អានតួអត្ថបទ

អាជ្ញាធរ​ថៃ​ដើរ​រឹប​អូស​ចាន​ក្រហម​​មាន​សារ​ប្រឆាំង

អាជ្ញាធរ​សឹក​ថៃ​មិន​បន្ធូរ​ដៃ​ និង​មិន​អនុញ្ញាត​ឱ្យ​សំឡេង​ប្រឆាំង​អាច​លូត​លាស់បាន​ឡើយ ! របប​យោធា​ថៃ​បាន​ប្រើ​វិធានការ​ថ្មីមួយ​ទៀត​ ដើម្បី​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង។ នៅ​ថ្ងៃ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ប៉ូលិស​ អាជ្ញាធរ​ថៃ​បាន​រឹប​អូស ចាន​គោម​ក្រហមជិត​៦​ពាន់​ចាន ព្រោះ​ចាន​ក្រហម​នេះ មាន​សរសេរ​លម្អរ​ដោយ-​សារ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ត្រកូល​ស៊ីណាវ៉ាត់​ ដែល​​ធ្លាក់​ពី​តំណែងដោយ​​ហេតុ​តែ​រដ្ឋ​ប្រហារ​។

សកម្មជន​អាវក្រហម​ថៃ ពាក់​ខ្សែក​បណ្តោង​រូប​អតីត​នាយក​រដ្ឋមន្ត្រី​ពីរនាក់​បងប្អូន​ ជា​តំណាង​ការ​គាំទ្រ​គោរព​ស្រលាញ់
សកម្មជន​អាវក្រហម​ថៃ ពាក់​ខ្សែក​បណ្តោង​រូប​អតីត​នាយក​រដ្ឋមន្ត្រី​ពីរនាក់​បងប្អូន​ ជា​តំណាង​ការ​គាំទ្រ​គោរព​ស្រលាញ់ © Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ដើម​សប្តាហ៍មុន ស្ត្រី​ថៃ​ម្នាក់​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​ “បះបោរ” បន្ទាប់​ពី​បាន​ថត​រូប​ខ្លួន​ឯង​ជាមួយ “ចានគោមក្រហម” នេះ។

គេ​នៅ​ចង​ចាំ​បាន​ថា ក្រហម​ជា​ពណ៌​​​តំណាង​ក្រុម អាវក្រហម ដែល​ជា​​ចលនា​ប្រជាជន​ និង​សកម្មជន​គាំទ្រ​​អតីត​នាយក​រដ្ឋមន្ត្រី ត្រកូល ស៊ីណាវ៉ាត់ គឺ​លោក​ថាក់ស៊ីន និង​ប្អូន​ស្រី យីងឡាក់ និង​ដែល​ទាំង​ពីរ​នាក់​បង​ប្អូន ត្រូវ​បាន​បណ្តេញ​ចេញពី​អំណាច (២០០៤ និង​២០១៤) ដោយ​ពួក​យោធា។

ចុះ​តើ​ចាន​គោម​ នេះ​មានពាក់​ព័ន្ធ​អ្វីដែរ ទើប​ត្រូវ​អាជ្ញាធរ​រឹប​អូស​ដូច្នេះ ? នៅ​ប្រទេស​ថៃ ចាន​គោម​ក្រហម​នេះ​ត្រូវ​បាន​ប្រើ​នៅ​តាម​វត្ត​អារាម ដើម្បី​ដាក់​ទឹក ក្នុង​គ្រប់​ពិធី​​តាម​បែប​ពុទ្ធសាសនា នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ប្រពៃណី​។ ប៉ុន្តែ​ចោន​គោម​ក្រហម​ទាំង​នោះ មាន​ចារ​សារ​របស់​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់ ជា​អាទិ៍​ថា “​ស្ថានភាព​ទំនង​ជា​អាច​ក្តៅ​ ប៉ុន្តែទឹក​ក្នុង​ចាន​នេះ​អាចព្រោះ​​ឱ្យ​​បង​ប្រុស​ បង​ស្រី ប្អូន​ប្រុស​ប្អូន​ស្រី ត្រជាក់​បាន”។

ចាន​ទាំង​នេះ ត្រូវ​បាន​ចែក​ចាយ​ជា​លើក​ទី​មួយ នៅ​ក្នុង​ពិព័រណ៍​មួយ​ក្នុង​ខេត្ត​ឈៀងម៉ៃ​​ កាលពី​សប្តាហ៍​មុន​។ ចំណែក​ប៉ូលិស​និង​យោធា​ថៃ ក៏​បាន​ចាប់​ផ្តើម​ដើរ​ប្រមូល​និង​រឹប​អូស​យក​ចាន​ទាំងនោះ​មក​វិញ ដល់​ផ្ទះ​ប្រជាជន និង​អតីត​​តំណាង​សភា​ម្នាក់​ជា​សមាជិក​បក្ស​ប្រឆាំង ដែល​មាន​ចាន​នោះ​ដល់​ទៅ​៥៨០០ចាន។​ សម្រាប់​ប៉ូលិស ការចែកចាយ​ចាន​ គឺ​ជា​ផ្តល់​ផល​ចំណេញ​ដល់​បក្ស​នយោបាយ​មួយ និង​បំផ្លាញ​បក្ស​មួយ​ផ្សេង​ទៀត។

ថ្វី​បើ​មានការ​គំរាម​កំហែង និង​ព្រមាន​ពី​សំណាក់​អាជ្ញាធរ​សឹក​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​បក្ស​ប្រឆាំង​ថៃ ​ខិត​ខំ​រិះរក​គ្រប់​មធ្យោបាយ​​ដើម្បី​ងើប​ឡើង​វិញ ជាពិសេស​ក្នុង​ខណៈ​ដែល​ការ​បោះឆ្នោត​ប្រជាមតិ លើ​គម្រោង​សំណើ​រដ្ឋមន្ត្រី​ថ្មី ថ្ងៃទី ៧​សីហា កាន់​តែ​ខិត​មក​ដល់។ ប៉ុន្តែ​របប​សឹក​ ដែល​សន្យា​រៀប​ចំ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ដែល​ជាប់​ចោទ​ដឹកនាំ​ផ្តាច់ការ បំបិទ​សេរីភាព​​នយោបាយ មិន​អនុគ្រោះ​ឡើយ សូម្បី​តែ​ចាន​ជ័រ​ក្រហម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ