ភេរវកម្ម​នៅ​ឥណ្ឌា​ឆ្នាំ​២០០៨ និង​នៅ​អេស្ប៉ាញ​ ប៉ូលិស​ចាប់​បាន​ជនជាតិ​ប៉ាគីស្ថាន​ពីរ​នាក់ និង​ថៃ​ម្នាក់ ជាប់​សង្ស័យ​ជា​អ្នកធ្វើ​​លិខិត​ឆ្លងដែនក្លែងក្លាយ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ