អានតួអត្ថបទ

សិង្ហបុរី​ចាប់​ខ្លួន​បង់ក្លាដែស​៨​នាក់​ពី​បទ​ពាក់ព័ន្ធ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម

ជនជាតិ​បង់ក្លាដែល​៨​នាក់ ដែល​ជា​សមាជិក​អង្គការ​ខុស​ច្បាប់​មួយ ស្និទ្ធ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ប្រទេស​សិង្ហបុរី។ យោង​តាម​សេចក្តី​ប្រកាស​របស់​​ក្រសួង​មហាផ្ទៃ​សិង្ហបុរី នៅ​ថ្ងៃ​អង្គារ​នេះ ភេរវជនសង្ស័យ​​​ ទំនង​ជា​កំពុង​រៀប​ចំផែនការ​ធ្វើ​​ភេវរកម្ម​មួយ​ប្រឆាំង​នឹង​ប្រទេស​បង់ក្លាដែសខ្លួន​ឯង​។

សកម្មជន​អង្គការរដ្ឋ​​អ៊ីស្លាមបង់ក្លាដែល ដែល​សិង្ហបុរី​ចាប់​ខ្លួន​បាន​
សកម្មជន​អង្គការរដ្ឋ​​អ៊ីស្លាមបង់ក្លាដែល ដែល​សិង្ហបុរី​ចាប់​ខ្លួន​បាន​ © Reuters
ផ្សាយពាណិជ្ជកម្ម

ជន​សង្ស័យបង់ក្លាដែល​​ទាំង​៨នាក់​នេះ បាន​រៀប​ចំ​ផែន​ការ​យ៉ាង​ល្អិត​ល្អន់ ដោយ​ដំបូង​ឡើយ​ ពួក​គេ​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី នៅ​មេសា ដើម្បី​ចូល​រួម​ហាត់​ហ្វឹក​ហ្វឺន​ជាមួយ​អង្គការ​រដ្ឋ​អ៊ីស្លាម។ នេះ​ជា​ការ​គូស​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​មហាផ្ទៃ​សិង្ហបុរី ដែល​បាន​ឱ្យ​ដឹង​បន្ថែម​ទៀតថា ពួក​ភេរវជន​សង្ស័យនេះ គឺ​ជា​សមាជិក​ក្រុម​អង្គការ​ខុស​ច្បាប់​មួយ​នៅ​សិង្ហបុរី។

អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជន​មួយ​ឈ្មោះ Rahman Mizanur កាលពី​ខែ​មីនា ឆ្នាំ​២០១៦ ដែល​មាន​ឈ្មោះ​ថា អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​បង់ក្លាដែស។ បើ​តាម​ប្រភព​ដដែល​ មាន​ជន​សង្ស័យ​​ពី​រ​នាក់​ផ្សេង​ទៀត នៃ​អង្គការរដ្ឋ​អ៊ីស្លាម​បង់ក្លាដែស កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។​​

ជន​បង់ក្លាដែល​ទាំង​៨ មាន​បណ្ណ​ស្នាក់​នៅ​​និង​ធ្វើការស្រប​ច្បាប់​នៅ​សិង្ហបុរី ក្នុង​វិស័យ​សំណង់ និង​ឧស្សាហកម្ម​ជើង​ទឹក។ នៅ​ពេល​ចាប់​ខ្លួន​បាន អាជ្ញាធរ​បាន​រឹប​អូសវត្ថុ​តាង​មួយ​ចំនួន​ដូច​ជា សៀវភៅ​បង្ហាត់​ផលិត​គ្រាប់​បែក បញ្ជីឈ្មោះ​អ្នក​ទទួល​ត្រូវ​នយោបាយ​​ក្នុង​រដ្ឋាភិបាល​បង់ក្លាដែស និង​ក្នុង​ជួរ​យោធា​ ដែល​ជា​ទិស​ដៅ​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ និង​សៀវភៅ​​ស្តី​ពី​អាវុធ ​យុទ្ធភណ្ឌ ព្រមទាំង​សម្ភារៈ​ជា​ច្រើន​ទៀត​ពាក់​ព័ន្ធ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម និង​អង្គការ​ភេរវនិយម​អាល់កៃដា។

ក្រុម​អង្គការ​នេះ ក៏​មាន​គម្រោង​​ជ្រើស​រើស​ពលករ​បង់ក្លាដែស​​នៅ​សិង្ហបុរី​ ជា​ច្រើន​នាក់​ទៀត​ឱ្យ​ចូល​មក​បម្រើ​អង្គការ និង​បាន​រ៉ៃ​អង្គាស​ប្រមូល​លុយ​ធ្វើ​ជា​មូលនិធិ​ដើម្បី​ទិញ​អាវុធ​ សម្រាប់​យក​ទៅ​ធ្វើ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ ពេល​ណា​ដែល​សកម្មជន​ណាស់​​ត្រលប់​ចូល​ស្រុក​វិញ។
មេកើយ​ឈ្មោះ Mizanur បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​អង្កេត​សិង្ហបុរី​ថា ពួក​គេ​ត្រៀម​​ជា​ស្រេច​នឹង​ចេញ​ធ្វើ​ភេរវកម្ម​ នៅ​គ្រប់​ទិស​ទី​លើ​ពិភពលោក ប្រសិន​បើ​អង្គការ​រដ្ឋ​អ៊ីស្លាម​ស្នើ​សុំ។

កាលពី​ខែ​មករា សិង្ហបុរី​បាន​ប្រកាស​ចាប់​ខ្លួន​​ជន​បង់ក្លាដែស​ ចំនួន​សរុប ២៧​នាក់ ក្នុង​មួយ​ឆ្នាំ​២០១៥ ពី​បទ​​ជាប់​សង្ស័យថា​មាន​គម្រោង​ធ្វើ​ភេរវកម្ម​ប្រឆាំង​ប្រទេស​កំណើត​ពួក​គេ។ ក្រោយ​ការ​ចាប់​ខ្លួន​រួច ជន​ទាំង​អស់​នោះ​ត្រូវ​បាន​​បញ្ជូន​ឱ្យ​បង់ក្លាដែស​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ