ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
អាស៊ី

កាហ្សាក់ស្ថាន បានទទួល ជំនួបកំពូល សហភាព​សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

media  
ប្រមុខដឹកនាំ​៥​ប្រទេស​ រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន អារមេនី និង កៀហ្ស៊ីស៊ីស្ថាន ក្នុង​ជំនួប​កំពូល​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី ថ្ងៃទី ៣១​ឧសភា​២០១៦ © Reuters

កិច្ចប្រជុំកំពូលនៃ សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី បាន​បញ្ចប់​ការងារ​ខ្លួន ល្ងាច​ថ្ងៃ ៣១​ឧសភា​ម្សិលមិញ នៅ​ក្រុង Astana រដ្ឋធានី​កាហ្សាក់ស្ថាន - ដែលឆ្នាំនេះ ជា​ប្រធាន​ផ្លាស់វេន នៃ​អង្គការ​តំបន់​នេះ មាន​៥​ប្រទេស​ជា​សមាជិក គឺ រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន អារមេនី និង កៀហ្ស៊ីស៊ីស្ថាន។ ក្នុង “កញ្ចប់​ឯកសារ” ដែល​ប្រមុខរដ្ឋ​ទាំង​៥ បាន​អនុម័ត ជា​តុល្យាការ​ជំនួប គឺ មាន​សេចក្តី​សម្រេច ដាក់​ឲ្យ​ចូល​ជា​ធរមាន​តែ​ម្តង ”កិច្ចព្រមព្រៀង​ចុះ​មួយ​ឆ្នាំ​មុន គឺ ថ្ងៃ​២៩​ឧសភា ឆ្នាំ ២០១៥ ស្តី​អំពី លំហ​ពាណិជ្ជកម្ម​សេរី រវាង​ម្ខាង គឺ​៥​ប្រទេស​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី និង ម្ខាង​ទៀត គឺ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម“។

មុនបើកជំនួបកំពូល​នេះ លោក​ប្រធានាធិបតី​កាហ្សាក់ស្ថាន Noursultan Nazarbayev ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ បាន​បង្ហាញ​ប្រកប​ដោយ​មោទនភាព ជូន​ភ្ញៀវ គឺ​សំណង់​ដែល កំពុង​សង់ ឡើង​នៅ​កណ្តាល​រដ្ឋធានី មាន​៨៨​ជាន់ កាលណា​សង់​រួច វា​នឹង​មាន​កំពស់​ដល់ ៣៨២​ម៉ែត្រ ជា​អគារ​ខ្ពស់​បំផុត នៅ​តំបន់​អាស៊ី​កណ្តាល​ទាំងមូល។

 
កិច្ចប្រជុំកំពូលផ្ទាល់ បាន​បូក​សរុប​តុល្យាការ​នៃ​ការងារ ក្នុង​រយៈពេល​១​ឆ្នាំ​កន្លះ​កន្លង​ទៅ តាំងពី សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី បាន​ប្រសូត​មក ថ្ងៃទី​១​មករា​ឆ្នាំ​២០១៥ និង​បាន​ពិនិត្យ​មើល​ទស្សនវិស័យ នៃ​សមាហរ័ណកម្ម​តទៅ​ទៀត។ គេបាន​ពិភាក្សា អំពី​ការអភិវឌ្ឍន៍​ទីផ្សារ​រួម នៃ​ថាមពល​ប្រេង​និង​ឧស្ម័ន ថាមពល​អគ្គិសនី ហិរញ្ញវត្ថុ។ ឯកសារ​ដែល​ត្រូវបាន​ត្រៀម​ទុក​សម្រាប់ ចុះ​ហត្ថលេខា គឺ​មាន​ចំនួន​ដល់​ទៅ​ជាង​៥០​ច្បាប់ បូក​ទាំង​ច្បាប់​គយ​ថ្មី របស់​សហភាព​សេដ្ឋកិច្ច អឺរ៉ុប-អាស៊ី ។  

មិនតែប៉ុណ្ណោះ សាច់រឿង បាន​ប៉ះ​លើ​បញ្ហា​ពង្រីក​សហប្រតិបត្តិការ​របស់​សហភាព​នេះ ជាមួយ​ប្រទេស​ឯ​ទៀត។ តាមទិសដៅនេះ បើ​និយាយពី​ប្រទេស​អាស៊ី​អគ្នេយ៍ នោះ​បន្ទាប់​ពី វៀតណាម ដូច​ដែល​លោក​ប្រធានាធិបតី​ពូទីន បាន​ប្រកាស​ឲ្យ​ដឹង​ពេល​ទទួល​ជួប​ទ្វេ​ភាគី ក្នុង​បរិវេណ ជំនួប​កំពូល រុស្ស៊ី-អាស៊ាន នៅ​ក្រុង​រុស្ស៊ី Sochi ថ្ងៃ១៩​និង​២០​ឧសភា​កន្លង​ទៅ មានទាំង កម្ពុជា ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី ក៏ត្រៀម​ភ្ជាប់​ខ្លួន​មក​និង​លំហ​ពាណិជ្ជកម្ម​សេរី របស់​សហភាព សេដ្ឋកិច្ច អឺរ៉ុប-អាស៊ី។ សហភាព​នេះ ដែល​មាន​អ្នក​ប្រើប្រាស់​ចំនួន​ដល់ ១៨០​លាន​នាក់ ក៏​ទាក់ទាញ ប្រទេស​ឯទៀត បែប​យ៉ាង ឥណ្ឌា អ៊ីស្រាអែល អ៊ីរ៉ង់ អេហ្ស៊ីប ស៊ែរប៊ី ប៉េរូ និង​ជាពិសេស មហាប្រទេស​ចិន ដែល​ល្បី​ដោយ​ទំនិញ​របស់​ខ្លួន​ក្នុង​តម្លៃ​ថោក។

អ្វីដែលគួរឲ្យកត់សម្គាល់ ពេលថ្លែងក្នុង​ជំនួបកំពូល នៅក្រុង Astana លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន បាន​បំផុស​មក​សំណើ ទៅ​កាន់​រដ្ឋ ៤ទៀត ក្នុង សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី ឲ្យ​ផលិត​រួមគ្នា ក្នុង​វិស័យ​ចំនួន​ដល់​២៥​វិស័យ​ឯណោះ បែបយ៉ាង ផលិតផល​គ្រឿងចក្រ និង ផលិតផល​ឧស្សាហកម្ម​ធុន​ស្រាល ជា​ជំនួស ផលិតផល​នាំចូល​ពី​ក្រៅ កាល​ដែល​រុស្ស៊ី នៅ​បន្តជាប់ ក្នុង​ទណ្ឌកម្ម​បស្ចិមលោក អស់​២ឆ្នាំ​មកហើយ៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ