អានតួអត្ថបទ

សេអ៊ូល​ពន្យល់​ហេតុផល​នៃ​ការបិទ​មជ្ឈមណ្ឌល​កែសុង​ជា​ឯកតោភាគី

នៅ​ថ្ងៃ​អាទិត្យ​ទី ១៤​កុម្ភៈនេះ កូរ៉េខាង​ត្បូង​បាន​ចេញ​មុខ​ពន្យល់​ហេតុផល នៃ​ការ​សម្រេច​ចិត្ត​ជា​ឯកតោ​ភាគី បិទ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​​អន្តរកូរ៉េ នៅ​កែសុង​។ បើ​តាម​​កូរ៉េខាង​ត្បូង ព្យុងយ៉ាង​បាន​គាប​បង្ខំ​បុគ្គលិក​កម្មករ​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​នេះ ដោយ​កាត់​យក​ប្រាក់​ខែ​ពួក​គេ​ដល់​៧០% ដើម្បី​យក​​ទៅ​ឧបត្ថម្ភ​កម្មវិធី​នុយក្លេអ៊ែរ​និងគម្រោង​ផលិត​អាវុធ​បាលីស្ទិក។

ភ្នាក់ងារ​គយ​កូរ៉េខាង​ត្បូង យាម​នៅ​ព្រំប្រទល់​ត្រង់​ផ្លូវ​ទៅ​មជ្ឈមណ្ឌល​កែសុង
ភ្នាក់ងារ​គយ​កូរ៉េខាង​ត្បូង យាម​នៅ​ព្រំប្រទល់​ត្រង់​ផ្លូវ​ទៅ​មជ្ឈមណ្ឌល​កែសុង REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

បី​បួន​ថ្ងៃ​ក្រោយ​ការ​បាញ់​បង្ហោះ​​ផ្កាយ​រណប និង​មួយ​ខែ​ក្រោយ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ កូរ៉េខាង​ជើង ក្រុង​សេអ៊ូល​បាន​ប្រកាស​ជាឯកតោ​ភាគី​ កាលពី​ថ្ងៃ​ពុធ ទី ១០ កុម្ភៈ ផ្អាក​ប្រតិបត្តិការ​នៅ​កែសុង។ មជ្ឈមណ្ឌល​ដែល​មាន​ក្រុមហ៊ុន​កូរ៉េខាង​ត្បូង ចំនួន​១២៤​ តាំង​ទី​រក​ស៊ី​នៅ​ទី​នោះ និង​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​កូរ៉េខាង​ជើង ជាង ៥៣០០០នាក់។

 
ជា​ប្រតិកម្ម​តប​មក​វិញ ព្យុងយ៉ាង​ក៏​បាន​បណ្តេញ​​​​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាង​ត្បូង​ចេញ​អស់​ពី​តំបន់​កែសុង ដែល​ស្ថិត​នៅ​ក្នុង​ដែន​ដី​កូរ៉េខាង​ជើង ចម្ងាយ​ប្រមាណ​តែ​ជាង​១០​គីឡូម៉ែត្រ​ពីព្រំប្រទល់​ជាមួយ​កូរ៉េខាង​ត្បូង និង​បាន​ប្រកាស​ចាត់​ទុក​តំបន់​នេះ​ជា​តំបន់​យោធា។
ផ្តល់​ហិរញ្ញប្បទាន​ដោយ​កូរ៉េខាង​ត្បូង មជ្ឈមណ្ឌល​កែសុង ​បាន​បើក​ដំណើរការ​​តាំង​ពី​ឆ្នាំ​២០០៤​មក និង​ជា​និម្មិតរូប​នៃ​ការ​ផ្សះផ្សា​រវាង​កូរ៉េ​ទាំងពីរ និង​ក៏​ជា​គម្រោង​កិច្ចសហប្រតិបត្តិការ​រួម​គ្នាដ៏កម្រ​​។ មជ្ឈមណ្ឌល​នេះ​តែង​ត្រូវ​បិទ​ទ្វារ ម្តង​ជាពីរ​ដង រាល់​លើក​ដែល​ភាព​តាន​តឹង​ក្នុង​តំបន់​ឡើង​ខ្លាំង។

ក្នុង​រយៈ​ពេល​១២​ឆ្នាំកន្លង​មក​នេះ ​ក្រុមហ៊ុន​សហគ្រាស​កូរ៉េខាង​ត្បូង បាន​ផ្តល់​ប្រាក់​ខែដល់​​​កម្មករតាម​រយៈ​អាជ្ញាធរ​កូរ៉េ​ខាង​ជើង ក្នុង​តម្លៃ​ប្រមាណ​ ៥៦០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែបើ​តាមការ​អះអាង​របស់​រដ្ឋមន្ត្រី​កូរ៉េខាង​ត្បូង​ខាង​ក្រសួង​បង្រួបបង្រួមកូរ៉េ​ ប្រាក់​បៀវត្សរ៍​នោះ មិន​បាន​ធ្លាក់​ដល់​ដៃ​កម្មករ​ទេ ! ​គណបក្ស​ពលករ​ព្យុងយ៉ាង​ បានយក​កាត់​យកប្រាក់​ខែ​ជា​លុយ​បរទេស ​ប្រមាណ​ជា​៧០% ​ទៅ​ប្រើប្រាស់​​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ ឬ​មីស៊ីល​ ដោយ​ផ្តល់​ទៅ​កម្មករ​ជា​បណ្ណ​ទិញ​ម្ហូប​ ជា​​របស់​របរប្រើប្រាស់​ឬ​រូបិយបណ្ណ​កូរ៉េខាង​ជើង​តិច​តួច​។

កន្លង​មក​សេអ៊ូល​តែ​ង​ធ្មេច​ភ្នែក ធ្វើ​មិន​ឃើញ​ការ​បង្វិល​លុយ​នេះ​ដើម្បី​រក្សា​ទំនាក់ទំនង​ជា​និម្មិតរូប​របស់កែសុង។ ប៉ុន្តែ​​​ពេល​នេះព្យុងយ៉ាង​បន្ត​និង​បង្កើន​ការ​អភិវឌ្ឍ​ខ្លាំងឡើង​ៗ​កម្មវិធី​នុយក្លេអ៊ែរ ដូច្នេះ​កូរ៉េ​ខាង​ត្បូងសម្រេច​ចិត្ត​ត្រូវ​តែ​ចាត់​វិធានការ​ដាច់​ខាត​ខ្លាំង បិទ​មជ្ឈមណ្ឌល​កែសុង​ដើម្បី​សន្តិសុខ​ជាតិ​និង​បំបាត់​ក្តី​ព្រួយ​បារម្ភ​​របស់​ពល​រដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ