ការបាញ់បង្ហោះ យានអវកាស ធៀនកុងពីរ គឺជាកម្មវិធីមួយក្នុងគម្រោងអភិវឌ្ឍន៍វិស័យអវកាស របស់ចិនដែលចង់ក្លាយជាមហាអំណាចពេញសិទ្ធិទាំងផ្នែកសេដ្ឋកិច្ច និងអវកាស ដោយមានមហិច្ឆតាឈានទៅបង្កើតឱ្យបាននូវស្ថានីយ៍អវកាសអចិន្ត្រៃយ៍មួយក្នុងលំហតារាវីថី នៅម្តុំឆ្នាំ២០២២។
Tiangong 2 ឬ វិមានអាកាស២ យានអវកាសពិសោធន៍ នឹងត្រូវបង្ហោះចេញពី កោះហៃណាន់ នៅរវាងត្រីមាសទីបីឆ្នាំ២០១៦នេះ ដើម្បីទៅតភ្ជាប់ទៅនឹងយានអវកាស Tianzhou១ នាវាអាកាស ក្នុងលំហអាកាស។ កម្មវត្ថុនៃការបង្ហោះមន្ទីរពិសោធន៍វិមានអាកាស២ នេះ គឺដើម្បីធ្វើតេស្តសាកល្បងបច្ចេកវិទ្យានៃជីវិតនៅក្នុងតារាវិថី។
សូមអាន ► ការបង្ហោះយានអវកាស វិមានអាកាស១
បន្ទាប់មក នៅក្នុងត្រីមាសទីបួនឆ្នាំនេះដដែល ប៉េកាំងក៏នឹងត្រូវបង្ហោះយានអវកាសមួយទៀត ឈ្មោះថា Shenzhou ១១ (នាវាទេវតា) ដែលមានផ្ទុកអវកាសយានិកពីររូប ទៅជាមួយ ដើម្បីភ្ជាប់ខ្លួននឹងយានអវកាសវិមានអាកាស២ ទៅពង្រឹងស្ថានីយ៍អវកាស។
យានអវកាសដែលជាមណ្ឌលសំខាន់នៃអនាគតស្ថានីយ៍អវកាសចិន នឹងត្រូវបង្ហោះទៅនៅឆ្នាំ២០១៨។ ក្នុងដំណាក់កាលប្រតិបត្តិការដំបូង នឹងត្រូវឧទ្ទិសទាំងស្រុងទៅលើបច្ចេកវិទ្យាក្នុងយានអវកាស។ នេះបើតាម ប្រភពព័ត៌មានរដ្ឋាភិបាល ដែលកាសែតចិនថ្មី ស្រង់បាន។ ស្ថានីយ៍អវកាសអចិន្ត្រៃយ៍ចិន ដែលមានទម្រង់ដូចជាស្ថានីយ៍អន្តរជាតិ ISSបច្ចុប្បន្ន នឹងអាចដំណើរការបានយ៉ាងពេញលេញនៅឆ្នាំ២០២២។
ជាសរុបក្នុងឆ្នាំ២០១៦នេះ ប៉េកាំងមានគម្រោងបង្ហោះអវកាសមិនតិចជាង២០ទេ ក្នុងនោះ មាន ទាំងការបាញ់បង្ហោះរ៉ុកកែត Longue Marche-5 និង Longue Marche-7 ព្រមទាំងការបាញ់បង្ហោះផ្កាយរណបពីរនៃប្រព័ន្ធចង្អុលផ្លូវបៃឌូផង៕