អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​អាហ្វហ្កានីស្ថាន អាច​រំពឹង​លើ​ចិន​បាន​ប៉ុណ្ណា ក្នុង​ស្តារ​សន្តិភាព​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន លោក អាប់ឌូឡះ អាប់ឌូឡះ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ពី​ថ្ងៃ​អាទិត្យ​ដល់​ថ្ងៃពុធ​ទី ១៨​ឧសភា ស្រប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ចិន ​លោក លី ខឺឈាំង។ នៅ​ក្នុង​ជំនួប​ នាព្រឹក​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី​ចិន បាន​ប្រកាស​អំពី​ភាព​អន្ទះ​សារ​ចង់​ធ្វើ​​ឱ្យ​ប្រសើរ​ឡើង​​កិច្ចសហប្រតិបត្តិការ​រវាង​អាហ្វហ្កានីស្ថាន និង​ចិន។ មិន​តែ​ប៉ុណ្ណោះ​ ចិន​បាន​ចាត់​ទុក​អាហ្វហ្កានីស្ថាន​ថា​ជា​អាទិភាព​មួយ​​ផង​ក្នុង​នយោបាយ​អោប​ក្រសោប​អ្នក​ជិត​ខាង។ តើ​ចិន​កំពុង​ចង់​ដើរ​តួនាទី​មើល​ថែ​អាហ្វហ្កានីស្ថាន​ជំនួស​អាមេរិក​ឬ ?

លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiangនិង​ប្រមុខ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន លោក Abdullah Abdullah នៅ​ទីក្រុង​ប៉េកាំង ថ្ងៃទី ១៦ឧសភា ២០១៦
លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiangនិង​ប្រមុខ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន លោក Abdullah Abdullah នៅ​ទីក្រុង​ប៉េកាំង ថ្ងៃទី ១៦ឧសភា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ជាង​មួយឆ្នាំ​មុន ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជា​​​ប្រធានាធិបតីអាហ្វហ្កានីស្ថាន​ភ្លាម លោក អាស្ហ្រាហ្វ ហ្កានី បាន​រូត​រះ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចផ្លូវ​រដ្ឋ​ដំបូង​គេ​នៅ​ប្រទេស​ចិន។ នៅ​ថ្ងៃ​នេះ​ ដល់​វេន​លោកប្រមុខ​រដ្ឋាភិបាល ​អាប់ឌូឡះ អាប់ឌូឡះ ជាម្តង ដែល​ត្រូវ​នាយក​រដ្ឋមន្ត្រី​ចិន ទទួល​ជួប​ស្វាគមន៍​ដោយ​ផ្ទាល់​និង​ដោយ​ផ្លូវការ​ នៅ​ក្រុង​ប៉េកាំង។

 

ជំនួប​ដែល​ជា​ឱកាស​មួយ​សម្រាប់​ចិន បង្ហាញ​អំពី​ការ​គាំទ្រកាន់​ខ្លាំង​ឡើង​​អាហ្វហ្កានីស្ថាន ក្នុង​ដំណើរ​ការ​ផ្សះផ្សា​​នយោបាយ និង​ស្ថាបនា​ជាតិ​​ឡើង​វិញ។ លោក លី ខឺឈាំង នាយក​រដ្ឋមន្ត្រី​ចិន បាន​ថែម​ទាំង​បញ្ជាក់​ថា អាហ្វហ្កានីស្ថាន​គឺ​ជា​អាទិភាព​មួយ​​នៃ​នយោបាយ​គិត​គូរ​ដល់​អ្នក​ជិត​ខាង​របស់​ចិន​ ដែល​ត្រូវ​ពង្រឹង​និង​ពង្រីក​ភាព​ជា​ដៃគូ​​ កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ទ្វេ​ភាគី​ ជាពិសេស​គាំទ្រ​​អាហ្វហ្កានីស្ថាន​ឱ្យ​រក្សា​បាន​ឯករាជភាព អធិប្បេតយភាព បូរណភាព​ដែនដី និង​សន្តិសុខ។

បើ​តាម​លោក​ លី ខឺឈាំង ចិនត្រៀម​សហការ​ជាមួយ​អាហ្វហ្កានីស្ថាន លើ​គ្រប់​វិស័យ​ដូច​ជា​នយោបាយ​ សេដ្ឋកិច្ច សន្តិសុខ​និង​វប្បធម៌ ព្រមតាំង​កិច្ចការ​អន្តរជាតិ​​-តំបន់។ ចិន​ត្រៀម​ជួយ​អាហ្វហ្កានីស្ថាន និង​គាំទ្រ​រដ្ឋាភិបាល​ថ្មី​អាហ្វហ្កានីស្ថាន ដែល​មាន​ផែនការ​ផ្សះផ្សា​នយោបាយ។ ចិន​និ​ងអាហ្វហ្កានីស្ថាន ក៏​បាន​មូល​មតិ​គ្នា​ខ្លាំង​លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ និង​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ។

ជា​សរុប​ ត្រឹម​តែ​ដំណើរ​ទស្សនកិច្ចពីរ​ជើង ចិន​និង​អាហ្វហ្កានីស្ថាន​ បាន​យល់ចិត្ត​​គ្នា​ច្រើន​និង​ផ្តល់​សារៈ​សំខាន់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង។ នេះ​ដោយ​សារ​មូលហេតុ​អ្វី ?

ការ​ដក​ខ្លួន​ចេញ​ពី​​អាហ្វហ្កានីស្ថាន របស់​​​​​អាមេរិក​និង​អូតង់ នៅ​ចុងឆ្នាំ គឺ​ប្រៀប​ដូច​ជា​បើក​ឱកាស​ឱ្យ​មាន​ខ្យល់​ថ្មី។ ខាង​រដ្ឋាភិបាល​កាប៊ូល របស់​លោក អាស្ហ្រាហ្វ ហ្កានី អាហ្វហ្កានីស្ថាន កំពុង​បំផ្លែង​ខ្លួន និង​មើល​ឃើញ​ថា​ចិន​អាច​ដើរ​តួនាទី និង​ជា​ផ្តល់​សំណាង​ច្រើន ដល់​ការ​ស្វែង​រក​សន្តិភាព ព្រោះ​ចិន​មាន​មធ្យោបាយ​ដាក់​សម្ពាធ​លើ​ប៉ាគីស្ថាន ដែល​ជា​ជង្រុក​របស់​ពូក​តាលីបង់។ ជាក់​ស្តែង កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ ប្រមុខ​តាលីបង់​និរទេស​ខ្លួន​នៅ​​កាតា បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប៉េកាំង ហើយ​បើ​គេ​ជឿ​តាម​សំដី​អ្នក​នាំ​ពាក្យ​របស់​អតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក អាមីត កាហ្សៃ ទស្សនកិច្ច​នោះ គឺ​រៀប​ចំ​ឡើង​ដោយ​ភ្នាក់​ងារ​សម្ងាត់​ប៉ាគីស្ថាន។

ចំណែក​ខាង​ភាគី​ចិន​វិញ ក្រៅ​អំពី​សំឡឹង​ឃើញ​ប្រយោជន៍​សេដ្ឋកិច្ច​ ដូច​ទម្លាប់ ចិន​ក៏ចង់​បោះជំហាន​ចូល​ក្នុង​​លំហ​នយោបាយ ​​​ដើរ​តួ​ជា​អ្នក​នាំ​​អាហ្វហ្កានីស្ថាន ឆ្លង​អន្តរកាលដែរ។ ដំណើរ​ដក​កងទ័ព​អាមេរិក​និង​អូតង់​ចេញ​ពី​អាហ្វហ្កានីស្ថាន គឺ​ជា​ការដក​មូលដ្ឋាន​ទ័ព​អាមេរិក​ចេញ​ពី​ព្រំដែន គឺ​ជា​ការ​ដក​បន្លា​មួយ​ចេញ​ពី​ភ្នែក​ចិន និង​ចិន​ធ្វើ​ឱ្យ​ចិន​ស្គាល់​រសជាតិ​ស្ថិរភាព ទើប​ត្រូវ​ប្រឹង​លូក​ដៃ​ខ្លាំង​​ត្រូវ​ការ​ឃើញ​អាហ្វហ្កានីស្ថាន​មាន​ស្ថិរភាព។ ចិន​និង​អាហ្វហ្កានីស្ថាន មាន​ព្រំ​ប្រទល់​ជាប់​គ្នា​ដល់​២០០​គីឡូម៉ែត្រ បើ​អាហ្វហ្កានីស្ថាន​វិល​វល់ ​​ នោះ​ចិន​ក៏​មិន​អាច​នៅ​ស្ងប់ស្ងាត់​ស្រួល​ដែរ។ ចិន​ក៏​កំពុង​ឈឺ​ក្បាល​ខ្លាំងស្រាប់​ផង​​នឹង​ពួក​អ៊ីស្លាម​ជ្រុល​និយម​​​អ៊ុយហ្គួរ នៅ​ស៊ីនជាំង។​ ហើយ​គឺ​ពួក​ជីហាត​នៅ​ភាគ​ខាង​ជើង​ប៉ាគីស្ថាន​នេះ​តែ​មួយ​ដែល​ជា​អ្នក​ឧបត្ថម្ភ​និង​ផ្តល់​ជម្រក​ដល់​ពួក​យុទ្ធជន​អ៊ុយហ្គួរ។

គ្មាន​កងទ័ព​នៅ​អាហ្វហ្កានីស្ថាន ​គ្មាន​រូបភាព​ជា​អ្នក​ឈ្លានពាន​ដូច​អាមេរិក​និង​អូតង់ ចិន​អាចជ្រៀត​ចូល​ទៅ​ ​ចិន​អាច​ចូល​​​ចាក់​ឬ​ស​ចាក់​គល់​ក្នុង​ប្រទេស​នេះ​​ក្នុង​វិស័យ​​ជា​សេដ្ឋកិច្ច​ ក្តោប​ក្តាប់​ធនធាន​រ៉ែ​មួយ​របស់​អាហ្វហ្កានីស្ថាន​ទៅ​ហើយ​មែន និង​ដើរ​តួនាទី​ល្អ​ជាង​សម្រាប់​ក្រសែ​ភ្នែកពលរដ្ឋ​និង​ថ្នាក់​ដឹកនាំ​​អាហ្វហ្កានីស្ថាន។
ប៉ុន្តែ​ទោះ​បី​ជា​ចិន​​មាន​ហេតុផល​ច្បាស់​លាស់ត្រូវ​អោប​ក្រសោប​អាហ្វហ្កានីស្ថាន ត្រូវ​ជួយ​រក​សន្តិភាពប្រទេស​នេះ​ឱ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​ពួក​អ៊ីស្លាម​ជីហាត​ក៏​មែន​ពិត តែ​ចិន​ទំនង​ជា​មិន​អាច​លូក​ដៃ​ចូល​​ជួយ​ឱ្យ​កប់​ជ្រៅ​ឡើយ​។ មូលហេតុ​មក​ពី​ចិន​ក៏​ត្រូវ​ការ​គោរព​​ទំនាក់ទំនង​​ល្អ​និង​ជា​យុទ្ធសាស្ត្រ​ជាមួយ​ប៉ាគីស្ថាន។ ចិន​មិន​អាច​ធ្វើ​ឱ្យ​ហួស​ហេតុ​​ចំពោះ​កាបូល​ រហូត​ខូច​ការ​ជាមួយ​ប៉ាគីស្ថាន​បាន​ឡើយ។ សូម​បញ្ជាក់​ថា​ប៉ាគីស្ថាន​និង​ចិន មាន​ប្រវត្តិ​ស៊ុំ​គ្រលំ​គ្នា​​ស្អិត​ល្មួត​ខ្លាំង​ណាស់។ ជា​ការ​ឃុបឃិត​គ្នា​ដោយ​ឈរ​លើ​ប្រយោជន៍​រួម ដើម្បី​បន្ទន់​សត្រូវ​រួម​​ឥណ្ឌា​។ ដូច្នេះ​ចិន​ពិត​ជា​មិន​អាច​បំពេញ​បំណង​អាហ្វហ្កានីស្ថានគ្រប់​យ៉ាងបាន​ឡើយ។ អាហ្វហ្កានីស្ថាន ត្រូវ​ចេះ​អត់​ធ្មត់​ និង​ធ្វើ​ឆោត​បន្តិច​ហើយ​នាពេល​នេះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ