អានតួអត្ថបទ
អ៊ូហ្កង់ដា-កូរ៉េខាងត្បូង

​អ៊ូហ្កង់ដា​សន្យា​បញ្ចប់​កិច្ចសហប្រតិបត្តិការ​យោធា និង​ប៉ូលិស​ជាមួយ​កូរ៉េខាងជើង

នៅ​ថ្ងៃ​ចន្ទ ទី៣០ ឧសភា​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ​នៅ​ក្នុង​ប្រទេស​អ៊ូហ្កង់ដា។ អ៊ូហ្កង់ដា​ដែល​បាន​សន្យា​ថា នឹង​បញ្ចប់​កិច្ចសហប្រតិបត្តិការ​យោធា និង​ប៉ូលិស​ជាមួយ​កូរ៉េរខាងជើង ព្រម​ទាំង​យល់​ព្រម​សម្រប​តាម​ទ័ណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​របប​ក្រុង​ព្យុងយ៉ាង​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ។

លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ និង​សមភាគី​អ៊ូហ្កង់ដា​លោក Yoweri Museveni ថ្ងៃទី៣០ ឧសភា ២០១៦
លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ និង​សមភាគី​អ៊ូហ្កង់ដា​លោក Yoweri Museveni ថ្ងៃទី៣០ ឧសភា ២០១៦ Peter BUSOMOKE / AFP
ផ្សាយពាណិជ្ជកម្ម

ជា​ផ្លូវការ ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ​ក្នុង​ប្រទេស​អ៊ូហ្កង់ដា គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​វេជ្ជសាស្រ្ត កសិកម្ម និង​បច្ចេកវិជ្ជា​ថ្មី​រវាង​ក្រុង​សេអ៊ូល និង​ក្រុង​កំប៉ាឡា។ តែ​បើ​និយាយ​ក្រៅ​ផ្លូវការ​វិញ លោកស្រី​ប៉ាក់ គុនហេ​បាន​និង​កំពុង​បន្ត​យុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ​ពី​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​ឲ្យ​ប្រឆាំង​កូរ៉េខាងជើង​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ។ ពី​ប្រទេស​អ៊ីរ៉ង់​ក្នុង​តំបន់​ដើមបូព៌ា​ឆ្លង​ចូល​ទ្វីប​អាហ្រ្វិក​ក្នុង​ប្រទេស​អេត្យូពី និង​ប្រទេស​អ៊ូហ្កង់ដា​ពេល​នេះ លោកស្រី​ប៉ាក់ គុនហេ​បាន​និយាយ​បញ្ចុះបញ្ចូល​ក្រុមប្រទេស​មិត្ត​របស់​កូរ៉េខាងជើង​ឲ្យ​បញ្ចប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុង​ព្យុងយ៉ាង​ដោយ​សម្រប​តាម​ទ័ណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ។

ជា​លទ្ធផល​ជាក់ស្តែង លោកស្រី​ប៉ាក់ គុនហេ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សមភាគី​អ៊ូហ្កង់ដា​លោក​យ៉ូវឺរី មូសឺវឺនី។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​ក្នុង​យប់​ថ្ងៃ​អាទិត្យ ទី២៩ ឧសភា វិមាន​ប្រធានាធិបតី​អ៊ូហ្កង់ដា​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បិទបញ្ចប់​កិច្ចសហប្រតិបត្តិការ​យោធា និង​ប៉ូលិស​រវាង​អ៊ូហ្កង់ដា និង​កូរ៉េខាងជើង និង​ថា រដ្ឋាភិបាល​កំប៉ាឡា​យល់ព្រម​អនុវត្តន៍​តាម​សេចក្តីសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

សូម​ជម្រាប​ជូន​ថា អ៊ូហ្កង់ដា​ជា​ប្រទេស​អាហ្រ្វិក​ដែល​ស្និទ្ធិ​នឹង​កូរ៉េខាងជើង​ខ្លាំង​ជាង​គេ។ ប្រទេស​ទាំង​ពីរ​បាន​រក្សា​ទំនាក់ទំនង​ការទូត​ក្នុង​កម្រិត​ខ្ពស់ តាំង​ពី​អូហ្កង់ដា​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៦២ ហើយ​តាំង​ពី​ឆ្នាំ ២០០៧ មក​ដល់​សព្វថ្ងៃ កូរ៉េខាងជើង​ជា​អ្នក​ជួយ​បង្ហាត់បង្រៀន​កម្លាំង​យោធា និង​កម្លាំង​ប៉ូលិស​អ៊ូហ្កង់ដា។ លោក​ប្រធានាធិបតី​អ៊ូហ្កង់ដា​យ៉ូវឺរី មូសឺវឺនី​ដែល​បាន​កាន់​អំណាច​តាំង​ពី​ឆ្នាំ ១៩៨៦ និង​ទើប​ជាប់​ឆ្នោត​អាណត្តិទី៥ នា​ខែ​កុម្ភៈ​កន្លង​ទៅ​ធ្លាប់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ចំនួន ៥ដង​នៅ​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ