អានតួអត្ថបទ

ក្មេងចិន​ចូលចិត្ត​ហូបចុក​របៀប​​អឺរ៉ុប ងាយ​មាន​គ្រោះ​កើត​ជំងឺ​ធាត់ជ្រុល

កុមារ និង​ក្មេង​ជំទង់​ចិន រស់​នៅ​តាម​ជន​បទ កាន់​តែ​ច្រើនឡើងៗ មាន​ជំងឺ​ធាត់​ជ្រុល​ចុក​ខ្លាញ់។ មូលហេតុ មក​ពី​ចិន​ប្តូរ​ទម្លាប់រស់​នៅ និង​ចូលចិត្ត​ទទួល​ទាន​ម្ហូប​អាហារ​ ​តាមបែប​ប្រទេស​លោក​ខាង​លិច។ នេះ​បើ​តាម​ការ​សិក្សា​មួយ​ ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ២៧ មេសា ២០១៦ ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ European Journal of preventive cardiology។

ជំងឺ​ធាត់​ជ្រុល​កំពុង​កើន​ឡើង​ខ្លាំង​នៅ​ចិន​តាម​ជនបទ
ជំងឺ​ធាត់​ជ្រុល​កំពុង​កើន​ឡើង​ខ្លាំង​នៅ​ចិន​តាម​ជនបទ AFP/Mark Ralston
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​១៩៨៥ មាន​កុមារ​និង​ក្មេងជំទង់ ​មិន​ដល់​១%​ទេ ដែល​មាន​ជំងឺ​ធាត់​ជ្រុល​ចុក​ខ្លាញ់​នៅ​ក្នុង​ប្រទេស​ចិន។ តែ​នៅ​ឆ្នាំ​២០១៤ អត្រា​ក្មេង​កើត​ជំងឺ​នេះ​បាន​ឡើង​ដល់​ទៅ ១៧% ចំពោះ​ក្មេង​ប្រុស និង​៩%​សម្រាប់​​ក្មេង​ស្រី។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់ក្រុម​អ្នក​​​វិទ្យាសាស្ត្រ​ កំណើន​អ្នក​កើតជំងឺ​ធាត់​ជ្រុល​នេះ គឺ​បណ្តាល​មក​ពី​ពលរដ្ឋ​ចិន​ប្តូរ​របៀបរបប​រស់​នៅ។ ស្រវារក​​ភាព​ស្រណុក​ស្រួល ងាក​ទៅ​​ទទួល​ទាន​អាហារ​អឺរ៉ុប-​អាមេរិក​ មាន​ជា​អាទិ៍​ ដំឡូង​បារាំង​ចៀន ហាំប៊ឺហ្គឺ នំផ្អែម ទឹក​ក្រូច​សូដា​ ដែល​ជា​ម្ហូប​អាហារ​មានជាតិ​កាឡូរី​ច្រើន​ជ្រុល បរិភោគ​ច្រើន​លើស​តម្រូវការ​​របស់​សរីរាង្គ​កាយ គឺ​បុព្វហេតុតែ​មួយ​គត់​ដែលនាំ​ឱ្យ​ចំនួន​​ក្មេងចិន និង​អាស៊ី​ ​ធាត់​ចុក​ខ្លាញ់កើនឡើង​។

 
ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ ចិន​​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច និង​ការ​ប្រែប្រួល​សង្គម​​ ព្រម​ទាំង​របប​អាហារ​យ៉ាង​ខ្លាំង។ ហើយ​ជា​ចៃដន្យ​ បរិមាណ​​ក្មេង​មាន​ជំងឺ​ធាត់​មាន​កំណើន​ស្រប​គ្នា​កំរិត​ជីវភាព​គ្រួសារ។ ក្នុង​ពេល​១០​ឆ្នាំ​ (២០០២-២០១២) ចំនួន​កុមារ​​ពី​អាយុ​៦ ទៅ​១៧​ឆ្នាំ កើត​ជំងឺ​ធាត់​ជ្រុល បាន​កើន​ឡើង​ដល់​ទៅ​បី​ដង។ ហើយ​និន្នាការ​នេះ​ ទំនង​ជា​បន្ត​កើន​ឡើង​ទៅ​នៅ​រវាង​ពីរ​បី​ទសវត្សរ៍​ទៀត​ខាង​មុខ នៅ​គ្រប់​តំបន់​នៃ​ប្រទេស​ចិន និង​តំបន់​អាស៊ី។

ជាង​នេះ​ទៅ​ទៀត បើ​តាម​អ្នក​ឯកទេស​បារាំង ដោយ​សារ​កត្តាGénétique ពលរដ្ឋ​នៅ​តាម​​បណ្តា​ប្រទេស​ក្នុង​ទ្វីប​​អាស៊ី ដែល​ជាទូទៅ​ មាន​អត្រា​កើត​ជំងឺ​ទឹក​នោម​ផ្អែម (​ជំងឺ​សរសៃ​ឈាម​បេះដូង​) ​ខ្ពស់ស្រាប់​ផង ងាយ​នឹង​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​ធាត់​ជ្រុល​ណាស់។ ដូច្នេះ​មិន​គួរ​ជ្រើសរើស​ទទួល​ទាន​ម្ហូប​អាហារ​បែប​បស្ចឹម​លោក ដែល​សម្បូរ​ជាតិ​ខ្លាញ់ ជាតិ​​សាច់​ ជាតិផ្អែម តែ​ខ្សត់​សារធាតុ​សរសៃទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ