អានតួអត្ថបទ
កូរ៉េខាងត្បូង-កូរ៉េខាងជើង

កូរ៉េខាងត្បូង​ប្រាប់​គ្រប់​ស្ថានទូត​បរទេស​ពី​​ការ​ដែល​កូរ៉េ​ខាង​ជើង​អាច​ចាប់​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​​ជា​ចំណាប់​ខ្មាំង​

កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ចន្ទ​២​ឧសភា​នេះ បាន​ប្រាប់​ដល់​​ស្ថានទូត​ទាំង​អស់​របស់​ខ្លួន​នៅ​បរទេស ​​ពី​ការ​ដែល​កូរ៉េ​ខាង​ជើង ​អាច​នឹង​ចាប់​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ដើម្បី​​ជា​ការ​សងសឹក បន្ទាប់ពី​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​មួយ​ក្រុម​បាន​រត់​ចូល​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

ទាហានការពារព្រំដែន​កូរ៉េ​ខាងជើង​បាញ់​សម្លាប់​ជនជាតិចិន​៣នាក់
ទាហានការពារព្រំដែន​កូរ៉េ​ខាងជើង​បាញ់​សម្លាប់​ជនជាតិចិន​៣នាក់ ©Reuters
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ចំនួន​១២​នាក់​ដែល​ធ្វើការ​នៅ​ក្នុង​ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​មួយ​នៅ​​ប្រទេស​ចិន​ព្រម​ទាំង​មេ​ចាត់ការ​​ម្នាក់​ផង បាន​នាំ​គ្នា​រត់​ចេញ​ពី​ប្រទេស​ចិន​និង​ទៅ​ដល់​កូរ៉េ​ខាងត្បូង​តាំង​ពី​ដើម​ខែ​មេសា។​ ​យោងតាមសេអ៊ូល” ប្រជាជន​កូរ៉េ​ខាង​ជើង​ទាំង​អស់​នោះ បាន​ចូល​មក​ដល់​ទឹកដី​កូរ៉េ​ខាង​ត្បូង​ដោយ​​ស្ម័គ្រចិត្ត។ តែ​ទីក្រុង​ព្យុងយ៉ាង​វិញ បាន​អះអាង​​ថា” ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ទាំង​នោះ បាន​ត្រូវ​ចាញ់​បោក​ក្រុមស៊ើបការ​​កូរ៉េ​ខាង​ត្បូង​និង​បាន​ត្រូវ​ចាប់​ខ្លួន​​យក​ទៅ​កូរ៉េ​ខាងត្បូង។  

នៅ​ថ្ងៃ​នេះ ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាង​ត្បូង​ទទួល​បន្ទុក​កិច្ចការ​អន្តរៈ​កូរ៉េ បាន​អំពាវនាវ​ដល់​​ពលរដ្ឋ​ខ្លួន​ទាំង​អស់​នៅ​ក្រៅ​ប្រទេស​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។ មិនតែប៉ុណ្ណោះ ទីក្រុង​សេអ៊ូល មាន​ការ​បារម្ភ​ខ្លាំងពី​ការ​ចាប់​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ជា​ចំណាប់​ខ្មាំង​ឬ​ក៏​អំពើ​ភេរវកម្ម​ដែល​ធ្វើ​ឡើង​ដោយ​កូរ៉េ​ខាង​ជើង។​ក៏ប៉ុន្តែ ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​ខិតខំ​ព្យាយាម​ជានិច្ច ថា​នឹង​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្លួន​នៅ​ឯ​បរទេស។
 

ម្យ៉ាងទៀត យោង​តាម​កាសែត​មួយ​ផ្លូវការ​មួយ​របស់​កូរ៉េ​ខាង​ត្បូង” ទីក្រុង ​Pyongyan មាន​គម្រោងការណ៍ចាប់​ខ្លួន​អាណិកជន​ជាតិ​កូរ៉េ​ខាង​ត្បូង ដើម្បី​​សងសឹក​វិញ​​ក្រោយពី​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​១៣​នាក់ បាន​រត់ចោល​ស្រុក​ដើម្បី​ចូល​កូរ៉េ​ខាង​ត្បូង។ កាសែត​​ដដែល​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា “គោលដៅ​របស់​កូរ៉េ​ខាង​ជើង គឺ​ការ​ចាប់​ខ្លួន​អាណិកជន​​កូរ៉េ​ខាង​ត្បូង​ឲ្យ​បាន​ចំនួន​១២០​នាក់ ដែល​ប្រកប​មុខងារ​ជា​ទាហាន ​មន្ត្រី​រដ្ឋការ​នឹង​​អ្នក​ធ្វើការ​នៅ​បរទេស​ជាដើម។

គួររំលឹកថា ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ជិត​៣​ម៉ឺន​នាក់ បាន​រត់​ចោល​ស្រុក​ដោយសារ​ភាព​ក្រីក្រ​អត់​ឃ្លាន​ដើម្បីចូល​ទៅ​ក្នុង​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ស្រុក​សម្បូណ៌​សប្បាយ​រុងរឿង។ .ក៏​ប៉ុន្តែ​ការ​រត់​ចុះ​ចូល​របស់​មនុស្ស​ទាំង​ក្រុម​ដូច​នេះ គឺ​ជា​ការ​កម្រ​ណាស់ ជាពិសេស​ពី​សំណាក់​បុគ្គលិក​បំរើការ​នៅ​ក្នុង​ភោជនីយដ្ឋាន​នានា​របស់​ព្យុងយ៉ាង​នៅ​ឯ​បរទេស។ ក្រុម​គ្រួសារ​កូរ៉េ​ខាង​ជើង​ដែល​ធ្វើការ​នៅ​ឯ​បរទេស គឺ​សុទ្ធសឹង​តែ​ជា​បុគ្គល​ដែល​ត្រូវ​បាន​របប​កុម្មុយនិស្ត​សំរិត​សំរាំង​​និង​ក៏​ជា​មនុស្ស​ដែល​របប​ព្យុងយ៉ាង​វិនិច្ឆ័យ​ថា​មាន​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួន។

គួររំលឹក​ថា​ការ​ចាប់​ពង្រត់​មនុស្ស​គឺ​មិនមែន​ជា​ការ​ចម្លែក​ទេ​សំរាប់​កូរ៉េ​ខាង​ជើង។ ដូចយ៉ាង​នៅ​​អំឡុង​ឆ្នាំ ១៩៧៨ ខ្មោច​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង លោក គឹម ជុនអ៊ីល ក៏​ធ្លាប់​បញ្ជារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​សម្មិទ្ធិករ​ខ្សែភាពយន្ត​កូរ៉េ​ខាង​ត្បូង​ដ៏​ល្បីល្បាញ​ម្នាក់​ជាមួយ​នឹង​ភរិយា​នៅ​ហុងកុង​ដើម្បី​ឲ្យ​ប្តី​ប្រពន្ធ​នេះ ទៅថត​កុន​នៅ​កូរ៉េ​ខាង​ជើង​វិញ។ គូ​ស្វាមី​និង​ភរិយា​ជនជាតិ​កូរ៉េ​ខាង​ត្បូង​នេះ បាន​សម្រេច​រត់​រួច​ចេញ​ពី​កូរ៉េខាង​ជើង​បាន​នៅ​ឆ្នាំ​១៩៩៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ