អានតួអត្ថបទ

ជប៉ុន​និង​អាល្លឺម៉ង់ខ្វែង​គំនិត​​​គ្នា​ លើ​​ការ​ផ្តល់​សន្ទុះ​​សេដ្ឋកិច្ច​ពិភពលោក

នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប និង​នា​ឱកាស​ស្ថិត​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ល្ងាច​មិញ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន បាន​បង្ហាញ​ជំហរ​ខ្វែង​គ្នា​នឹង​អាល្លឺម៉ង់ ស្តី​អំពី​មធ្យោបាយ​ផ្តល់​សន្ទុះ​​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ ខាង​ជប៉ុន​ ដើម្បី​មាន​សន្ទុះ គេ​ត្រូវ​តែ​ហ៊ាន​​ប្រថុយ​បង្កើន​​នយោបាយ​ហិរញ្ញវត្ថុ​ ឯ​ខាង​អាល្លឺម៉ង់​វិញ ចង់​រក្សា​​នយោបាយ​​បែប​ប្រុង​ប្រយ័ត្ន។

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់  Merkel និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Abe នៅ​ក្រុង​Meseberg អាល្លឺម៉ង់​ថ្ងៃ​ទី ៤ ឧសភា ២០១៦
លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Merkel និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Abe នៅ​ក្រុង​Meseberg អាល្លឺម៉ង់​ថ្ងៃ​ទី ៤ ឧសភា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

“យើង​ត្រូវ​តែ​ហ៊ាន​ ហ៊ាន​ប្រថុយ ធ្វើ​ឱ្យ​​សកម្ម ដើម្បី​​ផ្តល់​​កំណើនដល់​​សេដ្ឋកិច្ច ! មិន​ត្រូវ​ចាំ​ឱ្យ​ទាល់​តែ​សេដ្ឋកិច្ចពិភពលោក​មាន​ដំណើរ​ជា​ធម្មតា​ឡើង​វិញ​ទេ ! នេះ​ជាសេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ជំនួប​ជាមួយ​លោកស្រី ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ភ្លាម។ សម្រាប់​លោក អាបេ ដែល​គាំទ្រ​គំនិត​អាល្លឺម៉ង់​ ទាមទារ​ឱ្យ​ប្រទេស​មាន​វិបត្តិ​ ទន្ទឹម​នឹង​ការ​បង្កើន​ល្បឿនធ្វើ​កំណែទម្រង់​​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ​ គេ​ក៏​ត្រូវ​ហ៊ានសើរើ​​នយោបាយ​ថវិកា​ ដូច​ជា​បង្កើន​តម្រូវការ​ក្នុង​ស្រុក​ដែរ។

តាំង​ពី​​​ឆ្នាំ​២០១២​មក លោក​ស៊ីនហ្សូ អាបេ បាន​ចេញ​វិធានការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​​ជប៉ុន ដែល​មាន​ឈ្មោះ​ថា អាបេណូមិក។ លោក​ មាន​មហិច្ឆតា​ចង់​ឃើញ​ជប៉ុន​និ​ងអាល្លឺម៉ង់​ ព្រមទាំង​សមាជិក​ហ្សេ​៧ ជា​ក្រុមប្រទេ​សមហាឧស្សាហកម្ម​ (អាមេរិក- បារាំង-អង់គ្លេស-អ៊ីតាលី-អាល្លឺម៉ង់-កាណាដា និង​ជប៉ុន) មាន​ទស្សនៈរួម​គ្នា​ជា​ធ្លុងមួយ ទើប​ខំ​ប្រឹង​ធ្វើ​ដំណើរ​មក​បញ្ចុះ​បញ្ចូល​​​ដល់​ផ្ទះរៀងៗ​ខ្លួន។ បន្ទាប់​ពី​បារាំង និង​អាល្លឺម៉ង់ លោកអាបេ ត្រូវ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​នេះ។

​ជប៉ុន​ដែល​ហ៊ាន​​ប្រើ​គ្រប់​មធ្យោបាយ រាប់​ទាំង​អន្តរាគមន៍​ក្នុង​ទីផ្សារ​រូបិយវត្ថុ​ផង​បើ​ចាំ​បាច់​ និង​ដែលក្នុង​នាម​ជា​ម្ចាស់​ផ្ទះ សង្ឃឹម​ថា នឹង​អាចផ្តល់​​សារ​រួម​ ស្តី​ពី​សេដ្ឋកិច្ច​ពិភពលោក​ នា​ឱកាស​ជំនួប​កំពូល G៧ ​ថ្ងៃ​ទី ២៩-២៧​ឧសភា​។

ប៉ុន្តែ​អាល្លឺម៉ង់ ដែល​ដៃគូ​ឧស្សាហកម្ម​ទាំង​ឡាយ​តែង​រំអុក​ឱ្យ​គាំទ្រ​ ការ​បង្កើន​ចំណាយ​ក្នុង​ស្រុក បញ្ចុះ​ពន្ធដារ បង្កើន​ប្រាក់​ខែ​ ដើម្បី​ចូល​រួម​ចំណែក​គាំទ្រ​សេដ្ឋកិច្ច​ពិភពលោក បាន​សម្តែង​គំនិត​ខ្វែង​រួច​ទៅ​ហើយ នៅ​ថ្ងៃ​ម្សិលមិញ។ លោកស្រី​មែរកិល បាន​បដិសេធ​ប្រកប​ដោយសុជីវធម៌​ទៅ​កាន់​សមភាគី​ជប៉ុន ថា​តម្រូវការក្នុង​ស្រុក​អាល្លឺម៉ង់​ សកម្ម​គ្រប់​គ្រាន់​ហើយ តាម​រយៈ​ការ​ទទួល​យក​ជនភៀស​ខ្លួន​។ នយោបាយ​ថវិកា​អាល្លឺម៉ង់រឹង​មាំ ហើយ​អាល្លឺម៉ង់​​គ្មាន​ជម្រើស​អ្វី​ក្រៅអំពី​ការ​រិត​ត្បិត​នេះ​ទេ បើ​ទោះ​បី​ជាមាន​សល់ផល​ថវិកា​ក៏​ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ