អានតួអត្ថបទ

ឃ្លាំង​ស្តុក​អាវុធ​ឥណ្ឌាមួយ​រងគ្រោះ​អគ្គីភ័យ​ស្លាប់​និង​របួស​មនុស្ស​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ១៧​នាក់ និង​របួស​១៩​នាក់ នៅ​ក្នុង​គ្រោះ​អគ្គីភ័យ​ដ៏​សន្ធោសន្ធៅ​មួយ ឆេះ​ឃ្លាំង​ស្តុក​អាវុធ​យោធា​មួយ​ នៅ​ភាគ​កណ្តាល​ប្រទេសឥណ្ឌា​។ បើ​តាម​រូបភាព​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍ គេ​ឃើញ​អណ្តាត​ភ្លើង ឆាប​ឡើង​ភ្លឺ​ចិញ្ចាច​ពេញ​ផ្ទៃ​មេឃ​ ទាំង​កណ្តាល​អាធាត្រ។ ក្រុម​អ្នក​សង្គ្រោះ​និង​ពន្លត់អគ្គីភ័យ​ធ្វើ​ការ​ពេញ​មួយ​យប់​ទម្រាំ​ពន្លត់​បាន។​

អគ្គីភ័យ​នៅ​ឃ្លាំង​អាវុធ សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច​១៧​នាក់ នៅ​ថ្ងៃ​ទី ៣១ ឧសភា ២០១៦
អគ្គីភ័យ​នៅ​ឃ្លាំង​អាវុធ សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច​១៧​នាក់ នៅ​ថ្ងៃ​ទី ៣១ ឧសភា ២០១៦ ©AFP
ផ្សាយពាណិជ្ជកម្ម

ឃ្លាំង​​ដែល​រង​គ្រោះ​អគ្គីភ័យ​យប់​មិញ​នេះ ជា​កន្លែង​មាន​ស្តុក​ទុក​អាវុធ និង​គ្រាប់​រំសេវ​រាប់​សិប​តោន និងស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​Nagpur​ ភាគ​កណ្តាល​នៃ​ប្រទេសទេ​។ ប្រជាជន​រាប់​ពាន់​គ្រួសារ​ រស់​នៅ​ក្នុង​ភូមិ​ក្បែរ​នោះ ត្រូវ​ជម្លៀស​ចេញ​ ជា​បន្ទាន់​ ព្រោះខ្លាច​មាន​ការ​ផ្ទុះ​គ្រាប់រំសេវ​​បន្ត​ពី​អគ្គីភ័យ។

 
អគ្គីភ័យ​បាន​ផ្តើម​ឆាប​ឆេះ​ឡើង​ នៅ​ម៉ោង​១​និ​ង៣០​នាទី​រំលង​អាធ្រាត្រ​ ហើយ​ក្រុម​ពន្លត់​អគ្គីភ័យ ដោយ​មាន​ជំនួយ​ពី​កម្លាំង​សង្គ្រោះ​១០​កាមីញ៉ុង ​អាច​ពន្លត់​បាន​នៅ​វេលាម៉ោង​៦​កន្លះ ព្រឹក។ ជន​រងគ្រោះ​បាត់បង់​ជីវិត សុទ្ធ​សឹង​ជា​យោធា ក្នុងនោះ​ពីរ​នាក់​ជា​នាយ​ទាហាន​ផង។ លោក​នាយក​រដ្ឋមន្ត្រី​ ណារិដ្រា ម៉ូឌី បាន​ផ្ញើសារ​តាម​ប្រព័ន្ធ​ទ្វីតទ័រ សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បាត់​បង់ជីវិត​ទាហាន​ និង​បាន​សុំ​ចែក​រំលែក​ទុក្ខ​ជាមួយ​គ្រួសារសព។ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​នឹង​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​កន្លែង​​គ្រោះថ្នាក់​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ។

គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អគ្គីភ័យ​ឆាប​ឆេះ​ឃ្លាំង​ស្តុក​អាវុធ​និង​ជាតិ​ផ្ទុះ ដ៏​ធំ​មួយ​នេះ​ទេ ប៉ុន្តែបើ​តាម​ប្រភព​ព័ត៌មាន​ទូរទស្សន៍​ក្នុង​ស្រុក អគ្គីភ័យ​នេះ​បាន​ឆាប​ឆេះ​ឡើង ក្រោយ​ពី​មាន​ស្នូរ​ផ្ទុះ។ ​ ​

គ្រោះថ្នាក់ មហន្តរាយ និង​អគ្គីភ័យ​ ក្នុង​ស្ថាប័ន​យោធា​ឥណ្ឌា តែង​មាន​កើត​​ឡើង​ជា​ញឹក​ញយ។ ជា​ទូទៅ គឺ​បណ្តាល​មក​ពី​​​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​​​ទន់​ខ្សោយ​និង​ខ្វះ​ចន្លោះ។
កាលពី​ឆ្នាំ​២០១៤ មាន​អគ្គីភ័យ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​នាវា​ចម្បាំង​មុជទឹក សម្លាប់​នាវិក​អស់​ពីរ​នាក់។ ហើយ​មុន​នេះ​មួយ​ឆ្នាំ នៅ​ខែ​សីហា​ ២០១៣ យោធា​១៨​នាក់ បាន​ស្លាប់ ក្នុង​បំផ្ទុះ​​មួយ​ បង្ក​ឡើង​ដោយ​អគ្គីភ័យ​ ក្នុង​នាវា​មុជទឹក​មួយ​ផ្សេង​ទៀត នៅ​តាម​បណ្តោយ​ឆ្នេរ​ប៊ុមបៃ។ នៅ​ឆ្នាំ​២០១០ មាន​អគ្គីភ័យឆេះ​​ឃ្លាំង​​ស្តុក​អាវុធ​និង​រំសេវ​យោធា​ឥណ្ឌា​ដ៏​ធំ​បំផុត​មួយ នៅ​ក្រុង​កាល់កុត្តា បំផ្លាញ​អាវុធ​និង​ជាតិ​ផ្ទុះ​អស់​១៥០​តោន តែ​សំណាង​ល្អ គ្មាន​មនុស្ស​ស្លាប់។ កាលពី​ឆ្នាំ​២០០៧ នៅ​កាស្មៀ អគ្គីភ័យ​បានកម្ទេច​ឃ្លាំង​អាវុធ​មួយ​ជា​ផេះ និង​ដុត​បំផ្ទុះ​ ​គ្រាប់​បែក​កាំភ្លើង​ធំ គ្រាប់​កាំភ្លើង​ត្បាល់​ ឱ្យ​ខ្ទាតប្រសាច​ធ្លាល់​លើ​ភូមិ​ឋាន​ប្រជាជន​រស់​ក្បែរ​នោះ ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​អស់​១៧​នាក់​ដែរ និង​របួស​ជា​ច្រើន​នាក់ទៀត៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ