អានតួអត្ថបទ
ទីបេ-អត្តឃាតកម្ម

អត្តឃាតកម្មដុតខ្លួននៅទីបេនិងការប៉ុនប៉ងដុតខ្លួននៅក្រៅប្រទេសចិន

ព្រះសង្ឃ​ទីបេ​មួយ​អង្គ​នៅ​ប្រទេស​ចិន​និង​ក្មេង​ជំទង់​ម្នាក់​នៅ​ឥណ្ឌា បាន​ដុត​ខ្លួន​នៅថ្ងៃ​ចន្ទ​មុន​នេះ​ជា​សញ្ញាដើម្បី​ប្រឆាំងទល់​​នឹងទីក្រុង​​ប៉េកាំង ​នៅ​ក្នុង​ការ​ក្តោបក្តាប់​ទឹកដី​ទីបេ។

សកម្មជន​ដើម្បី​​សិទ្ធិ​សេរីភាព​ទីបេ​បាន​ដុតខ្លួន​សំដែង​ការ​ប្រឆាំង​ទល់​នឹង​​ប៉េកាំង​ក្នុង​ការ​ត្រួតត្រា​លើ​ទឹកដី​ទីបេ​
សកម្មជន​ដើម្បី​​សិទ្ធិ​សេរីភាព​ទីបេ​បាន​ដុតខ្លួន​សំដែង​ការ​ប្រឆាំង​ទល់​នឹង​​ប៉េកាំង​ក្នុង​ការ​ត្រួតត្រា​លើ​ទឹកដី​ទីបេ​
ផ្សាយពាណិជ្ជកម្ម

យោងតាមប្រភព​អង្គការ​ក្រៅរដ្ឋាភិបាលទីបេ​មួយ​ឈ្មោះ Free Tibet ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​Londres ប្រទេស​អង់គ្លេស បាន​ឲ្យដឹង​ថា​”ព្រះសង្ឃ​ Kalsang Wangdu បាន​ពលី​ជីវិត​​ដោយ​ដុត​ខ្លួន​នៅ​ពី​មុខ​វត្តអារ៉ាម​មួយ​ដែល​ស្ថិត​នៅ​តំបន់​ទីបេ​មួយក្នុងខេត្ត​ស៊ីជាន់។

 
កាយវិការយ៉ាងអស់​សង្ឃឹម​របស់​ព្រះសង្ឃ​ទីបេបែបនេះ​ ក៏​​ជា​លើក​ទី​មួយ​ដែរ​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៦ នេះ។ ហើយ​ចំនួន​សរុបនៃ​ប្រជាជន​ទីបេ​ដែល​បានប៉ុនប៉ង​ធ្វើ​អត្តឃាត​និង​បាន​សំរេច​ក្នុង​ការ​ដុត​សម្លាប់​ខ្លួន​ឯង​នេះ មានចំនួន​១៤៤​រូប -នេះបើយោងតាម​ប្រភព​វិទ្យុ​អាមេរិក​​ Radio Free Asia។

ម្យ៉ាងទៀត​ នៅ​ខណៈពេល​ដែល​សង្ឃទីបេអង្គនេះ​បាន​ដុត​ខ្លួន សង្ឃទីបេ Kalsang Wangdu បាន​ស្រែក​អំពាវនាវ​សុំ​ឲ្យ​ទីបេ ​មាន​ឯករាជ្យ​ពេញលេញ-នេះ​បើ​យោងតាម​ប្រភព​អានាមិក​មួយ​​ដែល​ដកស្រង់​ដោយ​វិទ្យុ Radio Free Asia។ មកទល់ពេលនេះនៅលើ​អត្តឃាតកម្ម​​របស់​​​សង្ឃ​ទីបេ រហូងមកទល់នៅ​ថ្ងៃពុធ​នេះ គេនៅតែ​មិនទាន់​អាច​ទាក់ទង​ប៉ូលិស​ចិន​បានទេ ​​​ដើម្បីការ​ពន្យល់​បំភ្លឺ ​អំពី​ហេតុការណ៍​​ដុតសម្លាប់ខ្លួនរបស់សង្ឃទីបេខាងលើនេះ។​

នៅថ្ងៃ​ចន្ទ​ដដែលនោះ​ ក្មេង​​ប្រុសជំទង់ទីបេ​ម្នាក់ អាយុ​១៦​ឆ្នាំ ក៏បានប៉ុនប៉ងដុត​ខ្លួនឯងដែរ​នៅ Dehradun ​ក្រុង ​ឥណ្ឌា​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស។ ទោះបីជា​រាងកាយ​របស់​ក្មេង​នោះ ត្រូវ​រង​របួស​រលាក​រលួយ​ដោយ​សារ​ភ្លើង​ឆេះ​យ៉ាង​សម្បីមពេកក្តី ​ប្រមាណ​ជា​៩៥​%  ក៏​ជីវិត​ក្មេង​ទីបេ​​នេះ​ ត្រូវ​បាន​គេ​ជួយ​ស្រោចស្រង់​​ទាន់​ពេលវេលាដោយ​សារការ​ដឹកបញ្ជូន​ទៅ​ព្យាបាល​ជាបន្ទាន់​នៅ​ឯមន្ទីរ​ពេទ្យមួយនាក្រុង Delhi ។

គឺ​ជា​ជន​ទីបេ​ទី​៨​ហើយ ដែល​បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ដុត​ខ្លួន​បែប​នេះ​នៅ​ក្រៅ​ប្រទេស​ចិន-នេះបើយោងតាមប្រភពអង្គការ Free Tibet ។ នៅក្នុងមន្ទីពេទ្យ ក្មេងរងគ្រោះទីបេ​នេះ- បាន​និយាយប្រាប់​ថា “តាំងតែពី​វ័យកុមារម្ល៉េះ គេ​បាន​បេ្តជ្ញាចិត្ត​រូច​ស្រេច​ទៅ​ហើយថានឹងត្រូវ​​ធ្វើ​អ្វី​មួយ​ដើម្បី​បុព្វហេតុ​ទឹកដី​ទីបេ។ ហើយ​​ជំរើស​ដ៏ប្រសើរ​ជាងគេសំរាប់រូបខ្លួន គឹគ្មានអ្វីក្រៅ​​ពីការ​ដុត​ខ្លួនឯង​នោះទេ ពីព្រោះ​ការដុត​ខ្លួននេះ​ វា​ធ្វើ​ឲ្យ​មនុស្ស​​លោក​តក់​ស្លុត”​។

គួររំលឹកថា ចាប់តាំងពីដើមឆ្នាំ ២០០៩ មក ជនជាតិទីបេ​យ៉ាងហោចជាង​១២២នាក់ ​បានដុត​សម្លាប់ខ្លួនដើម្បីប្រឆាំងទល់នឹងការត្រួតត្រា ការបំបាត់សេរីភាពសាសនា​ដែលចិន​បាន​ធ្វើ​មក​លើទឹកដីបេ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ចិន​ តែងតែបដិសេធទាត់ចោលការ​ជានិច្ចរាល់ការ​ចោទ​ប្រកាន់​​ទាំង​នោះដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ