អានតួអត្ថបទ

ជប៉ុន​អនុម័ត​ច្បាប់​បំបាត់​ការ​ប្រើ​ភាសា​ស្អប់​ខ្ពើមប្រកាន់​ពូជសាសន៍

សភា​ជប៉ុន​បាន​​អនុម័ត​ច្បាប់​មួយ​ នៅ​ថ្ងៃ​អង្គារ​នេះ ដែល​គ្រោង​នឹង​បំបាត់​​នូវ​រាល់​ការ​សរសេរ ការ​ប្រើ​ភាសា​ នៅ​តាម​ដង​ផ្លូវ​ឬ​បង្ហោះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត ក្នុង​ទម្រង់​ជា​ស្អប់​ខ្ពើម និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​សហគមន៍ ឬ​ពូជសាសន៍​។ ភាសា​ការ​រើសអើង និង​ស្អប់​ខ្ពើម​ ដែល​គេ​សង្កេត​មាន​កាន់​ច្រើនឡើងៗ នៅ​ក្នុង​សង្គម​ជប៉ុន នា​ពេល​បច្ចុប្បន្ន និង​ដែល​អង្គការ​សហប្រជាជាតិ​មាន​ការ​ព្រួយ​បារម្ភ​តាំ​ងពី​យូរ​មក​ហើយ។

សម្រាប់​ពលរដ្ឋ​កូរ៉េខាង​ត្បូង​មួយ​ចំនួន​ ជប៉ុន​ប្រកាន់​ពូជសាសន៍​និង​រើស​អើង​ខ្លាំង
សម្រាប់​ពលរដ្ឋ​កូរ៉េខាង​ត្បូង​មួយ​ចំនួន​ ជប៉ុន​ប្រកាន់​ពូជសាសន៍​និង​រើស​អើង​ខ្លាំង © Reuters
ផ្សាយពាណិជ្ជកម្ម

សមាជិក​បក្ស​កាន់​អំណាច​ ក៏​ដូច​សមាជិក​បក្ស​ប្រឆាំង​មួយ​ភាគ​ធំ​ផ្សេង​ទៀត​ដែរ ដែល​បាន​ចូល​រួម​ប្រជុំ​សភា​នៅ​ថ្ងៃអង្គារ​ម្សិលមិញ បាន​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ ដើម្បី​លុប​បំបាត់​ចោល​ការ​ប្រើ​សំដី​ភាសា​ អសុរស​ និង​មាន​លក្ខណៈស្អប់​ខ្ពើម​គ្នា។

ប៉ុន្តែ​ដើម្បី​គោរព​​សិទ្ធ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ច្បាប់​ថ្មី​នេះ​មិន​ចេញ​ជា​បម្រាម ហាមឃាត់​ ឬ​ដាក់​ទណ្ឌកម្ម​លើ​ជនណា​ដែល​ប្រើ​​ឃ្លា​​រើសអើង​ឡើយ។ ច្បាប់​នេះ​បាន​ស្នើ​និង​សម្រួល​ឱ្យ​អាជ្ញាធរ​​ព្រមទាំង​សង្គម​ស៊ីវិល​​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទម្រង់​ញុះញង់​ការ​ស្អប់​ខ្ពើប ដែល​គេ​ឃើញ​មាន​ប្រើ​ច្រើន និង​បង្ហោះ​យ៉ាង​ទូលំទូលាយ​ក្នុង​ប្រព័ន្ធ​សង្គម​ ​ ដោយ​យក​ការ​អប់​រំ​ជា​បង្គោល បង្រៀន​​មនុស្ស​ទូទៅ​ ឱ្យ​ស្គាល់​អំពី​តម្លៃ​មនុស្ស។

ជន​រង​គ្រោះ​មាន​ច្បាប់​ជា​បង្អែក​ សម្រាប់​ពឹង​ពាក់​ក្នុង​ករណី​រង​ការ​វាយប្រហារ  ព្រោះ​ក្នុង​ច្បាប់មាន​​កំណត់​និយម​ន័យ​ “ភាសា​បែប​ស្អប់​ខ្ពើម​គ្នា”។ ឃ្លា​ឃ្លោង​ជា​សាធារណៈ​​ណា​ដែល​ពោល​ទៅ​ប៉ះពាល់​ខ្លួន​ប្រាណ​ បុគ្គលមនុស្ស​ ឬ​ដល់​អចលនទ្រព្យ​ ដល់​សេរីភាព​នៃ​បុគ្គល​ម្នាក់​ទៀត​ ត្រូវ​ចាត់​ទុក​ជា​ការ​រើសអើងនិង​ មិន​អនុញ្ញាត​ឱ្យ​​មានប្រើ​​ក្នុង​សហគមន៍​ជប៉ុន​ទៀត​ទេ។

ភាសា​ដែល​មាន​លក្ខណៈ​ស្អប់​ខ្ពើម​គ្នា​ និង​​ប្រកាន់​ពូជសាសន៍ ប៉ះពាល់​ដល់​កិត្តិយស​ និង​សមភាព​​មនុស្ស មាន​ការ​កើន​ឡើង​ជា​លំដាប់​នៅ​ក្នុង​ប្រទេស​ជប៉ុន សំដៅ​វាយប្រហារ​កុមារ និង​មនុស្សពេញ​វ័យ ដែល​អាច​ធ្វើ​ឱ្យ​ពួក​គេ​ឈឺ​ចាប់​អស់​មួយ​ជីវិត។ នេះ​បើ​តាម​ការ​សម្គាល់​​របស់​សមាជិក​សភា នៃ​បក្ស​ឆ្វេង​កណ្តាល​និយម អ្នក​ផ្តួច​ផ្តើម​​បង្កើត​ច្បាប់បំបាត់​ការប្រើ​ភាសា​​រើស​អើង​។

តាម​រយៈ​ច្បាប់ថ្មី​​នេះ គេ​នឹង​អាច​លុប​បំបាត់​ចោល​នៅ​រាល​ផ្លាក​ហាមឃាត់​ ក្នុង​ហាង​មួយ​ចំនួន ក្លឹប​ខារាអូខេ ស្តាត ឬ​កន្លែង​ផ្សេងៗ​ទៀត ដែល​ពេល​ខ្លះ​ប្រកាន់​ជំហរ​ជាតិ​និយម​ជ្រុល​ដល់​ថ្នាក់​ដាក់​ផ្លាក​​នៅ​ខាង​ក្រៅ “សម្រាប់តែ​​ភ្ញៀវជប៉ុន”។

សូម​បញ្ជាក់ថា​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុម​ស្តាំ​និយម​ជ្រុល​មួយ​ក្តាប់​តូច បានឃោសនា​ញុះញង់​ឱ្យស្អប់​ខ្ពើម​សហគមន៍​បរទេស ជាពិសេស​សហគមន៍​កូរ៉េខាង​ត្បូង​នៅ​ជប៉ុន។ គណៈកម្មាធិការ​នៃ​ឧត្តមស្នង​ការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ធ្លាប់​បាន​លើក​ឡើង​អំពី​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ភាសារើងអើស​នៅ​ក្នុង​ប្រទេស​នេះ​ដែរ​ កាលពី​ឆ្នាំ​២០១៤៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ