ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាស៊ី

ដើម្បី​ពង្រឹង​អំណាច ថៃ​មិន​ខ្លាច​ដាក់​ទោស​អ្នក​ប្រឆាំង​​​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ

media  
លោកThanat Thanawatcharanon ហៅTom Dundee ត្រូវជាប់​ទោស​ក្នុង​ពន្ធនាគារ ៧​ឆ្នាំ​កន្លះ ពីបទ​ប្រមាថ​ព្រះ​មហាក្សត្រ © Reuters

តុលាការ​ថៃ បាន​កាត់​ទោស នៅ​ថ្ងៃ​នេះ ដាក់​ពន្ធ​នាគារ អ្នក​ចម្រៀងថៃលោកThanat Thanawatcharanon ហៅTom Dundee​  តុំ ដុនដេ ឱ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​កន្លះ​ ពី​បទ​​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ។ សវនាការនេះ​ ប្រព្រឹត្ត​ទៅ​​​ជួន​ចំពេញ​កម្តៅ​​​នយោបាយ​រីក​ឡើង​កាន់​តែ​ខ្លាំង និង​តាន​តឹងជា​លំដាប់។ ប្រមុខ​ដឹកនាំ​សឹក​ថៃ​ លោក ប្រាយុទ្ធ​ ចាន់​អូចា បាន​ស្រែក​ព្រមាន​នៅ​ថ្ងៃ​នេះ​ដែរ​ថា​នឹង​មិន​ចុះ​ចេញ​តំណែង​ជា​ដាច់​ខាត បើ​ទោះ​បី​កំរិត​នៃ​ការ​ស្អប់​ខ្ពើម​ប្រឆាំង​​ឡើង​ដល់​កំរិត​ណា​ក៏​ដោយ។

លោកThanat Thanawatcharanon ហៅTom Dundee តុំ​ ដុនដេ ជា​អ្នក​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ត្រូវ​បាន​តុលាការ​កាត់​ទោស​ក្រុង​បាងកក ដាក់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ក៏​ព្រោះ​តែ​បាន​ពោល​ពាក្យ​​មិន​សមរម្យ​ ប្រមាថ​ដល់​ព្រះ​មហាក្សត្រ កាលពី​​ឆ្នាំ​២០១៣ ក្នុង​អំឡុង​ពេល​ធ្វើ​មិទ្ទិញ​ជា​ក្រុម​បាតុករ​អាវក្រហម​ សកម្មភាព​ជន​អ្នក​គាំទ្រ​​រដ្ឋាភិបាល​ត្រកូល​ថាក់ស៊ីន និង​យីងឡាក់ ស៊ីណាវ៉ាត់។

ប្រមាថ​ព្រះ​មហាក្សត្រ ដែល​នឹង​អាច​ត្រូវ​ផ្តន្ទា​ទោស​ធ្ងន់​បំផុត ដល់​ទៅ​១៥​ឆ្នាំ។ គ្រប់ប្រព័ន្ធ​​សារព័ត៌មាន​ទាំង​អស់ រាប់​ទាំង​សារព័ត៌មាន​បរទេស​ផង ឱ្យ​តែ​ហ៊ាន​ធ្លោយ​មាត់ ធ្លោយ​ពាក្យ​​​ចុះ​ផ្សាយ ​ពាក្យ​ប្រមាថរបស់​ជន​ជាប់​ចោទ​នោះ​ ក៏​​នឹង​ត្រូវ​ជាប់​ក្តី​ក្តាំ​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជាមាន​ផ្សព្វផ្សាយ​ដំណឹង​​កាត់​ក្តី​នេះ​យ៉ាង​តិច​តួច​បំផុត។

តាំង​ពី​បាន​ឡើង​គ្រប់​គ្រង​ប្រទេស តាម​រយៈ​រដ្ឋប្រហារ​មក របប​សឹក​ថៃ​បាន​​ដំឡើង​ភាព​ផ្តាច់ការ​កាន់​តែ​ខ្លាំង និង​បង្កើនការ​​កាត់​ទោស​អ្នក​ប្រឆាំង​កាន់​តែ​ច្រើនឡើងៗ​ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​។ សូម្បី​តែ​និយាយ​ប៉ះពាល់​ដល់​ឆ្កែ​ស្តេច​ ក៏អាច​ជាប់​ទោស​ដែរ ! ​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​ម្នាក់ កំពុង​រងការ​ចោទ​ប្រកាន់​​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ បន្ទាប់​ពី​បាន​បង្ហោះ​សារ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត ប្រមាថឆ្កែ​ស្តេច។

ប្រមុខ​នឹង​ស្ថានភាព​សុខភាព​មិន​ជាក់​លាក់​របស់​ព្រះ​មហាក្សត្រ របប​សឹក​ថៃ ដែល​ការពារ​យ៉ាង​ងប់ងុល​​របប​រាជានិយម​ ​បាន​បង្ហាញ​ចរិក​ហិង្សា និង​​វក់​អំណាច​កាន់​តែ​ខ្លាំងឡើងៗ។ ​លោក​ ប្រាយុទ្ធ​ចាន់​អូចា បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ ថា ទោះបី​មាន​ការ​ស្អប់​ខ្ពើម​មេ​ដឹកនាំ​ដល់កំរិត​ណា​ក៏​ដោយ ក៏​លោក​មិនចុះ​ចេញ​ពី​តំណែង​ជា​ដាច់​ខាត ដរាប​ណា​ប្រទេស​គ្មាន​សន្តិភាព​និង​សណ្តាប់​ធ្នាប់​វិញទេ។

ម្យ៉ាង​ទៀត ការ​ក្រេវក្រោធកាន់​តែ​ខ្លាំង​​របស់​អាជ្ញាធរ​សឹក​​ថៃនា​ពេល​នេះ ក៏​ទំនង​ជា​មក​ពី​ការ​បោះឆ្នោត​ប្រជាមតិ​​លើ​គម្រោង​រដ្ឋធម្មនុញ្ញ​ ​កាន់​ខិត​មក​ដល់ (៧សីហា ២០១៦)។ រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ជា​យុទ្ធសាស្ត្រ​គន្លឹះ​របស់​រដ្ឋាភិបាល​សឹក​ ក្នុង​រាំង​ស្ទះ​បក្ស​ប្រឆាំង​​​ស្និទ្ធ​នឹង​ត្រកូល​ស៊ីណាវ៉ាត់ មិន​ឱ្យ​វិល​កាន់​អំណាច​វិញ​បាន​ តាម​រយៈ​ការ​បោះឆ្នោត៕
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ